មានជាងឈើម្នាក់ គាត់ចង់បានឈើល្អមួយកំណាត់ ដើម្បីយកមកធ្វើជាដងពូថៅ។ គាត់ក៏ធ្វើដំណើតចូលទៅក្នុងព្រៃ ដើម្បីរកមើលឈើណាល្អ ព្រមទាំងបន់ស្រន់សុំយកកំណាត់ឈើពីដើមឈើក្នុងព្រៃទាំងឡាយ សម្រាប់យកមកធ្វើដងពូថៅនោះ។
ក្រោយពីបន់ស្រន់សុំឈើពីបណ្តាដើមឈើរួចមក ដើមឈើនៅក្នុងព្រៃក៏មានចិត្តអាណិតដល់ជាងឈើនោះជាខ្លាំង ទើបនាំគ្នាប្រជុំ ហើយសម្រេចឱ្យឈើមួយដើម បូជាខ្លួនដើម្បីឱ្យបុរសនោះយកទៅធ្វើជាដងពូថៅ។
ដើមស្រល់ក៏និយាយមកកាន់បុរសនោះថា
" យើងសុខចិត្តប្រគល់ឈើមួយដើមនេះឱ្យទៅអ្នកឯងហើយ!"
ក្រោយពីសុំបានតាមបំណងហើយ ជាងឈើក៏កាប់យកឈើនោះទៅធ្វើជាដងពូថៅ ។ លុះបានពូថៅល្អប្រើហើយ ជាងឈើក៏យកពូថៅនោះមកកាប់ឈើនៅក្នុងព្រៃនោះម្តងមួយដើមៗ ដើម្បីយកទៅសង់ផ្ទះ យកទៅលក់ រហូតជិតអស់ឈើពីក្នុងព្រៃទើបពពួកឈើទាំងនោះដឹងខ្លួនថា ពេលនេះគ្រោះអាសន្នមកដល់ហើយ....
" យើងមិនគួរលះបង់ជីវិតមិត្តរបស់ខ្លួនឱ្យទៅសត្រូវបែបនេះសោះ! "
<< ការបំផ្លាញមិត្តដើម្បីបំពេញចិត្តសត្រូវ
គឺជាការនាំគ្រោះភ័យមកដល់ខ្លួន>>