យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

និយមន័យនៃការគិតវិភាគ

ចេញថ្ងៃទីៈ [14-11-2014] | បើកមើលៈ 6626 | Print |




​​​​          ការវិភាគ (Analysis) មានន័យថា ជាការបែងចែកបំបែកធាតុផ្សំនៃវត្ថុមួយ    ឲ្យចេញជាផ្នែកៗ ដើម្បីសិក្សាស្វែងរកថាធ្វើមកពីអ្វី
មានធាតុផ្សំអ្វី កើតឡើងមកបានយ៉ាងដូចម្តេចនិងជាប់ទាក់ទងបានយ៉ាងដូចម្តេច។ "Analysis" (ការវិភាគ) ជាពាក្យដើមមកពីភាសា
ក្រិកគឺ "Analuein"។ ពាក្យនេះមានន័យថា "បន្លាយ​" ឬ "បំបែកចេញជាធាតុផ្សំផ្សេងៗ"។ នៅពេលយើងយកពាក្យថា "ការវិភាគ" មក
ផ្សំគ្នាជាមួយនឹង "ការគិត" នោះនឹងបានពាក្យថា "ការគិតវិភាគ"។ ដូចនេះមានអ្នកឯកទេស និងចិត្តវិទូជាច្រើនបានឲ្យនិយមន័យទៅ
លើពាក្យនេះខុសៗគ្នា ហើយខ្ញុំបានរួបរួមមកមានដូចខាងក្រោម៖

          ភិនស្រ៊ី ច័ន្ទដួង (2002) ថា ការគិតវិភាគ ជាវិធីគិតបំបែកធាតុផ្សំ ឬលក្ខណៈវត្ថុផ្សេងៗ រឿងរ៉ាវ ឬហេតុការណ៍។ ការគិតនៅកម្រិត
នេះត្រូវពឹងផ្នែកលើពុទ្ធិពាក់ព័ន្ធនឹងតថភាព ឬទិន្នន័យផ្នែកទ្រឹស្តី មកជាឧបករណ៍ក្នុងការវិភាគ។ ហេតុនេះទើបយើងអាចបកស្រាយថា
រឿងរ៉ាវ ឬហេតុការណ៍ផ្សេងៗ ទាំងនោះស្ថិតក្នុងស្ថានភាពណាហើយអាចប្រាប់បានថាមានទំនោរទៅក្នុងផ្លូវណា។

          ក្រៀងសាក់ ចារើនវង្សសាក់ (2003) លើកឡើងថាការគិតវិភាគ គឺការបំបែកធាតុផ្សំនៃវត្ថុណាមួយ ចេញជាចំណែកៗ ដើម្បីស្វែង
រកថា តើធ្វើមកពីអ្វីមានធាតុផ្សំអ្វីខ្លះកើតឡើងមកបានយ៉ាងដូចម្តេច និងជាប់ទាក់ទងគ្នាយ៉ាងណា។ ក្រោយពីនេះនៅមានលើកឡើងនូវ
យោបល់ពាក់ព័ន្ធនឹងអត្ថន័យ នៃការគិតវិភាគជាច្រើននិយមន័យទៀតដូចជា៖

          1. ការគិតវិភាគ សំដៅការគិតដើម្បីរកហេតុផលនិងរកផលនៃវត្ថុដែលនៅមិនទាន់ប្រាកដជាក់លាក់ជាបញ្ហានិងជាចំណុចគួរឲ្យ
សង្ស័យ។​​ លំនាំការគិតវិភាគ បានរួមផ្សំការគិតបែបផ្សេងៗរួមគ្នាដូចជាការគិតបែបវិនិច្ឆ័យ ជាការគិតដែលមានរបៀបរបបនិងមាន
ដំណាក់កាលដែលនិងជួយឲ្យការស្វែងរកទិន្នន័យរួមនឹងការវិនិច្ឆ័យ ហើយនាំមកវិភាគជាបន្ត។

          2. ការគិតវិភាគ ប្រៀបដូចជាការឃើញលទ្ធផលនៃវត្ថុមួយចំនួន តែមិនទាន់សន្និដ្ឋានភ្លាមៗថា កើតពីមូលហេតុអ្វី មានធាតុផ្សំណា
មានប្រភពយ៉ាងដូចម្តេច។ ប៉ុន្តែត្រូវព្យាយាមរកការពិតដែលត្រឹមត្រូវជាមុនសិនថា លទ្ធផលលេចដែលយើងឃើញនោះកើតពីមូលហេតុ
ពិតគឺអ្វី។ ដោយមកពីសម្មតិកម្មដែលថាគ្រប់យ៉ាងដែលកើតឡើងមកនោះតែងមានដើម មានហេតុមានផលនិងមានធាតុផ្សំតូចៗបង្កប់នៅ
ខាងក្នុង ដែលអាចស៊ីចង្វាក់ ឬត្រូវគ្នានឹងអ្វីដែលស្តែងនៅខាងក្នុង។ ដូច្នេះការចង់យល់ពីស្ថានភាពពិត គឺចាំបាច់ត្រូវតែមានការវិភាគដើម្បី
ឆ្លើយតបសំណួរដែលថារបស់នេះជាអ្វីព្រោះហេតុអ្វីទើបបានជាដូច្នេះ មុននឹងសរុបសេចក្តីមួយចំនួនដែលពាក់ព័ន្ធនឹងរឿងនោះ។

          3.​​ ការគិតវិភាគ សំដៅទៅដល់ការបំបែកធាតុផ្សំផ្សេងៗនៃវត្ថុណាមួយ ឬរឿងណាមួយ ហើយរកសម្ពន្ធភាពលើហេតុផលរវាងធាតុ
ផ្សំទាំងនោះដែលកើតឡើង។

          4. ការគិតវិភាគ ជាការគិតដែលនាំទៅដល់ការសម្រេចចិត្ត​ ហើយការស្ទង់មើលរឿងណាក៏ដោយចាំបាច់ត្រូវមាន​ការគិត​វិភាគ​ចូល
មក​ជួយ។ ការគិតវិភាគគ្របដណ្តប់គ្រប់រឿងដែលចូលមកប្រសព្វជីវិតប្រចាំថ្ងៃ។ មុននឹងសម្រេចចិត្តចំពោះរឿងណាមួយ​យើងចាំបាច់ត្រូវ
យល់ពីរឿងនោះ និងត្រូវដឹងពីដើមហេតុ និងដឹងពីផលល្អផលអាក្រក់ជានិច្ច។ បញ្ហាទាំងនេះតែងជួយយើងឲ្យសម្រេចចិត្តបានកាន់តែ
ត្រឹមត្រូវ​និង​សមស្រប។ ការគិតវិភាគចំពោះរឿងនីមួយៗ គឺខុសប្លែកពីគ្នាអាស្រ័យទៅតាមគោលបំណងនៃរឿង​ដែលវិភាគ។​ លំដាប់ថ្នាក់​
ការគិតវិភាគមាន​ភាពខុសប្លែកគ្នាក្នុងលក្ខណៈលម្អិតទៅតាមគោលការណ៍ការវិភាគ ហើយមានរបស់ដែលដូចគ្នានោះ គឺការបំបែក​ទិន្នន័យ
នោះ​ចេញជា​ចំណែកៗ និងការរកសម្ពន្ធភាពផ្នែកហេតុផលឲ្យដល់បញ្ហាដែលកើតឡើង។

          ឌឺវេយ៍ (Dewy. 1933) បានផ្តល់និយមន័យនៃការគិតវិភាគថា ជាការសំដៅទៅដល់ការគិត ប្រកបដោយការពិចារណាត្រិះរិះ។ គាត់
បានរៀបរាប់បីព្រំដែននៃការគិតវិភាគថា ជាការគិតដែលផ្តើមពីស្ថានការណ៍ដែលមានភាពលំបាក​ហើយបាត់បង់ទៅវិញដោយស្ថានការណ៍​ដែលមានភាពជាក់ច្បាស់។

          ប្លូម (Bloom. 1956) បានផ្តល់និយមន័យការគិតវិភាគថា ជាសមត្ថភាពក្នុងការបំបែក ដើម្បីរកចំនែកតូចៗនៃហេតុការណ៍ រឿងរ៉ាវ
ឬ​ខ្លឹមសារផ្សេងៗថា រួមទៅដោយអ្វី មានភាពសំខាន់យ៉ាងដូចម្តេច អ្វីជាហេតុ អ្វីជាផលហើយដែលក្លាយជាបែបនេះ គឺអាស្រ័យទៅលើ
គោលការណ៍អ្វី។

          រ៉ូសសែល (Russel. 1956) បានផ្តល់និយមន័យនៃការគិតវិភាគថា ជាការគិតដើម្បីដោះស្រាយបញ្ហាមួយប្រភេទ ដោយអ្នកគិតត្រូវ​ប្រើការពិចារណាសម្រេចចិត្តចំពោះរឿងរ៉ាវផ្សេងៗថា យល់ស្រប ឬមិនយល់ស្រប។ ហេតុនេះទើបការគិតវិភាគ ជាលំនាំវាស់ស្ទង់ ឬការចាត់
ក្រុម ដោយអាស្រ័យលើលក្ខខណ្ឌដែលធ្លាប់ទទួលស្គាល់រួមគ្នាមកតាំងពីមុន រួចហើយសរុបឬពិចារណាសម្រេចចិត្ត។

          ហ្គូត​​​​​​ (Good. 1956) បានផ្តល់និយមន័យការគិតវិភាគថា ជាការគិតយ៉ាងហ្មត់ចត់​ទៅតាមគោលការណ៍នៃការវាយតម្លៃ​និងមាន
មូលដ្ឋាន​អំណះអំណាង ដើម្បីរកសេចក្តីសន្និដ្ឋានដែលអាចទៅរួចរហូតទៅដល់ការពិចារណាពីធាតុផ្សំដែលពាក់ព័ន្ធទាំងអស់ ហើយ
ប្រើវិធីសាស្រ្ត​តក្កវិជ្ជាបានយ៉ាង​ត្រឹម​ត្រូវនិងសមហេតុសមផល។

          ហានណា និង ម៉ៃឃើលីស (Hannah and Michaelis. 1977) ផ្តល់និយមន័យនៃការគិតវិភាគថា ជាសមត្ថភាពក្នុងការបំបែកផ្នែក
តូចៗ​នៃវត្ថុនានា ដើម្បីមើលនូវភាពសំខាន់ សម្ពន្ធភាព​ និងគោលការណ៍នៃភាពអាចទៅរួច។

          ផ្តើមចេញពីអ្វីបានលើកឡើងខាងលើ យើងអាចសរុបនិយមន័យនៃការគិតវិភាគបានថា    ជាសមត្ថភាពបំបែកផ្នែកតូចៗនៃហេតុ
ការណ៍ រឿងរ៉ាវ ឬខ្លឹមសារផ្សេងៗថា រួមផ្សំដោយអ្វី មានគោលដៅ​ និងគោលបំណងបែបណា ហើយផ្នែកតូចៗដែលសំខាន់នោះហេតុការណ៍​នីមួយៗ​ពាក់ព័ន្ធគ្នា​​យ៉ាងដូចម្តេចខ្លះ ព្រមទាំងពាក់ព័ន្ធគ្នាដោយអាស្រ័យលើគោលការណ៍ណា។​ លំនាំនេះគឺដើម្បីឲ្យមាន​ភាពជាក់
ច្បាស់និងភាពយល់ច្បាស់ រហូតអាចនាំទៅដល់ការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ និងសមស្រប។

Book not found !!!!!!!!!! 

 

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017