វិធីនិយាយជាមួយកូន ឱ្យមានប្រសិទ្ធភាព  

 

ហេតុអ្វីបានជានិយាយទៅកូនមិនស្តាប់?

ហេតុអ្វីបានជាកូនប្រកែកតមាត់?

.........ពាក្យសម្តីរបស់ឪពុកម្តាយ ប្រៀបដូចជាកាំបិតកោរដ៏មុត ដែលអាចបង្កឱ្យមានរបួសផ្លូវចិត្តដល់កូន បើសិនជាយើងមិនប្រយ័ត្នប្រយែង។

       ហេតុនេះ លោកអ្នកចាំបាច់ត្រូវសិក្សាហ្វឹកហាត់វិធីនិយាយជាមួយកូនឱ្យដូចជាគ្រូពេទ្យ ដែលត្រូវរៀនប្រើកាំបិតសម្រាប់វះកាត់អ្នកជំងឺអញ្ចឹងដែរ។ ខ្ញុំជឿថា លោកអ្នកពិតជាស្រឡាញ់កូនយ៉ាងពេញបេះដូង។ ប៉ុន្តែបើមិនចេះវិធីនិយាយឱ្យបានត្រឹមត្រូវទេ វានឹងហុចផលអាក្រក់ផ្សេងៗមកដល់កូនដោយសារតែការចេះមិនដល់របស់យើង។

        ដូច្នេះ តើយើងគួរចាប់ផ្តើមដូចម្តេច ដើម្បីឱ្យការប្រាស្រ័យរវាងយើងនិងកូនបានល្អប្រសើរ?

        ពេលដែលមានភ្ញៀវមកលេងផ្ទះ យើងដឹងច្បាស់ណាស់ថា តើត្រូវនិយាយជាមួយភ្ញៀវឬជាមួយមនុស្សដែលយើងមិនធ្លាប់ស្គាល់ដូចម្តេចខ្លះ? យើងតែងតែ និយាយដោយប្រយ័ត្នប្រយែងមិនឱ្យមានការសៅហ្មងក្នុងអារម្មណ៍។ ជាពាក្យសម្តីដែលគ្មានការដៀមដាម ទិតៀនរិះគន់អំពីទង្វើរបស់អ្នកដទៃ។

   ឧបមា ថាភ្ញៀវមកលេងផ្ទះ ហើយភ្លេចឆ័ត្រនៅនឹងផ្ទះយើង។ យើងរត់តាមហើយស្រែកខ្លាំងៗថា « នែវើយ! ឱ្យតែមកផ្ទះអញម្តងៗ បើមិនភ្លេចនេះភ្លេចនោះ ម្ល៉េះបែបភ្លេចទាំងក្បាលទៀតផងក៏មិនដឹង?»

        ខ្ញុំជឿថា លោកអ្នកប្រាកដជាមិនដែលនិយាយបែបនេះជាដាច់ខាត។ ព្រោះវាមិនមែនជាសម្តីដែលយើងត្រូវប្រើជាមួយភ្ញៀវនោះទេ។ យើងមុខជានឹងនិយាយថា​ « អ្នកភ្លេចឆ័ត្ររបស់អ្នកហើយ! » ដោយមិនចាំបាច់ថែមថយសូម្បីតែពាក្យ « ... ពូកែភ្លេច » ក៏ទេដែរ។ ហេតុនេះ

        ឪពុកម្តាយ ត្រូវទម្លាប់ប្រើពាក្យនិយាយជាមួយកូនឱ្យដូចជាពេលកំពុងនិយាយជាមួយភ្ញៀវសំខាន់ៗអញ្ចឹងដែរ។

        ឪពុកម្តាយគ្រប់់រូបត្រូវការឱ្យកូនមានសុខភាពចិត្តល្អ មានសេចក្តីសុខគ្មានឪពុកម្តាយណាចង់ឱ្យកូនធំធាត់មកជាមួយនឹងភាពខ្លាចញញើត ខ្មាសអៀនច្រើន មិនចេះខ្លាចក្រែងចិត្តនរណា ឬជាក្មេងច្រងេងច្រងាងបង្កបញ្ហាឡើយ។ ប៉ុន្តែ ក្នុងរយៈពេលដែលគេកំពុងរីកចម្រើនទៅជាមនុស្សធំនោះ ក្មេងមួយចំនួនបានដុះដាលនូវចរិតនិស្ស័យដែលមិនជាទីត្រូវការរបស់សង្គម មានអារម្មណ៍មិននឹងន មានទស្សនៈមិនល្អចំពោះខ្លួនឯងនឹងអ្នកដទៃ ទន្ទឹមនឹងការដែលឪពុកម្តាយចង់ឱ្យកូនទៅជាមនុស្សសុភាពរាបសា មានរបៀបវិន័យមានការជឿជាក់លើខ្លួនឯង និងមានសេចក្តីសុខ ពួកគេបែរទៅជាព្រហើនកោងកាច គ្មានវិន័យគ្មានការជឿជាក់ និងគ្មានសេចក្តីសុខតាមការគួរទៅវិញ។

        ការដែលចង់ឱ្យកូនលោកអ្នកទៅជាមនុស្សល្អមានគុណធម៌ចេះយល់ចិត្តអ្នកដទៃ មានការទទួលខុសត្រូវមានសមត្ថភាពអាចឈរយ៉ាងរឹងប៉ឹងដោយខ្លួនឯង លោកអ្នកត្រូវស្វែងយល់ពីវិធីផ្សេងៗដើម្បីឈានទៅដល់ចំណុចទាំងនេះដោយមិនអាចពឹងពាក់តែទៅលើសេចក្តីស្រឡាញ់ និងការគិតបែបធម្មតាៗនោះបានទេ។

        ការដែលត្រូវទទួលនូវការជំទាស់រំខាន សុទ្ធតែនាំឱ្យកើតមានអារម្មណ៍មួម៉ៅ ភាពមួម៉ៅដែលកើតមានផ្ទួនៗទៅលើបុគ្គលណាម្នាក់ វាជាការប្រមូលសន្សំនូវកំហឹងបន្តិចម្តងៗ ហើយនឹងជំរុញឱ្យបុគ្គលនោះក្លាយទៅជាមនុស្សឆេវឆាវ។

       មនុស្សយើង ឱ្យតែផ្ទុះកំហឹងចេញមកហើយ គេតែងតែបាត់បង់សតិគ្រប់គ្រងខ្លួនឯងមិនបាន ភ្លេចហេតុផល លែងខ្វល់ស្តាប់អ្នកណាទាំងអស់។ នេះគឺជាអាការៈរបស់អ្នកចចេស។ យើងគ្រប់គ្នាគួរកត់សម្គាល់អំពីការជំទាស់និងការគាបសង្កត់ទៅលើផ្លូវចិត្តក្មេងជាញឹកញាប់ថា វានឹងនាំឱ្យក្មេងទៅជាឌឺចចេស និងឆេវឆាវ។ ហេតុនេះ ចាស់ៗគួរតែយល់ដឹងអំពីរឿងសេរីភាព។ មិនថាជាក្មេងឬចាស់ សុទ្ធតែចង់បានសេរីភាពដូចគ្នា។ អ្នកគួរផ្តល់សេរីភាពឱ្យគេខ្លះ កុំឱ្យទៅជ្រៀតជ្រៀករឿងរបស់គេហួសពេក។ កំហុសរបស់ឪពុកម្តាយភាគច្រើនគឺ ជ្រៀតជ្រៀករឿងរបស់កូនជ្រុលហួសហេតុ ខ្វះការស្វែងយល់ពីផ្លូវចិត្តរបស់ក្មេង។

        ការលលេងឱ្យក្មេងខឹងជាញឹកញាប់ ក៏ជាបច្ច័យអាក្រក់មួយដែរឧទាហរណ៍... ក្មេងកំពុងតែជក់លេងនឹងរបស់ទើបនឹងទិញថ្មី​ ចាស់ៗមកដល់ក៏ចាប់យករបស់នោះមកមើល ដោយមិនបានសុំឬប្រាប់។ ក្មេងគេមិនពេញចិត្តព្រោះយើងមកបង្អាក់ការលេងសប្បាយរបស់គេ ពេលឃើញក្មេងកំពុងតែរកខឹង ចាស់ៗក៏លថែម ចង់ឱ្យក្មេងខឹង។ ដោយសារការចង់លេងសើចរបស់ខ្លួនឯង តែក្មេងៗគេមិនត្រូវការ វាក៏កើតមានជាកំហឹង ដែលកើតឡើងដោយការបំពានយ៉ាងអយុត្តិធម៌នោះទៅ។ តាមការពិតចាស់ៗមានចិត្តស្រឡាញ់ក្មេង ចង់លេងឱ្យសប្បាយ តែក្មេងគេមិនយល់ពីចេតនាលេងសើចរបស់ចាស់ៗនោះទេ។ រីឯចាស់ៗក៏មិនយល់ពីអារម្មណ៍របស់ក្មេង ទើបក្លាយទៅជាការមិនចុះសម្រុងគ្នា។

        នេះជាប្រការអាក្រក់ដល់ក្មេង ចាស់លឱ្យក្មេងខឹង ដល់ពេលឃើញក្មេងខឹង ក៏ទម្លាក់កំហុសទៅលើក្មេងថា ក្មេងខូចអញ្ចេះខូចអញ្ចុះ។ ទាំងនេះគឺ ជាកំហុសទាំងស្រុងរបស់ចាស់ៗ។

        ហេតុនេះ យើងមិនគួរប្រើវិធីលលេងឱ្យក្មេងខឹងទេ។ ប្រសិនបើចង់ប៉ះពាល់អ្វីដែលជារបស់គេ ទោះបីគេជាក្មេងតូចយ៉ាងណាក៏ដោយ គួរទម្លាប់សុំអនុញ្ញាតពីម្ចាស់គេសិន។ ព្រោះរូបភាពនេះ វានឹងធ្វើឱ្យមានការយល់ចិត្តគ្នាមិនប៉ះពាល់ផ្លូវចិត្ត ដែលបង្កជាកំហឹង ហើយបានជាគំរូល្អដល់ក្មេងទៀតផង។

        កុំប្រើសម្តីទ្រគោះ កុំដាក់បណ្តាសាឱ្យកូន...

        អ្វីដែលជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវចិត្តរបស់ក្មេង គឺពាក្យសម្តី។សម្តីដែលមិនជាទីពីរោះស្តាប់ គ្មានផលល្អអ្វីដល់កូនបន្តិចឡើយ ដូចជា ៖

   _ មើល៍!... នៅឱ្យស្ងៀម!... កុំរពឹសពេក!

                        _ គ្មានត្រចៀកទេឬ? ហេតុអីក៏មិនចេះស្តាប់សោះអញ្ចឹង?

          _ អីក៏មារយាទអន់ម្ល៉េះ? ប្រដៅមិនឡើងសោះ!

 _ ឯងវាយ៉ាងម៉េច គ្មានខួរក្បាលទេឬ?

       _ ឱ្យតែយ៉ាងហ្នឹងៗ គេចមិនផុតពីខ្ញុំគេទេ!

       ការនិយាយបែបនេះ គឺជាកំហុសឆ្គងដ៏ធំ!!!

 

 

ឪពុកម្តាយដែលចាំតែរិះគន់ គ្មានផលល្អដល់កូនឡើយ

មានតែធ្វើឱ្យក្មេងខឹងនិងគុំកួនតែប៉ុណ្ណោះ។

ក្មេងដែលត្រូវស្តីបន្ទោសជាញឹកញាប់

នឹងចាំតែបន្ទោសខ្លួននិងអ្នកផ្សេង

ហេតុនេះ សូមអ្នកចងចាំថា

ពាក្យសម្តីដ៏ល្អរបស់លោកអ្នក នឹងធ្វើឱ្យកូនបានស្ងប់

ផុតពីគំនុំគុំកួន ផុតពីការភ័យខ្លាច ផុតពីការខកចិត្ត

ហើយកូនពិតជានឹងរកឃើញវិធីដោះស្រាយបញ្ហាយ៉ាងល្អបំផុត។