ឆ្មាចូលចិត្តច្រៀង

 

        នៅក្នុងភូមិមួយ មានឆ្មាមួយក្បាលចូលចិត្តស្រែកច្រៀងបញ្ចេញសំឡេងខ្លាំងៗគួរឱ្យរំខាន ធ្វើឱ្យអ្នកភូមិដែលថ្លង់នឹងសំឡេងនោះ ត្រូវចេញមកជេរប្រទេច ឬមួយក៏ដេញវាឱ្យចេញឆ្ងាយ។

        ដោយសារតែត្រូវគេដេញខ្លាំងពេកដូច្នេះ ឆ្មាក៏ទៅពិគ្រោះយោបល់ជាមួយមិត្តភក្តិ អំពីមូលហេតុដែលធ្វើឱ្យមនុស្សស្អប់ដល់ខ្លួន....

        " គ្នាមិនយល់សោះ ហេតុអីក៏ពួកមនុស្សទាំងនោះបែរជាចូលចិត្តឆ្មាដែលមិនចេះច្រៀងដូចជារូបឯង ហើយស្អប់យើងជាអ្នកចេះច្រៀងទៅវិញ"

        ឆ្មាទី២ ក៏មានយោបល់ថា...

        " រឿងនេះប្រហែលមកពីការច្រៀងវាមិនមែនជាកិច្ចការរបស់ឆ្មា...យកល្អ ឯងគួរយកពេលវេលាទៅធ្វើកិច្ចការរបស់ខ្លួនវិញទៅ មិនបាច់មក

ខំប្រឹងច្រៀងធ្វើអ្វីទេ​! "

        ឆ្មាទី១ រអ៊ូដោយក្តីមួហ្មង...

        " តែយើងច្រៀងសម្រាប់់ស្តាប់ខ្លួនឯងទេតើ! អ្នកណាមិនចង់ស្តាប់ទេម៉េចក៏មិនចុកត្រចៀកឱ្យជិតទៅ? "

        ឆ្មាទី២ ពន្យល់បន្ថែម...

        " សម្លាញ់អ្ហើយ! ... បើឯងជម្នះចិត្តគិតតែពីច្រៀងដូច្នេះ ឯងនឹងគ្មានថ្ងៃបានបំពេញតួនាទីរបស់ឆ្មាឡើយ! "។

 

<< អ្នកធ្វើ តែងទទួលការកោតសរសើរជាងអ្នកថា

ចំណែកអ្នកពូកែថា ក៏ច្រើនតែមិនសូវបានធ្វើអ្វីឡើយ>>