1.ចំណីអាហារ
មនុស្សចាស់មានការប្រែប្រួលខាងរាងកាយជាច្រើនយ៉ាង ដែលអាចបង្កឲ្យមានផលប៉ះពាល់ចំពោះការបរិភោគដូចជា ប្រសិនបើធ្មេញបាក់ នឹងធ្វើឲ្យការទំពាអាហារមិនបានល្អិត ការទទួលរសជាតិនិងក្លិនចុះខ្សោយ ធ្វើឲ្យការហូបមិនបានច្រើន ការរំលាយអាហារនិងការស្រូបជញ្ជក់អាហាររបស់ក្រពះពោះវៀនចុះខ្សោយ។ រាងកាយនាំយកសារធាតុអាហារទៅប្រើជាប្រយោជន៍មិនសូវបានគ្រប់គ្រាន់ដូចជា ការនាំយកសារធាតុប្រូតេអ៊ីននៅក្នុងអាហារទៅប្រើប្រាស់បានតិច តែរាងកាយបែរជាសន្សំជាតិខ្លាញ់កាន់តែច្រើន ធ្វើឲ្យឆាប់ធាត់ខណៈពេលដែលរាងកាយប្រើប្រាស់ជាតិស្ករយឺត ទើបបណ្តាលឲ្យកម្រិតជាតិស្ករនៅក្នុងឈាមកើនឡើងខ្ពស់ ក្រោយពេលបរិភោគអាហាររួច។
ចំណីអាហារ គឺជាអ្វីដែលសំខាន់បំផុតសម្រាប់មនុស្សយើងគ្រប់វ័យជាពិសេស មនុស្សចាស់ដែលមានការប្រែប្រួលខាងរាងកាយដូចបានរៀបរាប់ខាងលើទើបបង្កឲ្យងាយកើតជំងឺខ្វះអាហារ។ ដូច្នេះ មនុស្សចាស់ត្រូវបរិភោគអាហារឲ្យបាន ៥ ប្រភេទក្នុងមួយថ្ងៃ ដែលអាហារទាំង ៥ ប្រភេទនោះមាន...
១. ប្រូតេអ៊ីនៈ ជាតិប្រូតេអ៊ីនមានដូចជា សាច់សត្វ សណ្តែក ស៊ុត ទឹកដោះគោ ដែលសារជាតិទាំងនេះជំនួយដល់សាច់ដុំ។
២. កាបូអ៊ីដ្រាតៈ មានដូចជា បាយ ម្ស៉ៅ ត្រាវ ដំឡូង ស្ករ សម្រាប់ប្រើជាថាមពល។
៣. បន្លែផ្សេងៗ: មានជាតិអំបិល វីតាមីន និងសារធាតុសរសៃ សែលុយឡូសក្នុងអាហារ។
៤. ផ្លែឈើៈ មានជាតិអំបិល អំបិល វីតាមីន និងសារធាតុសរសៃ សែលុយឡូសក្នុងអាហារដូចគ្នា។
៥. ប្រេងៈ ជាតិប្រេងចម្រាញ់ពីសត្វនិងរុក្ខជាតិ ផ្តល់ថាមពលខ្ពស់។
* អាហារសម្រាប់មនុស្សចាស់
មនុស្សចាស់ត្រូវការថាមពល និងសារធាតុអាហារខុសគ្នាពីមនុស្សក្មេងដូច្នេះ ការណែនាំពីការបរិភោគអាហារសម្រាប់ចាស់ ក៏មានលក្ខណៈខុសប្លែកផងដែរ ដូចជា៖
១. មនុស្សចាស់ត្រូវការថាមពលតិចជាងមុន ព្រោះតាមធម្មតា មនុស្សចាស់មិនសូវមានសកម្មភាពដែលត្រូវបញ្ចេញថាមពលច្រើននោះទេ ដូច្នេះមនុស្សចាស់គួរតែបរិភោគបាយ គុយទាវ ឬអាហារដែលប្រើជាតិម្ស៉ៅឲ្យកាន់តែតិច និងគួរជៀសវាងបរិភោគជាតិស្ករដូចជា ទឹកក្រូច បង្អែម ឬផ្លែឈើខ្លះៗដែលមានជាតិផ្អែមខ្លាំង (ស្វាយទុំ ធុរេន មៀន...) ព្រោះពពួកបង្អែមផ្លែឈើទាំងនេះ អាចបណ្តាលឲ្យធាត់ ឬអាចនាំឲ្យកើតជំងឺទឹកនោមផ្អែមបាន។
២. មនុស្សចាស់ត្រូវការអាហារប្រភេទប្រូតេអ៊ីន ប្រហាក់ប្រហែលគ្នានឹងយុវវ័យដែរ ប៉ុន្តែគួរតែជាប្រូតេអ៊ីនដែលមានគុណភាពល្អ និងឆាប់រលាយដូចជា សាច់ត្រី ឬសាច់សត្វផ្សេងៗដែលមិនជាប់ខ្លាញ់។ ចំពោះមនុស្សចាស់ដែលមានធ្មេញមិនល្អ ត្រូវហាន់ជាចំណិតតូចៗ ឬស្ងោរឲ្យរលួយ ដើម្បីងាយស្រួលទទួលទាន។ ក្រៅពីនេះ សណ្តែក ស៊ុត និងទឹកដោះគោ សុទ្ធតែជាប្រភពប្រូតេអ៊ីនដ៏ល្អនិងមានតម្លៃថោក។ មនុស្សចាស់ គួរតែពិសារទឹកដោះគោដែលមិនសូវមានជាតិខ្លាញ់ ឬទឹកសណ្តែកក្នុងមួយថ្ងៃ ១-២ កែវជារៀងរាល់ថ្ងៃ។
ចំពោះមនុស្សចាស់ដែលពិសាទឹកដោះគោហើយហើមពោះ សូមពិសាម្តងបន្តិចៗ ក្រោយពេលពិសាបាយរួច ក្រោយមកបង្កើនបរិមាណបន្តិចម្តងៗទើបជាការប្រសើរ។ ម្យ៉ាងទៀត មនុស្សចាស់ដែលមានកម្រិតជាតិខ្លាញ់នៅក្នុងសរសៃឈាមមិនជាខ្ពស់ប៉ុន្មាននោះទេ ក៏មិនគួរនឹងខ្លាចពិសាស៊ុតអ្វីដែរ។ជាទូទៅគាត់អាចពិសាស៊ុតបាន ៣-៥ គ្រាប់ ក្នុងមួយសប្តាហ៍។ ចំណែកមនុស្សចាស់ដែលមានជាតិខ្លាញ់ក្នុងឈាមខ្ពស់ គួរជៀសវាងពិសាស៊ុតពណ៌ក្រហមតែអាចបរិភោគស៊ុតពណ៌សបានដោយមិនកំណត់។
៣. មនុស្សចាស់ត្រូវការជាតិខ្លាញ់តិចជាងមុន គួរជៀសវាងខ្លាញ់ និងប្រេងដែលចម្រាញ់ចេញពីសត្វ ដោយប្រើខ្លាញ់ចម្រាញ់ពីរុក្ខជាតិជំនួសវិញ (លើកលែងប្រេងដូងនិងពពួកដូងប្រេងដែលមានខ្លាញ់អាស៊ីតខ្ពស់ ព្រោះអាចបណ្តាលឲ្យកើតជំងឹដាច់សរសៃឈាម) គួរតែកាត់បន្ថយការបរិភោគអាហារចៀនដោយខ្លាញ់ និងអាហារដែលដាក់ខ្ទិះ ព្រោះវាអាចធ្វើឲ្យហើមពោះហើយឆាប់ធាត់។
៤. មនុស្សចាស់ត្រូវការសារធាតុរ៉ែ ជាពិសេស ជាតិដែកនិងកាល់ស្យូមឲ្យបានច្រើន ដើម្បីការពារជំងឺខ្វះឈាមក្រហមនិងជំងឺពុកឆ្អឹង។ ជាតិដែកមានច្រើននៅក្នុងសាច់សត្វ និងគ្រឿងក្នុងរបស់សត្វ។ ចំណែកកាល់ស្យូមសម្បួរនៅក្នុងទឹកដោះគោ ត្រីបុក និងបន្លែពណ៌បៃតង។
៥. មនុស្សចាស់គួរបរិភោគបន្លែ និងផ្លែឈើ វប្រភេទផ្សេងៗគ្នាឲ្យបានរៀងរាល់ថ្ងៃ ដើម្បីទទួលបានវីតាមីននិងជាតិអំបិលគ្រប់គ្រាន់។ ក្រៅពីនេះត្រូវបរិភោគបន្លែ ផ្លែឈើដែលមានសារធាតុសរសៃសែលុយឡូសនៅក្នុងអាហារដើម្បីជំរុញដល់ការធ្វើការរបស់ពោះវៀន និងមិនធ្វើឲ្យទល់លាមក។
៦. មនុស្សចាស់គួរទទួលទានទឹកស្អាត ក្នុងមួយថ្ងៃឲ្យបាន ៦-៨ កែវដោយទទួលទាន ១កែវក្រោយពេលពិសាបាយ ឬក្នុងអំឡុងពេលពិសាអាហារដើម្បីឲ្យរាងកាយស្រស់ថ្លា និងមិនធ្វើឲ្យទល់លាមក។
យើងតែងមានសំណួរចោទសួរឡើងថា... តើមនុស្សចាស់គួរញ៉ាំចំណីបន្ថែមផ្សេងៗ ឬវីតាមីនជំនួយរាងកាយដែរឬទេ?
បើគាត់ទទួលទានអាហារគ្រប់ទាំង ៥ ប្រភទក្នុងមួយថ្ងៃ ដូចដែលបានរៀបរាប់ខាងលើនេះ នោះរាងកាយរបស់គាត់ទទួលបានសារធាតុអាហារគ្រប់គ្រាន់ហើយ ដូច្នេះមិនចាំបាច់ចំណាយប្រាក់ទិញរបស់ជំនួយអ្វីឡើយ ព្រោះថាអាហារជំនួយមួយចំនួនដែលមានលក់តាមទីផ្សារ ភាគច្រើនឃោសនាលើសពីការពិត និងមានតម្លៃខ្ពស់ណាស់។
មនុស្សចាស់ត្រូវតែបរិភោគអាហារឲ្យបានគ្រប់ ៣ ពេល ដោយផ្តោតសំខាន់ទៅលើអាហារពេលព្រឹកនិងថ្ងៃត្រង់។ ចំណែកអាហារពេលល្ងាច គួរតែបរិភោគល្មមគ្រាន់សម្រន់ពោះបានហើយ ដើម្បីទុកឲ្យក្រពះនិងពោះវៀនបានសម្រាកខ្លះផង។
ក្រៅពីនេះ នៅចន្លោះពេលទទួលទានអាហារទាំង ៣ ពេល យើងអាចបរិភោគចំណីផ្សេងៗខ្លះតែមិនត្រូវឲ្យច្រើនលើសលប់ពេកទេ ទទួលទានតិចៗតែឲ្យញឹកញាប់ទើបជាការប្រសើរ។
* មិនគួរទទួលទានអាហារដែលមានរសជាតិប្រៃ ឬហឹរពេកទេ ហើយក៏គួរជៀសវាងពិសាស្រា ឬភេសជ្ជៈជាតិស្រវឹងគ្រប់ប្រភេទផងដែរ។
2. ការធ្វើលំហាត់ប្រាណ
យើងដឹងហើយថា ការហាត់ប្រាណ ផ្តល់អត្ថប្រយោជន៍សម្រាប់មនុស្សគ្រប់ប្រភេទ គ្រប់វ័យ ជាពិសេសគឺមនុស្សចាស់។ ដោយសារតែវ័យកាន់តែចាស់បម្រែបម្រួលផ្នែករាងកាយចុះខ្សោយដូចដែលបានរៀបរាប់ខាងលើ ទើបការហាត់ប្រាណរឹតតែសំខាន់ ដើម្បីទប់ស្កាត់ការចុះខ្សោយ អាចឈានទៅដល់ពិការភាពសរីរាង្គរបស់សព៌ាង្គកាយផ្សេងៗ ដូចជា សាច់ដុំ សន្លាក់ បេះដូង និងសួតជាដើម។
ហាត់ប្រាណពុំត្រឹមតែជួយឲ្យរាងកាយស្វាហាប់ប៉ុណ្ណោះទេ វាថែមទាំងអាចជួយបន្ធូរបន្ថយភាពតានតឹង មិនធ្វើឲ្យធាត់ពេកដែលអាចប្រឈមមុខនឹងជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ខ្លាញ់ក្នុងសរសៃឈាមឡើងខ្ពស់ និងជួយបង្កើនសមត្ថភាពផ្លូវភេទឲ្យល្អប្រសើរជាងមុនផងដែរ។
បន្ទាប់ពីបានដឹងថា ការហាត់ប្រាណបានផ្តល់អត្ថប្រយោន៍ច្រើនយ៉ាងដូច្នេះសំណួរបន្តក៏ចោទសួរឡើង... តើមនុស្សចាស់អាចហាត់ប្រាណបានដែរឬទេ? ហើយតើគួរហាត់ប្រាណរបៀបណាទើបល្អ?
ចម្លើយគឺ មនុស្សចាស់ពិតជាចាំបាច់គួរតែធ្វើលំហាត់ប្រាណ រីឯរបៀបនៃការហាត់ប្រាណមានច្រើនបែបច្រើនយ៉ាងដូចជា៖
១. ការហាត់ប្រាណតាមក្បាច់តៃជី ធ្វើចលនាយឺតៗ សម្រួលសរសៃហ្វឹកហាត់ជួយឲ្យសាច់ដុំរឹងមាំ ឈរទប់ខ្លួនឲ្យមានលំនឹង កុំឲ្យដួល។
២. ហ្វឹកហាត់ត្រង់សាច់ដុំផ្នែកខ្លះ ដែលចង់ឲ្យរឹងមាំ ជាពិសេសមនុស្សចាស់ភាគច្រើនឆាប់ឈឺក្បាលជង្គង់ននិងសន្លាក់ណាស់ ដូច្នេះ លោកអ្នកគួរតែហ្វឹកហាត់សាច់ដុំត្រង់ជង្គង់ ដើម្បីជួយទ្រសន្លាក់ដើម្បីកុំឲ្យឈឺក្បាលជង្គង់នៅពេលធ្វើចលនាដើរទៅមក។ ចំណែកឯចាស់ៗដែលសន្លាក់ឆ្អឹងខ្នងចុះខ្សោយ ឬឧស្សាហ៍ឈឺចង្កេះ គួរតែហ្វឹកហាត់ត្រង់សាច់ដុំខ្នងដើម្បីជួយកាត់បន្ថយអាការៈជំងឺនេះផងដែរ។
៣. លេងកីឡាដែលខ្លួនចូលចិត្ត នេះគឺជាការហាត់ប្រាណដែលផ្តល់នូវភាពរីករាយ និងបានជួបសំណេះសំណាលជាមួយនឹងអ្នកដទៃទៀតផង។ ប៉ុន្តែសម្រាប់មនុស្សចាស់ ពុំគួរលេងកីឡាដែលធ្វើឲ្យបាក់កម្លាំងទេ គួរតែហ្វឹកហាត់ល្មមទៅតាមសមត្ថភាពរបស់ខ្លួនបានហើយ និងគួរជៀសវាងកីឡាប្រកួតប្រជែងដណ្តើមយកឈ្នះចាញ់ ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់បេះដូងឬបង្កឲ្យមានគ្រោះថ្នាក់បាន។
៤. ការហាត់ប្រាណតាមរបៀបអ៊ែរ៉ូប៊ិក គឺជាការហាត់ប្រាណដែលកំពុងតែពេញនិយម មិនថាចាស់ក្មេងប្រុសស្រី ច្រើនធ្វើឡើងជាក្រុមទៅតាមចង្វាក់ដែលខ្លួនប្រាណមានចលនាឥតឈប់ចាប់ពី ៣-៥ នាទីឡើងទៅ។ ការហាត់ប្រាណរបៀបនេះមានអត្ថប្រយោជន៍សម្រាប់មនុស្សចាស់ និងជួយការពារជំងឺស្ទះសរសៃឈាមក្នុងបេះដូង។ លក្ខណៈនៃការហាត់ប្រាណរបៀបអ៊ែរ៉ូប៊ិកមានដូចជា រត់ត្រឹកៗ ការដើរឲ្យលឿន ជិះកង់ ហែលទឹក រាំអ៊ែរ៉ូប៊ិក ឬហាត់ប្រាណដោយប្រើឧបករណ៍ដូចជា ដើរលើខ្សែពាន ឬធាក់កង់នៅមួយកន្លែង។
*តើការហាត់ប្រាណបែប អ៊ែរ៉ូប៊ិក គួរធ្វើយ៉ាងណាខ្លះ?
ការហាត់ប្រាណតាមបែបអ៊ែរ៉ូប៊ិកដែលស័ក្តិសមនឹងមនុស្សចាស់បំផុតគឺការដើរឲ្យលឿន។ ចំណែកមនុស្សចាស់ដែលមានបញ្ហាឈឺក្បាលជង្គង់ អាចជ្រើសយកការហែលទឹក ឬហាត់ប្រាណក្នុងទឹក ព្រោះទឹកអាចជួយទ្រទម្ងន់ខ្លួនយើងបានមួយផ្នែកដែរ។ ការហាត់ប្រាណបែបនេះ ផ្តល់ផលល្អចំពោះបេះដូងនិងសរសៃឈាម។ ប្រសិនបើហាត់ញឹកញាប់ឬជាប់ជាប្រចាំរយៈពេលពី ២០ ទៅ ៣០ នាទី ដោយក្នុងមួយសប្តាហ៍ប្រហែលជា ៣-៤ ដង (ឬអាចហាត់មួយថ្ងៃរំលងមួយថ្ងៃ)។
សម្រាប់មនុស្សចាស់ដែលមិនសូវបានហាត់ប្រាណ គួរចាប់ផ្តើមហាត់បន្តិចម្តងៗជាមុន ដូចជា ចាប់ផ្តើមហាត់ប្រាណរហូតបេះដូង ឬជីពចរលោតញាប់ប្រហែល ៧០-៨០% នៃអត្រាខ្ពស់បំផុតរបស់ចង្វាក់បេះដូង (ដែលគណនាដោយប្រើរូបមន្តអត្រាចង្វាក់បេះដូង=២២០-អាយុ)។
ឧទាហរណ៍ មនុស្សចាស់មានអាយុ ៦០ ឆ្នាំ អត្រាចង្វាក់បេះដូងខ្ពស់បំផុតស្មើនឹង ២២០-៦០ ដែលលទ្ធផលគឺ ១៦០ ដងក្នុងមួយនាទី និងប្រសិនបើហាត់ប្រាណរហូតដល់ជីពចរលោតប្រមាណពី ៧០-៨០% នៃ១៦០ដង ក្នុងមួយនាទី នោះគឺស្មើនឹង ១១២-១២៨ ដងក្នុងមួយនាទី។
ត្រូវចាំថា មុនពេលហាត់ប្រាណបែបអ៊ែរ៉ូប៊ិក ត្រូវពត់ខ្លួនពន្យឺតសរសៃចុះឡើងបន្តិចសិន រួចសឹមចាប់ផ្តើមហាត់យឺតៗដើម្បីកម្តៅសាច់ដុំ និងក្រោយពីហាត់ហើយនោះ សូមកុំទាន់បញ្ឍប់ភ្លាមៗ ត្រូវបន្ថយឈប់ទៅវិញដោយយឺតៗ ដើម្បីកុំឲ្យមានបញ្ហាដល់សាច់ដុំ។
ការហាត់ប្រាណ អាចចាប់ផ្តើមបានគ្រប់ពេលវេលាតាមចិត្តចង់ ប៉ុន្តែពេលវេលាដែលស័ក្តិសមបំផុតសម្រាប់ការហាត់ប្រាណនៅទីវាលនោះ គួរតែជាពេលព្រឹកព្រលឹម ឬពេលរសៀល ព្រោះព្រះអាទិត្យមិនបញ្ចេញកម្តៅខ្លាំងពេក ឬមួយហាត់ប្រាណនៅពេលណាមួយជាប្រចាំ ដើម្បីឲ្យរាងកាយអាចសម្របខ្លួនបានល្អ។ ម្យ៉ាងវិញទៀត មិនគួរហាត់ប្រាណក្រោយពេលបរិភោគអាហារហើយភ្លាមៗឡើយ ព្រោះវាអាចបណ្តាលឲ្យលំបាកដល់ប្រព័ន្ធរំលាយអាហារដូចជា បង្កឲ្យមានអាការៈចុកពោះ ឆ្អល់ជាដើម
ប្រការគួរប្រយ័ត្នក្នុងការហាត់ប្រាណ មិនត្រូវធ្វើលំហាត់ប្រាណនៅពេលសុខភាពចុះខ្សោយ ដូចជានៅពេលគ្រុនលើសឈាម ហត់នឿយអស់កម្លាំង ឬនៅកំឡុងពេល ហាត់ប្រាណស្រាប់តែមានអារម្មណ៍ហត់នឿយខុសធម្មតាដូចជាវិលមុខ ស្រវាំងភ្នែក ងងឹតមុខ ចុកឈឺក្នុងទ្រូង ចង្វាក់បេះដូងលោតញាប់ខ្លាំង... គួរតែសម្រាកសិន ដោយមិនត្រូវបង្ខំហាត់លើសពីសមត្ថភាពរាងកាយនោះទេ។ |
3.អនាម័យ
ចំណុចនេះសំខាន់មិនចាញ់ចំណុចទាំងពីរខាងលើនោះឡើយ ពីព្រោះមនុស្សចាស់ បើខ្វះអនាម័យ និងមើលថែសុខភាពពុំបានល្អទេនោះ ប្រាកដជាអាចមានជំងឺដង្កាត់ផ្សេងៗមកបៀតបៀនជាមិនខាន។
គោលការណ៍ថែទាំអនាម័យសម្រាប់មនុស្សចាស់
១.កាត់បន្ថយឬបញ្ឍប់បរិភោគឬប្រើប្រាស់សារជាតិពុលសផ្សេងៗដែលចូលទៅក្នុងរាងកាយ ដូចជា បារី ស្រា ភេសជ្ជៈដែលមានជាតិស្រវឹងផ្សេងៗនិងប្រើប្រាស់ថ្នាំដែលមានជាតិញៀន។
យើងសុទ្ធតែបានដឹងច្បាស់ហើយថា បារីបណ្តាលឲ្យខូចសុខភាពច្រើនយ៉ាងដូចជា ហើមសួត រលាកសួត មហារីកសួត និងមហារីកផ្សេងៗ ដូចជា មហារីកមាត់ មហារីកថ្លើមជាដើម។ មិនតែប៉ុណ្ណោះ បារីអាចធ្វើឲ្យស្ទះសរសៃឈាម ឬកប់សរសៃ ខ្វិន ពិការ ស្ទះសរសៃឈាមក្នុងបេះដូង គាំងបេះដូងធ្វើឲ្យ
អសមត្ថភាពផ្លូវភេទ និងសាយភាយជាតិពុលដល់អ្នកនៅក្បែរផងដែរ។ ការផ្តាច់បារី នឹងជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺទាំងឡាយដែលបានរៀបរាប់ខាងលើនេះ ទោះបីជាយើងបញ្ឈប់នៅពេលអាយុចាស់ក៏ដោយ។
សុរាឬភេសជ្ជៈដែលមានជាតិស្រវឹងសុទ្ធតែជាសារធាតុពុល ដែលធ្វើឲ្យកើតភាវៈចុះខ្សោយដូចជា ជំងឺបេះដូង និង ក្រិនថ្លើម។ ថ្វីត្បិតការសិក្សាស្រាវជ្រាវរកឃើញថា ការផឹកស្រាឬស្រាក្រហមក្នុងបរិមាណតិចតួចជាប្រចាំអាចជួយការពារជំងឺស្ទះសរសៃឈាមក្នុងបេះដូងក៏ដោយ ប៉ុន្តែ មនុស្សទូទៅច្រើនផឹកលើសពីកម្រិតដែលបានណែនាំ។ ដូច្នេះសូមណែនាំថា ប្រសិនបើអ្នកទម្លាប់ផឹកស្រាជាប្រចាំ ល្មមគួរតែបញ្ឈប់ទៅ។ រីឯមនុស្សចាស់ដែលមិនធ្លាប់ពិសាទេនោះ ក៏មិនចាំបាច់ព្រួយបារម្ភ ឬចង់សាកល្បងអ្វីដែរ។
រីឯឱសថវិញ មនុស្សមួយចំនួនអាចនឹងចម្លែកក្នុងចិត្តថា ហេតុអ្វីបានជាឱសថក្លាយទៅជាសារធាតុពុល?... ជាការពិតណាស់ យើងគ្រប់គ្នាសុទ្ធតែដឹងថា ឱសថមានគុណប្រយោជន៍ច្រើនអនេក អាចព្យាបាលជំងឺផ្សេងៗបាន ប៉ុន្តែប្រសិនបើយើងប្រើប្រាស់មិនត្រឹមត្រូវ ឬប្រើច្រើនលើសកម្រិត វានឹងបង្កជាទុក្ខទោសដល់យើងលើសដើម។ ដូច្នេះមនុស្សចាស់គួរគប្បីប្រុងប្រយ័ត្នឲ្យមែនទែន ក្នុងការជាវថ្នាំមកព្យាបាលដោយខ្លួនឯង និងជាពិសេសពពួកឱសថដែលមិនបានឆ្លងកាត់ការត្រួតពិនិត្យពីក្រសួងសុខាភិបាលដូចជា ថ្នាំសូនដុំៗ ឬថ្នាំត្រាំឬស្ងោរជាដើម។ ចំណែកឯប្រភេទឱសថខ្លះក៏អាចមានជាតិពុលផងដែរ បើប្រើមិនបានត្រឹមត្រូវទេនោះ។ ឧទាហរណ៍ ថ្នាំបំបាត់ឈឺក្បាលជង្គង់ ឈឺសន្លាក់ឆ្អឹង អាចបណ្តាលឲ្យឈឺក្រពះ កើតដំបៅនិងធ្លាក់ឈាមតាមផ្លូវអាហារបាន។ ថ្នាំងងុយដេក អាចធ្វើឲ្យស្រវាំងភ្នែក វិលមុខ និងអាចបណ្តាលឲ្យដួល ដូច្នេះមនុស្សចាស់គួរតែសួរគ្រូពេទ្យ ឬឱសថការីលក់ថ្នាំពន្យល់ឲ្យយល់ជាមុនសិនថា តើថ្នាំនីមួយៗសម្រាប់ព្យាបាលអ្វី? ប្រើប្រាស់របៀបម៉េច? ប្រសិនបើប្រើថ្នាំផ្សេងនៅក្នុងកំឡុងពេលជាមួយគ្នានោះ តើវាអាចបង្កឲ្យមានផលប៉ះពាល់អ្វីផ្សេងទៀតឬទេ? (ដែលថ្នាំមួយប្រភេទផ្សេងទៀតនោះអាចទិញមកពីកន្លែងផ្សេង ពេទ្យដទៃផ្សំឲ្យ ឬសាច់ញាតិណាម្នាក់ទិញឲ្យ)។ គួរតែយកថ្នាំដែលប្រើប្រាស់ជាប្រចាំ ឬវេជ្ជបញ្ជាមកតាមរាល់ពេលមកជួបគ្រូពេទ្យ ដើម្បីកុំឲ្យពេទ្យផ្សំថ្នាំដូចគ្នានឹងអ្វីដែលមានស្រាប់ ឬអាចមានប្រតិកម្មរវាងថ្នាំចាស់និងថ្នាំថ្មី នៅពេលដែលប្រើប្រាស់ក្នុងពេលជាមួយគ្នា។ ម្យ៉ាងទៀត ត្រូវលេបថ្នាំតាមកម្រិត តាមចំនួន តាមពេលវេលាដែលគ្រូពេទ្យបានប្រាប់តែប៉ុណ្ណោះ។
* ក្នុងករណីដែលប្រើប្រាស់ថ្នាំច្រើនប្រភេទ និងក្នុងករណីដែលថ្នាំណាមួយផ្តល់នូវផលលំបាកខុសប្លែកពីលក្ខណៈធម្មតា គួរតែពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិត ឬឱសថការី ដើម្បីសុំការណែនាំការកាត់បន្ថយ ឬបញ្ឈប់ប្រើនូវមុខថ្នាំណាមួយ។
២.សង្កេតខ្លួនឯង ជំងឺជាច្រើនប្រភេទអាចព្យាបាលឲ្យជាដាច់ ឬទទួលបានលទ្ធផលល្អប្រសើរ អាស្រ័យលើយើងបានសង្កេតដឹងអំពីអាការៈជំងឺនោះតាំងពីកើតដំបូង ដូច្នេះមនុស្សចាស់គួរតែចាប់អារម្មណ៍ និងសង្កេតតាមដានផ្ទាល់ខ្លួនឲ្យបានដិតដល់ដូចជា ដំបៅរ៉ាំរ៉ៃដែលកើតមានជាយូរមកហើយមិនជាឬកាន់តែរីកធំឡើង បញ្ហាលេបអាហារ រំលាយអាហារ ហើមពោះ រាករូស ទល់លាមក ជំងឺក្អករ៉ាំរ៉ៃ ក្អកធ្លាក់ឈាម សំឡេងស្អក ឆាប់នឿយហត់ ឈឺដើមទ្រូង គ្រុនរ៉ាំរ៉ៃ ចុះស្គមដោយពុំដឹងពីមូលហេតុជាដើម។ ហើយអ្វីដែលសំខាន់គឺមិនត្រូវគិតថា អាការៈទាំងនេះគឺជាជំងឺនៃជរាភាពនោះទេ ដោយចាស់ៗមួយចំនួនមិនចង់ទៅឲ្យគ្រូពេទ្យត្រួតពិនិត្យ។ ដរាបណាយើងនៅមិនទាន់ប្រាកដក្នុងចិត្តសូមទៅពិគ្រោះជាមួយគ្រូពេទ្យដោយផ្ទាល់ ដើម្បីពិនិត្យព្យាបាលឲ្យទាន់ពេលវេលា។
៣. ពិនិត្យសុខភាពប្រចាំឆ្នាំ ទោះបីមានអារម្មណ៍ថា ខ្លួនមានសុខភាពល្អរឹងមាំក៏ដោយ ប៉ុន្តែនៅពេលចូលដល់វ័យកាន់តែច្រើន មនុស្សចាស់គួរតែពិនិត្យសុខភាពឲ្យបានយ៉ាងតិច ១-២ ដងក្នុងមួយឆ្នាំ ពីព្រោះថា ជំងឺឬភាពខុសប្រក្រតីខ្លះអាចកើតមាន ដោយមិនបង្ហាញពីអាការៈខុសធម្មតាអ្វីនៅឡើយទេក្នុងដំណាក់កាលដំបូង។
ក្នុងការត្រួតពិនិត្យសុខភាពតាមការណែនាំរបស់គ្រូពេទ្យ ដូចជា ពិនិត្យវិភាគឈាម លាមក សរីរាង្គដែលចាំបាច់ និងសង្ស័យចំពោះស្រ្តី គួរពិនិត្យជំងឺស្រ្តីជាបន្ថែមនិងជាប្រចាំ។
ក្រោយពីការពិនិត្យ ប្រសិនបើឃើញមានភាពខុសប្រក្រតី គ្រូពេទ្យនឹងធ្វើការណែនាំអំពីការប្រតិបត្តិ ព្រមទាំងវិធីព្យាបាលជំងឺផងដែរ។ ខណៈនោះយើងគួរតែសួរនាំគ្រូពេទ្យពីរយៈពេលដែលត្រូវមកពិនិត្យសុខភាពម្តងទៀត។
ទាំងនេះ គឺជាវិធីណែនាំទាក់ទងនឹងការថែទាំសុខភាពរបស់មនុស្សចាស់ដោយផ្តោតសំខាន់ទៅលើការថែទាំសុខភាពកាយ។ ប្រសិនបើលោកអ្នកអាចប្រតិបត្តិតាមការណែនាំខាងលើបាន នោះលោកអ្នកពិតជាអាចឃ្លាតឆ្ងាយពីជំងឺដង្កាត់ទាំងឡាយ ព្រមទាំងមានជីវិតរស់នៅយ៉ាងស្រស់បំព្រង់យូរអង្វែង។