យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

រង់ចាំ ១២ ម៉ោង

ចេញថ្ងៃទីៈ [22-09-2015] | បើកមើលៈ 3699 | Print |



ពេលវេលា ជារយៈពេលពិសោធដ៏មានតម្លៃបំផុត….

          ឆាកជីវិតមិនមែនជាការប្រើយុទ្ធសិល្ប៍ដែលជប់ភ្លាមកើតភ្លែតនោះទេ។ អ្វីទាំងនេះសុទ្ធតែត្រូវការពេលវេលា។ តែដែលឆុងលឿនពេកវា
មិនអាចចេញជាតិជាឬក្លិនបានល្អទេ ដើមឈើដែលបង្ខំដាក់ជីជ្រុលពេក វានឹងរលួយ រឿងរ៉ាវជីវិតតែងមានដំណាក់កាលផ្អែមឆ្ងាញ់និងល្វីង
ជូរចត់នៅលាយឡំផ្លាស់ប្ដូរជាប្រចាំ។ ការដឹងអំពីអ្វីដែលហៅថាផ្អែមល្វីងជូរចត់ វានឹងនាំឲ្យយើងទទួលអារម្មណ៍ថាភាពផ្អែមឆ្ងាញ់កាន់តែមាន
ឱជារសលើសដើម។

          មានគួស្នេហ៍មួយគូគាត់បានទាស់សម្ដីគ្នានៅហាងតែគជ់មួយកន្លែង។ ម្នាក់ៗសុទ្ធតែចង់យកឈ្នះរៀងៗខ្លួន។ ទីបំផុត ភាគីខាងបុរសក៏
បានចាកចេញពីហាងតែទៅដោយសេចក្ដីមូម៉ៅក្ដៅក្រហាយ ទុកឲ្យមិត្តស្រីនៅសំកុកស្រក់ទឹកភ្នែកតែម្នាក់ឯងក្នុងហាងនោះទៅ។

          នារីកំពុងតែមានអារម្មណ៍ច្របូកច្របល់ នៅអង្គុយកូរតែក្រូចឆ្មារដែលនៅលើតុនោះទាំងមិនដឹងខ្លួន។ នាងបានយកស្លាបព្រាឈ្លីញិច
ក្រូចឆ្មារដែលគេចិតស្ដើងៗដែលគេដាក់នៅក្នុងទឹកតែនោះម៉ដ្ឋខ្ទេចខ្ទីអស់រលីង ធ្វើឲ្យទឹកតែមួយកែវនោះធំក្លិនសម្បកក្រូចឆ្មារឡើងឆួល
ផឹកលែងកើត។

          ស្រាប់តែបន្តិចក្រោយមក នារីម្នាក់ហាក់ដូចជាដឹងខ្លួនបន្តិចមកវិញឃើញតែក្រូចឆ្មាររបស់ខ្លួនក្លាយជាបៃឡុកបៃឡអស់រលីង នាងក៏
ស្រែកហៅអ្នកបម្រើឲ្យយកតែទឹកកកក្រូចឆ្មារមួយកែវទៀតមកឲ្យ ដោយប្រាប់ឲ្យគេចិតយកសម្បកក្រូចឆ្មារចេញឲ្យអស់។

          អ្នកបម្រើឈរសម្លឹងនារីម្នាក់មួយសន្ទុះ ហើយមិនបាននិយាយអ្វីទាំអស់ គេលើកយកកែវតែក្រូចឆ្មារចាស់នោះចេញទៅ ហើយមួយសន្ទុះ
ក្រោយមកគេក៏លើកតែទឹកកកក្រូចឆ្មារជាថ្មីទៀតយកមកឲ្យ ប៉ុន្ដែចំណិតក្រូចឆ្មារនៅក្នុងកែវគឺនៅដូចមុនដដែល មិនបានចិតសម្បកចេញទេ។
នារីដែលកំពុងមានអារម្មណ៍មិនល្អស្រាប់មកហើយ ដល់ពេលជួបរឿងទាស់ចិត្តថែមទៀតប្រៀបដូចជាយកសាំងមកជះលើភ្លើងដូចច្នោះ។ នារី
បានស្រែកហៅរកអ្នកបម្រើឲ្យត្រឡប់មកវិញ រួចគំហកឲ្យថា

          «អ្នកឯងចេះស្ដាប់ខ្មែរដែលឬទេ?...ខ្ញុំប្រាប់រួចហើយថាឲ្យចិតយកសម្បកក្រូចឆ្មារចេញ! ត្រចៀកវាថ្លង់ ឬមួយក៏ល្ងង់មិនស្គាល់ថាស្អីគេ
ហៅមានសម្បក ឬអត់សម្បកនោះ?»

          ឯអ្នកបម្រើ គេក៏បានដឹងខ្លួនជាមុននិងត្រៀមខ្លួនឡើងលើសង្វៀនរួចជាស្រេចហើយដែរ។ គេសម្លឹងមើលទៅនាងដោយកែវភ្នែកស្រស់
ថ្លាទន់ភ្លន់ ហើយឆ្លើយតបយ៉ាងសុភាពថា…

          «អ្នកនាង!...សុំកុំទានខឹង…អ្នកនាងដឹងទេថាសម្បកក្រូចឆ្មារក្រោយពីត្រាំរហូតដល់ចេញជាតិល្វីងរបស់វារលាយសព្វទៅក្នុងទឹកហើយ
យើងនឹងបានទឹកតែដែលមានរសជាតិជ្រះកល្អណាស់….នោះជារសជាតិដែលអ្នកនាងកំពុងតែចង់បាននោះឯង….ដូច្នោះនេះសូមអ្នកនាងទប់
ចិត្តបន្តិចសិន ហើយសុំកុំគិតថាចង់ច្របាច់យកក្លិនឈ្ងុយរបស់ក្រូចឆ្មារចេញមកអស់ក្នុងរយៈពេលត្រឹមតែបីនាទីឲ្យសោះ…ធ្វើបែបនេះវានឹង
ផ្ដល់ផលផ្ទុយទៅវិញទេ គឺធ្វើឲ្យទឹកតែទៅជាកករអស់កែងស្រល់ថ្លា មិនត្រឹមតែគ្មានប្រយោជន៍អ្វី គឺបានត្រឹមតែធ្វើឲ្យអ្វីផ្សេងៗកាន់តែធ្ងន់ធ្ងរ
លើសដើមប៉ុណោះ….»

          នាងហាក់មានអារម្មណ៍ទុចង៉ក់បន្ដិចជាមួយនឹងសម្ដីអ្នកបម្រើនោះ។ នាងសម្លឹងមើលភ្នែកអ្នកបម្រើ រួចសួរដោយចង់ដឹងថា…

          «អញ្ចឹងត្រូវប្រើពេលយ៉ួប៉ុនណាទើបវាមានក្លិនឈ្ងុយ?»

          អ្នកបម្រើអ្វើមុខញញឹម រួចប្រាប់ថា

          «១២ម៉ោង!....ក្រោយពី១២ម៉ោងទៅ ក្រូចឆ្មារនឹងបញ្ចេញជាតិ នឹងក្លិនល្អបំផុតរបស់វាចេញមកទាំអស់! អ្នកនាងនឹងទទួលបានក្រូចឆ្មារ
ដែលមានរសជាតិផ្អែមឈ្ងុយជាទីបំផុតមួយកែវ…តែអ្នកនាងត្រូវតែព្រមខាតពេលអត់ធ្មត់រងចាំរហូតដល់១២ម៉ោង….មិនដឹងថាតើអ្នកនាងរីករាយ
នឹងរង់ចាំដែលឬទេ?»

          នារីនោះទំនងជារារែកមិនទាន់ជឿ….

          «១២ម៉ោង? កុំនិយាយលេង! ឬមួយបានន័យថាអ្នកណាក៏ដោយ បើចង់ផឹកតែក្រូចឆ្មារមួយកែវ ត្រូវតែរងចាំរហូតដល់១២ម៉ោងអញ្ចឹងឬ?»

          អ្នកបម្រើអធិប្បាយបន្ត….

          «អ្នកនាង! ១២ម៉ោងគ្រាន់តែជារយៈពេលដ៏ខ្លីមួយនៃជីវិតប៉ុណ្ណោះ ប៉ុន្តែជួនកាល១២ម៉ោង វាជាពេលវេលាដល់គ្រប់គ្រាន់ដែលធ្វើឲ្យមាន
ផលប៉ះពាល់ដល់ឆាកជីវិតមនុស្សពេញមួយជីវិតរបស់យើងក៏មានដែល!»

          អ្នកបម្រើផ្អាកមួយស្របក់ រួចនិយាយបន្តថា

          «តាមពិតទៅមិនមែនគ្រាន់តែការឆុងតែទេ! បញ្ហាទុក្ខសោកនានាដែលកើតមានក្នុងជីវិត មិនថាជារឿងតូច ឬជារឿងធំទេ គឺសុំឲ្យយើង
ព្រមចំណាយពេលអត់ធ្មត់រងចាំ១២ម៉ោង នោះយើងនឹងឃើថារឿងរ៉ាវពុំមែនសុទ្ធតែអាក្រក់ដូចដែលយើងគិតខ្លួនឯងនោះទេ!»

          នារីនោះសម្លឹងមុខអ្នកបម្រើហាក់បីដូចស្ដាប់សម្ដីគេមិនទាន់យល់ ក្រសែភ្នែកវិលវល់ មិនដឹងថាត្រូវធ្វើយ៉ាងណាឲ្យសម។

          អ្នកបម្រើញញឹម រួចនិយាយបន្តទៀតថា….

          «ខ្ញុំបានត្រឹមតែប្រាប់វិធីឆុងតែក្រូចឆ្មារឲ្យអ្នកនាងប៉ុណ្ណោះ! ហើយក៏ឆ្លៀតឱកាសចង់និយាយលេងខ្លះៗថាគ្រាន់តែចេះវិធីឆុងតែក្រូចឆ្មារ
ក៏អាចឲ្យយើងយកវាមកប្រើប្រាស់ក្នុងដំណើរជីវិតរបស់ខ្លួនបានដែរ ដើម្បីឲ្យវាមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ដូចគ្នា….តើក្រោយពី១២ម៉ោងទៅ
តើវាមានអ្វីល្អៗកើតឡើងដូចដែលខ្ញុំនិយាយដែលឬទេ?

          និយាយចប់ អ្នកបម្រើឱនគោរពដោយទឹកមុខញញឹម រួចដើរចេញទៅ។

          នារីនោះអង្គុយសម្លឹងកែវតែ សំងំគិតពិចារណាម្នាក់ឯងយ៉ាងស្ងាត់ស្ងៀម។ពេលត្រឡប់មកផ្ទះវិញ អត់ទ្រាំមិនបាន នាងក៏សាកទៅឆុង
តែក្រូចឆ្មារដោយខ្លួននាងមួយរំពេច ព្រោះទើបតែបានរៀនក្ដៅៗ។ នាងបានយកក្រូចឆ្មារមកចិតជាចំរៀកស្ដើងៗដាក់ចូលទៅក្នុងទឹកតែទុកនៅ
អស់រយៈពេល ១២ ម៉ោង។ នាងបានភ្លក់រសជាតិតែក្រូចឆ្មារដែលមានក្លិនឈ្ងុយបំផុតក្នុងជីវិរបស់ខ្លួន។ នាងបានយល់ហើយថា គឺព្រោះតែគ្រប់
ផ្នែករបស់ក្រូចឆ្មារ វាបានជ្រាបចូលយ៉ាងសព្វសាច់ជាមួយនឹងទឹកតែ ហេតុនេះទើបបានជាតែក្រូចឆ្មារដែលមានរសជាតិពិសេសអស្ចារ្យបែបនេះ។

          សំឡេងកណ្ដឹងរោទ៍ឡើង។ នាងបានក្រោកទៅបើកទ្វារ ឃើញបុរសដែលឈ្លោះគ្នាកាលពីមុននេះ ១២ ម៉ោង….គេឈរនៅមាត់ទ្វារ ក្នុង
ដៃមានបាច់ផ្កាកុលាបដ៏ស្រស់ស្អាតធំផងដែរ។   

            «សូមអភ័យទោសឲ្យខ្ញុំផងបានទេ អ្នកនាងម្ចាស់?» បុរសនោះនិយាយបែបអឹមអៀន។ នាងសើច ហើយទាញដៃឲ្យគេចូលមកខាងក្នុង
រួចលើកកែវតែកែវក្រូចឆ្មារមកដាក់នៅពីមុខ។ អ្នកកំលោះសើចញឹមៗ សួរនាងដោយសំឡេងធម្មតា

          «ថ្ងៃនេះអង្គុយក្នុងហាងតែយ៉ាងយូរហើយ អូននៅញុំទាន់ឆ្អែតទៀតឬ?»

          នាងនិយាយដោយសម្ដីបែបម៉ឺងម៉ាត….

            «ឥឡូវនេះ យើងត្រូវចុះកិច្ចសន្យានឹងគ្នាម្យ៉ាង ចាប់ពីពេលនេះតទៅ ទោះបីជាជួបប្រទះនឹងរឿងអ្វីក៏ដោយ យើងនឹងមិនខឹងច្រឡោត
ជាដាច់ខាត ត្រូវរក្សាចិត្តឲ្យនឹងន ហើយគិតមកដល់តែក្រូចឆ្មារមួយកែវនេះ!»

          «ហេតុអ្វីក៏ត្រូវគិតពីរឿងតែក្រូចឆ្មារណាឯណីទៅវិញ?» បុរសនោះមានអារម្មណ៍ងឿងឆ្ងល់ ព្រោះមិនបានយលសាច់រឿង។

          «ព្រោះថាការអត់ធ្មត់រង់ចាំ ១២ម៉ោងមកនេះ យើងនឹងបានភ្លក់រសជាតិតែក្រូចឆ្មារដែលឆ្ងាញ់ជាទីបំផុតនៅលើលោកនោះអី!»

          ការអត់ធ្មត់វានឹងជួយឲ្យព្រឹត្តិការណ៍តានតឹងមួយចំនួនបានកន្លងផុតទៅតាមសម្រូល។ ការព្យាយាមជម្នះទៅលើរឿងខ្លះដែលគួររង់ចាំ
វានឹងធ្វើឲ្យស្ថានការណ៍កាន់តែដុនដាបលើសដើម។ ប៉ុ​ន្តែរឿងខ្លះដែលមិនគួរបណ្ដែតបណ្ដោយ យើងបែរជាសំកុករង់ចាំ នោះវាក៏នឹងរលាយ
ហិនហោចដូចគ្នា។ សម្រាប់ទឹកចិត្តនិងអារម្មណ៍របស់មនុស្យ ពេលខ្លះយើងគិតថាវាហាក់ដូចជាតានតឹងសម្បើមណាស់ប៉ុន្តែបើយើងចេះអត់ទ្រាំ
បានរហូតដល់ទៅ ១២ម៉ោង វាក៏មុខជានឹងអាចធូរស្រាលបាន តិចឬច្រើនមិនខាន។

+++តាមពិតវាពុំមានអ្វីដែលសុទ្ធតែអាក្រក់គ្រប់យ៉ាងនោះទេ។ បន្ទាប់ពីមានព្យុះ មេឃនឹងស្រឡះ ហើយអ្វីៗវានឹងល្អមកវិញទៅតាមពេលវេលា។
ប៉ុន្ដែបើអ្នកមិនចេះសំងំ ហើយបែជាចង់ធ្វើ«អ្នកខ្លាំង» ក្នុងពេលកំពង់មានព្យុះ អ្នកប្រាកដជាត្រូវព្យុះបោកសន្លប់ មិនបានឃើញមេឃស្ងប់ស្រឡះ
អ្វីឡើយ។

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017