យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

កុំយករឿងតូចតាចមកធ្វើបាបខ្លួនឯង

ចេញថ្ងៃទីៈ [23-06-2014] | បើកមើលៈ 4167 | Print |



 នេះគឺជារឿងសោកនាដកម្មដ៏ល្វីងជូរចត់មួយដែលធ្វើឲ្យខ្ញុំចងចាំមិនភ្លេច!

         

            រ៉ូបឺត មួរ (Robert Moore) ស្នាក់នៅផ្ទះលេខ 14 រុក្ខវិថីហៃឡិនដ៏ ម៉ាពិលវូដ រដ្ធញូវជេស៊ី បានរៀបរាប់ដំណើររឿង...

          "ខ្ញុំបានទទួលមេរៀនដ៏អស្ចារ្យបំផុតក្នុងជីវិត នៅខែមិនា ឆ្នាំ​1945...​នៅកណ្តាលមហាសមុទ្រជម្រៅ 84 ម. នៅជ្រោយឥណ្ឌូចិន...

ខ្ញុំជាយុទ្ធជនម្នាក់ក្នុងបណ្តាយុទ្ធជនទាំង 88 នាក់ដែលប្រចាំការលើនាវាមុជទឹក បាយ៉ា អិស​ អិស 318... នៅខណៈនោះយើងទទួលបាន

ពត៌មានពីគ្រឿងរ៉ាដាថា មានក្បួននាវាដឹកជញ្ជូនខ្នាតតូចរបស់ជប៉ុនកំពុងតំរង់ក្បាលមករកពួកយើង... នៅព្រលឹមស្រាងៗថ្ងៃនោះ

យើងបានបញ្ជានាវាចុះទៅក្រោមទឹកដើម្បីត្រៀមធ្វើការវាយប្រហារ... ខ្ញុំមើលតាមកែវឆ្លុះរបស់នាវាមុជទឹកឃើញថា មាននាវាពិឃាត

របស់ជប៉ុនមួយគ្រឿងនៅអមការពារនាវាដឹកប្រេងនិងនាវាទម្លាក់គ្រាប់បែក។ យើងបាញ់កាំជ្រួច ទ័រពីដូ​​ 3 គ្រាប់សំដៅទៅលើនាវាពិឃាត

តែខុសគោលដៅ... បញ្ហានេះមកពីមានខូចអ្វីម្យ៉ាងនៅក្នុងកាំជ្រួចទាំងនោះ ហើយនាវាពិឃាតរបស់ខ្មាំងនៅតែធ្វើដំណើរជាធម្មតាដោយ

មិនដឹងថាត្រូវយើងវាយប្រហារជាបន្តបន្ទាប់អ្វីទេ"។

          "ខណៈពេលយើងវាយប្រហារទៅលើនាវាទម្លាក់គ្រាប់បែកដែលនៅពីក្រោយគេបង្អស់ ស្រាប់តែនាវានោះបែរក្បាលជាបន្ទាន់

តម្រង់មករកពួកយើង (ដោយសារតែយន្តហោះយកការណ៍របស់ជប៉ុនដឹងថា ពួកយើងស្ថិតនៅក្នុងរយៈជម្រៅ 18 ម. ក្រោមផ្ទៃសមុទ្រ

ហើយគេក៏បញ្ជូនដំណឹងឲ្យនាវាបាញ់គ្រាប់បែកនោះដឹង) យើងក៏មុជទៅក្រោមជម្រៅប្រមាណ 45​ ម. ដើម្បីគេចឲ្យផុតពីការត្រួតចាប់

របស់សត្រូវ...​ យើងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យមានសំឡេងញ័ររញ្ជួយតិចបំផុត ដូចជាបិទកង្ហារ បិទម៉ាស៊ីនត្រជាក់ និងបិទគ្រឿងម៉ាស៊ីន

ផ្សេងៗ"។

          "ក្រោយពីនោះមកត្រឹមតែ 3 នាទី ប្រៀបដូចធ្លាក់នរក មានគ្រាប់បែកផ្ទុះចំនួន 6 គ្រាប់ផ្ទួនៗគ្នានៅជិតៗនាវាមុជទឹករបស់យើង

ជំរុញនាវាឲ្យធ្លាក់ជ្រៅទៅក្រោមជម្រៅសមុទ្រ 84 ម. ធ្វើឲ្យពួកយើងភ័យលស់ព្រលឹងគ្រប់ៗគ្នា។ ការវាយប្រហារដោយគ្រាប់បែកក្រោម

ទឹក នឹងគ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរទេបើនាវានៅក្រោមរយៈជម្រៅ 300​ ម. តែបើនាវានៅក្រោមរយៈជម្រៅ 150 ម. យើងអាចមានគ្រោះថ្នាក់

ធ្ងន់ធ្ងរ... ប៉ុន្តែពេលនេះយើងស្ថិតនៅត្រឹមតែ​រយៈជម្រៅតែ 84 ម. ប៉ុណ្ណោះ!... នោះបានន័យថាសេចក្តីស្លាប់នៅនឹងចុងច្រមុះប៉ុណ្ណោះ។

នាវាទម្លាក់គ្រាប់បែក បានទម្លាក់គ្រាប់បែកមកក្នុងជម្រៅកាន់តែជ្រៅជាបន្តបន្ទាប់អស់រយៈពេល 15 ម៉ោង... ប្រសិនបើគ្រាប់បែក

ណាមួយធ្លាក់់មកក្បែរនាវាត្រឹមតែ 5 ម. គ្រាប់បែកនឹងទម្លុះឲ្យធ្លុះនាវា... បានន័យថា គឺជាទីអវសាន្តរបស់យើង... តែជាសំណាងល្អមាន

គ្រាប់បែកជិតនាវាបំផុតត្រឹម 15 ម​. ប៉ុណ្ណោះ។ យើងទទួលបញ្ជាឲ្យដេកយ៉ាងស្ងៀមស្ងាត់នៅលើបង់ (គ្រែត្រួតគ្នាជាថ្នាក់)និងតាំងស្មារតី

ឲ្យនឹងនរ... ខ្ញុំភ័យដង្ហក់ ដកដង្ហើមស្ទើរមិនដល់គ្នា"។

          "យើងកំពុងរង់ចាំសេចក្ដីស្លាប់!... ខ្ញុំនឹកឃើញរឿងបែបនេះដដែលៗ... យើងកំពុងរង់ចាំសេចក្តីស្លាប់!... សូម្បីតែសីតុណ្ហភាព

នៅលើនាវាមានកម្តៅដល់ 40 អង្សា ដោយសារតែយើងបិទកង្ហារ បិទម៉ាស៊ីនត្រជាក់ តែសេចក្ដីភ័យខ្លាចធ្វើឲ្យខ្ញុំរងាឡើងញ័រខ្លួនទទ្រើក

រហូតយកអាវរងាមកពាក់ក៏នៅតែមិនបាត់... ខ្ញុំរងាឡើងរណ្តំថ្គាម ហើយថែមទាំងបែកញើសផងដែរ... គឺញើសរបស់មនុស្សដែល

យមរាជកំពុងរង់ចាំយកជីវិតនោះឯង...​ ការវាយប្រហារប្រព្រឹត្តទៅរហូតដល់​ 15 ម៉ោងទើបឈប់។ គេឈប់ព្រោះតែគេប្រើគ្រាប់បែកអស់

រលីងហើយ ទើបគេត្រលប់ទៅវិញ"។

          "15 ម៉ោងនេះរាប់ថាជារយៈពេលដ៏យូរ... យូរស្មើរនឹង 15 លានឆ្នាំ... ក្នុងរយៈពេលនេះខ្ញុំបានត្រិះរិះពីជីវិតរបស់ខ្ញុំ នឹកឃើញពី

កម្សោយភាពរបស់ខ្លួនបានប្រព្រឹត្តមក​ នឹកទៅដល់ភាពល្ងង់ខ្លៅដែលត្រូវរងទុក្ខជាមួយរឿងដែលពុំមានសារៈសំខាន់អ្វីសោះ... មុនពេល

មកធ្វើជាកងទ័ពជើងទឹក ខ្ញុំធ្លាប់ធ្វើការផ្នែកបញ្ជីនៅធនាគារមួយកន្លែង... ខ្ញុំធ្លាប់កើតទុក្ខពីរឿងម៉ោងធ្វើការយូរពេក ប្រាក់ខែតិច ឱកាស

ដែលនឹងបានឡើងដំណែងមានតិចតួចបំផុត... ខ្ញុំធ្លាប់កើតទុក្ខព្រោះតែមិនទាន់មានផ្ទះដែលជារបស់ខ្លួនឯង គ្មានលទ្ធភាពទិញរថយន្តថ្មីៗ

គ្មាលលទ្ធភាពទិញខោអាវល្អៗឲ្យប្រពន្ធ... ខ្ញុំស្អប់ចៅហ្វាយរបស់ខ្ញុំខ្លាំងណាស់! គាត់ចូលចិត្តរអ៊ូរទាំនិងស្តីបន្ទោសឲ្យជាប្រចាំ។

ក្រៅពីនេះ ខ្ញុំមានរបួសលើថ្ងាសដោយគ្រោះថ្នាក់រថយន្តដែលធ្វើឲ្យខ្ញុំគិតមមៃពីវាគ្មានបានធូរស្រាលចិត្តអ្វីបន្តិចឡើយ..."

          "កាលពីមុននេះ ខ្ញុំតែងតែសម្លឹងមើលអ្វីៗ ដោយផ្តោតអារម្មណ៍ទៅឃើញតែទុក្ខសោកវិបត្តិស្ទើរតែគ្រប់ៗរឿង! តែបន្ទាប់ពី

ការវាយប្រហារដោយគ្រាប់បែកទឹក ដែលប្រៀបដូចជាមច្ចុរាជកំពុងយារដៃផ្តាច់ជីវិត ខ្ញុំស្រាប់តែភ្ញាក់រឭកនឹកឃើញថា ទុក្ខរបស់ខ្ញុំ

កាលពីមុនសុទ្ធតែជារឿងកំប៉ិកកំប៉ុកប៉ុណ្ណោះ។ ខ្ញុំបានសច្ចាក្នុងចិត្តថា បើខ្ញុំបានរួចពីស្លាប់បានឃើញពន្លឺព្រះអាទិត្យជាថ្មី ខ្ញុំនឹង

មិនបណ្តោយឲ្យខ្លួនឯងកើតទុក្ខទៅលើរឿងអ្វីទៀតឡើយ! ខ្ញុំមិនធ្វើបែបនេះទៀតវាដាច់ខាត!!!"

          "ខ្ញុំបានរៀនពីសិល្បៈនៃការទ្រទ្រង់ជីវិតលើនាវាមុជទឹក ខណៈពេលកំពុងរងការវាយប្រហារដោយគ្រាប់បែកក្នុងទឹក ធ្វើឲ្យភ័យ

បះសក់អស់រយៈពេល 15 ម៉ោង ច្រើនលើសពីអ្វីដែលខ្ញុំរៀនបានតាមសៀវភៅក្នុងរយៈពេល 4 ឆ្នាំពីមហាវិទ្យាល័យស៊ីរ៉ាឃ្យូទៅទៀត"។

          មនុស្សយើងច្រើនតែពេញចិត្តព្រមប្រឈមមុខនឹងហេតុការណ៍ធំៗ ប៉ុន្តែពេលជួបនឹងរឿងតូចតាចគេបែរជាមិនហ៊ានតស៊ូជាមួយ

ទៅវិញ ឧទាហរណ៍ដូចជាសាមុយអែល ប៉េពិស៍ រៀបរាប់នៅក្នុង "សៀវភៅកំណត់ហេតុ" របស់គេ អំពីរូបភាពកាលនៅពេល

ស៊័រ ហេរី​​ វែន ត្រូវគេកាត់កនៅទីក្រុងឡុងដ៏ កាលពីសម័យមុនឯណោះ។ គេសរសេរថា ខណៈពេល ស៊័រ ហេរី​​ វែន ត្រូវគេបណ្តើរ

ឡើងទៅដល់ទីកន្លែងប្រហារជីវិត គាត់មិនអង្វរករពួកពេជ្ឃឃាតដើម្បីសុំរួចជីវិតទេ គាត់សុំត្រឹមតែឲ្យគេកាត់ករបស់ខ្លួនឲ្យដាច់ភ្លាមៗ

ដើម្បីកុំឲ្យមានការឈឺចាប់។

          ដូចគ្នានេះដែរកាលឧត្តមនាវីឯក បឺដ ចុះទៅស្រាវជ្រាវភូមិសាស្ត្រនៅតំបន់ប៉ូលខាងជើងនៅឆ្នាំ 1926 (មុនមកស្រាវជ្រាវនៅតំបន់

ប៉ូលខាងត្បូង ឆ្នាំ1928-29) ដែលពេលយប់នៅទីនោះមានសភាពងងឹតស្លុប ធាតុអាកាសដ៏ត្រជាក់ដល់កម្រិតបុគ្គលិកកម្មកររបស់គាត់ក៏

យកគ្រឿងបន្តិចបន្តួច មកសម្តែងធ្វើអស្ចារ្យដូចរឿងធំប្រៀបដូចជា "មិនខ្លាចស្លាប់ តែខ្លាចឈឺក"​ ដូច្នោះ។ ពួកគេទាំងនោះអាចអត់ទ្រាំ

បានដោយមិនចាំបាច់ឮមាត់ឮកអ្វីមួយមាត់ចំពោះគ្រោះថ្នាក់ ឧបសគ្គនិងក្តីលំបាកផ្សេងៗរាប់សិបប្រការ និងអាចទ្រាំជាមួយអាកាសធាតុ

ត្រជាក់ 45 អង្សាក្រោមសូន្យ ប៉ុន្តែពួកគេទាំងនោះមិនអាចអត់ទ្រាំនឹងរឿងកំប៉ិកកំប៉ុកតូចតាច ដូចជាករណីកម្មករពីរនាក់ដែលដេកលើ

គ្រែជាមួយគ្នា តែមិននិយាយរកគ្នាដោយសារម្នាក់បានដាក់អីវ៉ាន់ខិតជ្រុលទៅលើកន្លែងរបស់ម្នាក់ទៀត ហើយមានម្នាក់ទៀតលេប

អាហារមិនចូលទេ លុះត្រាតែគេបានទៅអង្គុយយ៉ាងស្ងៀមស្ងាត់នៅឯហាងបាយនៅសង្កាត់ហ្វ្លេតឆឺរីល ហើយគេទំពារទាល់តែគ្រប់ 28

ដង ទើបលេបចូលបានមួយម៉ាត់ៗ។

          "នៅឯជំរំស្នាក់នៅនាតំបន់ប៉ូលខាងជើង" ឧត្តមនាវីឯកនិយាយ "រឿងតូចតាចអាចក្លាយជារឿងធំ សូម្បីតែកម្មករដែលមានវិន័យ

ល្អបំផុតក៏អាចក្លាយជាមនុស្សឆេវឆាវដល់ថ្នាក់លែងដឹងក្បាលកន្ទុយបានដែរ"

          ពាក្យសម្តីរបស់ឧត្តមនាវីឯក បឺដ ក៏អាចយកមកប្រើប្រាស់សំរាប់ជីវិតគូស្រករបានដែរ "រឿងតូចតាចក្លាយជាធំ ជាហេតុធ្វើឲ្យ

គូស្រករលើលោកនេះត្រូវធ្លាក់ទៅរកការឈឺចាប់និងបែកបាក់"។

          នេះគឺជាការពិតដែលធ្លាប់មានអ្នកជួបរួចមកហើយ ដូចករណីលោកចៅក្រម ចូសេហ្វ សាបាត់ នៅឈីកាហ្គោ ដែលគាត់ធ្លាប់បាន

កាត់ក្តីលែងលះប្តីប្រពន្ធ ដែលគ្មានសេចក្តីសុខជាមួយគ្នាលើសពី 40​ 000 គូមកហើយ គាត់បានបង្ហើបប្រាប់ថា "រឿងតូចតាចជា

ដើមហេតុដ៏សំខាន់ធ្វើឲ្យគូស្រករគ្មានសេចក្តីសុខជាមួយគ្នា" ចំណែកលោក ហ្រ្វែង អិស ហូហ្កេន អយ្យការក្រុងញូវយ៉ក បានពោលថា

"ពាក់កណ្តាលនៃរឿងកាត់ក្តី្កក្នុងតុលាការមានដើមហេតុមកពីរឿងតូចតាច... មានជាអាទិដូចជាធ្វើខ្លួនដូចអ្នកលេងនៅតាមតៀមស្រា

ឈ្លោះប្រកែកក្នុងគ្រួសារ និយាយគងសម្តីគ្នា ប្រើពាក្យប្រមាថមើលងាយ ប្រើអាក្បកិរិយាពាលថោកទាប... គឺសុទ្ធសឹងតែជារឿង

តូចតាចដែលនាំទៅរកការបង្កគ្រោះថ្នាក់ដក់រាងកាយនិងឃាតកម្ម... មនុស្សយើងមានត្រឹមតែមួយភាគតូចប៉ុណ្តោះដែលមានចិត្តសាហាវ

ឃោរឃៅហើយមានចេតនាបំពានច្បាប់។ តាមពិតទៅ មូលហេតុទាំងនោះគឺជារឿងតូចតាចដែលមិនគួរបង្កើតជារឿងទោសៈធំដុំ

ឬយកកត្តិយសមកលេងសើច ដែលពាក់កណ្តាលនៃអ្នករងគ្រោះឈឺចាប់លើលោក បណ្តាលមកពីរឿងតូចតាចនោះឯង។

          កាល អ៊ីលីណរ រ៉ូសឺរវេលត៍ ទើបនឹងរៀបការថ្មីៗជាមួយ ហ្រ្វែងគ្លិន រ៉ូសឺវេលត៍ គាត់លំបាកចិត្តដោយសារចុងភៅថ្មីធ្វើម្ហូបមិនត្រូវ

មាត់...

          "ឥឡូវនេះ" គាត់និយាយថា "  ខ្ញុំគ្រាន់តែញាក់ស្មាប៉ុណ្ណោះ មិនយកមកទុកក្នុងចិត្តនាំឲ្យឈឺក្បាលអ្វីឡើយ"

          ល្អហើយដែលគាត់ដឹងខ្លួនទាន់ ព្រោះការប្រមូលរឿងតូចតាចមកទុកក្នុងចិត្ត​ នោះគឺជារឿងរបស់កូនក្មេងប៉ុណ្ណោះ។ សូម្បីតែ

ព្រះរាជានី កាតឺរីន មាហារាជិនីនៃប្រទេសរុស្សី ដែលគ្រប់គ្រងប្រទេសតាមរបបផ្តាច់ការ ព្រះនាងបែរជាអស់សំណើចនៅពេលចុងភៅ

ធ្វើម្ហូបមិនសព្វព្រះទ័យ។

          គ្រាមួយអ្នកស្រី កានេហ្ស៊ី (ភរិយាខ្ញុំ)និងខ្ញុំ បានទៅទទួលទានអាហារពេលល្ងាចនៅផ្ទះមិត្តភក្កិម្នាក់នៅក្រុងឈីកាហ្គោ។

ពេលអ្នកបំរើយកកាំបិតមកហាន់សាច់នៅលើតុ គេបានប្រព្រឹត្តរឿងមិនសមរម្យមួយ ខ្ញុំមិនបានសង្កេតឃើញទេ ឬបើបានឃើញក៏ខ្ញុំមិន

ប្រកាន់អ្វីដែរ តែភរិយាម្ចាស់ផ្ទះគាត់មើលឃើញ ហើយគំហកនៅនឹងមុខគេឯងថា "ចន! ម៉េចក៏ធ្វើអញ្ចឹង?... ដូចជាមិនចេះរបៀបរបប

អ្វីសោះ!"។

          បន្ទាប់មកគាត់ក៏ងាកមកនិយាយនឹងពួកយើងវិញ "ចន ច្រើនតែប្រហែស! មិនសូវចេះធ្វើអ្វីឲ្យត្រឹមត្រូវដូចគេឯងទេ!"។ ប្រហែល

មកពីអ្នកបំរើនោះហាន់សាច់មិនបានល្អ តែខ្ញុំដឹងថាគេពូកែអត់ធ្មត់ណាស់ បើមិនអញ្ចឹងទេគេមុខជាមិនអាចធ្វើការនៅផ្ទះនោះបានរហូត

ដល់ 20 ឆ្នាំនេះទេ។ សូមនិយាយដោយស្មោះចុះ ខ្ញុំសុខចិត្តទទួលទាន ហតដក លាបម៉ាស់ស្តាតពីរចំណិត ក្នុងបរិយាកាសស្ងប់សុខ

ប្រសើរជាងទទួលទានទាខ្វៃ ត្រចៀកឆ្លាម ក្រោមសម្តីជេរប្រទេចរបស់ចៅហ្វាយស្រីម្ចាស់ផ្ទះបែបនេះ។

          ក្រោយពីនោះមកមិនយូរប៉ុន្មាន អ្នកស្រី កានេហ្ស៊ី និងខ្ញុំ បានអញ្ជើញមិត្តភក្តិមួយចំនួនមកទទួលទានអាហារនៅនឹងផ្ទះ។

មុនពេលភ្ញៀវមកដល់បន្តិច អ្នកស្រី កានេហ្ស៊ី ឃើញថាមានក្រណាត់ជូតមាត់បីបួនផ្ទាំង មានពណ៌ខុសពីពណ៌ឈុតកម្រាលតុ។

ថ្ងៃក្រោយមកគាត់បានរៀបរាប់ប្រាប់ខ្ញុំថា...

             "ខ្ញុំស្ទុះវឹងសំដៅផ្ទះបាយទើបដឹងថា ខ្វះក្រណាត់ជូតមាត់ពីរបីផ្ទាំង គេកំពុងតែអ៊ុត... ស្រាប់តែភ្ញៀវចូលមកដល់ល្មម ប្តូរលែង

ទាន់ហើយ... ខ្ញុំស្ទើរតែស្រែកយំ តែខ្ញុំគិតថា "តើត្រូវឲ្យគំនិតល្ងីល្ងើនេះមកបំផ្លាញក្តីសុខរបស់ខ្ញុំពេញមួយល្ងាចនេះ ឬយ៉ាងណា?"

បន្ទាប់មកខ្ញុំក៏ពិចារណាចុះឡើង "ហេតុអ្វីខ្ញុំត្រូវសុខចិត្តឲ្យវាមកបំផ្លាញក្តីសុខរបស់ខ្លួនពេញមួយល្ងាចនោះ?" ក្រោយមកខ្ញុំក៏ចូលទៅក្នុង

ផ្ទះបាយបង្កបរិយាកាសរីករាយឡើងវិញ... ខ្ញុំធ្វើបានសម្រេច!... ខ្ញុំសុខចិត្តឲ្យមិត្តភក្តិមួយចំនួនគេថាខ្ញុំជាមេផ្ទះមិនសូវម៉ត់ចត់ ល្អជាង

កើតទុក្ខធ្វើមុខក្រញ៉ូវ... តែលុះដល់មែនទែនទៅ ខ្ញុំសង្កេតឃើញថាគ្មានភ្ញៀវណាយកចិត្តទុកដាក់ទៅលើក្រណាត់ជូតមាត់ដែលខុស

ពណ៌ពីរបីផ្ទាំងនោះឡើយ..."

          មានគោលការណ៍ច្បាប់មួយដែលគេដឹងជាទូទៅ "De minimis non curat lex-" ប្រែថា "ច្បាប់នឹងមិនយកទោសពៃរ៍លើកំហុស

បន្តិចបន្តួចទេ!"... ក្នុងន័យប្រហាក់ប្រហែលគ្នានេះដែរ សម្រាប់អ្នកចូលចិត្តសន្សំទុក្ខ បើគេចង់ឲ្យចិត្តរបស់ខ្លួនប្រាសចាកពីទុក្ខ

គេមិនត្រូវខ្វល់ខ្វាយនឹងកំហុសបន្តិចបន្តួចនោះទេ។

          មនុស្សគ្រប់រូបតែងប្រាថ្នាឲ្យពេលវេលាភាគច្រើននៃជីវិត យកឈ្នះបានលើរឿងរំខានចិត្តបន្តិចបន្តួចដែលអាចក្លាយជារឿងធំ

នោះ គេអាចធ្វើសម្រេចដោយការធ្វើចិត្តឲ្យជ្រះស្រលះហើយប្តូរអារម្មណ៍ឲ្យចេញផុតពីរឿងនោះ... មិត្តរបស់ខ្ញុំម្នាក់ឈ្មោះ ហូម័រ ក្រយ

(Homer Croy) អ្នកនិពន្ធរឿងប្រលោមលោកមានឈ្មោះថា "គេត្រូវទៅកម្សាន្តនៅប៉ារីស" ព្រមទាំងរឿងដទៃទៀតប្រហែលមួយឡូ

បានផ្តល់បទពិសោធដ៏វិសេសមួយដែលថាតើគួរធ្វើដូចម្តេច តាមដែលរូបគេធ្លាប់អនុវត្តរួចមកហើយ ហើយដែលទទួលលទ្ធផលដូច្នេះថា

នៅខណៈពេលគេអង្គុយនិពន្ធសៀវភៅក្នុងបន្ទប់របស់ខ្លួនឯញ៉ូវយ៉ក​ គេស្ទើរតែឆ្កួតដោយសារសំឡេងម៉ាស៊ីនកម្តៅដែលបន្លឺមកជាប្រចាំ។

សំឡេងចំហាយទឹកបន្លឺឡើងឈីតឆតៗ ធ្វើឲ្យរំខានប្រសាទរបស់គេខណៈពេលកំពុងប្រើខួរក្បាលនៅនឹងតុសរសេរនោះ។

          "ប៉ុន្តែក្រោយពីនោះមក" ហូរម័រ និយាយ "ខ្ញុំចេញទៅកម្សាន្តព្រៃភ្នំជាមួយមិត្តភក្តិ... នៅខណៈពេលខ្ញុំស្ដាប់សំឡេងឧសផ្ទុះផស់ៗ

ក្នុងគំនរភ្លើងដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ​​ ដែលយើងដុតសម្រាប់ផ្តល់កម្តៅនៅក្បែររោងសំណាក់ ខ្ញុំក៏នឹកទៅដល់ម៉ាស៊ីនកម្តៅនៅ

ឯបន្ទប់ខ្ញុំនោះភ្លាមដែរ ព្រោះសំឡេងរបស់វាបន្លឺមកប្រហាក់ប្រហែលគ្នា... ខ្ញុំក៏លើកជាសំណួរសួរខ្លួនឯងថា ហេតុអ្វីក៏ខ្ញុំពេញចិត្តនឹង

សំឡេងនេះឯង តែស្អប់សំឡេងនោះ? លុះពេលត្រលប់មកដល់បន្ទប់វិញ ខ្ញុំក៏គិតនៅក្នុងចិត្ត "សំឡេងឧសផ្ទុះក្នុងគំនរភ្លើងនៅឯព្រៃគួរឲ្យ

ពិរោះណាស់!... សំឡេងម៉ាស៊ីនកម្តៅក៏ពិរោះត្រចៀកដូចគ្នាដែរ... ខ្ញុំនឹងលែងខ្វល់ពីវាតទៅទៀត ហើយដេកឲ្យលក់ស្រួលម្ដងមើល៍!"

ខ្ញុំធ្វើទៅតាមអ្វីគ្រប់យ៉ាងដែលខ្ញុំគិត។ ពីរបីថ្ងៃដំបូងសំលេងនោះនៅតែទាស់ត្រចៀកខ្លះដែរ...​តែក្រោយៗមកខ្ញុំក៏ភ្លេចវាអស់រលីង"​

          "គឺវាដូចគ្នានឹងរឿងក្ដៅក្រហាយបន្តិចបន្តួចដូច្នោះដែរ​​ កាលបើយើងមិនពេញចិត្ត ហើយគិតថាវាជារឿងក្ដៅក្រហាយ នោះមកពី

យើងលើកទូលថាវាជារឿងធំដុំ​ មានសារៈសំខាន់នោះឯង!"

          ឌីស្រាអេលី ពោលថា "ជីវិតនេះខ្លីហួសនឹងគិតពីរឿងតូចតាចហើយ"។ អង់ដេ​ម៉ូរ័រ សរសេរនៅក្នុងទស្សនាវដ្តី ឌិសវីក មាន

សេចក្តីថា "សម្តីមួយឃ្លានេះជួយឲ្យខ្ញុំឆ្លងផុតរឿងក្តៅក្រហាយមិនដឹងជាប៉ុន្មានលើកហើយទេ!... យើងតែងតែបណ្តោយឲ្យខូចអារម្មណ៍

និងកើតទុក្ខក្ដៅក្រហាយចំពោះរឿងបន្តិចបន្តួច ដែលតាមពិតយើងគួរតែបំភ្លេចវាចោលទៅ... យើងម្នាក់ៗមានជីវិតលើលោកនេះមិន

ប៉ុន្មានទស្សវត្សប៉ុណ្ណោះ រឿងអីត្រូវមកបង្ខាតពេលវេលាដែលមិនអាចរកមកជំនួសវិញបានដោយជ្រមុជខ្លួនឯងឲ្យលិចទៅក្នុងអន្លង់ទុក្ខ

ដូច្នោះ? ក្តីទុក្ខសោកដែលកើតឡើងក្នុងរយៈពេលមួយឆ្នាំប៉ុណ្ណោះ ម្នាក់ៗមុខជាភ្លេចទៅវិញជាដដែលទេ! ដូច្នេះសូមកុំទុក្ខសោកអី

កុំព្រូយបារម្ភអី យើងត្រូវបំពេញឲ្យជីវិតនូវអ្វីដែលស័ក្តិសមតម្លៃទាំងការប្រព្រឹត្តនិងអារម្មណ៍ ដើម្បើប្រើខួរក្បាលទៅគិតលើរឿងអ្វីដែល

មានប្រយោជន៍ ដើម្បីផ្ដល់ក្តីស្រលាញ់ដល់ចិត្តបរិសុទ្ធ និងដើម្បីពុះពារព្យាយាមទៅលើកិច្ចការរបស់យើង...អ្វីទាំងនេះព្រោះតែ ជីវិតយើង

មិនវែងគ្រប់គ្រាន់សម្រាប់យកពេលមកគិតរឿងកំប៉ិកកំប៉ុកនោះទេ!"។

          សូម្បីតែអ្នកនិពន្ធដ៏ល្បីល្បាញដូច រុដយ៉ាដ​ ឃិបព្លិង (Rudtard Kipling) ក៏នៅតែមានពេលភ្លេចថា "ជីវិតនេះមិនវែងគ្រប់គ្រាន់

សម្រាប់រឿងតូចតាច"​ នេះដែរ។ តើលទ្ធផលដូចម្តេចខ្លះ?... គេមានរឿងជាមួយបងថ្លៃ​ រហូតបែករឿងល្បីសុសសាយពេញតុលាការរដ្ធ

វ័រម៉ុនត៍ ជារឿងក្ដីរហូតគេសរសេរបានសៀវភៅមួយក្បាលឈ្មោះ "រឿងក្តីចងអាឃាតនៅ វ័រម៉ុនត៍" របស់ រុដយ៉ាដ​ ឃិបព្លិង នេះឯង។

          រឿងមានដូចតទៅ​ "ឃិបព្លិងរៀបការជាមួយនារីម្នាក់នៅរដ្ធវ័រម៉ុនត៍ ឈ្មោះ ខារ៉ូឡាញ​​ បាឡិសស្ទៀ ហើយគេសង់គេហដ្ឋានដ៏

ស្កឹមស្កៃនៅ ប្រេថឹលបូរ៉ូ រដ្ធវ័រម៉ុនត៍។ ឃិបព្លិង មានបងប្រុសរបស់ប្រពន្ធម្នាក់ឈ្មោះ ប៊ិតទី បាឡិសស្ទៀ ដែលក្លាយមកជាមិត្តដ៏ជិតស្និទ្ធ

នឹងខ្លួនផងដែរ។ អ្នកទាំងពីរធ្វើការជាមួយគ្នា ដើរលេងជាមួយគ្នា ជារៀងរហូតមក។

          ថ្ងៃមួយ ឃិបព្លិង បានទិញដីមួយកន្លែងពីបងប្រុសរបស់ខ្លួន ដោយបានធ្វើកិច្ចព្រមព្រៀងគ្នាថា​ នឹងអនុញ្ញាតឲ្យបងថ្លៃនោះច្រូត

ស្មៅនៅគ្រប់រដូវ។ ថ្ងៃមួយប៊ិតទី​ ដឹងថា ឃិបព្លិង កំពុងច្រូតស្មៅក្នុងចំការដើម្បីធ្វើសួនដាំផ្កា​ គេក៏ផ្ទុះកំហឹងភ្លាម។ ដោយប្រកែកតវ៉ាគ្នា

នោះឯងដែលធ្វើឲ្យទាស់សម្តីគ្នាយ៉ាងខ្លាំង។

          ប៉ុន្មានថ្ងៃបន្ទាប់ពីនោះ ខណៈពេល ឃិបព្លិង កំពុងជិះកង់តាមផ្លូវ​បងថ្លៃគេក៏បរទេះសេះព្រមទាំងដឹកសេះជាច្រើនក្បាលកាត់ពីមុខ

ជាបន្ទាន់ ធ្វើឲ្យ​ ឃិបព្លិង​ចាប់ហ្រ្វាំងកង់មិនទាន់ក៏ប៉ះគ្នារលំដួលទាំងកង់ទាំងមនុស្ស​ទៅ។ ផលបន្ទាប់មកគឺ ឃិបព្លិង អ្នកនិពន្ធពាក្យ

ពំនោល​ "សូមរម្ងាប់អារម្មណ៍ឲ្យបានល្អ ទោះបីនៅជុំវិញខ្លួនអ្នកមានសុទ្ធតែមនុស្សទោសៈមោហៈនិងថ្កោលទោសអ្នកក៏ដោយ" ដែល

មិនអាចរម្ងាប់អារម្មណ៍បាន ក៏ស្បថស្បែថាខ្លួននឹងប្តឹងប៉ូលិសមកចាប់ ប៊ិតទី ឲ្យទាល់តែបាន។ ក្រោយមកតុលាការក៏កាត់ក្តីរឿងដ៏

ល្បីសុសសាយនេះ។ អ្នកពត៌មានពីក្រុងធំៗលើកគ្នាចូលមកក្រុងដ៏តូចមួយនេះ ពត៌មានល្បីរន្ទឺទៅពាសពេញពិភពលោក តែទាំង

ដើមចោទនិងចុងចោទនៅតែមិន​អាចស្រុះស្រួលគ្នាបាន។ ជម្លោះក្នុងគ្រានោះធ្វើឲ្យ ឃិបព្លិង និងភរិយាសុខចិត្តលះបង់គំនិតរស់នៅ

សហរដ្ឋអាមេរិកអស់មួយជីវិត។ អ្វីទាំងនេះគឺមកពីការប្រកាន់យកអារម្មណ៍និងគំនុំកំប៉ិកកំប៉ុកមកធ្វើជារឿងធំនេះឯង... រឿងស្មៅមួយ

ពំនូកសោះ!...

          ពេរីក្លេស ពោលកាលពីជាងពីរពាន់ឆ្នាំមកថា "ល្មមហើយអស់លោកទាំងឡាយអ្ហើយ... យើងអង្គុយចាំយូរពេកហើយជាមួយ

រឿងកម្ទេចកម្ទីនេះ!"

          មនុស្សយើងចូលចិត្តតែធ្វើអញ្ចឹង!...

          តទៅនេះគឺរឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ដែរ... បណ្ឌិត ហ៊ែរី អេម័រសាន់ ហ្វូស្ឌិក (Dr. Harry Emerson Fosdick) ធ្លាប់ធ្វើ

អត្ថាធិប្បាយអំពីរឿងយក្សនៅក្នុងព្រៃមួយ ដែលធ្លាប់ប្រកួតឈ្នះការប្រកួតធំៗជាច្រើនលើករួចមកហើយ ប៉ុន្តែក្រោយមកបែរជាចាញ់ដៃ

នឹងវត្ថុតូចតាចទៅវិញ។

          នៅលើខ្នងភ្នំ ឡងស៍ភីក នៅកូឡូរ៉ាដូ មានដើមឈើងាប់ដ៏ធំសម្បើមមួយដួលនៅនឹងដី។ អ្នកធម្មជាតិវិទ្យាបានអធិប្បាយឲ្យដឹងថា

ដើមឈើមួយដើមនេះបានដុះឈរអស់រយៈពេល 400 ឆ្នាំមកហើយ។ កាលសម័យគ្រីស្តុហ្វកូឡុមប៍ ឡើងគោកមកដល់តំបន់

សាន សាលវ៉ាដ័រ ដើមឈើមួយនេះទើបតែដុះឡើងមកទេ ហើយលូតធំតែមួយចំហៀងប៉ុណ្ណោះ។ ទំហំនិងកម្ពស់ធំបំផុតគឺនៅក្រោយ

ពេលពួក ភិលហ្រ្គីម ចុះមកតាំងលំនៅក្នុងស្រុក ផ្លៃម៉ៅថ៍ (Plymouth) ។ ក្នុងកំឡុងពេលនៃអាយុដ៏វែងរបស់វានេះ វាធ្លាប់ត្រូវរន្ទះបាញ់

14 ដង ត្រូវថ្មភ្នំពីកំពូលភ្នំខ្ពស់ជាង ធ្លាក់មកលើរាប់ដងមិនអស់ ត្រូវរងនឹងព្យុះធំៗរាប់មិនអស់ក្នុងរវាង 4 សត្សវត្សមកនេះ។ វាអាចយក

ឈ្នះលើគ្រោះភ័យធំៗ ហើយអាចឈរបានជារហូតមក... តែទីបំផុត មានពួកដង្កូវដួងលើកគ្នាមកចោះចូលតាមសម្បកស៊ីតហូតដល់

បណ្តូល ធ្វើឲ្យវាអស់ភាពរឹងប៉ឹងនឹងឈរបានតទៅទៀត ហើយក៏ដួលរលំទៅ... ដើមឈើមួយដើមប្រៀបបានមហាយក្សក្នុងព្រៃ ដែល

អាចឈ្នះលើអាយុដ៏វែងរាប់រយឆ្នាំ ឈ្នះបាតុភូតធម្មជាតិ ឈ្នះព្យុះកំណាច តែបែរជាមកចាញ់ដៃពួកដង្កូវដួង ដែលមនុស្សប្រើតែចង្អុលដៃ

ញិចក៏អាចឈ្នះវាបានដែរ។

          តើមនុស្សយើងអាចប្រៀបប្រដូចនឹងដើមឈើយក្សនោះបានដែរឬទេ?... យើងសុទ្ធតែអាចយកឈ្នះលើឧបសគ្គធំៗក្នុងជីវិត

ឈ្នះព្យុះកំណាច ឈ្នះផ្គររន្ទះ ឈ្នះដុំថ្មដែលធ្លាក់មកពីកំពូលភ្នំ តែបែរជាមកចាញ់ពួកដង្កូវតូចៗនៃអារម្មណ៍ក្ដៅក្រហាយបន្តិចបន្តួច...

គឺដង្កូវដែលយើងអាចកម្ទេចដោយកម្លាំងមេដៃផ្ទប់នឹងចង្អុលដៃប៉ុណ្ណោះ!...

          កាលពីប៉ុន្មានឆ្នាំមុននេះ ខ្ញុំដើរឆ្លងកាត់តាមឧទ្យានជាតិ ថេតុន រដ្ឋ វៃអូមិង ជាមួយ ឆាលស៍ សីហ្រ្វេត (Charles Seifred) ជា

នាយកដ្ឋានសាងសង់ផ្លូវថ្នល់ប្រចាំរដ្ឋ វៃអូមិង ព្រមទាំងគ្នីគ្នារបស់គេជាច្រើននាក់។ យើងត្រូវទៅកម្សាន្តនៅកន្លែងមួយក្នុងឧទ្យានមាន

ឈ្មោះថា ចន ឌី រ៉ុកគីហ្វេល័រ អិសតេត។ តែជាចៃដន្យ រថយន្តដែលខ្ញុំជិះនោះបត់ផ្លូវខុសហើយក៏វង្វេង ធ្វើឲ្យយឺតអស់ 1 ម៉ោងទម្រាំតែ

មកដល់ទ្វារចូល។ ពេលនោះរថយន្តផ្សេងៗទៀតបានឆ្លងចូលផុតអស់ហើយ។ ច្រកទ្វារចូលទៅកាន់ អិសតេត នោះជាច្រកហាមឃាត់

តែ ឆាលស៍ សៃហ្វ្រេត មានកូនសោរចាក់។ គេនៅរង់ចាំខ្ញុំនឹងមាត់ទ្វារក្រោមកម្តៅថ្ងៃ និងសម្បូរដោយវ៉ូងមូស... ហ្វូងមូសដ៏ច្រើនសន្ធឹក

សន្ធាប់ ល្មមនឹងធ្វើឲ្យអ្នកកាន់សីលអាចទៅជាខូចសតិបាន ប៉ុន្តែវាមិនអាចរំខានអារម្មណ៍របស់ ឆាលស៍ សៃហ្រ្វេត បានឡើយខណៈ

ពេលគេកំពុងរង់ចាំខ្ញុំនោះ។

          ក្នុងកំលុងពេលរង់ចាំ គេកាត់មែកឈើ អាស់ផិន (aspen) មួយមែកមកធ្វើកញ្ចែ លុះពេលយើងមកដល់​ ទន្ទឹមនឹងគេមិន​បាន

ឈ្លោះជាមួយមូស តែបែរជាឃើញគេអង្គុយផ្លុំកញ្ចែយ៉ាងសប្បាយរីករាយទៅវិញ។ ខ្ញុំបានសុំកញ្ចែនោះយកមកទុកជាអនុស្សាវរិយ៍របស់

គេ ក្នុងនាមជាបុគ្គលយល់ដឹងអំពីការមិន​យករឿងតូចតាចមកធ្វើឲ្យរំខានចិត្ត។

          ហេតុនេះដើម្បីកម្ចាត់និស្ស័យប្រមូលទុក្ខ មុននឹងទុក្ខវាមកកម្ចាត់យើង លោកអ្នកមានគោលការណ៍ពីរដូចតទៅ៖

            សុំកុំយករឿងតូចតាច​ បន្តិចបន្តួច ដែលយើងអាចបំភ្លេចវាបាន ឲ្យវាមកធ្វើឲ្យអារម្មណ៍មួរម្មង។ ចូរចងចាំថា "ជីវិតមិនវែង

គ្រប់គ្រាន់សម្រាប់មកខ្វល់អំពល់នឹងរឿងតូចតាចទាំងនេះឡើយ!"

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017