យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

មើលឃើញមិនដូចគ្នា

ចេញថ្ងៃទីៈ [02-02-2017] | បើកមើលៈ 2529 | Print |



​     សត្វអណ្តើកនិងសត្វអូដ្ឋកវែង បានជួបគ្នាដោយចៃដន្យនៅពេលពួកវាកំពុងដើរលេងហើយសត្វទាំងពីរបានស្រុះស្រួលគ្នាដើរលេងនៅក្នុងព្រៃល្បោះជាមួយគ្នា។​ នៅតាមផ្លូវ ពួកវាក៏បានជួបដំបូកដ៏ធំមួយនៅពាំងពីមុខ។

“​ ម៉េចក៏មានភ្នំមកនៅក្នុងព្រៃល្បោះនេះអញ្ចឹង?”​ អណ្តើកឆ្ងល់។ 

“នរណាប្រាប់ឯងថាភ្នំ?... អានេះគេហៅថាដំបូកកណ្តៀរទេតើ!  ទាបកញ្រ្ជឹកអញ្ជឹង គេមិនហៅភ្នំទេ!...”​ អូដ្ឋកវែងប្រកែក។ 

        អណ្តើកនៅតែមិនអស់ចិត្ត “ ប៉ុណ្ណឹងហើយថាទាបទៀត! បើវាខ្ពស់ដល់ម្លឹងទៅហើយ?...”អូដ្ឋក៏បញ្ជាក់ “ ខ្ពស់យ៉ាងម៉េច បើវាទាបជាងកខ្ញុំទៅទៀតនោះ?” 

        អណ្តើកនៅតែប្រកាន់ដាច់ណាត់… 

        “គឺប្រាកដជាភ្នំមែនហើយខ្ញុំមិនច្រលំទេ!” 

        អូដ្ឋនៅតែប្រកែក “ ខុសហើយអាប្អូន! គឺជាដំបូកទេ!” 

        “ ណ្ហើយចុះ!... ​ យើងមិនគួប្រកែកគ្នាដោយសារតែរឿងកំប៉ិចកំប៉ុកអញ្ចឹងទេ!... “  អណ្តើកនិយាយកាត់ ហើយធ្វើដំណើរបន្តទៅមុខទៀត។ អូដ្ឋក៏វែងយល់ស្របទើបដើរតាមអណ្តើកយឺតៗពីក្រោយ។ ប៉ុន្តែកំពុងតែដើរលេងមិនយូប៉ុរន្មាន សត្វទាំងពីរបានជួបនឹងស្វាយមួយដើម។ 

        “ ដើមស្វាយមួយនេះ មើលទៅមានអាយុមិនតិចទេ វាប្រហែលជាដើមស្វាយដែលគេដាំយូរមកហើយមើលទៅ…”  អណ្តើកបញ្ចេញមតិ។ 

        អូដ្ឋក៏ប្រកែក “ នរណាប្រាប់ឯង? ដើមស្វាយនេះមានអាយុមិនច្រើនប៉ុន្មានទេ… ឯងមើលទៅដើមវាមើល៍ នៅតូចមួយប៉ុណ្ណោះ!” 

        អណ្តើកជំទាស់ “ ខុសហើយល្បងៗៗ! ដើមវាធំខ្ពស់ប៉ុណ្ណឹងហើយហេតុអីក៏ថាមានអាយុតែប៉ុន្មានឆ្នាំបែបនេះ?” 

        “ឯងឃើញទេ? ដើមស្វាយនេះទាបជាខ្ញុំទៅទៀត! តើឲ្យថាវាមានអាយុច្រើនម្តេចនឹងបានទៅ?”  សត្វអូដ្ឋកវែងបញ្ជាក់ហេតុផល។ 

        “ ដើមស្វាយនេះដាំមកយូរហើយ វាអាចលូតលាស់បែកមែកសាខាទៅខាងៗក៏បាន មិនចាំបាច់តែខ្ពស់ទៅលើឯណា? ខ្ញុំគិតថាដើមស្វាយនេះមានកំពស់តាមធម្មតារបស់វាហើយ!...” អណ្តើកពោលង៉ូវៗ។ 

        “ បានហើយៗ! ឈប់ប្រកែកគ្នាពីរឿងកំប៉ិចកំប៉ុកហ្នឹងទៀតទៅ!”​ សត្វកវែបញ្ចប់រឿង ហើយធ្វើដំណើរបន្តទៅទៀត។ ឯអណ្តើកក៏ដើរតាមពីក្រោយ ប៉ុន្តែមិនទាន់បានចេញផុតផង ស្រាប់តែមានផ្លែស្វាយទុំដើមមួយផ្លែជ្រុះពីលើដើមមកធ្វើឲ្យអណ្តើកសប្បាយចិត្តក្រៃលែង។ វាប្រញាប់ទៅភ្លក់រស់ជាតិផ្លែស្វាយទុំដើមដែរជ្រុះមកនោះភ្លាម។ 

        “ អូហូ! ស្វាយនេះផ្អែមឈ្ងុញឆ្ងាញ់ខ្លាំងណាស់!”  អណ្តើកឧទាន។ 

        “មែនឬ? អូដ្ឋកវែងស្រែកឡើង រួចក៏ងាកក្បាលទៅខាំយកផ្លែខ្ចីនៅនឹងដើមមកទំពាស៊ី ហើយស្រាប់តែខ្ចាក់មកវិញភ្លាម…

        “ អ៊ឺស!... ឆ្ងាញ់ខ្មោចយក៍ស្អី ជូរចង់អាប់!...” 

        “ ជូរស្អី? ផ្អែមឆ្ងាញ់ផស់គេណា៎! “ អណ្តើកប្រកែក។ 

        “ ហឺយ! មិនត្រឹមតែជូរទេ រឹងកញ្រ្ជឹស!...”  អូដ្ឋកវែងរអ៊ូ។ 

        “ មិនពិតទេ សាច់ស្វាយទន់ល្អូកសោះហ្នឹងណា៎!” អណ្តើកប្រកែក។ 

        អូដ្ឋកវែងសម្តែងការមិនពេញចិត្ត… 

        “ ហេតុអីឯងមិនដែលមានគំនិតស្របនឹងខ្ញុំម្តងណាសោះអញ្ចឹង? “ 

        អណ្តើកប្រកែកញ៉ាញ “ គឺឯងនឹងហើយមិនព្រមមើលអ្វីទៅតាមការពិត ទើបបានចេះតែប្រឆាំងនឹងខ្ញុំរហូតដល់អញ្ចឹងនោះ!” 

        នៅពេលកំពុងប្រកែកគ្នានោះ ស្រាប់តែមានសត្វស្វាមួយក្បាលអឺតកបន្លឺសំឡេងស្វាគមន៍ពីលើដើមស្វាយ

“សួស្តីអ្នកទាំងពីរ!” 

        អូដ្ឋសួរទាំងបើកភ្នែកធំៗ “ ចុះឯងមកនៅទីនេះតាំងពីថ្មាណា?” 

        ស្វានិយាយបណ្តើរ សើចបណ្តើរ… 

“ យើងដើរតាមពួកឯងមកយូរហើយ!” 

“ តាមធ្វើអី?” អណ្តើកសួរដោយឆ្ងល់។ 

“គឺមកពីពួកឯងគួរឲ្យចា​ប់អារម្មណ៍នោះអី! យើងឃើញពួកឯង ឈ្លោះគ្នាតាំពីនៅកន្លែងដំបូកនោះម៉្លេះ! ហេតុនេះហើយបានជាយើងតាមសង្កេតមើលពួកឯងឈ្លោះគ្នាជាហូរហែរអញ្ចឹងទៅ!” 

        អូដ្ឋកវែង និងអណ្តើកស្នើរទៅសត្វស្វាព្រមគ្នា… 

“អឺ! អញ្ចឹងក៏ល្អដែរបើដឹងសាច់រឿងតាំពីដំបូស្រាប់ហើយ ចូរឯងជួយកាត់សេចក្តីឲ្យយើងផងមកមើលថា តើនរណាត្រូវ នរណាខុស?” 

        “អញ្ចឹង ខ្ញុំកាត់ក្តីឲ្យ!” ស្វាព្រមទទួលមុខងារនេះ “ កាលដែលពួកឯងទាំងពីរនិយាយមកនោះ… គឺត្រូវទាំងពីរនាក់ហ្នឹង!” 

        “ហ៎ា្អក!... ម៉េចអញ្ចឹង? អូដ្ឋកវែងស្តាប់មិនយល់។ 

        “ គឺ អណ្តើកខ្លួនតូចទាបនៅនឹងដី តែងតែឃើញដំបូកធំខ្ពស់ដូចភ្នំ! ឯរូបឯងមានកវែង ខ្ពស់ តែងតែឃើញដំបូកតូចទាបអញ្ជឹងហើយ.. វាក៏មិនខុសគ្នាពីដើមស្វាយអ្វីដែរ … សម្រាប់អណ្តើក ដើមស្វាយមើលទៅធំខ្ពស់ខ្លាំងណាស់ ប៉ុន្តែសម្រាប់សត្វអូដ្ឋកវែងដូចឯង ដើមស្វាយមួយដើមនេះគឺមិនខុសអីពីស្មៅនិងអណ្តើកប៉ុន្មានទេ… ចំណែករឿងផ្លែស្វាយវិញ អណ្តើកវាស៊ីផ្លែស្វាយទុំដែលជ្រុះពីរដើម រសជាតិរបស់វាគឺត្រូវតែផ្អែមឆ្ងាញ់    អញ្ចឹងហើយ ឯអូដ្ឋកវែងឯងស៊ីផ្លែស្វាយខ្ចីនៅនឹងដើម រឿងអីដែលថាមិនជូរ?... ឥឡូវនេះតើពួកឯងយល់ហើយឬនៅថា រវាងអ្នកឯងទាំងពីរ គ្មាននរណាត្រូវនណាខុសនោះទេ គ្រាន់ពួកឯងមើលទៅតាមផ្លូវពីរផ្សេងគ្នាប៉ុណ្ណោះ… បើពួកឯងមិនជឿងទេ ចូរពួកកឯងផ្លាស់ប្តូរផ្លូវដែលខ្លួនឯងគិតឲ្យខុសពីមុនសាកមើល ពួកឯងនឹងឃើញផ្លូវកាន់តែខុសពីមុនជាបន្តទៅទៀត… សូម្បីតែខ្លួនឯងមុននឹងក្រោយក៏អាចមើលផ្ទុយពីខ្លួនឯងដែរ ចុះទម្រាំអ្នកដ៏ទៃ តើឲ្យគេមើលឃើឲ្យដូចខ្លួនឯងគ្រប់យ៉ាងម្តេចនឹងបាន?” … ស្វាអធិប្បាយឲ្យសត្វទាំងពីរស្តាប់រួចហើយ វាក៏ហក់ឡើងទៅលើមែកស្វាយបាត់ស្រមោលទៅ។

 

***** 

មនុស្សគ្រប់រូបសុទ្ធតែមានទស្សនៈដោយឡែកៗទៅតាមស្ថានភាព 

រស់នៅជារបស់ខ្លួនឯងហើយត្រូវគិតថាបើយើងស្ថិតនៅក្នុងស្ថានភាព 

របស់គេវិញ យើងក៏ប្រហែលជាមានទស្សនៈដូចគេអញ្ចឹងដែរ។ 

ដូច្នេះចូរកុំសម្រេចថា នរណាត្រូវនរណាខុស ដោយយកទស្សនៈ 

មួយជ្រុងរបស់ខ្លួនមកធ្វើជាគោលឲ្យសោះ។

 

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017