មានអ្នកជំនួញម្នាក់តែងនាំយកទំនិញរបស់ខ្លួនទៅលក់ឯស្រុកផ្សេង។ គាត់មានលាមួយក្បាលនិងសេះមួយក្បាលដោយរាល់ពេលធ្វើដំណើរ
គាត់តែងតែផ្ទុកទំនិញនៅពីលើខ្នងលា រីឯសេះវិញ ដើរតែខ្លួនទទេដោយមិនហត់លីសែងអ្វីឡើយ។
មានថ្ងៃមួយ លាផ្ទុករបស់របរធ្ងន់ពេក រហូតដល់អស់កម្លាំងជាខ្លាំងទ្រាំលែងបាន វាចង់សម្រាកខ្នងមួយស្របក់ឲ្យបានធូរស្រួលបន្តិច
នឹងបានដឹកអីវ៉ាន់បន្តទៅមុខទៀតទើបសុំអង្វរឲ្យសេះជួយរំលែករបស់លើខ្នងរបស់ខ្លួនក្រែងដុនដាប់កាន់តែខ្លាំង នាំឲ្យដាច់ខ្យល់ស្លាប់កណ្ដាល់ផ្លូវ…
“សម្លាញ់សេះអើយ! បើឯងមិនជួយយើងខ្លះទេ តិចលោយើងដាច់ខ្យល់ស្លាប់ ឯងមុខជាត្រូវរែកពុនអីវ៉ាន់ទាំងនេះតែម្នាក់ឯងមិនខាន!”
“ នេះជាតួនាទីរបស់ឯង កុំរអ៊ូច្រើន ខំរែកតទៅទៀតទៅ! “ សេះឆ្លើយបណ្ដើរ ដើរធ្វើព្រងើយ មិនរវីរវល់នឹងពាក្យអង្វរកររបស់លាឡើយ។
លុះធ្វើដំណើរមិនបានប៉ុន្មាន លាក៏ដាច់ខ្យល់ស្លាប់ទៅ។ ហេតុនេះ ភារៈរែកពុនទាំងប៉ុន្មានក៏ត្រូវធ្លាក់មកលើសេះទាំងអស់ ដែលមិនមែនត្រឹមតែរបស់របរផ្សេងៗប៉ុណ្ណោះទេ សេះត្រូវដឹកខ្មោចលាថែមទៀត។ ពេលកំពុងតែធ្វើដំណើរទាំងហត់គឃូសនោះ សេះក៏ពោលទាំងសោកស្ដាយក្រោយថា…
“ បើយើងជួយលាតាំងពីដំបូងមក ម្លេះសមមិនលំបាកដល់ម្លឹងទេ!”។
« បើគ្មានចិត្តជួយអ្នកដទៃក្នុងពេលនេះទេ
ថ្ងៃក្រោយ អ្នកអាចនឹងទទួលបន្ទុកកាន់តែធ្ងន់លើសដើម »