{ ទទួលស្គាល់នូវអ្វីដែលខ្លួនមិនចេះ
ទើបអាចស្គាល់ខ្លួនឯងបានយ៉ាងពិតប្រាកដ}
ម្នាក់ៗច្រើនយល់ឃើញថា ការស្វែងយល់ពីខ្លួនឯង គឺជារឿងងាយ ឯការស្វែងយល់ពីអ្នកដទៃទើបវាពិបាក។តាមពិតមិនប្រាកដថាសុទ្ធតែអញ្ចឹងនោះទេ។
មនុស្សភាគច្រើន មិនបានស្គាល់ខ្លួនឯងច្បាស់ប៉ុន្មានដែរ មិនដឹងថាសមត្ថភាពរបស់ខ្លួនឯងពិតប្រាកដ មានដល់កម្រិតណា? ដែលជាហេតុនាំឱ្យកើតរឿងពិបាកដល់ខ្លួនម្តងហើយម្តងទៀតជាប្រចាំ។
ការមិនចេះ មិនមែនជារឿងអ្វីគួរឱ្យខ្មាសនោះទេ តែនៅមានមនុស្សជាច្រើនដែលគិតតែអំពីរឿងមុខមាត់ ដោយមិនខ្វល់ពីរឿងផ្សេងៗ
មិនព្រមទទួលស្កាល់ថា ខ្លួនមិនចេះ ព្រមទាំងចូលចិត្តសម្តែងឱ្យគេឯងឃើញថា ខ្លួនចេះដឹងគ្រប់យ៉ាង។ ទីបំផុត អ្នកដែលត្រូវគេបោកបញ្ឆោត
អ្នកដែលធ្លាក់ក្នុងអន្ទាក់គឺគ្មាននរណាក្រៅពីខ្លួនឯងនោះឡើ់យ។
អ្នកដែលមិនស្គាល់ពីខ្លួនឯង ធ្វើកិច្ចការអ្វីៗបានសម្រេចដោយពិបាក។ ដំបូងៗយើងត្រូវបែកចែកឱ្យបានវឲច្បាស់លាស់ តើការយល់ដឹងរបស់យើងនៅត្រឹមកម្រិតណា? ត្រូវសិក្សាពីខ្លួនឯងឱ្យបានចំៗត្រង់ៗ ហើយពេញចិត្តនឹងរៀនសូត្របន្ថែមនូវអ្វីដែលខ្លួនឯងមិនទាន់ចេះ ឬមិនទាន់ជំនាញ។
កាលណាយើងមានសម្បជញ្ញៈក្នុងការស្គាល់ពីខ្លួនឯងហើយនោះ អ្នកនឹងជៀសផុតពីរណ្តៅនៃភាពល្ងងើ់ខ្លៅ បោកប្រាស់ខ្លួនឯង បោកបញ្ជោត
អ្នកដទៃទាំងមិនដឹងខ្លួន។
@...កាលគ្រាមួយ មានក្រុមស្វាមួយហ្វូងកំពុងប្រឡែងគ្នាលេងក្នុងព្រៃ។
ខ្លះលោតចុះលោតឡើងលើមែងឈើ ខ្លះលោតដាំដូង ខ្លះប្រមៀលខ្លួនទៅមក
ស្រែកចេចចាច ពោរពេញដោយសេចក្តីសុខក្សេមក្សាន្ត។
មានកូនស្វាមួយក្បាលបានបែកចែញពីគេ មកសសៀរលេងក្បែរមាត់អណ្តូង។
វាសសៀរចុះឡើងៗតាមមាត់អណ្តូងបានបន្តិច រួចក៏សម្លឹងមើលទៅក្នុងអណ្តូង។ ភ្លាមនោះ វាក៏ស្រែកដោយតក់ស្លុតថា
{ ស្លាប់ហើយ!...ព្រះចន្ទធ្លាក់ចូលក្នុងអណ្តូងហើយ!...}
ការពិតកូនស្វានេះ មើលទៅក្នុងទឹក ឃើញស្រមោលព្រះចន្ទនៅក្នុងទឹក។ ស្វាធំឮសូរដូច្នេះ វាក៏រត់មកកាន់មាត់អណ្តូង ហើយស្រែកបន្ត
{ ងាប់ហើយ!. ធ្វើយ៉ាងម៉េចទៅ!...ព្រះចន្ទធ្លាក់ក្នុងអណ្តូងហើយ! }
សំឡេងស្រែករបស់មេវា ធ្វើឱ្យស្វាផ្សេងៗគ្នាភ្ញាក់ផ្អើលជាខ្លាំង នាំគ្នារត់
សំដៅមកដល់មាត់អណ្តូង ក៏ឃើញព្រះចន្ទនៅក្នុងអណ្តូងមែន។ ពួកវាក៏ពោល
ទាំងក្តីទុក្ខព្រួយ...
{ ពេលនេះ ច្បាស់ជា យ៉ាប់ហើយ ព្រះចន្ទពិតជាធ្លាក់អណ្តូងមែន! }
មួយសន្ទុះក្រោយមក មេវាក៏និយាយថា
{ ពួកយើងឈប់ជ្រួលច្របល់ទៅ......យើងគួរនាំគ្នាជួយរកវិធីស្រង់ព្រះចន្ទ
ឡើងមក ល្អជាង!.....}
ពួកស្វាទាំងអស់ យល់ស្របតាមយោបល់របស់មេវា ហើយក៏ប្រមូលគ្នាមកជុំ
ដើម្បីជួយស្រង់ព្រចន្ទចេញពីក្នុងអណ្តូង។
ចៃដន្យ មានមែកឈើធំមួយទេរមកលើអណ្តូង មេស្វាក៏លោតទៅស្រវាច្រក
កៀវនឹងមែកឈើ សំយុងក្បាលចុះក្រោម ឯស្វាផ្សេងៗក៏លោតទៅកៀវបន្តគ្នា ដោយ
អ្នកលើចាប់ជើងអ្នកក្រោម ឯអ្នកក្រោមកៀវកអ្នកលើបន្តគ្នាប្រៀបដូចជាខ្សែពួរមួយខ្សែ
តគ្នារហូតដល់អាតូចជាងគេនៅក្រោមគេបង្អស់ដៃរបស់វា សំយុងដល់ក្នុងទឹកល្មម។
មេស្វាក៏បញ្ជាក់ថា ៖ { ឯងឆាប់ស្រង់ព្រះចន្ទឡើងមក!......}
ស្វាទាំងអស់ រងចាំមើលដោយក្តីអន្ទះសានិងក្នុងចិត្តថា ពួកគេមុខជាអាចស្រង់ព្រះចន្ទ
ចេញពីក្នុងទឹកបានជាមិនខាន។ កូនស្វា លូកដៃតម្រង់ទៅរកព្រះចន្ទដែលភ្លឺចិញ្ចាចក្នុងទឹក តែគ្មានបានអ្វីក្រៅពីទឹកប៉ុន្មានដំណក់នៅក្នុងដៃនោះឡើយ។ វាស្រវាហើយស្រវាទៀត រាវចុះរាវឡើង អស់មួយស្របក់ទៅហើយ នៅតែស្រង់យកព្រះចន្ទមិនបាន បណ្តាលឱ្យពួកស្វាទាំង
ឡាយដែលកំពុងស្រាក់បន្តគ្នា មានការហត់នឿយចុករួយស្រពន់យ៉ាងខ្លាំងស្ទើរតែមិនអាចទ្រាំបានតទៅទៀត។ ខ្លះរអ៊ូថា ៖ { ម៉េចក៏មិនឆាប់ស្រង់ឡើងមក!.....តើឯងរវល់ធ្វើអីទៀត?
ចាំអង្កាល់បានស្រង់ព្រះចន្ទឡើង?....}
អាខ្លះទៀតក៏ថ្ងូរ ៖
{ម្ចាស់ថ្លៃអ្ហើយ! យើងទ្រាំតទៅទៀតលែងបានហើយ!....}
មេស្វាខ្លួនឯង ក៏ចាប់ផ្តើមរួយដៃរួយជើង ចុកចង្កេះ។ វាពត់ខ្លួន ងើយក្បាលទៅលើ ភ្លាមនោះ វាក្រឡេកឃើញព្រះចន្ទភ្លឺចិញ្ចាច អណ្តែតនៅលើមេឃតែដដែលដូចធម្មតាគ្រប់
យ៉ាង ទើបស្រែកប្រកូកប្រកាសថា ៖
{ ពួកយើងមិនចាំបាច់ស្រង់ទៀតទេ!....ឯងមើលនោះហ្ន៎! ព្រះចន្ទនៅរះលើមេឃតែដដែលទេ!....}
ពួកស្វា នាំគ្នាងើយមើលទៅលើមេឃ.........
{ មែន!!!....ព្រះចន្ទនៅលើមេឃដូចដើមអញ្ចឹង!....}
ហ្វូងស្វាដែលមិនដឹងការពិតពីអ្វីដែលព្រះចន្ទទៅនៅក្នុងទឹក ឃើញស្រមោលគិតថាជា
របស់មែនទែន ទើបបានខំជាចំណាយកម្លាំងចោលទទេៗដែលចាត់ទុកជាអំពើដ៏ល្ងង់ខ្លៅ និងគួរឱ្យអស់សំណើចអញ្ចឹងទៅ។
យ៉ាងណាមិញ នៅមានមនុស្សមិនតិចគ្នាទេ ដែលមានលក្ខណៈស្រដៀងគ្នានេះ
ដោយនឹកថាខ្លួនឯងពូកែ មិនខំស្រាវជ្រាវឱ្យឃើញការពិតនៃរឿងនីមួយៗទេ បែរជាខំសម្តែងអំណួតគ្រប់ទិសទី មិនថារឿងអ្វីក៏ដឹងទាំងអស់ លុះដល់ថ្ងៃណាដែលអាថ៌កំបាំងត្រូវបានលាតត្រដាង ទើបដឹងថា ខ្លួនឯងគ្មានដឹងខ្យល់អ្វីឡើយ។
ពាក្យមួយបានពោលថា ៖
{មនុស្សម្នាក់ៗ សុទ្ធតែមានអ្វីដែលខ្លួនមិនចេះ
គ្រាន់តែមិនចេះនូវរឿងផ្សេងៗពីគ្នា}
ការមិនចេះ គ្មានអ្វីគួរឱ្យខ្មាសនោះទេ កុំឱ្យតែមិនចេះ បែរជាក្លែងធ្វើចេះ។ ការទទួលស្គាល់ថា ចំណេះរបស់យើងនៅមានកម្រិត គឺដើម្បីឱ្យយើងស្វះស្វែងរកចំណេះមកបន្ថែម ដើម្បីពង្រីកនូវការចេះដឹងរបស់យើងឱ្យកាន់តែជ្រាលជ្រៅ បើកចំហចក្ខុវិស័យរបស់ខ្លួនឱ្យបានទូលំទូលាយ ទើបយើងនឹងមិនកា្លយជាមនុស្សដែលគិតតែខ្លួនឯង ត្រូវតែខ្លួនឯង ដែលដល់់ទីបំផុតទៅ វានៅតែខុសជាដដែល។
ទទួលស្គាល់នូវអ្វីដែលយើងមិនទាន់ចេះ
ទើបអាចស្គាល់ខ្លួនឯងបានយ៉ាងច្បាស់លាស់។
ត្រូវស្វែងរករូបភាពដ៏ពិតប្រាកដរបស់ខ្លួនឱ្យឃើញ
ព្យាយាមបន្ថែមនូវអ្វីដែលខ្លួនមិនទាន់មាន
បង្កើនចំណុចល្អៗទៅលើអ្វីដែលខ្លួនមានស្រាប់
ទើបអ្នកមិនច្រឡំ យកខុសជាត្រូវ យកត្រូវជាខុស
គ្មានភាពរីកចម្រើន។