ម្ជុលនៅនឹងដៃខ្លួនឯង

  ក្រោយពីព្រះនាងព្រិលស រួចផុតពីសេចក្តីស្លាប់ ដោយសារតែផ្លែប៉ោមពិស ដែលមេធ្មប់យកមកឲ្យព្រះនាងសោយមក ព្រះនាងក៏បានរៀបអភិសេកជាមួយនឹព្រះរាជបុត្រពីទ័រ ដែលបានជួយសង្រ្គោះជីវិតព្រះនាង។ អ្នកទាំងពីររួមរស់ជាមួយគ្នាយ៉ាងមានសេចក្តីសុខក្សេមក្សាន្ត។ មួយរយៈក្រោយមក ស្រាប់តែព្រះរាជបុត្រពីទ័រ បានធ្វើឲ្យស្នេហាអ្នកទាំងពីរមានភាពរង្គោះរង្គើឡើង ដោយសារព្រះរាជបុត្រ បានទៅឈ្លក់ស្រលាញ់ព្រះនាងរ៉ូស ដែលជាភ្ញៀវមកចូលរួមក្នុងពិធីបង្កក់បុត្ររបស់ព្រះនាងព្រិលស។​ នៅពេលដែលក្នុងចិត្តព្រះរាជបុត្រមាននារីដទៃដូច្នេះ ព្រះអង្គក៏ភ្លេចនូវក្តីស្រលាញ់ដែលទ្រង់ធ្លាប់មានចំពោះព្រះនាងព្រិលសអស់រលីង។​​​​

      ឯព្រះនាងព្រិលស គិតតែពីក្រៀមក្រំ ដែលធ្វើឲ្យបរិយាកាសនៅក្នុងរាជវាំង ពោរពេញទៅដោយភាពសោះកក្រោះនិងសោកសៅបំផុត។ ប៉ុន្តែដោយសារ អំពើល្អរបស់ព្រះនាងនិងសេចកី្តស្រលាញ់របស់ព្រះនាង និងសេចក្តីស្រលាញ់ដែលគ្រួសាររបស់ព្រះរាជបុត្រមានចំពោះព្រះនាង ទើបធ្វើឲ្យព្រះរាជព្រមកាត់ព្រះទ័យពីព្រះនាងរ៉ូស ហើយត្រឡប់មកល្អូកល្អឺន ជាមួយនឹងព្រះនាងព្រិលសដូចដើមវិញ។ តែទោះជាយ៉ាងណា អារម្មណ៍ដែលព្រះនាងព្រិលសធ្លាប់មានចំពោះព្រះរាជបុត្រ បានរលាយអស់ទៅហើយ។​ ព្រះនាងលែងទុកចិត្តស្វាមីដូចកាលគ្រាមុនទៀតហើយ ហើយអ្វីដែលសំខាន់បំផុតនោះគឺ ព្រះនាងមិនអាចបំភ្លេចនូវកាឈឺចាប់ អំពីអំពើខុសឆ្គងរបស់ព្រះស្វាមីមកលើព្រះនាងបានសោះឡើយ។ នៅទីបំផុតព្រះនាងក៏សម្រេចព្រះទ័យរត់ចេញពីព្រះរាជវាំង ព្រោះមិនអាចទ្រាំនឹងការឈឺចាប់នេះបាន។

      ព្រះនាងចាកចេញពីព្រះរាជវាំងនៅពេលមេឃងងឹត ហើយរត់ចូលក្នុងព្រៃ ទៅស្នាក់នៅជាមួយមនុស្សក្រិន៧នាក់ដែលព្រះនាងទុកព្រះទ័យបំផុត។​ ពេលដែលមនុស្សក្រិនទាំង៧នាក់ក្រោកពីដេក គ្រប់ៗគ្នាក៏បានឈើញព្រះនាងព្រិលស មនុស្សជាទីស្រឡាញ់មកដេកក្រវៀនៗនៅខាងមុខផ្ទះដែលទឹកមុខពោរពេញទៅដោយទុក្ខព្រួយ និងកែវភ្នែកដ៏អួរអាប់។

         “ព្រះជាម្នាស់! តើមានរឿងអីហ្នឹង!?”

   មនុស្សក្រិនទី១ ឧទានបែបស្លុតរួចនាំព្រះនាងចូលទៅសម្រាកនៅក្នុងផ្ទះ។​ មនុស្សក្រិនទាំង៧ ក៏រៀបចំអាហារឲ្យព្រះនាងសោយនិងលួងលោមឲ្យព្រះនាងសម្រាក។ រហូតដល់រសៀលទើបពួកគេមកអង្គុយនៅជំវិញព្រះនាងដើម្បីស្ដាប់ការរៀបរាប់ពីមូលហេតុ ដែលព្រះនាងរត់ចេញពីព្រះរាជវាំង។

         ក្រោយពីស្តាប់រឿងរ៉ាវទាំងអស់ចប់សព្វគ្រប់ហើយ មនុស្សក្រិនម្នាក់ៗនាំគ្នាលួងលោមនិងព្យាយាមធ្វើឲ្យព្រះនាងមានអារម្មណ៍ល្អប្រសើរឡើងវិញ។​ ប៉ុន្តែទោះ ជាយ៉ាងណាក៏ព្រះនាងដូចជាមិនទទួលស្តាប់ទាំងអស់។មនុស្សក្រិនទី៧ បានទាញ់ដៃព្រះនាងមកចាប់អង្អែលថ្នមៗ រួចហើយនិយាយទៅកាន់ទ្រង់ដោយក្តីសោកសៅថា​ “ឪព្រះនាងព្រិលសខ្ញុំអ្ហើយ! ខ្ញុំនឹងសម្តែងឆាកមួយចង់ឲ្យព្រះនាងទត!” គេនិយាយបណ្តើរព្រមទាំងចាប់យកម្ជុលមួយចេញមក។ ព្រះនាងព្រិលស សម្លឹងមើលម្ជុលនៅក្នុងដៃរបស់មនុស្សក្រិនទី៧ ដោយឆ្ងល់ក្នុងចិត្ត ហើយអ្វីដែលកាន់តែចម្លែកក្នុងចិត្តខ្លាំងឡើងទៅទៀតនោះ គឺពេលដែលមនុស្សក្រិនទី៧ យកម្ជុលទៅចាក់់លើសាច់មនុស្សក្រិនទី៦។ ​ “អូយ! តើពួកឯងធ្វើអ្វីហ្នឹង? ម៉េចក៏ធ្វើអញ្ចឹង?” ព្រះនាងព្រិលស ទ្រង់ស្រែកឡើងភ្លាត់សំឡេងដោយក្ដីស្លុត។ មនុស្សក្រិនទី៦ និយាយឡើង “មនុស្សក្រិនទី៧បានយកម្ជុលនេះចាក់លើសាច់របស់ខ្ញុំម្តងហើយ” បន្ទាប់មកគេក៏យកម្ជុលពីដៃរបស់មនុស្សក្រិនទី៧ មកចាក់លើសាច់ខ្លួនឯងជាច្រើនដងទៀតរហូតដល់ចេញឈាម។  “ហេតុអ្វីបានជាអ្នកយកម្ជុលចាក់សាច់ខ្លួនឯងអញ្ចឹង? ហើយចាក់រហូតចេញឈាមពេញខ្លួនទៅហើយ” ព្រះនាងមានបន្ទូលព្រមទាំងចាប់ដៃរបស់មនុស្សក្រិនទី៦ យកមកជូតឈាមនិងលាងរបួសឲ្យ។ មនុស្សក្រិនទី៦និយាយបកស្រាយប្រាប់ព្រះនាង “មែនហើយ!​ ហេតុអីបានជាខ្ញុំ ចាំបាច់យកម្ជុលមកចាក់សាច់ខ្លួនឯងអញ្ចឹង? កាលបើអ្នកដទៃគេយកម្ជុលមកចាក់សាច់យើង យើងឈឺណាស់ទៅហើយ ហេតុអីយើងចាំបាច់យកម្ជុលហ្នឹង មកចាក់ខ្លួនឯង ឲ្យមានរបួសកាន់តែធំឡើងនិងកាន់តែឈឺខ្លាំងឡើងធ្វើអីហ្ន៎។

         មនុស្សក្រិនម្នាក់ទៀតនិយាយដាស់តឿនព្រះនាង “ការដែរព្រះរាជបុត្រធ្វើឲ្យព្រះនាងឈឺចាប់ គឺដូចជាព្រះអង្គបានយកម្ជុលមកចាក់ឲ្យចំបេះដូងរបស់ព្រះនាងទៅហើយ វាមុខតែឈឺចាប់រកអី្វប្រដូចមិនបានទេ។ តែរឿងរ៉ាវនោះវាចប់ទៅហើយអ្វីៗវាក៏កន្លងផុតទៅហើយដែរ ហេតុអី្វព្រះនាងចាំបាច់យកម្ជុលមួយដើមនោះ មកចាក់ហើយចាក់ទៀតលើបេះដូងខ្លួនឯងធ្វើអ្វី? ទុក្ខព្រួយព្រះនាងពេលនេះ មិនកើតពីព្រះរាជបុត្រទៀតទេ គឺកើតពីព្រះនាងផ្ទាល់ ដោយបានយកម្ជុលពីអ្នកដទែមកចាក់ខ្លួនម្តងហើយម្តងទៀត! សូមព្រះនាងឈប់យកម្ជុលនោះមកចាក់លើខ្លួនឯងតទៅទៀតទៅ ព្រោះវានឹងធ្វើឲ្យរបួសកាន់តែរីកធំឡើងៗតែប៉ុណ្ណោះ! ហើយនៅទីបំផុតអ្នកដែលមានទុក្ខធំបំផុត គឺរូបព្រះនាងនេះឯង!”

          នៅពេលបានឮដូច្នោះ ព្រះនាងក៏ភ្ញាក់ខ្លួនឡើង ហើយទឹកភ្នែកក៏ស្រក់ចុះដោយសារតែកី្តស្រឡាញ់ដ៏បរិសុទ្ធដែលមនុស្សក្រិនទាំង៧នាក់មានចំពោះព្រះនាង ព្រះនាងស្ទុះទៅឪបនិងអរគុណមនុស្សក្រិនដែលបានជួយដាស់តឿនដល់ព្រះនាងឲ្យភ្លឺស្វាងឡើងវិញ ហើយទ្រង់សន្យាថា នឹងមិនធ្វើខ្លួនឲ្យអត់ប្រយោជន៍តទៅទៀត។

 

អ្នកដទៃធ្វើបាបយើងតែម្តងទេតែយើងបែរជាធ្វើបាបខ្លួនឯង

មិនព្រមឈប់គឺការធ្វើបាបដោយសារតែការគិតផ្លូវអាក្រក់របស់ខ្លួននេះឯង។