ខុងជឺ គឺជាបុគ្គលមានឥទ្ធិពលផ្នែកគំនិតប្រាជ្ញាដ៏សំខាន់បំផុតរបស់ចិន និងត្រូវគេទទួលស្គាល់ថាជាអ្នកប្រាជ្ញដ៏ល្បីល្បាញម្នាក់លើលោក។ ពេញមួយជិវិតរបស់ខ្លួនខុងជឺបានខិតខំប្រឹងប្រែងទូន្មានប្រៀបប្រដៅមនុស្សឱ្យប្រព្រឹត្តអំពើសុចរិត ប្រកាន់យកគោលការណ៍គ្រប់គ្រងដែលត្រឹមត្រូវយុត្តិធម៌ និងបង្រៀនមនុស្សឱ្យចេះរកក្តីសុខក្នុងជីវិតបច្ចុប្បន្ន ជាជាង
គិតទៅដល់ជាតិមុខ។ ដំបូន្មានរបស់ ខុងជឺ គឺជាពុទ្ធិផ្នែកទស្សនវិទ្យានិងគតិធម៌ដ៏ស៊ីជម្រៅ ដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតរបស់ជន
ជាតិចិនអស់រយៈកាលរាប់ពាន់ឆ្នាំមកហើយ និងដែលពួកគេបាននាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនអំពីដំបូន្មានទាំងនោះទុកជាគតិប្រចាំជីវិត។
នេះជាហេតុផលដ៏សំខាន់ដែលធ្វើឱ្យចិន គឺជាប្រទេសដែលអាចថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្លួនបានយ៉ាងគង់វង្សរហូតមកដល់សព្វថ្ងៃនេះ។
កំពូលអ្នកសិក្សារៀនសូត្រ
ខុងជឺ កើតនៅឆ្នាំ ៥៥១ មុនគ្រិស្តសករាជក្នុងនគរលូ (តំបន់សានទុងបច្ចុប្បន្ន) កំព្រាឪពុកតាំងតែពីនៅជាកុមារ ហើយត្រូវរស់នៅជាមួយម្តាយដែលប្រឈមមុខនឹងស្ថានភាពក្រីក្រលំបាកជាខ្លាំង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ម្តាយរបស់ ខុងជឺ នៅតែខិតខំជំរុញកូនឱ្យបានរៀនសូត្រ រហូតទាល់តែមានចំណេះវិជ្ជាយ៉ាងខ្ពង់ខ្ពស់បំផុត។
ខុងជឺ ជាមនុស្សដែលស្រឡាញ់ការសិក្សាជាខ្លាំង ហេតុនេះហើយទើបគាត់ខំស្វះស្វែងរៀនសូត្រមុខវិជ្ជាសព្វបែបយ៉ាង រួមទាំងក្បួនពិធីខាងសាសនា ចម្រៀង កំណាព្យ និងក្បួនតម្រាផ្សេងៗដែលមានមកតាំងពីបុរាណ។ ដោយសារតែភាពឈ្លាសវៃនេះធ្វើឱ្យ ខុងជឺ មានឈ្មោះល្បីល្បាញថាជាអ្នកដែលប្រកបដោយចំណេះដឹងសព្វបែ សុសសាយទៅគ្រប់ទិសទី តាំងពីអាយុមិនទាន់ដល់ ២០ឆ្នាំនៅឡើយ។
បង្កើតសាលារៀនឯកជនមុនគេបង្អស់
ពេលមានអាយុ ៣០ឆ្នាំ ខុងជឺ បានបង្កើតសាលារៀនឯកជនមួយកន្លែង ដែលជាសាលាឯកជនដំបូងបង្អស់នៃប្រទេសចិន។ ការបង្រៀនរបស់ខុងជឺ បានផ្លាស់ប្តូររូបភាពការសិក្សាដែលខុសស្រឡះពីមុន ធ្វើឱ្យប្រជាជនចិនភ្ញាក់រឭក នាំគ្នាយកចិត្តទុកដាក់នឹងការសិក្សាព្រមទាំងវប្បធម៌ជាឋខ្លាំង។ ខុងជឺ បានប្រើវិធីដ៏សាមញ្ញក្នុងការទទួលសិស្សចូលរៀនដោយគ្រាន់តែជូនរបស់បន្តិចបន្តួចសម្រាប់ថ្លៃសិក្សាប៉ុណ្ណោះ ក៏គ្រប់គ្រាន់ហើយ។ កូនសិស្សរបស់ ខុងជឺ ភាគច្រើនទទួលចំណេះដឺងបានយ៉ាងខ្ពង់ខ្ពស់ស្ទើរគ្រប់ផ្នែក។
ខុងជឺ ពេញចិត្តនឹងអាជីពរបស់ខ្លួនជាខ្លាំង។ គាត់ខិតខំពុះពារអស់ពីកម្លាំងកាយចិត្តក្នុងការបង្ហាត់បង្រៀន និងកំណត់បទបញ្ជាចំពោះសិស្សយ៉ាងតឹងរ៉ឹង រហូតធ្វើឱ្យសាលារៀនរបស់គាត់សម្រេចជោគជ័យខ្ពស់ និងទទួលបានការគាំទ្រជាខ្លាំងពីសង្គមចិននាសម័យនោះ។
ការពារប្រទេសជាតិ ជូយព្រះជន្មព្រះរាជា
ខុងជឺ មានបំណងចង់ជួយអភិវឌ្ឍទឹកដីនគរលូឱ្យកាន់តែរឹងមាំ និង រីកចម្រើន ប៉ុន្តែគាត់ហាក់គ្មានឱកាសទាល់តែសោះ ព្រោះដោយសារតែអស់ពួកមន្ត្រីជំនិតនឹងព្រះរាជាតែងតែនិយាយមួលបង្កាច់ពីគាត់ក្នុងផ្លូវមិនល្អជាប្រចាំ ធ្វើឱ្យខុងជឺ បានទទួលតំណែងត្រឹមតែជាមន្ត្រីថ្នាក់ទាបជារៀងរហូតមក។ លុះរហូតដល់ ខុងជឺ អាយុ ៥១ ឆ្នាំ ទើបគាត់ទទួលរាជបញ្ជាឱ្យមើលការខុសត្រូវនៅក្នុងរាជធានី។ ក្រោយពីព្រះរាជាទតឃើញស្នាដៃដ៏ជោគជ័យទាំងឡាយរបស់គាត់ទើបព្រះអង្គទ្រង់ព្រះរាជទានភារកិច្ចសំខាន់ៗដល់ ខុងជឺ កាន់តែច្រើនឡើងបន្ថែមទៀតជាហេតុធ្វើឱ្យនគរលូ រីកចម្រើនយ៉ាងឆាប់រហ័សហើយអ្វីដែលសំខាន់បំផុតនោះគឺ ខុងជឺបានជួយស្រោចស្រង់ព្រះជន្មព្រះរាជា ឱ្យរួចផុតពីចំណាប់ខ្មាំងរបស់ប្រទេសជិតខាង ដោយសារតែភាពឈ្លាសវៃរបស់គាត់ ព្រមទាំងរកដំណោះស្រាយក្នុងហេតុការណ៍នោះបានដោយស្ងប់ ពុំមានការបង្ហូរឈាមអ្វីឡើយ។
ទ្រឹស្តីរបស់ខុងជឺ
ខុងជឺ ជានិមិត្តរូបដ៏សំខាន់បំផុតនៃវប្បធម៌បុរាណរបស់ប្រទេសចិន។ គាត់ពុំមែនត្រឹមតែជាអ្នកប្រាជ្ញខាងប្រវត្តិសាស្រ្តប៉ុណ្ណោះទេ គាត់ក៏ជាទស្សនវិទូផ្នែកនយោបាយ និងសីលធម៌ ដ៏ល្បីល្បាញផងដែរ។ គាត់បានចំណាយពេលដល់ទៅ ៣០ ឆ្នាំ ក្នុងការត្រាច់ចរទៅតាមទីតំបន់នានា ដើម្បីផ្តល់ជាគំនិតយោបល់និងវិធីសាស្រ្តផ្សេងៗដល់បណ្តាអ្នកគ្រប់គ្រងដែលជឿនិងគោរពមកលើរូបគាត់។ ក្រោយពេលដែលគាត់ទទួលអនិច្ចកម្មទៅ ទ្រឹស្តីបង្រៀននៅតាមសាលារៀននានាដែលគាត់បានបង្កើតឡើងមកនោះ គឺជាអាវុធខាងគំនិតប្រាជ្ញាដើម្បីទ្រទ្រង់ដល់របបគ្រប់គ្រងបែបសត្តិភូមិអស់រយៈកាលរាប់ពាន់ឆ្នាំមកហើយទើបបានជា "ទ្រឹស្តីខុងជឺ" មានឥទ្ធិពលជាខ្លាំងដល់របបគ្រប់គ្រងរបស់ចិន។ បណ្តាកូនសិស្សទាំងឡាយបានយកទ្រឹស្តីរបស់ខុងជឺមកចងក្រងជាសៀវភៅមួយក្បាល មានចំណងជើងថា "លុនវី" ដែលក្រោយមក សៀវភៅនេះគឺជាប្រភពទិន្នន័យដ៏សំខាន់ក្នុងការសិក្សាស្រាវជ្រាវអំពីទ្រឹស្តីរបស់ ខុងជឺ នេះឯង។ ក្តីសុខតាមទស្សនៈរបស់លទ្ធិតៅគឺបង្រៀនឱ្យមនុស្សចេះរៀបចំដំណើរជីវិតទៅតាមច្បាប់ធម្មជាតិ និងជឿជាក់លើបញ្ញាញាណរបស់ខ្លួនឯង។
ឈុនឈីវ : ស្នាដៃដ៏ឆ្នើមរបស់ខុងជឺ
នៅដំណាក់កាលចុងក្រោយនៃជីវិតរបស់ ខុងជឺ គាត់បាននិពន្ធសៀវភៅមួយក្បាលដែលមានចំណងជើងថា "ឈុនឈីវ" ជាសៀវភៅទាក់ទងនឹងជីវប្រវត្តិរបស់អឆ្ឆរិយបុគ្គល និងព្រឹត្តការណ៍សំខាន់ៗដែលកើតមានក្នុងសង្គម រវាងឆ្នាំ ៧២២ ដល់ ៤៨១ មុនគ.ស។ ដោយសម័យនោះនៅមិនទាន់មានក្រដាសសរសេរនៅឡើយ ទើបគាត់ត្រូវនិពន្ធសៀវភៅនេះដោយចារលើបន្ទះឫស្សី។ ក្នុងកំលុងពេលសរសេរសៀវភៅនេះ ខុងជឺ សំងំនៅតែក្នុងផ្ទះ ដៃម្ខាងកាន់បន្ទះឫស្សីដៃម្ខាងកាន់ជក់ ដោយគិតតែពីឈ្ងោកសរសេរយ៉ាងអត់ធ្មត់បំផុតពុំខ្លាចនើយហត់អ្វីទាំងអស់។
ចំណែកកូនសិស្សក្រោយពីឃើញគ្រូរបស់ខ្លួនខំប្រឹងធ្វើការជ្រុលហួសពេកដូច្នេះ ពួកគេក៏សុំចូលខ្លួនមកជួយសរសេរ តែគាត់បដិសេធ ហើយឆ្លើយទៅវិញថា ៖
"មិនបានទេ! រឿងដែលយើងកំពុងសរសេរនេះគឺរឿងរបស់អ្នកដែលស្លាប់ទៅហើយ... យើងចង់បន្ថែមគំនិតខ្លះៗទៅក្នុងរឿងនោះ... យើងគិតថា អ្នកជំនាន់ក្រោយនឹងបានយល់ពីយើង ឬអាចបន្ទោសយើងទៅវិញផងដែរ..." ដោយសារការប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខុងជឺ ទើបសៀវភៅមួយច្បាប់នេះ គឺជាសៀវភៅប្រវត្តិសាស្រ្តដែលមានលក្ខណៈត្រឹមត្រូវ និងសុក្រឹតបំផុត។
ពាក្យស្លោករបស់ខុងជឺ
ខុងជឺ គឺទស្សនវិទូមួយរូបដែលបានទទួលការគាំទ្រ និងលើកតម្កើងជាអឆ្ឆរិយបុគ្គលដ៏ឆ្នើមបំផុតរបស់ប្រទេសចិន។ ខុងជឺបានបង្ហាញទស្សនៈរបស់គាត់តាមរយៈពាក្យស្លោកមួយចំនួនដែលសុទ្ធតែជាពាក្យស្លោកដែលមានអត្ថន័យនិងមានលក្ខណៈអប់រំដ៏ជ្រាលជ្រៅបំផុត។
- គ្រាន់តែឮ ខ្ញុំនឹងភ្លេច...បើបានឃើញខ្ញុំនឹងចាំ...បើបានធ្វើខ្ញុំនឹងយល់។ I hear and I forget. I see and I remember. I do and I understand.
- គោលដៅរបស់អ្នកដែលមានឧត្តមគតិខ្ពង់ខ្ពស់ គឺសច្ចធម៌។The object of superior man is truth.
- ភាពល្ងង់ខ្លៅជារាត្រីកាលក្នុងចិត្ត តែជារាត្រីដែលគ្មានព្រះចន្ទនិងដួងតារា។ Ignorance is the night of the mind, but a night without moon and star.
- រៀន តែមិនព្រមគិត គឺខូចខាត... គិត តែមិនព្រមរៀន គឺគ្រោះថ្នាក់...He who learns but does not think, is lost.He who thinks but does not learn is in great danger.
- អ្នកដែលពូកែនិយាយបញ្ចើចបញ្ចើរ លើកជើងបញ្ជោរ មានតិចតួចណាស់ ដែលជាអ្នកមានមេត្តាធម៌។ ចំណែកមនុស្សប្រកាន់យុត្តិធម៌ មនុស្សដាច់ខាតមោះមុត និងមនុស្សម៉ឹះៗ សាមញ្ញ មិនសសូវមានវោហារ ច្រើនជាមនុស្សមានមេត្តាធម៌។
- មនុស្សដែលប្រព្រឹត្តដោយធម៌នឹងមិនឯកោទេ ព្រោះតែងមានមនុស្សគោរពស្រឡាញ់និងយល់ចិត្តជានិច្ច។