យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ស្វែងយល់អំពីស្នេហា

ចេញថ្ងៃទីៈ [31-12-2013] | បើកមើលៈ 8051 | Print |



ចំណងមេត្រី "ជាមួយគ្នា"

          មនុស្សម្នាក់ៗតែងមានលក្ខណៈពិសេសផ្ទាល់ខ្លួន ដែលមិនដូចអ្នកដទៃ។

          យើងកើតមកតែម្នាក់ឯង ហើយស្លាប់ទៅវិញក៏តែម្នាក់ឯង។ ប៉ុន្តែក្នុងពេលមានជីវិតរស់នៅ មនុស្សគ្រប់រូបត្រូវមានសកម្មភាពរួម

ជាមួយមនុស្សដ៏ច្រើន រហូតដល់មិនអាចកត់ត្រាទុកអស់បានឡើយ... មានការពឹងពាក់ពំនាក់អាស្រ័យ មានភាពជិតស្និទ្ធ ទុកចិត្តទុកថ្លើម

គ្នាទៅវិញទៅមក។ ប៉ុន្តែនៅមានមនុស្សជាច្រើនដែលមានទំនាក់ទំនងជាមួយមនុស្សដទៃ តែមិនបាននាំយកមកប្រើឲ្យកើតជាប្រយោជន៍

អ្វី រហូតទាល់តែដល់ថ្ងៃខ្លួនស្លាប់ទៅវិញ។

          ប៉ុន្តែថ្វីត្បិតមនុស្សយើងខុសប្លែកគ្នាយ៉ាងណាក៏ដោយ យើងក៏នៅតែមានការ "គិតគូរនិងយកចិត្តទុកដាក់" ដល់អ្នកដទៃដែលខុស

ពីយើង រហូតដល់មានពាក្យមួយឃ្លាពោលថា "ពីរនាក់នេះស្រឡាញ់គ្នាដូចមនុស្សតែមួយ" ដូច្នោះដែរ។

          ស្នេហាពិតត្រូវផ្សំទៅដោយ អារម្មណ៍រួម ទាំងការគិតគូរបារម្ភ ក្តីអាណិតស្រឡាញ់ រវាងបុគ្គលទាំងពីរនាក់ ដែល ពុំមានអ្វីដូចគ្នា

តែម្នាក់ៗអាចផ្តល់ឲ្យគ្នាទៅវិញទៅមកបាន។ អារម្មណ៍បែបនេះកាលបើវាចាប់ផ្តើមកើតមានជាមួយនរណាហើយនោះគឺជាឱកាសដ៏អស្ចារ្យ

សម្រាប់បុគ្គលពីរនាក់ ដែលនឹងចម្រើនធំធាត់ ទាំងដោយម្នាក់ៗ ទាំងដោយរួមគ្នា ព្រោះអ្នកដែលបានទទួលនូវក្តីស្នេហាដ៏មុតមាំហើយ

នោះគេនឹងក្លាយជាមនុស្សដែលអាចបង្ហាញពីអារម្មណ៍របស់ខ្លួនបានដោយសេរី ដោយពុំមានភ័យខ្លាចការជំទាស់ប្រឆាំង ការត្រូវគេយក

ប្រៀប ឬត្រូវចំអកឡកឡើយដោយភាគីម្ខាងទៀតនោះទេ។

          ស្នេហាកើតឡើងលើសកម្មភាពរួមគ្នា និងការបើកចំហផ្លូវចិត្តឲ្យភាគីម្ខាងទៀតបានដឹងយ៉ាងត្រង់ៗ ធ្វើឲ្យអ្នកបានមើលឃើញគេ

(គូស្នេហ៍) ក្នុងនាមជាបុគ្គលដោយឡែកម្នាក់ដែលមានលក្ខណៈពិសេសផ្ទាល់ខ្លួន ហើយគូស្នេហ៍របស់អ្នកក៏មើលមកអ្នកតាមរូបភាពនេះ

ដូចគ្នាដែរ។

          មនុស្សដែលមានការ ស្រឡាញ់ គេនឹងព្រមទទួលយក លក្ខណៈផ្ទាល់ខ្លួន របស់ ភាគីដែលខ្លួនស្រឡាញ់ និងទទួលយកលក្ខណៈ

ពិសេសដែលខុសពីអ្នកដទៃ របស់ខ្លួនផ្ទាល់ផងដែរ។ គឺដោយការព្រមទទួលយកបែបនេះហើយទើបធ្វើឲ្យភាគីដែលស្រឡាញ់គ្នា មាន

ការគោរពចំពោះខ្លួនឯង និងចំពោះភាគីម្ខាងទៀតបានយ៉ាងល្អបំផុត។

 

សម្ព័ន្ធភាពស្នេហ៍

          ពេលអ្នកចាប់ផ្តើមស្រឡាញ់នរណាម្នាក់ លទ្ធផលជាបន្តមកគឺ ក្តីស្រឡាញ់ ដែលនឹងដុះដាលធំធាត់ ឬយ៉ាងណានោះវាអាស្រ័យ

នៅត្រង់ថា តើអ្នកមានអារម្មណ៍ដូចម្តេចចំពោះខ្លួនឯង គឺជារឿងសំខាន់។ មនុស្សភាគច្រើនតែងដឹងថា តើខ្លួនមានអារម្មណ៍ដូចម្តេចចំពោះ

មនុស្សដែលខ្លួនស្រឡាញ់ តែបែរជាមិនដឹងថា ខ្លួនមានអារម្មណ៍ដូចម្តេចចំពោះខ្លួនឯងវិញ។

          សម្ព័ន្ធភាពស្នេហ៍បែប "សកម្ម" គឺភាគីនីមួយៗកាន់តែបង្កើនភាពជាម្ចាស់ការរបស់ខ្លួនឲ្យកាន់តែខ្ពស់ ហើយទន្ទឹមគ្នានេះដែរ

ក៏ត្រូវមានចំណែករួមសហការទៅលើសកម្មភាពផ្សេងៗ ឬអ្វីក៏ដោយដែលអ្នកទាំងពីរអាចធ្វើរួមជាមួយគ្នាបាន។

          សម្ព័ន្ធភាពរវាងមនុស្សគ្រប់ប្រភេទ សុទ្ធតែត្រូវការស្ថេរភាព ព្រមគ្នាជាមួយនឹងសេរីភាពផងដែរ។ មានន័យថា យើងចង់ស្រឡាញ់

មនុស្សម្នាក់ឲ្យបានយូរអង្វែងតែយើងក៏ត្រូវការសេរីភាពផ្ទាល់ខ្លួនផងដែរ។ ស្តាប់ទៅហាក់ដូចជាមានទំនាស់រវាងគ្នានឹងគ្នា តែនេះជាការ

ពិតដែលកើតមានចំពោះសេចក្តីស្នេហាផងដែរ "យើងចង់បានចំណងសម្ព័ន្ធភាពប្រកបដោយសេរីភាពរៀងៗខ្លួន" ។

          ប្រសិនបើយើងអាចទទួលយកចំណុចដ៏ចម្រូងចម្រាសនេះបាន នោះភាគីម្នាក់ៗអាចនឹងរីកចម្រើនទាំងអភិវឌ្ឍខ្លួនឯងជាលំដាប់។

ហើយក្នុងខណៈពេលជាមួយគ្នានេះដែរ យើងក៏ត្រូវទទួលស្គាល់ទៅលើការប្រឈមមុខនឹងស្ថានការណ៍ផ្លាស់ប្តូរផងដែរ ដូចជា ប្រសិន

បើមានភាគីម្ខាងទៀតត្រូវផ្លាស់ប្តូរប្រែប្រួល អ្នកក៏មិនចាំបាច់ត្រូវភ្ញាក់ផ្អើលរហូតដល់ "រស់តទៅទៀតមិនបានទេ!..."  នោះអ្វីដែរព្រោះ

ជីវិតរបស់យើង «ឯករាជ្យ» មិនមែនពឹងផ្អែកលើគេទេ។

          តែមនុស្សដែលស្រឡាញ់តាមបែប "អសកម្ម" តែងភ័យខ្លាចការផ្លាស់ប្តូរខ្លាចការរីកចម្រើនធំធាត់ ពុំមានការទុកចិត្តខ្លួនឯង។

ចំណែកមនុស្សដែលស្រឡាញ់តាមបែប "សកម្ម" តែងចេះ សម្របសម្រួល អំពីក្តីរំពឹងរបស់ខ្លួន ជាជាងបណ្តោយឲ្យខ្លួនត្រូវរងទុក្ខ

សោក។ គេព្រមទទួលស្គាល់ក្តីខកបំណងទាំងទឹកមុខញញឹម។

          មនុស្សដែលស្រឡាញ់តាមបែប "សកម្ម" នឹងមិនសូវមានភាពអាត្មានិយម ហើយក៏មិនសូវចេះទាមទារអ្វីច្រើនដែរ ព្រោះគេទទួល

ស្គាល់ដោយខ្លួនឯង មិនចាំបាច់រងចាំឲ្យកត្តាខាងក្រៅមកទទួលស្គាល់ ឬសូម្បីតែទទួលស្គាល់ពីគូស្នេហ៍ក៏ពុំមានចាំបាច់អ្វីដែរ។ គេមាន

គោលការណ៍ក្នុងការប្រើជីវិតរស់នៅរួមគ្នា ដោយបើកឱកាសឲ្យភាគីម្ខាងៗអាចរីកចម្រើនបានទាំងផ្នែកឯកជន និងទាំងផ្នែកសមូហភាព

ផងដែរ។

          គោលការណ៍របស់សម្ព័ន្ធស្នេហាបែប "សកម្ម" នោះគឺភាគីនីមួយៗត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ដោយព្រមទទួលថា

ស្ថានការណ៍ផ្លាស់ប្តូរដែលមិនអាចរំពឹងទុកជាមុន នោះគឺជារឿងធម្មតារបស់មនុស្សលោក។ គេមិនបាច់មកអង្គុយចាំរកចាប់កំហុស

គូស្នេហ៍ ឬបន្ទោសជោគជតា មេឃដីព្រហ្មលិខិត ដោយមិនបានងាក់មកមើល "កម្សោយភាព" របស់ខ្លួនឯងនោះទេ។

          ភាពជាម្ចាស់លើខ្លួនឯង និងការព្រមទទួលស្គាល់គូស្នេហ៍តាមសភាពពិតរបស់គេ ដែលពុំមែនតាមអ្វីដែលខ្លួន ចង់ ឲ្យគេទៅ

ជាបែបនេះបែបនោះ គឺត្រូវប្រើពេលវេលាស្វែងយល់ ព្រមទាំងការព្យាយាមខ្លាំងក្លាបំផុតមួយ។ ពន្លឺនៃក្តីស្នេហាដែលអាចនឹងភ្លឺត្រចះ

ត្រចង់ រីកស្រស់បំព្រង គង់វង្សបានយូរអង្វែងជារហូតឬយ៉ាងណានោះ អាស្រ័យនៅលើវា «តើតម្រូវការសេរីភាពរបស់ខ្លួន វាមាន

តុល្យភាពជាមួយនឹងគូស្នេហ៍ដែរឬទេ?» និងប្រសិនបើភាគីទាំងសងខាងយល់ព្រមទទួលស្គាល់អំពីភាពជាម្ចាស់ការលើខ្លួនឯង នោះ

សេចក្តីស្នេហានឹងស្ថិតស្ថេរយូរអង្វែងយ៉ាងពិតប្រាកដ។

 

អ្វីទៅគឺស្នេហាពិត?

          ស្នេហ៍ពិតត្រូវមានចំណងមេត្រី ពាក្យសន្យា ការប្រព្រឹត្ត ព្រមទាំង "ការអនុវត្តជាក់ស្តែង" ។ ពាក្យសម្តីតែម្យ៉ាងនឹងគ្មានប្រយោជន៍

អ្វីទេ ទោះបីជាស្បថស្បែ ៧វត្តយ៉ាងណា បើមិនអនុវត្តតាមពាក្យសន្យាទេ ស្នេហ៍នឹងក្លាយទៅជាស្នេហ៍រុះរោយទៅវិញជាមិនខាន។

          ស្នេហ៍ពិតមិនមែនជាការអត់ធ្មត់ទាំងងងឹតងងល់ដោយចេះតែប្រឹង "ខាំមាត់សង្កត់ចិត្ត" រៀងរហូតទៅនោះវាក៏នឹងគ្មានផលអ្វីដែរ។

ការខំអត់ធ្មត់ពីមួយថ្ងៃទៅមួយថ្ងៃដើម្បីរកឲ្យឃើញ "ស្នេហ៍ពិត" នោះគឺមានតែធ្វើឲ្យភាគីណាមួយគ្រាំគ្រាចិត្តតែប៉ុណ្ណោះ។ ស្នេហ៍ពិត

មិនមែនដោយសារតែ "ទ្រាំស្នេហ៍"  នោះទេ សូមជ្រាប!...  

          ទំហំនៃក្តីស្រឡាញ់នរណាម្នាក់គឺមកពីការព្រមទទួលយកខ្លួនឯងនិងគូស្នេហ៍ដោយគ្មានលក្ខខណ្ឌ និងសម្តែងឲ្យឃើញពីសន្តាន

ចិត្តដ៏ទូលាយចំពោះគូស្នេហ៍ ទោះបីជាលទ្ធផលចុងក្រោយក្លាយទៅជាអ្វីក៏ដោយ។ ម្យ៉ាងទៀតអ្នកត្រូវតែបង្ហាញពីធាតុពិតរបស់ខ្លួនចេញ

មកក្រៅ ព្រោះវានឹងធ្វើឲ្យអ្នកអាច "ផ្តល់" នូវអ្វីដែលជាសភាពពិតរបស់ខ្លួនឲ្យគេដឹងនិងព្រមទទួលស្គាល់ផងដែរ។ បើអ្នកមានសមត្ថភាព

ស្រឡាញ់ខ្លួនឯងយ៉ាងពិតប្រាកដ អ្នកនឹងក្លាយជាមនុស្សដែលរីករាយនិងផ្តល់ក្តីស្រឡាញ់ដល់អ្នកដទៃដោយទឹកចិត្តស្មោះ មិនមែនដោយ

ការបង្ខិតបង្ខំនោះទេ។

          ស្នេហ៍ពិតត្រូវតែគ្មានការបង្ខិតបង្ខំ...

          សាកល្បងនឹកដល់ពេលណាមួយដែលអ្នកបង្ខំចិត្ត "ត្រូវធ្វើអ្វីម្យ៉ាង" ដើម្បីអ្នកដទៃបាន "សប្បាយចិត្ត" នោះអ្នកនឹងឃើញថា ភាគី

ដែល "មិនសប្បាយចិត្ត" គឺរូបអ្នកខ្លួនឯងនេះហើយ ដែលត្រូវទទួលមុនអ្នកដទៃ។ តែប្រសិនបើអ្នកព្រមស្ម័គ្រចិត្តផ្តល់អ្វីៗដល់អ្នកដទៃ

ដោយមិនរំពឹងផលតបស្នង ឬបើពេញចិត្តនឹងធ្វើហើយនោះអ្នកនឹងមិនមានសោកស្តាយអ្វីឡើយ ទោះបីជាលទ្ធផលចេញមកយ៉ាងណា

ក៏ដោយដូចជា អ្នកបានជូនផ្កាកុលាបទៅឲ្យនរណាម្នាក់ ព្រោះអ្នកដឹងថាគេចូលចិត្ត។ ពេលនោះ ទោះជាគេសម្តែងទឹកចិត្តរំភើប ឬមិន

សម្តែងអ្វី ក៏រូបអ្នកនៅតែសប្បាយចិត្ត។ តែផ្ទុយទៅវិញ ប្រសិនបើអ្នករំពឹងចង់បានអ្វីជាការតបស្នងដូចជាពាក្យអរគុណឬជាសម្តីត្រកអរ

ហើយចំលើពេលដែលមិត្តភក្តិនោះកំពុងតែក្តៅក្រហាយពីរឿងអ្វីមួយធ្វើឲ្យគេមិនបានសម្តែងតាមដែលអ្នកចង់បាន នោះវានឹងធ្វើឲ្យអ្នក

ត្រូវខកចិត្តជាមិនខាន។

          មនុស្សដែលចេះស្រឡាញ់បែប "សកម្ម" គេនឹងគិតថា «ការផ្តល់ឲ្យ» នឹងធ្វើឲ្យមានការពេញចិត្ត ទាំងសម្រាប់ "អ្នកផ្តល់" និង

"អ្នកទទួល"  រួចស្រេចទៅហើយ។ នោះគឺជារង្វាន់ដ៏ពេញលក្ខណៈដោយខ្លួនវា ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺជា អត្ថន័យ

នៃជីវិតនេះឯង។

          ការផ្តល់ដោយមិនរំពឹងផលតបស្នង ការផ្តល់ដោយមិនគិតពី "ចំណង" នឹងធ្វើឲ្យអ្នកផ្តល់នោះ មានអារម្មណ៍ "ទទួលក្តីសុខ"

ហើយក៏បានទទួលក្តីស្រឡាញ់តបមកវិញដោយស្វ័យប្រវត្ត មិនចាំបាច់ទាមទាអ្វីឡើយ។

          មនុស្សដែលចេះស្រឡាញ់បែប "សកម្ម" មិនត្រឹមតែបានទទួលរង្វាន់តបស្នងអំពីក្តីស្រឡាញ់ "ទៅតាមបែបធម្មជាតិ" ប៉ណ្ណោះទេ

ចំណែកអ្នកដែលបានទទួលនូវក្តីស្រឡាញបែបនេះ ក៏នឹងមានសេចក្តីសុខព្រមជាមួយគ្នាផងដែរ។ ការពិតដែលស្ទើរតែមិនគួរឲ្យជឿនោះ

ទេ មនុស្សដែលមិនស្វះស្វែងចង់បានការទទួលស្គាល់ពីអ្នកដទៃ បែរជាត្រូវគេទទួលស្គាល់យ៉ាងខ្លាំងទៅវិញ។

 

ការយកឈ្នះលើស្ថានការណ៍ផុយស្រួយ

          នៅពេលដែលអ្នកទទួលរួចហើយថា ស្នេហាបែប "សកម្ម" គឺជាទង្វើដែលពុំមានការធានាថា តើអ្នកនឹងត្រូវបានទទួលអ្វីតបស្នង

មកវិញខ្លះទេ ហេតុនេះអ្នកត្រូវមាន ទំនុកចិត្ត ចំពោះខ្លួនឯងឲ្យបានច្រើនបំផុត។ ប្រសិនបើត្រូវបើកចំហចិត្តខ្លួនឯងនៅចំពោះមុខនរណា

ម្នាក់ អ្នកត្រូវត្រៀមខ្លួនជាស្រេចក្នុងការទទួលស្គាល់អំពីសភាពទន់ជ្រាយរបស់ខ្លួនដោយពេញចិត្ត។

          អ្វីដែលគួរឲ្យចម្លែកនោះគឺ អ្នកដែលហ៊ានបើកចំហចេតនារបស់ខ្លួនតែងតែអាចរក្សាបាននូវភាពរឹងប៉ឹង មិនរំជើបរំជួលនៅពេល

មានគេសើចចំអក ហើយថែមទាំងកាន់តែរឹងប៉ឹងជាងមុនទៀតផង។ ផ្ទុយទៅវិញអ្នកដែលមិនហ៊ានបើកចំហបើដល់ពេលបែកការណ៍ម្តងៗ

តែងមានអារម្មណ៍ខ្មាសអៀន និងភ័យខ្លាចអ្នកដទៃសើចចំអកជាខ្លាំង។ ការបើកចំហធ្វើឲ្យយើងមានអារម្មណ៍ពេញចិត្តខ្លួនឯងកាន់តែ

ច្រើន មានការយល់ចិត្តគ្នាទៅវិញទៅមក ព្រមទាំងបង្កើននូវក្តីស្រឡាញ់កាន់តែខ្លាំងថែមទៀត។

          សង្គមរបស់យើងច្រើនតែផ្តល់សារៈសំខាន់ទៅលើការ "ធ្វើខ្លួនឲ្យនឹងធឹង" ធ្វើខ្លួនឯងឲ្យអស្ចារ្យជាងអ្នកដទៃ ពាក់ស្បែកមុខឲ្យ

សង្គមមើលឃើញថាល្អ ដើម្បីលើកមុខមាត់ ដើម្បីឲ្យខ្លួនឈរនៅលើតំណែងដែល "មានប្រៀប" ជាងអ្នកដទៃ។ មានវិធីអប់រំជាច្រើន

សៀវភៅផ្សេងៗ សិក្ខាសាលាផ្សេងៗតែងណែនាំឲ្យយើងចេះរៀបចំបុគ្គលិកលក្ខណៈ ឬចេះសម្តែងតួឲ្យបានល្អដើម្បីទាញយកប្រយោជន៍

ពីសង្គមឲ្យបានច្រើនបំផុត។ យើងច្រើនតែគិតថា ជោគជ័យក្នុងជីវិត ឬការធ្វើឲ្យមនុស្សម្នាក់មកស្រឡាញ់ខ្លួនអាស្រ័យនៅលើថា តើយើង

អាចរៀនញញឹមបានល្អប៉ុណ្ណា? ឬមួយយើងពូកែផ្តោះផ្តងវោហារដល់កម្រិតណា ព្រមទាំងអាចលាក់អារម្មណ៍ខាងក្នុងបានពូកែប៉ុណ្ណា

ដែលអាចថាជាទំនៀមទម្លាប់របស់មនុស្សកម្រិតខ្ពស់ និងដែលពីមួយថ្ងៃទៅមួយថ្ងៃការពូកែសម្តែងល្ខោនបែបនេះ នឹងធ្វើឲ្យមនុស្ស

ម្នាស្រឡាញ់គ្នាកាន់តែពិបាកទៅៗ។

          ចូរសាកល្បងគិតទៅមើលថា តើវានឹងមានសេចក្តីសុខ និង"រីកចម្រើន" ទៅមុខប៉ុណ្ណា ប្រសិនបើយើងមានអនុស្សាវរីយ៍ក្នុងការ

"រួមមនោសញ្ចេតនា" ជាមួយនឹងនរណាម្នាក់យ៉ាងបើកចំហត្រង់ៗ ហើយបុគ្គលនោះមានចិត្តរីករាយនឹងទទួលស្គាល់អំពី "អត្តសញ្ញាណ"

ពិតប្រាកដរបស់យើង ត្រៀមខ្លួនជាស្រេចដើម្បីប្រឈមមុខនឹងចរិតលក្ខណៈប្រែប្រួលយ៉ាងនឹកស្មានមិនដល់របស់យើង ដោយពុំមែន

សំដៅលើ "ស្បែកមុខដែលសង្គមបំពាក់ឲ្យ" ឬ "តួនាទីក្នុងសង្គម" ប៉ុណ្ណោះទេ ព្រោះអ្វីទាំងនេះវាអាចគ្រាន់តែជារូបភាពបន្លំភ្នែកក៏មានដែរ។

          គ្រប់រូបភាពនៃសម្ព័ន្ធភាពរបស់មនុស្សសុទ្ធតែផុយស្រួយ អាចបែកបាក់បានដោយងាយ និងមានភាពស្មុគស្មាញជាខ្លាំង។ ប៉ុន្តែ

ប្រសិនបើយើងចេះបង្កើតបាននូវសន្តានចិត្តអធ្យាស្រ័យ ទន់ភ្លន់ ដូចដែលយើងចង់ឲ្យអ្នកដទៃប្រព្រឹត្តមកលើខ្លួននោះគឺជាការបង្ហាញឲ្យ

ឃើញថា យើងបានត្រៀមខ្លួនហ្វឹកហាត់អំពីក្តីស្រឡាញ់តាមបែប "សកម្ម" នេះបានហើយ។

          ចំណុចនេះអាចនឹងលំបាកបន្តិច ព្រោះសង្គមយើងតែងតែជាន់ឈ្លឺភាពទន់ភ្លន់មិនផ្តល់ការទុកចិត្តចំពោះការបើកចំហ

ហើយបុគ្គលណាដែលសម្តែងចេតនារម្មណ៍ពិតច្បាស់លាស់ពេក ឬឲ្យអ្នកដទៃដឹងពីអារម្មណ៍រំជើបរំជួលរបស់ខ្លួន គេក៏អាច

នឹងទទួលរងនូវការសើចចំអកឲ្យអាម៉ាស់មុខជាញឹកញាប់។  នេះគឺជាហេតុផលមួយដែលថា ហេតុអ្វីបានជាក្តីស្រឡាញ់បែបសកម្ម

ពុំមែនជា "ទេពកោសល្យ" ពុំមែនជា "កាដូ" ដែលបានមកដោយងាយៗនោះទេ តែគឺ "ការតស៊ូយកឈ្នះដោយខ្លួនឯង" នេះឯង។

ការយកឈ្នះបែបនេះត្រូវអាស្រ័យលើភាពរឹងប៉ឹងមួយប្រភេទ ដែលបើតាមសម្តីអ្នកប្រាជ្ញចិនបុរាណបង្រៀនថា ត្រូវតែ "ទន់ខាងក្រៅ

តែរឹងខាងក្នុង"។ ប្រសិនបើអ្នកអាចប្រមូលសេចក្តីក្លាហាន និងភាពជឿជាក់រហូតដល់អាចធ្វើខ្លួនឲ្យ "ទន់ខាងក្រៅ" បានហើយនោះ

ទីបំផុតអ្នកនឹងធ្វើឲ្យអ្នកដទៃមានទំនុកចិត្តនិងទទួលអារម្មណ៍ថា "មានភាពកក់ក្តៅ" ពេលបាននៅជិតរូបអ្នក រហូតធ្វើឲ្យគេបន្ទន់អារម្មណ៍

"ទន់ភ្លន់" ជាងមុនចេញមក ដោយមិនខ្លាចមានរឿងអាម៉ាស់ក្នុងសង្គម។ គឺការសម្តែងទឹកចិត្តឲ្យដឹងទៅវិញទៅមក ដោយមិនខ្វល់អំពីរឿង

ឈឺចាប់នេះហើយដែលហៅថា លក្ខណៈជាសកលនៃសម្ព័ន្ធភាពស្នេហាដ៏ពិតប្រាកដនោះ។

          ការមានចំណងមេត្រីជាមួយគ្នា និងការទទួលស្គាល់គ្នាទៅវិញទៅមកដូច្នេះតែងបណ្តាលឲ្យមានអារម្មណ៍ថ្មីៗកើតឡើងបន្ថែម

ជានិច្ច។ ទំនាក់ទំនងស្នេហារវាងមនុស្សមួយគូ នឹងនាំទៅដល់ប្រយោគដែលថា "អរគុណណាស់ដែលអ្នកស្រឡាញ់ខ្ញុំហើយវានឹងជួយឲ្យ

ខ្ញុំអាចរកឃើញខ្លួនឯងសាជាថ្មីម្តងទៀត"។ នៅពេលមនុស្សពីរនាក់សាងអ្វីៗរួមគ្នាបានហើយ អ្វីថ្មីៗក៏នឹងឧប្បត្តិកឡើងលើលោកនេះ

គឺបុគ្គលិកលក្ខណៈដែលមានគុណសម្បត្តិលើសពីការគ្រាន់តែជាការរួមរស់រវាងមនុស្សពីនាក់និងភាពផុយស្រួយរវាងគ្នា ដែលនឹងនាំទៅ

រកសេរីភាពពិតប្រាកដយ៉ាងនឹកស្មានមិនដល់។

 

និយមន័យថ្មីជាសកល

          ស្នេហាតែងបង្កើតពិភពមួយរបស់ខ្លួន។ គឺពិភពរបស់អ្នកដែលមានស្នេហានឹងពោរពេញទៅដោយអារម្មណ៍អណ្តែតអណ្តូងងប់ងុល

មិនខ្វល់យកចិត្តទុកដាក់ទៅលើរឿងដទៃ ប្រៀបដូចជាមនុស្សមានសតិមិនប្រក្រតីដូច្នោះដែរ។ តែចំពោះមនុស្សដែលមានស្នេហាបែប

"សកម្ម" គេនឹងពង្រឹងស្មារតី តាំងសតិ ឆ្លើយតបទៅនឹងមជ្ឈដ្ឋានជុំវិញខ្លួន។ ជីវិតរបស់គេនឹងមិនកាន់តែរួមតូចចង្រ្អៀតនោះទេ តែបែរជា

រីកទូលំទូលាយក្នុងកាស្វែងយល់ពីវិធីរស់នៅរួមគ្នា និងជីវិតគួកាន់តែច្រើនឡើង។ ការទទួលយកចំណេះដឹងថ្មីៗទាំងនេះ នឹងនាំក្តីស្នេហា

ឲ្យដើរឆ្ពោះទៅរកពិភពដ៏ធំទូលំទូលាយពោរពេញទៅដោយក្តីស្រឡាញ់ដែលរីកស្រស់បំព្រងត្រសុំត្រសាយ។ ជីវិតដែលមានក្តីស្នេហា

បែបសកម្ម សម្ព័ន្ធភាពរបស់គេនឹងផ្លាស់ប្តូររូបភាពទៅជាមុន​ទើបសង្គមនឹងផ្លាស់ប្តូរមកតាមជាក្រោយ។

          ភាពស្អិតរមួតនៃចំណងសម្ព័ន្ធភាពស្នេហ៍នីមួយ។ កាលបើវាកើតឡើងមកហើយ វាក៏នឹងបង្កើតពិភពថ្មីមួយទៀត។ គូស្នេហ៍នឹង

ក្លាយទៅជាចំណុចប្រសព្វដ៏ភ្លឺចិញ្ចាច គឺជាគោលដៅរួមនៃអត្ថន័យថ្មីជាសកល។ អ្វីដែលជាទីស្វះស្វែងរបស់ភាគីនីមួយៗ ក៏មិនជួបគ្នា

នៅត្រង់ចំណុចរួមដែលទទួលស្គាល់ដោយមនុស្សទាំងពីរនាក់។

          នារីម្នាក់បាននិយាយពីបទពិសោធន៍ស្នេហ៍លើកដំបូងរបស់ខ្លួន មានសេចក្តីថា "ខ្ញុំស្ទើរតែមិនជឿទាល់តែសោះថាខ្លួននឹងមាន

អារម្មណ៍បែបនេះ... ខ្ញុំរងចាំឲ្យតែដល់ពេលព្រឹកស្ទើរតែមិនបាន ឬរង់ចាំថ្ងៃស្អែកក៏មិនបានដែរ... ជារៀងរាល់ថ្ងៃមើលទៅ ដូចជាមាន

អារម្មណ៍ល្អឡើងជាលំដាប់... ខ្ញុំមិនធ្លាប់មានអារម្មណ៍បែបនេះទេក្នុងជីវិត! ខ្ញុំកំពុងធ្វើនូវអ្វីដែលខ្ញុំមិនធ្លាប់ធ្វើមកពីមុន... គំនិតកាន់តែភ្លឺថ្លា

ជាងមុន... ទំនាក់ទំនងជាមួយនឹងមនុស្សម្នា និងអ្វីផ្សេងៗទាំងឡាយសុទ្ធតែធ្វើឲ្យខ្ញុំមានសេចក្តីសុខទាំងអស់!... អ្វីគ្រប់យ៉ាងហាក់ដូចជា

សុបិន... វាវិសេសអស្ចារ្យទាំងអស់!... កម្លាំងពលំ សុខភាព ការងារ និងជីវិតផ្លួវភេទរបស់ខ្ញុំ... ខ្ញុំនឹកមិនឃើញថានឹងមានអ្វីឲ្យល្អប្រសើរ

ជាងនេះទៀតទេ!... សង្ស័យប្រហែលមកពីខ្ញុំមិនធ្លាប់បានទទួលនូវការស្រឡាញ់បែបនេះពីមុនមកក៏មិនដឹង? ខ្ញុំមានអារម្មណ៍ហាក់ដូចជា

ធ្វើអ្វីក៏បានតាមដែលខ្លួនត្រូវការ..."

          យើងតែងទទួលស្គាល់ដូចគ្នាថា ក្តីស្នេហាកើតមានឡើងដោយសារភាពទាក់ទាញខាងផ្លូវភេទ។ ពេលដែលមនុស្សពីរនាក់

ស្រឡាញ់គ្នាយ៉ាងពិតប្រាកដនោះ ចាត់ទុកថាជាបទពិសោធន៍ខាងភេទដ៏ផ្អែមល្ហែមគួរឲ្យចាប់អារម្មណ៍។ តែប្រសិនបើអ្នកចេះហ្វឹកហាត់

ឲ្យចេះស្រឡាញ់តាមបែប "សកម្ម" បាននោះ បទពិសោធន៍ខាងភេទក៏នឹងមានរសជាតិគួរឲ្យចាប់ចិត្តបន្ថែមទៀត ព្រមទាំងមានភាព

ស៊ីជម្រៅជាងមុនដោយមិនបាច់ភ័យខ្លាចបាត់បង់ក្តីរំភើបខាងភេទតាមធម្មជាតិរបស់វាឡើយ។ សេចក្តីសុខខាងផ្លូវភេទមានតែកើនឡើង

និងមានអត្ថន័យកាន់តែខ្ពស់ប្រសិនបើយើងចេះអំពីវិធីស្រឡាញ់តាមបែប "សកម្ម" ។

          » ថាមពលស្នេហាអាចផ្លាស់ប្តូររូបភាពជីវិតតាមទម្រង់ថ្មី ដែលកាន់តែមានលក្ខណៈជាសកល... គឺជាថាមពលដ៏ខ្លាំង

អស្ចារ្យបំផុតនៃចក្រវាល។


ភាពមិនទៀងទាត់

          គន្លឹះសំខាន់នៃការផ្លាស់ប្តូរទៅរកគំនិតថ្មីអាស្រ័យនៅលើការ យល់ដឹង អំពីការរីកធំធាត់ពីភាពស្និទ្ធស្នាលដែលនឹងក្លាយមកជា

អនុស្សាវរីយ៍រវាងមនុស្សពីរនាក់ផ្សេងពីគ្នា ហើយពីរនាក់ផ្សេងពីគ្នានេះ នឹងធ្វើការផ្លាស់ប្តូរចុះឡើងរវាងការរស់នៅបែកពីគ្នានិងការរស់

នៅរួមគ្នាជាលំដាប់លំដោយរៀងរហូតមក។

          ទោះបីសម្ព័ន្ធស្នេហានោះជ្រាលជ្រៅប៉ុណ្ណាក៏ដោយ គូស្នេហ៍តែងតែមានការប្រែប្រួលផ្លាស់ប្តូរទៅតាមសម្ពាធរបស់ធម្មជាតិ

ទាំងការ ខិតមករកគ្នា និងការងាកចេញពីគ្នា។ ការដែលត្រូវអត់ធ្មត់ចំពោះស្ថានភាពផ្លាស់ប្តូរដើម្បីសម្ព័ន្ធភាពស្នេហ៍រីកចម្រើនបាននោះ

ទាមទារឲ្យភាគីទាំងពីរត្រូវបណ្តោយឲ្យហេតុការណ៍ផ្សេងៗស្ងប់ស្ងាត់ទៅដោយខ្លួនឯងតាមធម្មជាតិ ជាជាងការខិតខំប្រទាញប្រទង់

ប្រកាន់យកតែម្ខាងៗ និងទាមទារចង់បានស្ថិរភាពជ្រុលហួសហេតុ។

          កាពិតទៅ ប្រសិនបើយើង ជាប់ជំពាក់ កាន់តែខ្លាំង ទោះបីជាចំណងស្នេហ៍ពុះពោរប៉ុណ្ណាក៏ដោយ ក៏នឹងត្រូវរលត់ទៅវិញបាន

ដោយងាយ ដូចពាក្យដែល ឡៅជឺ បានបង្រៀនថា "កាន់តែរឹតបន្តឹង កាន់តែរបូត" ដូច្នោះដែរ។ ចំណងស្នេហ៍ដែលចងរឹតបន្តឹងមិនឲ្យ

របេះ អាចនឹងរបូតចេញទៅពេលណាក៏បាន ប្រសិនបើមិនចេះបន្ធូរបន្ថយខ្លះទេនោះ។

          ក្នុងទំនាក់ទំនងស្នេហាណាៗក៏ដោយ ការទុកចិត្តគ្នា គឺជារឿងសំខាន់បំផុត។ ការទុកចិត្ត ភាពអត់ធ្មត់ និង ភាពស្មោះត្រង់ ប្រការ

ទាំងបីនេះមិនមែនចេះតែកើតមានឡើងចំពោះនរណាម្នាក់បានដោយងាយនោះទេ ចាំបាច់ត្រូវតែមានការហ្វឹកហាត់ជាបន្តបន្ទាប់។

          អ្នកត្រូវចងចាំថា ប្រសិនបើអ្នកខ្លាចការផ្លាស់ប្តូរប្រែប្រួល ខ្លាចបាត់បង់ភាពសុខដុមមនោរម្យចាប់តាំងពីដំបូងទីទៅ​ ដែលជា

ធម្មតា នេះជាដំណាក់កាលដែលសម្ព័ន្ធភាពស្នេហ៍នៅផុយស្រួយ និងតែងតែជួបភាពរង្គោះរង្គើនិងបរាជ័យសព្វបែបសព្វយ៉ាងនោះ

ទីបញ្ចប់អ្នកនឹងមិនបានស្គាល់ពីរសជាតិសារៈសំខាន់នៃសេរីភាព ដែលជាប្រភពនៃសេចក្តីសោមនស្សរីករាយយ៉ាងពិតប្រាកដនោះ

ឡើយ។ សូមកុំភ្លេចថាចង្វាក់នៃដំណើរជីវិតរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ។ គេមិនអាចយកជីវិតមនុស្សមកផ្សំបញ្ចូលឲ្យស៊ីគ្នាដោយ

ងាយៗបានទេ។ ឯចង្វាក់របស់ស្នេហាក៏ដូចគ្នាដែរ។

          អ្នកអាចនឹងត្រូវការស្ថេរភាព ឬភាពគង់វង្ស តែគួស្នេហ៍របស់អ្នកគេចង់បានសភាព "បត់បែន" ទៅវិញ។ រឿងបែបនេះតែងតែ

បង្កឲ្យមានបញ្ហាស្មុគស្មាញ ការឈឺចាប់ផ្សេងៗ លើកលែងតែអ្នកហាត់ជម្រះចិត្តប្រកបដោយជំនឿថាការស្រឡាញ់ស្នេហ៍ស្និទ្ធកើតមាន

ចំពោះតែមនុស្សរឹងប៉ឹងនិងមានភាពជាម្ចាស់លើខ្លួនឯងប៉ុណ្ណោះ ព្រោះការផ្តល់ឱកាសឲ្យមានការផ្លាស់ប្តូររបស់ភាគីម្ខាងទៀត មិនមែន

មានន័យថា អ្នកព្រមធ្វើជាទាសករផ្នែកអារម្មណ៍របស់គេនោះទេ វាជារឿងខុសដាច់ពីគ្នា។ អ្នកត្រូវតែត្រៀមខ្លួនទុកជាមុនដើម្បីប្រឈម

មុខនឹងបញ្ហាផ្សេងៗ។ អ្នកត្រូវតែចេះពីវិធី "រៀបចំដំណើរការស្នេហា" ទៅតាមសភាពបត់បែន ទៅតាមលក្ខខណ្ឌថ្មីៗ ដែលយើងហៅថា

"ចិត្តសាស្ត្រស្នេហ៍" នេះឯង។

          យើងម្នាក់ៗតែងមានធនធាននៅក្នុងខ្លួនស្រាប់មកហើយ គឺចេះស្រឡាញ់។ អ្នកមិនចាំបាច់ត្រូវ "រងចាំ" ទាល់តែអ្នកដទៃមក

សុំស្រឡាញ់ ជាជាងការបង្ហាញពីក្តីស្រឡាញ់របស់ខ្លួននោះទេ។

"បើចង់ស្វែងរកគូស្នេហ៍ អ្នកត្រូវតែបញ្ចេញវាឲ្យឃើញរូបរាងជាមុនសិន!"

ចូរទន្ទេញមន្តគាថាមួយឃ្លានេះឲ្យស្ទាត់ លុះត្រាតែសម្រេចជោគជ័យ!

ប្រការគួចងចាំ...

១.  ស្នេហាកើតឡើងលើមូលដ្ឋាននៃអនុស្សាវរីយ៍រួមគ្នា និងការបើកចំហផ្លូវចិត្តឲ្យភាគីម្ចាងទៀតបានដឹងដោយត្រង់។ ប្រការនេះមានន័យ

     ថា អ្នកព្រមទទួលស្គាល់ភាពជាម្ចាស់លើខ្លួនឯងរបស់ភាគីម្ខាងទៀត ហើយក៏ធ្វើឲ្យភាគីនោះព្រមទទួលស្គាល់អំពី "អត្តសញ្ញាណ"

     របស់អ្នកវិញផងដែរ។

២.  ការបង្ហាញពីអារម្មណ៍ដោយសេរី (មិនខំសម្តែង) ដោយធម្មជាតិ ដោយមិនខ្លាចញញើតនឹងការចំអកឡកឡើយ មិនខ្លាចគេយក

     ប្រៀបឬបដិសេធ និងធ្វើឲ្យអ្នកអាចទទួលស្គាល់និងជឿលើខ្លួនឯងកាន់តែខ្លាំងឡើងជាលំដាប់។

៣. ដើម្បីស្រឡាញ់មនុស្សម្នាក់ អ្នកត្រូវចេះទទួលស្គាល់អ្នកដទៃតាមសភាពពិតរបស់គេ ដោយមិនត្រូវដាក់លក្ខខណ្ឌអ្វីចំពោះទង្វើរបស់

     គេឡើយ។

៤.  សម្ព័ន្ធភាពស្នេហារមែងប្រែប្រួលចុះឡើង ក្នុងកំឡុងពេលដែលរួមគ្នានិងក្នុងកំឡុងពេលបែកគ្នាជារយៈៗ។ ការព្យាយាមគ្រប់គ្រង

     ស្ថិរភាពមិនឲ្យមានការប្រែប្រួលជាជាងការបណ្តោយឲ្យសម្ព័ន្ធភាពស្នេហារីកចម្រើនទៅតាមធម្មជាតិរបស់​វានោះ ភាគច្រើនបែរជា

     ផ្តល់ផលអាក្រក់ជាងផលល្អទៅវិញ។

៥.  សម្ព័ន្ធភាពស្នេហានឹងមានតុល្យភាពរវាងសេរីភាពបុគ្គលម្នាក់ៗ ជាមួយនិងចំនងរួមគ្នា។ សម្ព័ន្ធភាពស្នេហានឹងរីកចម្រើនៅពេលដែល

     គូស្នេហ៍ម្នាក់ៗដឹងពីតម្រូវការរបស់ខ្លួនឯង ព្រមទាំងដឹងពីរតម្រូវការរបស់ភាគីម្ខាងទៀតផងដែរ។

៦.  ការព្យាយាមលះបង់ភាពជាម្ចាស់ខ្លួនឯង ដោយសារតែចង់រក្សាស្នេហាស្មោះត្រង់ គឺមានតែនាំឲ្យចំបែងសៅហ្មងក្នុងចិត្តប៉ុណ្ណោះ

     តែព្រមពេលគ្នានេះដែរការព្យាយាមរក្សាភាពជាម្ចាស់ខ្លួនឯងយ៉ាងផ្កាប់មុខ ក៏មិនអាចជួយអ្វីឲ្យល្អបានដែរ ក្រៅតែពីបង្កនូវសេចក្តីខ្វល់

     ខ្វាយដល់ខ្លួនតែប៉ុណ្ណោះ។ ការចេះសម្របសម្រួល គឺជារឿងល្អបំផុត។

៧. គ្មាននរណាអាចឱបជាប់នូវ "អារម្មណ៍ស្នេហ៍" បានគ្រប់ពេលវេលាទេ! អារម្មណ៍ដែលឡើងចុះៗជារយៈៗបែបនេះ ប្រសិនបើ

     បណ្តោយទៅតាមធម្មជាតិរបស់វា វាក៏នឹងអាចបាត់បង់ទៅវិញ ហើយក៏នឹងកើតឡើងមកវិញដោយខ្លួនឯង។

៨. ដើម្បីស្រឡាញ់នរណាម្នាក់ អ្នកមិនចាំបាច់ទាល់តែដឹងច្បាស់ថាភាគីម្ខាងទៀតគេស្រឡាញ់ខ្លួនហើយ ទើបយើងបង្ហាញអារម្មណ៍ខ្លួន

     ឯងឲ្យគេដឹងតាមក្រោយនោះទេ អ្នកត្រូវតែហ៊ានប្រថុយក្នុងការបើកបង្ហាញពីបេះដូងរបស់ខ្លួនដើម្បីបញ្ជាក់ពីក្តីស្រឡាញ់ចំពោះនរណា

     ម្នាក់ ជាជាងការសំងំស្ងៀមរង់ចាំឲ្យអ្នកដទៃមកបង្ហាញពីក្តីស្រឡាញ់ចំពោះខ្លួន។ ចូរផ្តើមបង្ហាញពីក្តីស្រឡាញ់នេះចេញទៅ!...

     យ៉ាងណាៗ អ្នកគង់តែដឹងជាមិនខាន!....


Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017