ឆ្នាំក្រោយខ្ញុំនឹងឈប់លួច

 " ដឹងថាខុស ត្រូវកែប្រែភ្លាម មិនបាច់ចាំស្អែកនោះទេ"

ដឹងថាខុសឆាប់កែប្រែចាត់ទុកថាជាប្រសើរបំផុត។អ្វីដែលគួរឱ្យសោកស្តាយនោះគឺ ការដឹងថាខ្លួនខុស តែមិនព្រមទទួលកំហុសព្រមទាំងរកវិធីដោះសាឱ្យខ្លួនរួចផុតពីខុស។ មនុស្សប្រភេទនេះ មានច្រើនរាប់មិនអស់។ មូលហេតុ ដោយសារអ្នកទាំងនោះ មិនមានភាពក្លាហានគ្រប់គ្រាន់ក្នុងការទទួលកំហុស។ ភាពខ្ពង់ខ្ពស់របស់មនុស្ស មិនមែនសំដៅលើថា អ្នកនោះមិនធ្លាប់ធ្វើអ្វីខុសនោះទេ ការធ្វើខុស វាជារឿងពិបាកនឹងជៀសវាងបំផុត។ តែចំពោះមនុស្សល្អ មានគុណធម៌ គេនឹងមានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការទទួលស្កាល់កំហុស ហើយព្យាយាមកែសម្រួលខ្លួនឯងសាជាថ្មី។

ក្នុងសម័យឈុនឈីវ គ្រាមួយនោះ តែយិងជឺ ជាមន្រ្តីនគរសុង បានពិភាក្សាពីបញ្ហាគ្រប់គ្រងប្រទេសជាមួយនឹងម៉ឹងជឺ។ ម៉ឹងជឺ បានលើកយកបញ្ហាអត់ឃ្លានរបស់ប្រជាជនមកវែកញែកដោះស្រាយ ដោយនិយាយថា៖ "ក្រៅពីគ្រោះភ័យធម្មជាតិ ការរាំងស្ងួត ដែលធ្វើឱ្យប្រជារាស្រ្តជួបប្រទះនឹងភាពលំបាកទៅហើយនោះ ពន្ធអាករ ក៏នៅតែជាភារៈដ៏ធ្ងន់ធ្ងរផងដែរ"

ក្រោយពីការជជែកវែកញែកមួយស្របក់ធំមក តែយិនជឺ ក៏យល់ព្រមទទួលការពិតត្រង់ចំណុចនេះ ហើយសន្យាថានឹងកាត់បន្ថយពន្ធអាករខ្លះតែមិនអាចកាត់ផ្តាច់ភ្លាមៗនោះទេ គឺរងចាំទាល់ដល់តែឆ្នាំមុខ ទើបកាត់ផ្តាច់បាន។ ចំណែកក្នុងឆ្នាំនេះ បានគ្រាន់តែបន្ធូរបន្ថយខ្លះៗប៉ុណ្ណោះ។

ស្តាប់យោបល់របស់ តែយិនជឺ ហើយម៉ឹងជឺ អង្គុយស្ងៀមមួយសន្ទុះ។

គេយល់ក្នុងចិត្តថា តែយិនជឺ គ្រាន់តែនិយាយឱ្យរួចពីមាត់តែប៉ុណ្ណោះ។ គេមិនមានចេតនាកែលម្អដោយពិតប្រាកដនោះទេ។ ហេតុនេះ ម៉ឹងជឺ ក៏និទានរឿងមួយឱ្យ តែយិនជឺស្តាប់ ៖

មានបុរាសម្នាក់ តែងដើរលួចមាន់អ្នកស្រុកជារៀងរាល់ថ្ងៃ។ ថ្ងៃមួយអ្នកជិតខាងម្នាក់ ដឹងថាបុរសនេះជាអ្នកលួចមាន់របស់ខ្លួន គេមានក្តីខឹងសម្បារជាខ្លាំង។ កន្លងមកទៀត មានអ្នកភូមិម្នាក់បានទៅជួយដាស់តឿនបុរសជាចោរនោះថា ៖ "ការលួចទ្រព្យសម្បត្តិអ្នកដទៃ គឺជាអំពើថោកទាបគួរឱ្យអាម៉ាស់បំផុត!... ឯងលួចមាន់អ្នកស្រុក ចាត់ទុកថាជាមនុស្សខ្វះសីលធម៌ ហេតុនេះឯងត្រូវកែខ្លួនឱ្យបានល្អឡើងវិញ ហើយចាប់ពីពេលនេះតទៅ ត្រូវឈប់ចេញទៅលួចមាន់គេទៀត!"

ក្រោយពីបានស្តាប់ហើយ បុរសលួចមាន់ក៏ឆ្លើយថា ៖ "ខ្ញុំដឹងថា... ខ្ញុំបានធ្វើខុសមែន! ឥឡូវនេះ អញ្ចេះទៅចុះ! ខ្ញុំនឹងលួចឱ្យកាន់តែតិចជាងមុន។ ពីមុនលួចរាល់ថ្ងៃ ឥឡូវនេះខ្ញុំនឹងលួចមួយខែម្តង ហើយលួចតែមាន់មួយទេ...ដល់ឆ្នាំមុខ ខ្ញុំនឹងឈប់លួចមែនទែនហើយ!..."...?

ដឹងច្បាស់ថាខ្លួនខុស បែរជាមានចេតនាបន្លាយពេលវេលា មិនព្រមកែប្រែភ្លាមៗ។ មនុស្សប្រភេទនេះ មិនត្រឹមតែមិនអាចលុបលាងកំហុសបាននោះទេ គេកាន់តែធ្លាក់ទៅក្នុងគន្លងនៃអំពើអាក្រក់រហូតគ្មានទីបញ្ចប់ ដោយសារតែការបន្ថែមអំពើបាបមកឱ្យខ្លួនកាន់តែច្រើនឡើងៗនោះឯង។

តាមឧទាហរណ៍ខាងលើ បើទទួលស្គាល់ថា ការលួចជាអំពើដែលមិនត្រឹមត្រូវ ក៏គួរតែឈប់ប្រព្រឹត្តជាដាច់ខាត កែប្រែខ្លួនជាបន្ទាន់ ហេតុអ្វីត្រូវចាំដល់ឆ្នាំមុខ? មនុស្សមិនមែនជាទេវតាឯណា? មានអ្នកណាដែលមិនធ្លាប់ធ្វើខុស? ធ្វើខុសមិនមែនគួរឱ្យខ្មាសនោះទេ អ្វីដែលគួរឱ្យខ្មាសនោះ គឺការដែលដឹងថាខុសហើយនៅតែបំពាន។ ខុសដដែលៗ ខុសហើយខុសទៀត ថែមទាំងខំរកល្បិចគ្រប់យ៉ាងមកដោះសា បោកប្រាស់ទាំងខ្លួនឯង បោកប្រាស់ទាំងអ្នកដទៃ។

ម៉ៅឡៃ អ្នកនិពន្ធម្នាក់ បានទុកពំនោលដ៏ល្អមួយថា ៖

"សូមកុំមានការអៀនខ្មាស នៅពេលទទួលស្គាល់់កំហុស ព្រោះការទទួលស្គាល់កំហុស បញ្ជាក់ឱ្យដឹងថា ចាប់ពីពេលនេះទៅ អ្នកឆ្លាតជាងមុនហើយ"

 

ធ្វើខុស មិនមានអ្វីគួរខ្មាសនោះទេ...

តែបើដឹងថាខុសហើយ ចេះកែប្រែខ្លួនជាមនុស្សថ្មី

បង្កើតស្នាដៃថ្មី ដែលត្រឹមត្រូវ ល្អធំធេងជាងមុន

ប្រសើរជាជាងធ្វើមនុស្សល្ងង់ ដែលមិនព្រមកែប្រែ។