ប្រអប់ត្រឡប់ពេលវេលា

 

        ក្រោយពីហេតុការណ៍ទឹកជំនន់នៅនគរតូចមួយនោះ បានកន្លងផុតទៅស្ថានភាពស្រុកទេសបានត្រឡប់មកប្រក្រតីភាពឡើងវិញ ចំណែកប្រជាជនក៏ត្រឡប់មកមានសេចក្តីសុខតាមធម្មតាដូចកាលពីគ្រាមុនផងដែរ ប៉ុន្តែនៅមានរឿងម្យ៉ាងដែលមិនដូចដើមនោះគឺករណីផ្ទាល់របស់ព្រះរាជាវាយោ។

        ពេលដែលទ្រង់បានជ្រាបពីភាពរងទុក្ខវេទនារបស់ប្រជារាស្រ្តដែលកើតចេញពីការសង់ "ផ្ទះម៉ូតកូនជ្រូកបី" នោះមកព្រះរាជាក៏ទ្រង់កើតមានវិប្បដិសារីជាខ្លាំង ដោយសារព្រអង្គមិនព្រមស្តាប់តាមសម្តីលោកអាមាត្យ ទើបធ្វើឱ្យប្រជារាស្រ្តត្រូវរងទុក្ខលំបាកពីគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរដូច្នេះ។ ព្រះអង្គចេះតែមានអារម្មណ៍ដិតដាមជាប់នូវកំហុសឆ្គងនេះជាប់ជារៀងរហូតមក ទោះបីជាហេតុការណ៍អាក្រក់បានកន្លងផុតទៅហើយក្តីក៏ព្រះអង្គនៅតែមិនមានអារម្មណ៍ល្អប្រសើរឡើងទាល់តែសោះ ហើយនៅទីបំផុតទ្រង់ធ្លាក់ខ្លួនប្រឈួនជាទម្ងន់ធ្វើឱ្យព្រះរាជិនីព្រួយព្រះទ័យជាពន់ពេក។

        "ព្រះរាជាមានជំងឺសតិអារម្មណ៍ ការព្យាបាលមានតែវិធីមួយគត់ គឺត្រូវព្យាបាលផ្លូវចិត្តរបស់ព្រះអង្គផ្ទាល់ក្រាបទូល!" រាជទេព្យទូលព្រះរាជិនីទេវីដែលកំពុងតែយាងទៅយាងមកដោយក្តីអន្ទះអន្ទែងក្នុងព្រះទ័យ។ “នោះគឺជាដំណឹងដ៏មហាអាក្រក់!” ព្រះរាជិនីត្រាស់ដោយមានទឹកព្រះភ័ក្រ្តមិនជាល្អទាល់តែសោះ។ ព្រះនាងគិតហើយគិតទៀតដើម្បីរកមធ្យោបាយជួយព្យាបាលជំងឺព្រះអង្គ។មិនយូរប៉ុន្មានមកទៀតព្រះអង្គម្ចាស់តូច មន្រ្តី និងពួកអាមាត្យគ្រប់គ្នានៅក្នុងវាំងត្រូវបានកោះហៅមកប្រជុំរួមគ្នានៅរោងជំរុំជាបន្ទាន់។

        "​គ្រប់គ្នាប្រាកដជាដឹងច្បាស់ហើយថាព្រះរាជាទ្រង់កំពុងប្រឈួន ព្រោះតែមិនសប្បាយព្រះទ័យអំពីរឿងប្រជារាស្រ្តជួបនូវគ្រោះធម្មជាតិ” ព្រះរាជិនីត្រាស់ដោយសំឡេងខ្លាំងៗ ឯព្រះរាជាប្រថាប់នៅលើបល្ល័ងដោយមានព្រះភ័ក្រ្តក្រៀមក្រោះស្រពាប់ស្រពោន។

“ដូច្នេះដើម្បីឱ្យព្រះរាជាបានធូរស្រាលពីក្តីទុក្ខ យើងចាំបាច់ត្រូវប្រើប្រអប់ទិព្វមួយនេះ” ព្រះរាជិនីមានបន្ទូលព្រមទាំងលើកប្រអប់មួយយកមកបង្ហាញនៅចំពោះមុខនាម៉ឺនមន្រ្តីទាំងអស់។

        “ប្រអប់នេះមានលក្ខណៈពិសេសម្យ៉ាង!     វាមានកែវចរណៃទិព្វមួយនៅពីខាងក្នុង... ហើយកែវចរណៃនេះអាចធ្វើឱ្យយើងវិលត្រឡប់ពេលវេលាបកក្រោយទៅដោះស្រាយហេតុការណ៍នាអតីតកាលណាដែលយើងមិនសូវពេញចិត្តបាន... យើងគិតថា យើងត្រូវប្រើប្រអប់ទិព្វនេះធ្វើឱ្យព្រះរាជាវាយោទ្រង់ត្រឡប់ពេលវេលាថយក្រោយដើម្បីដោះស្រាយបញ្ហាខុសឆ្គងដែលធ្វើឱ្យព្រះអង្គមិនសប្បាយព្រះទ័យកន្លងមកនោះ” ព្រះរាជិនីទេវីត្រាស់ឡើង។ ឯគ្រប់គ្នានៅក្នុងរោងជំរុំបញ្ចេញសំឡេងទ្រហឹងអឹងកងសួរដេញដោលគ្នាដោយងឿងឆ្ងល់ក្នុងចិត្ត។

        “ប៉ុន្តែដើម្បីអាចបើកប្រអប់មួយនេះបាន ចាំបាច់ត្រូវប្រើមនុស្សដែលមានភាបបរិសុទ្ធមកបើកដោយមនុស្សម្នាក់នេះតាំងពីកើតមក មិនដែលធ្វើនូវកំហុសអ្វីឡើយ ដូចជាមិនដែលកុហក មិនដែលសម្រេចចិត្តខុស មិនដែលធ្វើឱ្យនរណាក្តៅក្រហាយ មិនដែលលួចឆក់ប្លន់ មិនដែលធ្វើឱ្យនរណាខូចចិត្ត មិនដែលរឹងទទឹងដាក់ឪពុកម្តាយ... សរុបទៅគឺគេត្រូវតែជាមនុស្សដែលមិនធ្លាប់ធ្វើអ្វីខុសឆ្គងម្តងសោះឡើយ នៅក្នុងមួយជីវិតនេះ” ពេលព្រះរាជិនីមានសវនីយ៍ចប់សំឡេងអឹងកងនៅក្នុងរោងជំនុំក៏លាន់ឮម្តងទៀត។

        “យើងចង់ឱ្យអ្នកដែលមានគុណសម្បត្តិដូចដែលយើងបានប្រកាសអម្បាញ់មិញ សូមឡើងមកបង្ហាញខ្លួន ដើម្បីជួយបើកប្រអប់ទិព្វនេះយកកែវចរណៃចេញមក! ហើយអស់លោកដឹងច្បាស់ហើយថាព្រះរាជាបានសាងនូវកំហុសឆ្គងដោយសារតែទ្រង់ មិនស្តាប់ពាក្យដាស់តឿនរបស់លោកអាមារ្យ ហេតុនេះទើបព្រះរាជាមិនអាចបើកប្រអប់នេះបានទេ...ឯយើងក៏ធ្លាប់ធ្វើឱ្យប្រជាជនក្តៅក្រហាយគឺធ្លាប់ធ្វើឱ្យប្រជាជនត្រូវបណ្តាសាររបស់មេធ្មប់ដោយសារតែមិនស្តាប់តាមសម្តីព្រះបិតា...ឯព្រះរាជបុត្រក៏ធ្លាប់គេចវេះពីការរៀនសូត្រ ដូច្នេះទើបពួកយើងទាំងបីនាក់គ្មាននរណាអាចបើកប្រអប់នេះបានទេ... តើមាននរណាអាចបើកប្រអប់ទិព្វនេះបានដែរឬទេ?” ព្រះរាជិនីត្រាស់សួរ។

        គ្រប់គ្នានៅក្នុងរោងជំនុំ គ្មាននរណាអាចបើកបាននោះទេ ព្រោះពួកគេម្នាក់ៗសុទ្ធតែធ្លាប់មានកំហុសឆ្គងគ្រប់គ្នាមិនថាជារឿងតូចឬរឿងធំនោះទេ រហូតដល់ពេលវេលាគម្រប់ ៧ ថ្ងៃ ព្រះរាជិនីទេវីបានកោះប្រជុំគ្រប់គ្នានៅរោងជំនុំម្តងទៀត ប៉ុន្តែបែរជាត្រាស់ទៅកាន់ពួកអ្នកមកចូលរួមប្រជុំរួមទាំងព្រះរាជាវាយោផងដែរថា

        “យើងបានប្រកាសឱ្យអ្នកដែលមានក្តីបរិសុទ្ធ មកបើកប្រអប់មួយនេះអស់រយៈពេល៧ថ្ងៃមកហើយ ប៉ុន្តែគ្មាននរណានៅក្នុងនគរមួយនេះមានភាពបរិសុទ្ធអាចបើកប្រអប់មួយនេះបានសោះ! នោះជាការបញ្ជាក់ថាគ្រប់គ្នាសុទ្ធតែធ្លាប់មានកំហុសឆ្គងទាំងអស់!... ដូច្នេះយើងសូមឱ្យអ្នកទាំងអស់គ្នាចាត់ទុកកំហុសឆ្គងពីអតីតកាលជាមេរៀនសម្រាប់ដោះស្រាយបញ្ហាថ្ងៃនេះនិងថ្ងៃបន្តទៅមុខឱ្យបានល្អប្រសើរ...គឺដូចគ្នានឹងព្រះរាជាដូច្នោះទ្រង់នឹងប្រើហេតុការណ៍ខុសឆ្គងដែលបានកើតឡើងនោះធ្វើជាមេរៀនក្នុងការគ្រប់គ្រងនគរដ៏តូចមួយនេះជាបន្តទៅដូចគ្នាដែរ”

        នៅពេលព្រះរាជិនីទេវីពោលចប់ ទ្រង់ចាប់ព្រះហស្ថរបស់ព្រះរាជាដែលមានព្រះភ័ក្រ្តស្រស់ស្រាយឡើងវិញមកនោះ គ្រវីដាក់នាម៉ឺនមន្រ្តីដែលស្ថិតនៅក្នុងរោងជំនុំ។ ឥឡូវនេះព្រះរាជាសះស្បើយពីព្រះឈួនដោយមិនចាំបាច់ប្រើថ្នាំអ្វីទាំងអស់ ក្រៅតែពីប្រើត្រឹមប្រអប់មួយនេះប៉ុណ្ណោះឯង។

មនុស្សយើងមិនអាចត្រឡប់ពេលវេលាទៅកែប្រែកំហុសឆ្គងបានទេ

ប៉ុន្តែយើងអាចធ្វើឱ្យបច្ចុប្បន្នភាពរបស់យើងល្អប្រសើរបានដោយសារ

តែការចេះយកកំហុសពីមុនមកធ្វើជាមេរៀន សម្រាប់បច្ចុប្បន្នកាល

និង តទៅអនាគតកាល។