យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

វិទ្យុមុលឡាហ៍ Radio Mullah

ចេញថ្ងៃទីៈ [25-12-2015] | បើកមើលៈ 2917 | Print |



         
           នៅពេលក្រុមឧទ្ទាមតាលីបង់ចូលមកជ្រលងភ្នំស្វាត់ ខ្ញុំមានអាយុ 10 ឆ្នាំ។ ម៉ូនីបានិងខ្ញុំ ធ្លាប់អានរឿងថ្វៃឡៃត៍ (Twilight) ហើយចង់
ក្លាយជាព្រាយជញ្ជក់ឈាម។  ពួកយើងយល់ថា ពួកតាលីបង់ចូលមកពេលយប់ដូចព្រាយជញ្ជក់ឈាមអ៊ីចឹង។ ពួកគេមកជាក្រុម ប្រដាប់
ដោយអាវុធគ្រប់ដៃមានកាំបិតនិងកាំភ្លើងយន្ត។ ពីដំបូងពួកគេមកដល់ភាគខាងលើនៃជ្រលងភ្នំស្វាត់ តាមតំបន់កូនភ្នំម៉ាល់តា។ ពួកគេមិន
ហៅខ្លួនឯងថាតាលីបង់ដូចក្រុមតាលីបង់ជួតកន្សែងលើក្បាលនិងត្របកភ្នែកខ្មៅដូចដែលពួកយើងធ្លាប់ឃើញនៅអាហ្វហ្កានីស្ថាននោះទេ។

          បុរសទាំងនោះមានមុខមាត់ចម្លែកៗ សក់កន្ទ្រើង ពុកមាត់វែង ពាក់អាវកាក់គ្របពីលើអាវវែងខាងក្នុង  ជាយអាវវែងធ្លាក់រហូតទៅ
ដល់កជើងពាក់ស្បែកជើងបាតាឬស្បែក​ជើងសង្រែកធ្វើពីកៅស៊ូតម្លៃថោកៗជួនកាលពាក់ក្រណាត់ឃ្លុំមុខជិតសល់តែប្រឡោះភ្នែក  ហើយ
តែងយកកន្សែងជួតក្បាលជូតចុងច្រមុះ។ ពួកគេពាក់ក្រណាត់ប៉ានព័ណ៌ខ្មៅជាប់នឹងដៃសរសេរថា (សារីអាត់ យ៉ា សាហាដាត់) ឬច្បាប់នៃ
ការពលីជីវិត ហើយពេលខ្លះគេចងក្រណាត់ខ្មៅនោះពីលើក្បាល ទើបប្រជាជននាំគ្នាហៅពួកគេថា ត័រ ប៉ាត់គី ឬកងពលជួតក្បាលកន្សែង
ខ្មៅដែលមើលគួរឱ្យខ្លាចហើយគគ្រិច។  មិត្តភក្តិពុកហៅពួកគេថា ​(ពួកអត់ងូតទឹកនិងអត់កាត់សក់)។

          មេដឹកនាំពួកគេគឺបុរសម្នាក់អាយុ 28 ឆ្នាំ ឈ្មោះ ម៉ូឡាណា ហ្វាស់លូឡាហ៍ ដែលធ្លាប់ប្រកបរបរធ្វើកៅអីសម្រាប់ជិះឆ្លងទន្លេស្វាត់
ជើងខាងស្តាំស្វិតតាំងពីតូចដោយសារជំងឺស្វិតដៃជើង។ គេសិក្សានៅម៉ាដ្រាសារបស់ ម៉ូឡាណា ស៊ូហ្វ៊ីមហាម៉ាត់ ស្ថាបនិកក្រុមធីអិន
អិសអឹម (TNSM) ហើយបានរៀបការជាមួយកូនស្រីគាត់ទៀតផង។ ពេល សូហ្វ៊ីមហាម៉ាត់ ត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារកាលពី
មានការបោសសម្អាតមេក្លោងពួកភេរវករនៅឆ្នាំ 2002  ហ្វាស់លូឡាហ៍​ ក៏ក្លាយជាមេដឹកនាំនៃចលនានោះជំនួសឪពុកក្មេក។ មុនពេលមាន
គ្រោះរញ្ជួយដីបន្តិច ហ្វាស់លូឡាហ៍ បានលេចមុខនៅក្នុងភូមិ អ៊ីម៉ាម ដេរី  ភូមិតូចមួយនៅប្រហែល 2-3 ម៉ៃល៍ពីទីក្រុងមីងហ្គោរ៉ា នាត្រើយ
ម្ខាងទន្លេស្វាត់ ហើយបានបង្កើតស្ថានីយវិទ្យុពួកឧទ្ទាមមួយ។

          នៅឯជ្រលងភ្នំ ពួកយើងភាគច្រើនទទួលព័ត៌មានតាមវិទ្យុ ព្រោះមិនសូវមាននរណាមានទូរទស្សន៍ ហើយមិនចេះអក្សរផងដែរ។
មិនយូរប៉ុន្មានប្រជាជនក៏ចាប់ផ្តើមស្គាល់វិទ្យុមួយឈ្មោះថា វិទ្យុមុលឡាហ៍ អិហ្វអឹម ដែលហ្វាស់លូឡាហ៍បង្កើតបង្កើតឡើងនោះ។ វិទ្យុនេះ
ផ្សាយរៀងរាល់រាត្រីពីម៉ោង 8 រហូតដល់ម៉ោង 10 យប់ហើយផ្សាយម្តងទៀតនៅពេលព្រឹកម៉ោង 7 ដល់ម៉ោង 9។

          ពីដំបូងៗ ហ្វាស់លូឡាហ៍ ហាក់ដូចជាបុរសដ៏មានចំណេះដឹងជ្រៅជ្រះម្នាក់។  គេណែនាំខ្លួនឯងថាជាអ្នកកែទម្រង់សាសនាអ៊ីស្លាម
និងជាអ្នកបកប្រែគម្ពីរគូរ៉ាន។  ម្តាយខ្ញុំដែលជឿស៊ប់ក្នុងសាសនាចាប់ផ្តើមចូលចិត្តគេ។  គេប្រើប្រាស់ស្ថានីយវិទ្យុលើកទឹកចិត្តប្រជាជនឱ្យ
ទម្លាប់ប្រព្រឹត្តអំពើល្អហើយជៀសវាងនូវរាល់ការប្រព្រឹត្តទាំងឡាយណាដែលគេចាត់ទុកថាអាក្រក់។ គេនិយាយថា  បុរសទាំងឡាយគួរតែ
ទុកពុកចង្កាវែង ប៉ុន្តែត្រូវឈប់ជក់បារី ហើយឱ្យយកថ្នាំជក់នោះមកទំពាវិញ ហើយប្រជាជនទាំងអស់ត្រូវឈប់ប្រើប្រាស់ថ្នាំហេរ៉ូអ៊ីន និង
សារស៍ (Shars) ដែលភាសារបស់យើងគេហៅថា ហាសុីស ។ គេប្រាប់ពីវិធីជម្រះកាយដល់អ្នកសូត្រធម៌ ប្រាប់ពីកន្លែងណាត្រូវលាងជម្រះ
មុនគេ ហើយសូម្បីតែកន្លែងកេរ្តិ៍ខ្មាសក៏គេប្រាប់ពីវិធីដុសលាងដែរ។ ជួនកាលសម្តីរបស់គេក៏សមហេតុផលដែរ។ វាប្រៀបដូចជាពេលចាស់ៗ
ខំព្យាយាមអង្វរក្មេងៗឱ្យធ្វើកិច្ចការទាំងឡាយណាដែលពួកគេមិនចង់ធ្វើអ៊ីចឹង ហើយពេលខ្លះវាគួរឱ្យភ័យខ្លាចដូចភ្លើងឆេះក្តៅគគុក។ ជាញឹក
ញាប់គេនិយាយផងយំផងដោយបង្ហាញក្តីស្រឡាញ់ចំពោះសាសនាអ៊ីស្លាម។ តាមធម្មតាគេនិយាយតាមវិទ្យុតែមួយភ្លែតទេ បន្ទាប់ពីនោះ
សាហ៍ ឌូរ៉ាន ជំនួយការរបស់គេដែលធ្លាប់លក់នំនែកតាមរទេះកង់បីក្នុងផ្សារក៏នឹងមកនិយាយបន្ត។ ពួកគេព្រមានប្រជាជនឱ្យឈប់ស្តាប់តន្ត្រី
ឈប់ទស្សនាភាពយន្តឬការរាំរែកផ្សេងៗ។  (គឺទង្វើបាបទាំងនេះហើយដែលបង្កឱ្យមានគ្រោះរញ្ជួយដី) ហ្វាស់លូឡាហ៍បំពងសំឡេងដូចផ្គរ
លាន់ ហើយប្រសិនបើប្រជាជនមិនបញ្ឈប់សកម្មភាពទាំងនេះទេ គេនឹងអញ្ជើញព្រះជាម្ចាស់មកព្រមានម្តងទៀត។  វិទ្យុមុលឡាហ៍បកស្រាយ
គម្ពីរគូរ៉ាន និងពាក្យប្រៀនប្រដៅរបស់អាល់ហាឌីតខុសស្រឡះ​ព្រោះមានតែមនុស្សមួយចំនួនដែលអានភាសាដើមជាអារ៉ាប់ មិនដាច់ ទើប
ហ្វាស់លូឡាហ៍ឆ្លៀតវាយលុកត្រង់ចំណុចអវិជ្ជានេះ។

          "គាត់និយាយត្រូវទេ អាបា?" ខ្ញុំសួរពុក។   ខ្ញុំនៅចាំពីស្ថានភាពរញ្ជួយដីដ៏គួរឱ្យភ័យខ្លាចនោះ។

          "មិនពិតទេ ចានី!" គាត់ឆ្លើយ "គេគ្រាន់តែបោកប្រាស់អ្នកស្រុកប៉ុណ្ណោះ!"

          ពុកនិយាយថា បុគ្គលិកក្នុងសាលារៀនលើកយករឿងស្ថានីយវិទ្យុមកជជែកគ្នា។ សាលាមានបុគ្គលិកប្រហែលជា 70 នាក់ ក្នុងនោះ
ប្រុសមាន40 នាក់និងស្រីមាន 30 នាក់។   គ្រូខ្លះក៏ប្រឆាំងនឹងហ្វាស់លូឡាហ៍ ប៉ុន្តែគ្រូភាគច្រើនគាំទ្រគេ ដោយគិតថាគេជាអ្នកបកស្រាយគម្ពីរ
គូរ៉ានដ៏បរិសុទ្ធ ព្រមទាំងកោតសសើរនូវភាពទាក់ទាញរបស់គេផងដែរ។ ពួកគេចូលចិត្តហ្វាស់លូឡាហ៍ត្រង់នាំយកច្បាប់អ៊ីស្លាមមកអនុវត្តព្រោះ
មានមនុស្សជាច្រើនមិនពេញចិត្តនឹងប្រព័ន្ធយុត្តិធម៌របស់ប៉ាគីស្ថានដែលមិនអនុវត្តតាមបន្ទាប់ពីបានបង្កើតប្រទេសនេះឡើង។ ករណីខ្លះដូចជា
ជម្លោះដីធ្លីដែលធ្លាប់តែត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ប៉ុន្តែឥឡូវនេះដំណោះស្រាយមានរយៈពេល 10 ឆ្នាំទើបានឡើងមកដល់តុលា-
ការ។ ប្រជាជនធុញទ្រាន់នឹងមន្ត្រីពុករលួយរបស់រដ្ឋដែលបញ្ជូនឱ្យមកធ្វើការនៅជ្រលងភ្នំ  ដែលមើលទៅពួកយើង ស្ទើរតែទាំងអស់គ្នាហាក់
ដូចជារំពឹងចង់ឱ្យ ហ្វាស់លូឡាហ៍ បង្កើតរដ្ឋឯករាជ្យរុងរឿងដូចយុគសម័យ វ៉ាលី សាជាថ្មីម្តងទៀត។​

Book not found !!!!!!!!!! 

 

 


ចុច Like ដើម្បីចែករំលែក

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017