យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ប្រើអ្នកខ្លាំង ចេះចងចេះស្រាយ

ចេញថ្ងៃទីៈ [02-04-2014] | បើកមើលៈ 6154 | Print |



 

          ...នៅឆ្នាំ ៤០៨ មុនគ្រិស្តសករាជ នគរជិន ត្រូវបានបំបែកទៅជា នគរហាន់ នគរចាវ និង នគរអ៊ុយ។ អ៊ុយវិនហូវ

ស្តេចនគរអ៊ុយ បានប្រើវិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីអភិវឌ្ឍនគរអ៊ុយ ឲ្យរីកចម្រើនឆាប់រហ័ស ដោយកសាងនឹងជួសជុលប្រព័ន្ទ

បង្ហូរទឹក កែច្នៃវិធីដាំដុះឲ្យកាន់តែប្រសើរអនុវត្តនយោបាយឲ្យអាហារធញ្ញជាតិមានតម្លៃសមរម្យ។ ឆ្នាំណាភោគផលដំណាំ

សម្បូរលើសលប់ ស្តេចក៏ទទួលទិញដោយតម្លៃសមល្មម ឆ្នាំណាកើតមានគ្រោះភ័យទុរ្ភិក្ស ស្តេចនាំស្បៀងអាហារដែលទិញទុក

នោះ យកមកលក់ឲ្យប្រជារាស្រ្តក្នុងតម្លៃថោកទៅវិញ ធ្វើឲ្យតម្លៃអាហារធញ្ញជាតិមានលំនឹងប្រជារាស្ត្ររស់នៅបានសុខសាន្ត

និងអាចពង្រីកការផលិតបានកាន់តែច្រើន។ មួយផ្នែកទៀត ចំពោះអ្នកប្រាជ្ញនិងអ្នកមានសមត្ថភាពខ្ពង់ខ្ពស់ ព្រះអង្គតែងប្រតិបត្តិ

ចំពោះពួកគេដោយក្តីឱនលំទោន ព្រមទាំងរកវិធីប្រមូលផ្តុំមនុស្សពូកែដោយផ្តល់នូវសេចក្តីជឿជាក់ពិតប្រាកដក្នុងព្រះហឫទ័យ។

          កាលពីដើមនគរចុងសាន ធ្លាប់ចំណុះឲ្យនគរជិន តែលុះដល់នគរជិនបែកចេញជាបីទៅ នគរនេះក៏មិនបានចំណុះឲ្យនគរ

ណាមួយ ហើយក៏មិនបានបញ្ជូនសួយសារអាករឲ្យនគរណាដែរ។ ស្តេច អ៊ុយវិនហូវ ឈ្វេងយល់ថា ស្តេច ជីឃូ នៃនគរចុងសាន

ពុំដែលខ្វល់ពីអ្នកប្រាជ្ញ គិតតែពីរឿងបក្សពួក សេពសុរាជាប្រចាំ ងប់ងុលនឹងកាមគុណ សាហាវព្រៃផ្សៃ គ្មានគុណធម៌ទៅអនាគត

មុខតែរលំរលាយដោយស្នាដៃនគរចាវ ឬនគរហាន់ជាមិនខានទើបព្រះអង្គសម្រេចចិត្តវាយលុកនគរចុងសាន នេះឲ្យបានមុនគេ។

          នៅពេលនោះ អាមាត្យ ទីហ្វាង បានទូលក្សត្រ អ៊ុយវិនហូវ ថា

          "អ្នកដែលសក្តិសមនឹងទទួលតំណែងមេទ័ពនគរអ៊ុយ របស់យើងទូលបង្គំយល់ឃើញថា មនុស្សម្នាក់ឈ្មោះ ឡឺយ៉ាង

ដែលមកតាំងទីលំនៅ នៅតំបន់ គូឈីវ ក្នុងនគរអ៊ុយ របស់យើង... គេជាមនុស្សឈ្លាសវៃទាំងខាងផ្នែកស៊ីវិល និងទាំងខាងផ្នែក

យោធាក្រាបទូល!..."

          នាម៉ឺននិងបរិវារដទៃដែលនៅជុំវិញនោះបានឮដូច្នេះ គេក៏នាំគ្នាទូលជំទាស់ថា...

         

          "ពេលនេះ កូនប្រុសរបស់ឡឺយ៉ាង ឈ្មោះ ឡឺស៊ូ គឺជានាម៉ឺនរបស់នគរចុងសាន... តើ ឡឺយ៉ាង នឹងសុខចិត្តដឹកនាំទ័ព

ទៅវាយនគរចុងសាននោះកើតដែរឬទេ? "

          អាមាត្យ ទីហ្វាង ក៏បកស្រាយមកវិញថា...

          "ជាការពិតហើយដែលកូនប្រុសរបស់ ឡឺយ៉ាង គឺជានាម៉ឺនម្នាក់នៅនគរចុងសាននោះ... គេធ្លាប់ទាំងបានមកអញ្ជើញ

ឡៃយ៉ាង ដែលជាឪពុកឲ្យទៅគ្រប់គ្រងការងារនៅនគរចុងសានផងដែរ... ក៏ប៉ុន្តែដោយ ឡឺយ៉ាង មើលឃើញថា ក្សត្រនគរ

ចុងសាន ល្ងីល្ងើគ្មានគុណធម៌ ទើបគាត់បដិសេធមិនព្រមទៅជាដាច់ខាត!... ហេតុនេះ បើព្រះអង្កប្រទានភារកិច្ចនេះឲ្យទៅ

ឡឺយ៉ាង ទូលបង្គំជឿថា គាត់ប្រាកដជាយល់ព្រមមិនខាន... ពេលនោះបើមានជនឈ្លាសវៃ មានសមត្ថភាពព្រមមកជួយព្រះអង្គ

បែបនេះហើយ រឿងអ្វីដែលថាកិច្ចការមិនបានសម្រេចទៀតព្រះអង្គ? "

          អ៊ុយវិនហូវ យល់ឃើញថា សម្តីរបស់អាមាត្យ ទីហ្វាង ក៏សមហេតុសមផលម្យ៉ាងដែរទើបព្រះអង្គចេញរាជបញ្ជាឲ្យអាមាត្យ

ទីហ្វាង ធ្វើដំណើរទៅអញ្ជើញ ឡឺយ៉ាង ឲ្យមកចូលគាល់។ ពេល ឡឺយ៉ាង មកដល់ហើយក្សត្រអ៊ុយវិនហូវ បានត្រាស់ទៅគាត់

ដោយទឹកព្រះទ័យទូលំទូលាយថា​

          "​យើងគិតថា ចង់ប្រគល់ភារកិច្ចឲ្យលោកទៅបង្រ្កាបនគរចុងសាន ប៉ុន្តែយើងដឹងថា កូនរបស់លោក គឺជានាម៉ឺននៅនគរ

ចុងសាន... ហេតុនេះយើងមិនដឹងថា តើគួរធ្វើយ៉ាងណាទើបល្អនោះទេ!... ចំណែកលោកវិញតើលោកមានយោបល់អ្វីខ្លះទៅ

អំពីរឿងនេះ? "

          ឡឺយ៉ាង ទូល​តបដោយក្តីអំណួត និងលើកយកគុណធម៌ជាគោលថា

          "ជាតិជាកូនប្រុសដើមទ្រូងប្រាំហត្ថ ត្រូវហ៊ានពុះពារក្នុងការសាងគុណប្រយោជន៍ដល់ប្រទេសជាតិ រឿងអីត្រូវសម្ព័ន្ធ

ភាពរវាងឪពុកនឹងកូនមកឡូកឡំជាមួយនឹងកិច្ចការរបស់ប្រ
ទេសជាតិនោះ?... ប្រសិនបើទូលបង្គំគ្មានលទ្ធភាពបង្រ្កាបនគរចុងសានបានទេ... ទូលបង្គំក៏សុខចិត្តទទួលទោសតាមច្បាប់

អាជ្ញាសឹកទៅចុះក្រាបទូល! "

          អ៊ុយវិនហូវ ជាស្តេចដែលចេះប្រើអ្នកប្រាជ្ញ។ ពេលទ្រង់ព្រះសណ្តាប់សម្តីរបស់ ឡឺយ៉ាង ចប់ហើយ ព្រះអង្គទ្រង់ពេញ

ព្រះទ័យជាខ្លាំង ទើបចេញព្រះរាជបញ្ជាថា...

          "បើលោកមានការជឿជាក់លើខ្លួនឯងបែបនេះទៅហើយ តើមានរឿងអីដែលយើងមិនព្រមជឿលោកទៀតនោះ? "

          នៅឆ្នាំ ៤០៣ មុនគ្រិស្តសករាជ ស្តេចអ៊ុយវិនហូវ ក៏មានរាជឱង្ការតែងតាំង ឡឺយ៉ាង ជាមេទ័ព និង ស៊ីមិនប៉ៅ ជាមេទ័ពរង

ឲ្យដឹកនាំកងទ័ពចំនួន ៥ម៉ឺននាក់ ឆ្លងដែនដីនគរចាវ ទៅវាយនគរចុងសាន។ ក្សត្រ ជីឃូ នៃនគរចុងសាន បានចេញរាជបញ្ចា

ឲ្យមេទ័ព គូស៊ី នាំទ័ពទៅត្រៀមចាំនៅភ្នំ ជីវសាន ដើម្បីទប់ទល់នឹងការរុករានរបស់ទ័ពនគរអ៊ុយ។ ភាគីទាំងពីរប្រយុទ្ធគ្នាអូស

បន្លាយអស់រយៈពេលជាងមួយខែ ដោយមិនចាញ់មិនឈ្នះ។ ក្រោយមក ឡឺយ៉ាង គិតឃើញវិធីវាយប្រហារដោយភ្លើងម្តង។

នាយប់មួយ ឆ្លៀតឱកាសដែល គូស៊ី ផឹកស្រាស្រវឹង ឡឺយ៉ាង ក៏បញ្ជាឲ្យស៊ីមិនប៉ៅ ដឹកនាំទ័ពពិសេសមួយកង លបចូលទៅពី

ខាងក្រោយទីតាំងរបស់ទ័ពនគរចុងសាន រួចដុតភ្លើងបញ្ឆេះព្រៃយ៉ាងសន្ធោរសន្ធៅ។ គូសីមិនដឹងថា តើនឹងត្រូវទប់ទល់ដូចម្តេច

កើត ទើបបណ្តាលឲ្យបាក់ទ័ពរត់ខ្ចាត់ខ្ចាយរហូតដល់កំពែងរាជធានីរបស់នគរចុងសាន។

          កុងស៊ុនជាវ ជាអាមាត្យរបស់នគរចុងសាន បានស្នើកលឧបាយមួយដល់ស្តេច ជីឃូ ថា

          "ឡឺយ៉ាង ជាឪពុករបស់ ឡឺស៊ូ បើព្រះអង្គចេញរាជបញ្ជាឲ្យ ឡឺស៊ូ ឡើងលើកំពែងក្រុង ស្រែកបញ្ចុះបញ្ចូលឲ្យឪពុករបស់

ខ្លួនដកទ័ពថយទៅវិញតើនេះមិនមែនជាការល្អទេឬព្រះអង្គ?"

          ឮដូច្នេះ ឡឺស៊ូ ក៏ទូលជំទាស់ថា...

          "មុននេះ ទូលបង្គំបានទទួលរាជបញ្ជាពីព្រះអង្គឲ្យទៅអញ្ជើញឪពុកទូលបង្គំឲ្យគាត់ត្រឡប់មកបម្រើនៅនគរចុងសាន

ម្តងរួចមកហើយ តែគាត់ប្រកែកមិនព្រមត្រឡប់មកវិញទាល់តែសោះ!... ពេលនេះគាត់ក្លាយជាមេទ័ពនគរអ៊ុយរួចទៅហើយ...

ទូលបង្គំជាឪពុកនិងកូន សុទ្ធតែមានភារកិច្ចបំពេញតួនាទីបម្រើឲ្យម្ចាស់រៀងៗខ្លួន ធ្វើម៉េចទូលបង្គំនឹងអាចបញ្ចុះបញ្ចូលឲ្យគាត់

ដកទ័ពថយទៅវិញបាន?"

          ទោះជា ឡឺយ៉ាង ប្រកែកយ៉ាងនេះហើយក៏ដោយ ស្តេចជីឃូ នៅតែជម្នះព្រះទ័យបង្ខំឲ្យ ឡឺស៊ូ  ធ្វើតាមខ្លួនឲ្យខាងតែបាន។

​ ដោយទ័លតម្រិះមិនអាចបដិសេធបាន ឡឺស៊ូ ក៏ឡើងកំពែងក្រុងស្រែកខ្លាំងៗសុំជួបឪពុក។ ឯ ឡឺយ៉ាង ជាឪពុក ពេលបាន

ឃើញកូនប្រុសរបស់ខ្លួនធ្វើដូច្នេះ គេក៏ស្រែកស្តីបន្ទោសត្រឡប់ទៅវិញយ៉ាងខ្លាំងៗថា...

          "បុគ្គលដ៏ប្រសើរ មិនគួរពំនាក់អាស្រ័យក្នុងប្រទេសដែលប្រកបដោយគ្រោះថ្នាក់! គេនឹងមិនធ្វើឆ្កែបម្រើឲ្យរាជសំណាក់

ស្មោកគ្រោក លោភលន់តែរឿងលាភសក្ការៈ មិនស្គាល់ខ្មៅសល្អអាក្រក់អ្វីនោះទេ!... ឯងនៅតែងប់ងុលជាមួយមនុស្សខូច!

មិនព្រមដកខ្លួនថយ! ចំជាគ្មានបានការមែន!... យកល្អ ឯងឆាប់ទៅបញ្ចុះបញ្ចូលស្តេចល្ងីល្ងើររបស់ឯងវិញថា ឲ្យប្រញាប់ចុះចាញ់

ឲ្យហើយទៅវាល្អជាង!... "

          ឡឺស៊ូ តបទៅវិញថា...

          ​"ចុះចាញ់ឬមិនចុះចាញ់ វាអាស្រ័យលើស្តេចជាអ្នកសម្រេច! កូនពុំមានសិទ្ធសម្រេចចិត្តនោះទេ! សូមលោកឪពុកពន្យារ

ពេលបន្តិច!... កូននឹងយករឿងនេះទៅទូលស្តេចជាមុនសិន! ​"

          ឡឺយ៉ាង ពោលថា...

          "ណ្ហើយចុះ! យើងទុកពេលឲ្យពួកឯងគិតមួយខែសិនចុះ!"

          ឡឺយ៉ាង បញ្ជាឲ្យកងទ័ពគ្រាន់តែឡោមព័ទ្ធក្រុងចុងសាន ប៉ុណ្ណោះដោយផ្អាកការវាយលុកជាបណ្តោះអាសន្នសិន។

          ស្តេច ជីឃូ យល់ថា ឡឺយ៉ាង ពិតជាអាណិតដល់កូនប្រុស ហើយមុខជានឹងឈប់ធ្វើការវាយលុកជាបន្តទៅទៀត។

ម្យ៉ាងទៀត ព្រះអង្គគិតថា ក្រុងចុងសានរបស់ខ្លួនជាទីក្រុងដ៏រឹងមាំ ហើយមានស្បៀងអាហារបរិបូណ៍ទើបព្រះអង្គមិនព្រមចុះចាញ់

ជាដាច់ខាត។

          ធ្មេចបើកៗ ១ខែបានកន្លងផុតទៅយ៉ាងរហ័ស។ ដោយមិនបានទទួលលិខិតចុះចាញ់ពីនគរចុងសាន ឡឺយ៉ាង ក៏បញ្ជាទ័ព

ឲ្យវាយលុកសាជាថ្មី។ ស្តេចជីឃូ ក៏ប្រញាប់ចេញរាជបញ្ជាឲ្យ ឡឺស៊ូ ទៅអង្វរ ឡឺយ៉ាង សុំពន្យារពេល១ខែទៀត ទាល់តែ ឡឺយ៉ាង

ព្រមពន្យារឲ្យមួយខែហើយមួយខែទៀតគម្រប់បីខែ។ ពេលនោះ អាមាត្យមួយក្រុមរបស់នគរអ៊ុយ ដែលធ្លាប់តែច្រណែននឹង

ឡឺយ៉ាង ដែលនៅសុខៗស្រាប់តែទទួលតំណែងសំខាន់ដូច្នេះ ពេលឃើញហេតុការណ៍បែបនេះ ពួកគេក៏នាំគ្នាថ្វាយដីកា

បង្គាច់បង្ខូចដល់ ឡឺយ៉ាង ទៅតាមគំនិតរៀងៗខ្លួន។ អ្នកខ្លះទូលថា...

          "បើ ឡឺយ៉ាង ឆក់យកឱកាសដែលខ្មាំងកំពុងទន់ដៃ វាយសង្រ្គប់តែម្តងទៅ ស្ថានការណ៍ក៏ប្រៀបដូចជាពុះបំបែកដើម្បី

មើលឫស្សីដូច្នោះដែរ គ្មានអ្វីទប់ទល់បានឡើង... ប៉ុន្តែពេលនេះ គេរវល់តែគិតពីរឿងផ្អែមល្ហែមរវាងឪពុកនឹងកូន អូសបន្លាយ

រហូតដល់ទៅបីខែ ក៏នៅតែមិនព្រមវាយលុកទៀត! ទំនងមើលទៅ គេគ្មានថ្ងៃវាយលុកយកនគរចុងសានបានទេព្រះអង្គ!... ​"​

          អ្នកខ្លះទៀតទូលថា...

          "កាលដែល ឡឺយ៉ាង មិនវាយលុកទីក្រុង គឺព្រោះតែស្តេចចុងសានបានចែកទឹកដីឲ្យខ្លួនមួយចំហៀង"

          ឯអ្នកខ្លះទៀតក៏ទូលថា...

          "ឡឺយ៉ាង បានឃុបឃិតគ្នាជាមួយចុងសាន រួចទៅហើយថា គេនឹងរួមដៃគ្នាវាយបក មកនគរអ៊ុយ យើងវិញ"

          នៅមានពាក្យចោទប្រកាន់ផ្សេងៗទៀតជាច្រើន ប៉ុន្តែ អ៊ុយវិនហូវ ទ្រង់មិនបានយកព្រះទ័យទុកដាក់ទៅលើពាក្យចោទ

ប្រកាន់ទាំងនោះឡើយ។ ព្រះអង្គបែរជាបញ្ជាឲ្យមនុស្សទៅលើកទឹកចិត្ត ឡឺយ៉ាង ជាបន្តបន្ទាប់ទៅវិញ ហើយថែមទាំងសង់ផ្ទះ

ឲ្យ ឡឺយ៉ាង មួយខ្នង ដើម្បីជាព្រះរាជទាននៅពេលនាំទ័ពត្រឡប់មកវិញជាមួយនឹងជ័យជម្នះ។ ឡឺយ៉ាង មានចិត្តសោមន្ស និង

ជ្រួតជ្រាបចំពោះទឹកព្រះទ័យរបស់ស្តេចអ៊ុយវិនហូវ ជាខ្លាំង តែគេក៏មិនទាន់បានបញ្ជាឲ្យក្បួនប្រយុទ្ធនៅឡើយដែរ។ លោក

មេទ័ពរង ស៊ីមិនប៉ៅទ្រាំលែងបាន ក៏សួរទៅលោកមេទ័ព ឡឺយ៉ាង ថា...

          "លោកមេទ័ព តើលោកឈប់វាយយកក្រុងចុងសានហើយឬ? "

          ឡឺយ៉ាង តបថា

          "ខ្ញុំសន្យាពន្យារពេល មិនចង់វាយមួយលើកជាពីរលើកដូច្នេះ ដើម្បីឲ្យស្តេចនគរចុងសាន បាត់បង់ភាពសច្ចៈជាបន្តបន្ទាប់!

ចំណុចសំខាន់ គឺធ្វើឲ្យប្រជារាស្ត្រមើលឃើញពីភាពក្រឡិចក្រឡុចរបស់ស្តេចនោះ ឲ្យគេដឹងថាអ្វីត្រូវអ្វីខុស? អ្វីអាក្រក់អ្វីល្អ?

មិនធ្វើដើម្បី ឡឺស៊ូ កូនរបស់ខ្ញុំនោះទេ! តែគឺដើម្បីយកឈ្នះលើបេះដូងរបស់ប្រជាជនចុងសាន នេះឯង! "

          ស៊ីមិនប៉ៅ ស្តាប់ហើយទើបអស់ចិត្ត លែងមានកង្វល់តទៅទៀត។

          កន្លងទៅជាច្រើនថ្ងៃទៀត ស្តេចចុងសាន នៅតែមិនព្រមចុះចាញ់ ឡឺយ៉ាង មិនព្រមពន្យារពេលឲ្យតទៅទៀត គេក៏បញ្ជា

កងទ័ពឲ្យវាយសម្រុកយកមែនទែនតែម្តង។ ក្រុងចុងសាន ត្រូវទ័ពរបស់ ឡឺយ៉ាង វាយជិតបែកទៅហើយ កុងស៊ុនជាវ ក៏នឹង

ឃើញល្បិចកលម្យ៉ាងទូលថ្វាយស្តេច ជីឃូ ថា

          "ត្រូវចាប់ ឡឺស៊ូ ចងផ្អោបលើបង្គោលសរសរ បើ ឡឺយ៉ាង មិនព្រមដកទ័ពថយទៅវិញទេ យើងនឹងសម្លាប់ ឡឺស៊ូ ចោល!

ពេលនោះបើ ឡឺស៊ូ អង្វរឲ្យឪពុកជួយដល់ខ្លួន ឡឺយ៉ាង ប្រាកដជាបញ្ឈប់ការវាយលុករបស់​ខ្លួនបានមួយរយៈទៀតជាមិនខាន... "

          ស្តេចជីឃូ ក៏ប្រើល្បិចកលតាមដែលអាមាត្យកុងស៊ុនជាវ ទូលថ្វាយ ដោយឲ្យគេចាប់ ឡឺស៊ូ ចងផ្អោបនឹងសរសរកំពែង

ក្រុង ហើយឲ្យគេស្រែកអង្វរថា...

          "លោកឪពុក! សូមលោកឪពុកជួយជីវិតកូនផង! "

          ប៉ុន្តែ ឡឺយ៉ាង មិនត្រឹមតែមិនព្រមជួយនោះទេ គេបែរជាជេរប្រទេចផ្តាសារកូនរបស់ខ្លួនទៅវិញថា...

          "ឯងមិនស្តាប់អាក្រក់ល្អអ្វីសោះ គ្មានសម្ថភាពបញ្ចុះបញ្ចូលឲ្យស្តេចរបស់ខ្លួនកែប្រែគំនិត ព្រមចុះចាញ់យើងដោយស្រួល

ឲ្យហើយទេ!... ហើយក៏គ្មានតម្រិះប្រាជ្ញារកយុទ្ធសាស្រ្តល្អៗ មកជួយស្រោចស្រង់នគរខ្លះដែរតែបែរជាមកប្រើវិធីរាក់កំផែល

ដូចក្មេងបៀមដៃ ស្រែកដង្ហោយសុំការអាណិតពីសត្រូវទៅវិញ!... ឯងមិនសក្តិសមជាកូនរបស់យើងនោះទេ! "​​​

          ពោលចប់ ឡឺយ៉ាង ក៏លើកធ្នូរឡើងបម្រុងបាញ់សម្លាប់ ឡឺស៊ូ ចោលតែ កុងស៊ុនជាវ ឃើញដូច្នេះក៏ប្រញាប់ឲ្យគេសម្រូត

ឡឺស៊ូ ទម្លាក់ចុះមកវិញហើយទូលក្សត្រ ជីឃូ គិតរកផែនការថ្មី

          "បើវិធីនេះមិនបានផល ទូលបង្គំគិតថា យើងសម្លាប់ ឡឺស៊ូ ហើយចិញ្រ្ចាំសាច់វាស្ងោរស៊ុបយកទៅឲ្យ ឡឺយ៉ាង ស៊ីទៅ...

ពេលនោះ ឡឺយ៉ាង​ វាប្រាកដជាឈឺចិត្ត  ធ្វើអ្វីលែងកើតជាមិនខាន... ឆ្លៀតឱកាសដែលវាកំពុងតែសោកសង្រេង បាក់ទឹកចិត្ត

ដូច្នេះ យើងបញ្ជូនកងទ័ពមួយកងធំចេញទៅវាយសង្រ្គប់ពួកវាសាកលមើល... ស្រួលមិនស្រួលយើងអាចដណ្តើមយកជ័យជម្នះ

លើពួកវាផងក្រាបទូល! "

          ស្តេចល្ងង់ខ្លៅ ជីឃូ ក៏ចេញរាជបញ្ជាឲ្យធ្វើតាមសំណើ កុងស៊ុនជាវ  ដោយឲ្យមនុស្សយកក្បាលរបស់ ឡឺស៊ូ និងស៊ុប

មួយចានទៅឲ្យ ឡឺយ៉ាង ហើយនិយាយគម្រាមថា

          "ប្រពន្ធនិងកូនតូចរបស់ ឡឺស៊ូ កំពុងស្ថិតក្នុងកណ្តាប់ដៃរបស់នគរចុងសាននៅឡើយទេ!... បើលោកមេទ័ពហ៊ានវាយលុក

ក្រុងនេះទៀតពួកគេនឹងសម្លាប់អ្នកទាំងនោះមិនឲ្យសល់ម្នាក់ឡើយ! "

          ឡឺយ៉ាង ខឹងឡើងស្លេកមុខ ខាំធ្មេញពោលទាំងឈឺចាប់...

          "អរគុណណាស់ដែលស្តេចរបស់ឯងខំធ្វើស៊ុនយកមកផ្ញើយើង!... មិនអីទេ!... ពេលណាយើងវាយយកនគរឯងបាន

យើងនឹងទៅសងគុណស្តេចរបស់​ឯងដោយផ្ទាល់ដៃយើង!... កងទ័ពរបស់យើងមានខ្ទះធំៗណាស់ កំពុងរង់ចាំទទួលស្តេច

របស់ឯង! "

          ពោលចប់ ឡឺយ៉ាង ក៏បញ្ជាឲ្យកងទ័ពបុកទម្លាយទ្វារទីក្រុងចុងសាន ទាល់តែរបើក។ ទ័ពឡឺយ៉ាង ក៏សម្រុកចូលពេញ

ទីក្រុង។ ស្តេចជីឃូ ដឹងថា មិនអាចទប់ទល់បាន ក៏ធ្វើអត្តឃាតខ្លួនឯងសោយទីវង្គតបាត់ទៅ។ ចំណែក កុងស៊ុនជាវ ក៏ចេញ

មកសុំចុះចាញ់។ ឡឺយ៉ាងបានដាក់ទោសពួកគេកេងប្រវ័ញ្ចធ្វើឲ្យប្រទេសជាតិរលំរលាយដោយប្រហារជីវិតចោល និងបាន

ចែកចាយរបស់របរ ស្បៀងអាហារទៅឲ្យប្រជាជន ព្រមទាំងលុបចោលនូវច្បាប់ដ៏ឃោរឃៅដែលស្តេចជីឃូ បង្កើតឡើង។

បន្ទាប់ពីចាត់ការរៀបរយរួចហើយ ឡឺយ៉ាង បានឲ្យលោកមេទ័ពរង ស៊ីមិនប៉ៅ ទុកទ័ពប្រាំពាន់នាក់នៅការពារក្រុងចុងសាន

ចំណែកខ្លួនគាត់ នាំទ័ពធំត្រឡប់ទៅនគរអ៊ុយ វិញ។

          ពេលត្រឡប់ទៅដល់ក្រុងអាន់អ៊ី រាជាធានីនគរអ៊ុយ ស្តេច អ៊ុយវិនហូវ ទ្រង់បានយាងមកស្វាគមន៍ដល់ជាយក្រុង។

ឡឺយ៉ាង បានប្រគល់ផែនទីរបស់នគរចុងសាន ព្រមទាំងជ័យភណ្ឌ ដែលរឹបអូសបានច្រើនសន្ធឹកសន្ធាប់នោះថ្វាយដល់ព្រះ

មហាក្សត្រ។ បណ្តាអាមាត្រទាំងឡាយបាននាំគ្នាមកសម្តែងការរីករាយអបអរដល់ ឡឺយ៉ាង គ្រប់ៗគ្នា។ ស្តេច អ៊ុយវិនហូវ ទ្រង់

បានអញ្ជើញ ឡឺយ៉ាង ទៅជប់លៀងនៅក្នុងព្រះរាជវាំង។ ព្រះអង្គចាក់សុរាផ្តល់កិត្តិយសឲ្យ ឡឺយ៉ាង ដោយផ្ទាល់ព្រះអង្គឯង។

          ឡឺយ៉ាង មានមោទនភាពនឹងខ្លួនឯង ដែលបានសាងគុណសម្បត្តិដ៏ធំធេងនេះជាខ្លាំង។ គេមានចិត្តភ្លើតភ្លើននិងមាន

អំណួតក្អេងក្អាង ដែលសម្តែងឲ្យឃើញនៅលើផ្ទៃមុខរបស់ខ្លួន។ ពេលទតឃើញដូច្នេះ ព្រះមហាក្សត្រក៏មិនបានត្រាស់ថា

យ៉ាងណាដែរ ទាល់តែពិធីជប់លៀងបានចប់រួចរាល់ ទើបព្រះអង្គបញ្ជាឲ្យពួកសេនាសែងហិបបិទយ៉ាងជិតចំនួនពីរហិប យក

ប្រគល់ឲ្យឡឺយ៉ាង។ ឡឺយ៉ាង គិតក្នុងចិត្តថា ក្នុងហិបនេះមុខជាមានមាសពេជ្រ កែវកង និងគ្រឿងអល្លង្ការជាក់ជាមិនខាន

ហើយប្រហែលជាព្រះអង្គខ្លាចក្រែងអ្នកដទៃឃើញទៅនាំតែច្រណែន ទើបបានជាបិទហិបជិតដូច្នេះ។

          ពេលត្រឡប់ទៅដល់ផ្ទះ ឡឺយ៉ាង ក៏ប្រញាប់បើកហិបមើលភ្លាម។ គេភ្ញាក់ផ្អើលជាខ្លាំង ព្រោះនៅក្នុងហិបនោះគ្មាន

មាសពេជ្រគ្រឿងអល្លង្ការអ្វីទាំងអស់ គឺមានតែដីកានិងលិខិត ដែលពួកអាមាត្យពិតទូលដល់ព្រះរាជានិយាយបង្កាច់បង្ខូចពីខ្លួន។

ពេលអានដីការនិងលិខិតទាំងនោះរួចហើយ គេក៏ដកដង្ហើមធំ គិតក្នុងចិត្តថា...

          "តាមពិតទៅ ក្នុងព្រះរាជវាំង មានមនុស្សច្រើនណាស់ដែលនិយាយបង្កាច់បង្ខូច និងវាយប្រហារយើងពីក្រោយខ្នង

បែបនេះ។ ប្រសិនបើព្រះអង្គមិនជឿជាក់និងមិនទុកព្រះទ័យដល់រូបយើង ហើយទ្រង់ជឿតាមពាក្យពិតទូលបង្កាច់បង្ខូចទាំងនោះ

តើយើងអាចសម្រេចកិច្ចការនេះបានដែរឬទេ?"

          ព្រឹកឡើង ឡឺយ៉ាង បានចូលគាល់ព្រះរាជា សម្តែងអំណរព្រះគុណដែលព្រះអង្គមានមកលើខ្លួន។ ព្រះអង្គ ទ្រង់ប្រទាន

រង្វាន់យ៉ាងច្រើនឲ្យគាត់ តែ ឡឺយ៉ាង បែរជាបដិសេធ យ៉ាងដាច់ខាតថា...

          "ការដែលវាយក្រុងចុងសាន បាន... គឺព្រោះតែបារមីដែលព្រះអង្គទ្រង់ជឿទុកព្រះទ័យ និងផ្តល់ការគាំទ្រដល់

ទូលព្រះបង្គំ!... បើមិនដូច្នោះទេ ទូលបង្គំក៏មិនអាចសាងបាននូវសមិទ្ធផលដ៏ធំបែបនេះបានដែរក្រាបទូល! "

          ក្សត្រ អ៊ុយវិនហូវ ត្រាស់ថា...

          "ជាការពិតណាស់! ក្រៅពីយើង គ្មាននរណាព្រមជឿលើលោកនិងព្រមប្រគល់ភារកិច្ចសំខាន់បែបនេះឲ្យទៅលោកទេ!...

ហើយបើក្រៅពីរូបលោក ក៏គ្មាននរណាអាចយកជ័យជម្នះលើនគរចុងសាន បានដែរ!... លោក រងនូវការលំបាកនិងការឈឺចាប់

មកច្រើនណាស់ដែរហើយ... យើងសូមតែងតាំងលោកទៅធ្វើជាស្តេចត្រាញ់នៅ លិញសូវ ទៅចុះ! "

          ឡឺយ៉ាង ទទួលព្រះរាជបញ្ជា ហើយក៏ថ្វាយបង្គំលាព្រះមហាក្សត្រទៅទទួលតំណែងជាស្តេចត្រាញ់នៅឯ លិញសូវ

នោះទៅ។

         អ៊ុយវិនហូវ ជាក្សត្រដ៏វាងវៃ

         ព្រះអង្គទ្រង់ឈ្វេងយល់យ៉ាងច្បាស់ពីសម្ថភាពរបស់ ឡឺយ៉ាង...

         ដែលទោះជានរណានិយាយបង្កាច់បង្ខូចយ៉ាងណា

         ក៏ព្រះអង្គមិនព្រមប្តូរព្រះទ័យដែរ

         ព្រះអង្គមានជំនឿជឿជាក់ប្រកបដោយក្តីអត់ធ្មត់

         រហូតដល់ ឡឺយ៉ាង សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់។

         នោះគឺជារឿងសង្រ្គាមនៅសមរភូមិ...

         ប៉ុន្តែពេល ឡឺយ៉ាង ត្រលប់មកវិញ នោះគឺជារឿងមួយថ្មីទៀត

         ព្រះអង្គឈ្វេងយល់ថា ឡឺយ៉ាង ជាមនុស្សមានអំណួតនិងលោភលន់

         សូម្បីតែកូនចៅខ្លួនឯងបង្កើតក៏គេមិនស្តាយ

         ដែលជាប្រការខុសលក្ខណៈធម្មជាតិរបស់មនុស្ស

         ទើបក្រោយពីប្រើប្រាស់បានជាប្រយោជន៍រួចហើយ

         ព្រះអង្គក៏ស្រាយចំណងឡើងវិញ

         ដោយប្រគល់តួនាទីឲ្យគេទៅនៅទីកន្លែងឆ្ងាយពីព្រះអង្គ

         ដើម្បីស្រួលប្រមើលមើលពីចម្ងាយ

         បើនៅជិតពេក ក្រែងលោមានអាសន្នអ្វី គេចមិនទាន់???


Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017