វណ្ណកម្មដែលលោកអ្នកកំពុងកាន់នៅនឹងដៃនេះ ប្រសូតឡើងដោយការខំប្រឹងប្រែងរបស់សហការីម៉ាញប៊ុក្ស
របស់យើងម្នាក់ គឺលោក អូន ស៊ីយ៉ា ដែលយើងតែងធ្លាប់ឮឈ្មោះរបស់គាត់ក្នុងប៉ុស្តិវិទ្យុមានរហស្សនាម គ្រូស៊ីយ៉ា
នេះឯង។ គាត់ធ្លាប់បានសាកល្បងនិពន្ធរឿងតាំងពីសម័យទស្សវត្សឆ្នាំ ៧០ មកម្ល៉េះ បានន័យថា គាត់មាននិស្ស័យ
ជាអ្នកនិពន្ធអស់រយៈកាល ៤០ឆ្នាំំរួចមកហើយ។ នៅពេលនេះ ដោយសារតែចំណង់ចំណូលចិត្តក្នុងការអាន និង
ដោយសារគាត់មានសមត្ថភាពខាងភាសាបារាំងផងដែរនោះ គាត់បាននាំយករឿងប្លែកៗមួយចំនួនមកបកប្រែស្នើ
ជូនអ្នកអានបានអានកម្សាន្ដ ព្រមទាំងជាការជួយឲ្យយើងបានដឹង បានស្គាល់រឿងរ៉ាវចម្លែកៗដែលកើតមានយ៉ាង
ច្រើនរាយប៉ាយនៅជុំវិញពិភពលោក។
រឿងទាំងនោះមិនត្រឹមតែជាការបង្ហាញរឿងប្លែកៗប៉ុណ្ណោះទេ ប៉ុន្ដែគឺរឿងដែលឆ្លុះបញ្ចាំងពីទំនៀមទម្លាប់
បែបបទសង្គម វិធីដោះស្រាយ និងគតិល្អៗសម្រាប់ត្រិះរិះពិចារណាផងដែរ។
សូមអរគុណដល់ប្រិយមិត្ត អស់លោកអ្នកអានដែលបានគាំទ្រដល់យើងខ្ញុំឲ្យផលិតស្នាដៃបម្រើអស់លោក
អ្នកជាបន្ដទៅទៀត។