យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ស្វែងយល់អំពី​ការ​អាន

ចេញថ្ងៃទីៈ [08-09-2012] | បើកមើលៈ 7862 | Print |



        1. និយមន័យនៃការអាន
        2. សារៈសំខាន់នៃការអាន
        3. វត្ថុបំណងនៃការអាន
        4. ដំណាក់កាលនៃការអាន
        5. វិធីអានផ្សេងៗ

1. និយមន័យនៃការអាន
ការអាន គឺការស្វែងយល់ពីអត្ថន័យដែល សរសេរ ដោយខ្លួនឯងនិងអ្នកដទៃរួមទាំងការស្វែងយល់ពីអត្ថន័យតាម
សញ្ញាសម្គាល់ និង និមិត្តសញ្ញា ផ្សេងៗដូចជា និមិត្តសញ្ញាចរាចរ ឬជា សញ្ញាសម្គាល់លើផែនទី ជាដើម។

ការទទួលយកខ្លឹមសារ ស្វែងយល់ពីរឿងរ៉ាវ ឬទទួលបានការកម្សាន្តរីករាយត្រូវតាមគោលបំណងរបស់អ្នកសរសេរ គឺជាការអានដ៏ត្រឹមត្រូវនិងទទួលបានប្រយោជន៍ពិតប្រាកដ។

2. សារៈសំខាន់នៃការអាន
ជីវិតរបស់មនុស្សម្នាក់ៗត្រូវតែផ្សារភ្ជាប់ទំនាក់ទំនងជាមួយសង្គម ជាក្រុមមនុស្សដោយមិនអាចជៀសផុតឡើយ។ ពុំមាននរណាម្នាក់រស់នៅបានដោយពុំមានសង្គម និងរស់នៅរួមគ្នាជាមួយអ្នកដទៃនោះទេ។ ការរស់នៅរួមគ្នានេះ តម្រូវឲ្យមនុស្សត្រូវចេះស្វែងយល់ពីគ្នាទៅវិញទៅមក មានការផ្លាស់ប្តូរចំណេះដឹង គំនិតទស្សនៈ ការជួយជ្រោម-
ជ្រែង​គ្នាដើម្បីឲ្យសង្គមមានសេចក្តីស្ងប់សុខ និងមានការអភិវឌ្ឍឲ្យរីកចម្រើនតាមលំដាប់លំដោយ។  ហេតុនេះ
ការប្រាស្រ័យទាក់ទងមានតួនាទីដ៏សំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងរវាងមនុស្សគ្រប់រូបឲ្យចុះសម្រុងគ្នា ជួបទាក់ទង
ជាមួយគ្នាតាមរយៈការសន្ទនា និងអានពីអត្ថន័យសេចក្តីដែលសរសេរឲ្យគ្នាទៅវិញទៅមក។

សម្រាប់សង្គមបច្ចុប្បន្នដែលកាន់តែរីកចម្រើនធំឡើងៗ ហើយមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ជាហេតុធ្វើឲ្យការ
ភ្ជាប់ទំនាក់ទំនងដោយការជួបគ្នាផ្ទាល់មាត់ គឺជារឿងដែលអាចប្រព្រឹត្តទៅបានក្នុងកម្រិតមួយដែលមានកំណត់។
ហេតុនេះ ការភ្ជាប់ទំនាក់ទំនងតាមរយៈការអាន គឺជាកត្តាដ៏សំខាន់ជាខ្លាំង។ ក្រៅពីនេះទៀត អ្នកអានដ៏ច្រើនត្រូវ
ការអានដើម្បីស្វែងរកចំណេះដឹង និងដើម្បីកម្សាន្តអារម្មណ៍តាមរយៈសៀវភៅផងដែរ។

ការអានមានសារៈសំខាន់ជាខ្លាំងចំពោះជីវិត ដែលជួយឲ្យទទួលចំណេះដឹងជាបន្តបន្ទាប់ក្នុងជីវិត ជួយឲ្យទទួល
បានទិន្នន័យចំណេះដឹង ដើម្បីអាចយកជាដើមទុនសម្រាប់ពិចារណា និងធ្វើការសម្រេចចិត្តឲ្យបានល្អក្នុងជីវិតរស់
នៅប្រចាំថៃ្ង។

ការអានមានភាពចាំបាច់ចំពោះការសិក្សារៀនសូត្រ ទាំងនៅក្នុងប្រព័ន្ធសិក្សា និងទាំងនៅក្រៅប្រព័ន្ធសិក្សា (ទាំង
ក្នុងឬក្រៅសាលា)។  អ្នកដែលរៀនពូកែមានគំនិតពូកែច្រើនតែជាអ្នកពូកែអាន  ព្រោះការអាន ជួយឲ្យទទួលបាន
ចំណេះដឹងនិងវិធីធ្វើឲ្យសម្រេចជោគជ័យ ហើយអាចបន្តសិក្សាទៅក្នុងកម្រិតដែលកាន់តែខ្ពស់ទៅៗ។

ការអានបានផ្តល់សារៈប្រយោជន៍ដល់មនុស្ស  ព្រោះវាអាចឆ្លើយតបបាននូវតម្រូវការរបស់មនុស្ស  ធ្វើឲ្យមនុស្ស
មានការចេះដឹង មានប្រាជ្ញាស្មារតីរីចម្រើន កើតមានប្រឌិតញាណដែលជួយអភិវឌ្ឍដល់អាជីពការងារឲ្យរីកចម្រើន
និងឋានៈជីវភាពកាន់តែល្អប្រសើរ។

ការអាន ជួយឲ្យមនុស្សដើរទាន់សភាពការណ៍ជា តិនិងអន្តរជាតិ ទទួលបានព័ត៌មាន និងចំណេះដឹងថ្មីដែលមាន
អំណោយផលដល់ជីវិតរស់នៅប្រចាំថៃ្ង ងាយស្រួលក្នុងការដោះស្រាយបញ្ហាផ្សេងៗបានទាន់ពេល។

ការអានជួយពង្រីកចិត្តគំនិតឲ្យបើកចំហទូលំទូលាយ  សម្របសម្រួលខ្លួនបានល្អក្នុងសង្គម  ជួយឲ្យចេះស្វែងរក
ក្តីសុខបំបាត់ ក្តីទុក្ខទៅតាមវិធីដ៏ត្រឹមត្រូវ វិនិច្ឆ័យមនុស្សដោយគតិយុត្តិធម៌ជាការប្រើពេលវេលាឲ្យមានប្រយោជន៍
និងបានកម្សាន្តជក់ចិត្តជក់អារម្មណ៍ផងដែរ។

3. វត្ថុបំណងនៃការអាន
ការអានអាចបែងចែកទៅតាមវត្ថុបំណងផ្សេងៗមាន ៖
     ១-អានដើម្បីស្វែងយល់ពីចំណេះដឹង ឬទិន្នន័យផ្សេងៗ។
     ២-អានដើម្បីកម្សាន្តអារម្មណ៍។
     ៣-អានដើម្បីជាការត្រិះរិះពិចារណា ផ្តល់កម្លាំងចិត្ត លើកកម្ពស់ប្រាជ្ញាស្មារតី។

១-អានដើម្បីស្វែងយល់ពីចំណេះដឹងឬទិន្នន័យផ្សេងៗ
គឺដើម្បីចង់បានចំណេះដឹង ឬខ្លឹមសារពីការអាន ដូចជា ៖
- អានសៀវភៅទាក់ទងនឹងចំណេះដឹងឬក្បួនតម្រាផ្សេងៗ  ឬអានឯកសារបន្ថែមសម្រាប់ សិស្ស និស្សិត  ដើម្បី
  ស្វែងយល់បន្ថែមឲ្យបានស៊ីជម្រៅក្នុងមុខវិជ្ជាដែលកំពុងរៀន។
- អានទស្សនាវដ្តី សារព័ត៌មាន និងអត្ថបទផ្សេងៗ ដើម្បីស្វែងយល់ពីទិន្នន័យផ្សេងៗ ដើម្បីឲ្យបានដឹងរឿងរ៉ាវថ្មីៗ
  ឬស្ថានការណ៍សេដ្ឋកិច្ច នយោបាយ...
- អានដើម្បីបង្កើនសមត្ថភាពយល់ដឹងក្នុងអាជីពរបស់ខ្លួន ឬដើម្បីរៀនសូត្រពីចំណេះដឹង ឬបច្ចេកវិទ្យាថ្មីៗ ដែល
  ជាប្រយោជន៍សម្រាប់អភិវឌ្ឍខ្លួនឯងនិងអាជីពឲ្យរីកចម្រើនជាលំដាប់។
- អានសៀវភៅផ្សេងៗដើម្បីពង្រីកការយល់ដឹងនិងពង្រីកអ្វីដែលខ្លួនចាប់អារម្មណ៍ឲ្យកាន់តែទូលំទូលាយឡើង
  ដូចជាផ្នែកវិជ្ជាធ្វើម្ហូបឬវិធីថែរក្សាសុខភាពជាដើម។

២-អានដើម្បីកម្សាន្តអារម្មណ៍
បុគ្គលប្រភេទខ្លះចូលចិត្តអានដើម្បីកម្សាន្តអារម្មណ៍ជាជាងអានស្វែងរកចំណេះដឹង ព្រោះការកម្សាន្តអារម្មណ៍
ជាអាហារផ្លូវចិត្តដែលមានភាពចាំបាច់សម្រាប់មនុស្ស ដូចគ្នាទៅនឹងចំណីអាហារនិងខ្យល់ដកដង្ហើមដូច្នោះដែរ ហេតុនេះគេជ្រើសរើសអានតែសៀវភៅដែលផ្តល់ជាប្រយោជន៍ដល់អារម្មណ៍ឲ្យស្រស់ថ្លា មានក្តីសុខ។ ប្រជាជន
ខ្មែរយើងបានប្រើវិធីអានកំដរអារម្មណ៍អស់ពេលជាយូរមកហើយតាមរយៈរឿងព្រេងនិទាននិងកំណាព្យជាដើម។
រហូតមកដល់សម័យនេះ ក៏មានរឿងនិទានប្រលោមលោករូបភាព រឿងប្រលោមលោកវែងឬខ្លី អត្ថបទកំណាព្យ
ជាដើម។

៣-អានដើម្បីគិតត្រិះរិះពិចារណា លើកកម្លាំងចិត្ត លើកកម្ពស់ប្រាជ្ញាស្មារតី
ជាការអានគួបផ្សំនឹងការត្រិះរិះ វិភាគ ពិចារណារកខុសត្រូវ សមហេតុផលឬមិនសម ដូចជាគំនិតផ្នែកទស្សនវិជ្ជា
វប្បធម៌  សីលធម៌  សាសនា  ចិត្តវិទ្យា  និង ទស្សនៈផ្សេងៗទូទៅ  ដែលមានបង្កប់នៅក្នុងសៀវភៅស្ទើរតែគ្រប់
ប្រភេទ។

ជាការអានសិក្សាពីទស្សនៈរបស់អ្នកដទៃ ដើម្បីយកមកត្រិះរិះពិចារណាសម្រាប់ខ្លួនឯង និងសួរថាតើអាចយក
មកប្រតិបត្តិក្នុងដំណើរជីវិតជាក់ស្តែងបានដែរឬយ៉ងាណា? ឬដើម្បីយកលំនាំសម្រាប់ដោះស្រាយបញ្ហាផ្សេងៗ
ឬដើម្បីអភិវឌ្ឍបុគ្គលិកលក្ខណៈជាដើម។

ការអានសៀវភៅច្រើនៗ នឹងជួយឲ្យអ្នកអានអាចសម្របសម្រួលខ្លួនក្នុងសង្គមបានល្អ ចេះរៀបចំឥរិយាបថបាន
សមរម្យ  មានគំនិតទូលំទូលាយទាន់សម័យ  អាចធ្វើការសម្រេចចិត្ត  និងដោះស្រាយបញ្ហាបានយ៉ាងត្រឹមត្រូវ
ដែលអាចរៀនសូត្របានតាមន័យសេចក្តីក្នុងសៀវភៅ ដែលមានជាគតិអប់រំឬជាឧទាហរណ៍ផ្សេងៗ។

4. ដំណាក់កាលនៃការអាន
ការអានអាចបែងចែកជា៤កម្រិត ៖
- ដំណាក់កាលទី១ : អាចបាន បញ្ចោញសំឡេងបានត្រឹមត្រូវ។
- ដំណាក់កាលទី២ : អានហើយយល់ពីអត្ថន័យរបស់ពាក្យ ឃ្លា ប្រយោគ សរុបអត្ថន័យបាន។
- ដំណាក់កាលទី៣ : អានហើយចេះគិតវិភាគពិចារណា អាចរិះគន់ប្រឆាំង ឬយល់ស្របតាមគំនិតអ្នកនិពន្ធ។
- ដំណាក់កាលទី៤ : អានហើយអាចយកទៅប្រតិបត្តិប្រើប្រាស់ឲ្យកើតជាប្រយោជន៍ផ្តល់ភាពរីកចម្រើនដល់ខ្លួន
                             ឯង គ្រួសារ និងសង្គម។

ហេតុនេះ  អ្នកដែលចេះអានហើយ  គួរប្រើដំណាក់កាលទាំងបួនក្នុងការអានដើម្បីទាញយកប្រយោជន៍ឲ្យបាន
ខ្ពស់បំផុត  ដោយក្រេបយកអត្ថន័យពីតួអក្សរឲ្យចេញមកជាគំនិត  ហើយបំលែងគំនិតដែលបានពីការអានយក
ទៅអនុវត្តឲ្យកើតជាប្រយោជន៍។

5. វិធីអានផ្សេងៗ
ការអានមានច្រើនកម្រិត និងមានវិធីផ្សេងៗទៅតាមគោលដៅរបស់អ្នកអាននិងទៅតាមប្រភេទអត្ថបទ។ ការអាន​
ដើម្បីសិក្សាស្រាវជ្រាវ និងសរសេរអត្ថបទ អាចប្រើវិធីផ្សេងៗដូចខាងក្រោម ៖

១. អានពិនិត្យមើល  អានសេចក្តីក្នុងសៀវភៅយ៉ាងលឿនដើម្បីស្វែងយល់ពីលក្ខណៈរួមនៃអត្ថបទនិពន្ធ សំនួននៃ
ការប្រើភាសា គោលដៅនៃសំណេរ...ដែលជាវិធីអានដ៏មានសារៈប្រយោជន៍ជាខ្លាំងក្នុងការជ្រើសរើសសៀវភៅអាន ដើម្បីឲ្យត្រូវនឹងវត្ថុបំណងតាមកម្រិតដែលយើងចង់បាន។

២. អានចោះៗ  ជាវិធីអាន ដើម្បីស្វែងយល់ពីខ្លឹមសារទូទៅនៃអត្ថបទ ដោយជ្រើសអានទៅលើសេចក្តីមួយចំនួន
ដូចជា  អានអារម្ភកថា មាតិកា ខ្លឹមសារសង្ខេប ខ្លឹមសារសរុប និងអានទៅលើខ្លឹមសារណា  ដែលយើងចង់ដឹង
ប៉ុណ្ណោះ។

៣. អានត្រួសៗ  ជាការអានបែបមើលមួយភ្នែក(Scanning Reading)  ដោយមើលមួយត្រួសយ៉ាងលឿនទៅលើ
គោលដៅនៃអត្ថបទនិពន្ធ ដូចជា ប្រយោគសំខាន់ៗ តួអក្សរដិតៗ ឬសញ្ញាផ្សេងៗ ហើយអានលម្អិតចំពោះតែអ្វី
ដែលយើងចង់ដឹង ដូចជាអានដើម្បីស្វែងរកមើលពាក្យក្នុងវចនានុក្រមឬមើលផែនទីដូច្នោះ។

៤. អានចំណុចសំខាន់  អានរឿងរ៉ាវ អត្ថបទ ដោយស្វែងយល់ឲ្យជាក់លាក់ពីចំណុចសំខាន់ ដែលជាទូទៅច្រើនតែ​
អានទៅលើអត្ថបទណាដែលមិនវែងហួសពេក។ ការអានឲ្យបានលឿន តែឲ្យច្រើនដង នឹងជួយឲ្យអាចចាប់យក​
ចំណុចសំខាន់ៗដោយប្រីវិធីសង្កេតមើលពាក្យសំខាន់ៗ ប្រយោគដែលមានសារៈសំខាន់ ហើយបូកសរុបយកគំនិត
សំខាន់ៗទុកសម្រាប់ប្រើ។

៥. អានសរុបខ្លឹមសារ  ជាការអានដែលអាចវាយតម្លៃបានយ៉ាងច្បាស់លាស់ពីខ្លឹមសារអត្ថបទ អាចបែងចែកផ្នែក
សំខាន់និងមិនសំខាន់យ៉ាងល្អ ដឹងថាអ្វីជាការពិត អ្វីគ្រាន់តែជាទស្សនៈ? អ្វីជាគំនិតសំខាន់ អ្វីជាគំនិតបន្ទាប់បន្សំ?
ការអានសរុបមានលក្ខណៈពីរយ៉ាង គឺសរុបទៅតាមទំព័រឬវគ្គ ឬមួយសរុបតាមជំពូក ឬសាច់រឿងទាំងមូលតែម្តង។
ការអានសរុបគួរតែធ្វើដោយត្រួសៗល្មមឲ្យដឹងសាច់រឿងខ្លះសិន ហើយអានលម្អិតម្តងទៀតដើម្បីឲ្យយល់បានល្អ។ បន្ទាប់មកដាក់ជាសំណួរដល់ខ្លួនឯងអំពីអ្វីដែលបានអានមកថា តើវាទាក់ទងនឹងអ្វីខ្លះ? មានដំណើររឿងដូចម្តេច? ហើយរៀបរៀងខ្លឹមសារជាថ្មីតាមភាសារបស់ខ្លួនឡើងវិញ។

៦. អានវិភាគពិចារណា ការអានដើម្បីស្រាវជ្រាវធ្វើរបាយការណ៍ ជាទូទៅតែងមានការវិភាគទៅលើខ្លឹមសារអត្ថបទ
ព្រោះអ្នកនិពន្ធអាចសរសេរដោយប្រើសំនួនភាសាទៅតាមបែបផ្សេងៗ អាចជាការប្រើភាសាត្រង់ៗ សាមញ្ញ ងាយ
យល់  ឬមួយជាភាសាដែលបង្កប់អត្ថន័យស៊ីជម្រៅ  ដែលតម្រូវឲ្យប្រើការគិត ដើម្បីស្វែងយល់ពីគោលបំណងអ្នក
និពន្ធ​ឬគេអាចប្រើភាសាដែលជាការសម្តែងមនោសញ្ចេតនាឬអារម្មណ៍របស់អ្នកនិពន្ធ។ អ្នកអានដែលមានចំណេះ
ដឹងជ្រៅជ្រះ  ក្នុងការប្រើពាក្យពេចន៍និងសំនួនវោហារបានល្អ មានបទពិសោធនិងមានសតិក្នុងការអាន  គឺពិតជា
អាច​វិភាគបានយ៉ាងត្រឹមត្រូវទៅលើអត្ថន័យ ដែលអ្នកនិពន្ធចង់បង្ហាញ  ហើយអាចស្វែងយល់ពីអត្ថបទដែលអាន
បានយ៉ាងត្រឹមត្រូវ។

ហ្វ្រានស៊ីស បេកន ពោលថា " ការអានធ្វើឲ្យមនុស្សក្លាយជាមនុស្សពេញលក្ខណៈ "
ការអានជាប្រការសំខាន់ចំពោះមនុស្ស ព្រោះមនុស្សមិនអាចក្លាយជាមនុស្សពេញលក្ខណៈបានទេ កាលបើពុំមាន
ការអាន ដែលជាចំណែកមួយ  នៃការប្រាស្រ័យទាក់ទងផ្នែកចំណេះដឹងខាងភាសា ដែលត្រូវហ្វឹកហាត់ជាប្រចាំ
ហើយដែលអាចហ្វឹកហាត់បានជាបន្តបន្ទាប់តាមវ័យ និងតាមកម្រិតបទពិសោធដែលពុំមានថៃ្ងបញ្ចប់។  ការអានគឺ
ជាកត្តាជួយឲ្យមនុស្សទទួលបាន
      ១-ចំណេះដឹងផ្សេងៗ
      ២-គតិបណ្ឌិត ទំនោរនៃគំនិត ឬទស្សនៈ
      ៣-ការកម្សាន្តអារម្មណ៍
ដែលមានប្រយោជន៍ធ្វើឲ្យគុណភាពជីវិត ចិត្តគំនិត និងអារម្មណ៍រីកចម្រើនកាន់តែប្រសើរឡើងជាលំដាប់។

ថ្ងៃទី០៧​ ខែកញ្ញា ឆ្នាំ២០១២

ស្រាវជ្រាវចងក្រងដោយ
គឹម ចាន់ណា

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017