បង្ខំផ្លូវចិត្ត

        ព្រះនាងរ៉ូស គឺជាព្រះរាជបុត្រីដ៏មានរូបឆោមលោមពណ៌ល្អស័ក្តិសមជាម្ចាស់ក្សត្រីបំផុត។ចាប់តាំងពីព្រះនាងទ្រង់ប្រសូតមក ទាំងព្រះរាជានិងព្រះមហេសី សុទ្ធតែបានជឿជាក់ថាព្រះនាងរ៉ូសនឹងក្លាយទៅជាម្ចាស់ក្សត្រីដ៏ពេញលក្ខណ:បំផុតដូចជាស្រស់ស្អាតកិរិយាមាយាទល្អ សម្តីពីរោះ មានបញ្ញាឈ្លាសវៃ ស្រឡាញ់ធម្មជាតិ... ត្រូវជួបនឹងគ្រោះភ័យហើយនៅទីបំផុតនឹងមានព្រះអង្គម្ចាស់ដ៏ស្រស់សង្ហាមកជួយយកអាសា ហើយក៏បានរួមរស់ជាគូនឹងគ្នាប្រកបដោយសេចក្តីសុខទៅតាមប្រពៃណីជាម្ចាស់ក្សត្រីដូចក្នុងរឿងព្រេងនិទានដែលយើងធ្លាប់បានដឹងជាទូទៅដូច្នោះដែរ។

      ប៉ុន្តែព្រះនាងរ៉ូស បែរជាមិនបានប្រព្រឹត្តទៅតាមទំនៀមទម្លាប់ក្នុងនាមជាម្ចាស់ក្សត្រីាស្ត្រីគ្រប់លក្ខណ៍ ដូចតាមក្តីរំពឹងរបស់អ្នកផងប៉ុន្មានទេ។ កាលនៅពីក្មេង  ព្រះនាងមិនចូលចិត្តលេងកូនបាល់ពណ៌មាសទេ តែបែរជាចូលចិត្តឡើងដើមឈើ...  ព្រះនាងមិនព្រមរៀនដេរប៉ាក់ទេតែបែរជាទៅលួចរៀនវិជ្ជាគុនដាវទៅវិញ។ ជារៀងរាល់ថ្ងៃសម្លៀកបំពាក់របស់ព្រះនាងតែងតែមានស្នាមរហែកឱ្យជាងដេរប៉ះជាប្រចាំ។ នៅទីបំផុតព្រះនាងក៏សម្រេចចិត្ត តែងខ្លួនធ្វើជាក្មេងប្រុសវិញហើយស្លៀកសំពត់តែក្នុងពេលមានពិធីសំខាន់ៗម្តងម្កាលប៉ុណ្ណោះ។

       ការដែលព្រះនាង មិនព្រមប្រព្រឹត្តទៅតាមទំនៀមទម្លាប់ជាម្ចាស់ក្សត្រីដ៏ល្អប្រពៃនោះ ធ្វើឲ្យព្រះរាជានឹងព្រះរាជិនី​ ខកព្រះទ័យជាខ្លាំង។ ព្រះអង្គទាំងពីរព្យាយាមដាក់កំហិតឬដាក់ទណ្ឌកម្មយ៉ាងណាក៏ព្រះនាងនៅតែមិនព្រមស្តាប់បង្គាប់ធ្វើអោយចំណងមេត្រីរវាង ព្រះនាងនឹងព្រះមាតាបិតាតែងតែ មានភាពអាប់អួរជានិច្ច។រហូតមកដល់ថ្ងៃមួយ ការអត់ធ្មត់របស់មាតាបិតាក៏ដល់ពេលទប់លែងបាន ក្នុង ខណ:ពេលដែលព្រះនាងរ៉ូសបាននាំមិត្តភក្តិថ្មីមកណែនាំឲ្យព្រះរាជានិងព្រះរាជិនីស្គាល់។

មិត្តភក្ដិថ្មីនោះគឺជាគ្រូធ្មប់ម្នាក់។

  "បុត្រីមិនព្រមប្រព្រឹត្តតាមទំនៀមទម្លាប់ជាម្ចាស់ក្សត្រីប៉ុណ្ណឹងហើយនៅតែមិនឆ្អែតទៀត! ឥឡូវបុត្រីទៅសេពគប់ជាមួយគ្រូធ្មប់ទៀតឬ? តើបុត្រីចង់ធ្វើយ៉ាងម៉េច?" ព្រះរាជាគំហកឲ្យ។

    "ខ្ញុំម្ចាស់មិនបានធ្វើអ្វីខុសឯណាក្រាបទូល! គ្រូធ្មប់ម្នាក់នេះគាត់ជាមនុស្សល្អទេតើ!  ការដែលខ្ញុំម្ចាស់មានមិត្តល្អបែបនេះព្រះមាតាបិតាគួរតែសប្បាយព្រះទ័យហើយ!" ព្រះនាងមានបន្ទូល។ 

  "ប៉ុន្តែគ្មានព្រះនាងណានៅលើលោកនេះ ទៅសេពគប់គ្រូធ្មប់ជាមិត្តភក្តិអញ្ចឹងទេ!" ព្រះរាជិនីបកស្រាយវិញម្តង។

     "មានក្រាលទូល! គឺបុត្រីនេះឯង!" ព្រះនាងត្រាស់ទាំងញញឹម។

     "បុត្រីអើយ....អីក៏ខុសគេខុសឯងបែបនេះ!" ព្រះរាជាស្រែកខ្លាំងៗ ព្រះនាងរ៉ូសក៏លើកសំណើមួយឡើង...

 " អញ្ចេះទៅចុះ! បើបិតាធ្វើកិច្ចការមួយឱ្យបុត្របានបុត្រព្រមផ្លាស់ប្តូរអាកប្បកិរិយាសាជាថ្មីដោយធ្វើខ្លួនជាព្រះនាងដ៏សែនល្អ រៀនដេរប៉ាក់... ធ្វើទៅតាមអ្វីដែលព្រះបិតានិងព្រះមាតាចង់បាន..."

 “តើបុត្រចង់ឱ្យបិតាធ្វើអ្វីទៅ?” ព្រះរាជាត្រាស់សួរ។

 “ខ្ញុំម្ចាស់សុំឱ្យព្រះបិតាឈប់ជិះសេះ ហើយព្រះមាតាឈប់ស្រឡាញ់ផ្កា តទៅបានដែរឬទេ?”

 “តើបុត្រីចង់ថាម៉េច?” ព្រះរាជិនីឧទាន “បុត្រីមកហាមមាតាបិតាមិនឱ្យធ្វើអ្វីដែលយើងចូលចិត្តម៉េចនឹងកើត?”

 “សូម្បីតែព្រះមាតាបិតា ក៏មិនអាចបង្ខំខ្លួនឯងឱ្យឈប់ធ្វើនូវអ្វីដែលព្រះអង្គសព្វព្រះទ័យបានដែរ... ហេតុនេះតើឱ្យខ្ញុំម្ចាស់បង្ខំចិត្តខ្លួនឯងឱ្យឈប់ធ្វើអ្វីដែលខ្លួនឯងឱ្យឈប់ធ្វើអ្វីដែលខ្លួនធ្លាប់ចូលចិត្តដូចជា ឡើងដើមឈើ គុនដាវ ឬសូម្បីតែសេពគប់ជាមួយនឹងគ្រូធ្មប់ផងដែរក្រាបទូល!” ព្រះនាងមានបន្ទូលបែបម៉ឹងម៉ាត់យ៉ាងដាច់ខាតធ្វើឱ្យព្រះរាជានិងព្រះរាជិនីនៅស្ងៀមមួយសន្ទុះ រួចហើយក៏ដកដង្ហើមធំទាំងពីរព្រះអង្គ។

 “ណ្ហើយចុះ! មាតាបិតាមិនបង្ខំចិត្តបុត្រីទៀតទេ...បុត្រីចង់ធ្វើអ្វី! ចង់សេពគប់ជាមួយនរណា ក៏ស្រេចលើព្រះទ័យបុត្រីទៅចុះឱ្យតែរឿងនោះវាមិនបង្កភាពក្តៅក្រហាយដល់ខ្លួនឯងនិងអ្នកដទៃទៅបានហើយ! ព្រះរាជាទ្រង់ចាក់បណ្តោយទៅតាមហេតុការណ៍ដូច្នោះតែម្តងទៅ។

 “អរព្រះគុណក្រាបទូល!” ព្រះនាងរ៉ូស សម្តែងសេចក្តីត្រេកអរ។ ចាប់តាំងពីពេលនោះមក ព្រះនាងរ៉ូស មានសេរីភាពក្នុងការរស់នៅទៅតាមបំណងប្រាថ្នារបស់ខ្លួនដោយមិនចាំបាច់គិតថា ត្រូវតែធ្វើទៅតាមទំនៀមទម្លាប់ជាម្ចាស់ក្សត្រីអ្វីទេ ហើយព្រះនាងក៏មានគ្រូធ្មប់ឃីម ជាមិត្តល្អនៅចាំជួយព្រះនាងជាប់រហូតធ្វើឱ្យព្រះរាជានិងព្រះរាជិនីរីករាយព្រះទ័យឡើងវិញ ព្រោះទាំងពីរព្រះអង្គបានទតឃើញថា ការប្រព្រឹត្តរបស់ព្រះនាងទោះជាមិនត្រូវទៅតាមក្តីរំពឹងរបស់ព្រះអង្គ ប៉ុន្តែក៏មិនបានធ្វើឱ្យនរណាក្តៅក្រហាយអ្វីដែរ ហើយនៅថែមទាំងបានជួយឱ្យព្រះនាងរ៉ូសឱ្យមានភាពរឹងប៉ឹងជាម្ចាស់ក្សត្រីដែលមិនអាចឱ្យនរណាធ្វើបាបបានដោយងាយស្រួល ដូចជាម្ចាស់ក្សត្រីដទៃផ្សេងនោះឡើយ។

សូម្បីតែខ្លួនឯងក៏មិនអាចបង្ខំខ្លួនឱ្យកែប្រែទៅជាអ្វីបានផង

ដូច្នេះតើមានប្រយោជន៍អ្វីដែលចង់បង្ខំអ្នកដទៃឱ្យធ្វើតាមខ្លួននោះ?

ប្រការសំខាន់ កុំឱ្យតែទង្វើនោះវាប៉ះពាល់ធ្ងន់ធ្ងរដល់ខ្លួនឯង

ឬអ្នកដទៃតែប៉ុណ្ណោះក៏គួរតែ OK ជាមួយគេទៅ...។