យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

គន្លឹះសាងខ្លួនជាមនុស្សពូកែ

ចេញថ្ងៃទីៈ [02-12-2013] | បើកមើលៈ 15044 | Print |



រៀបរៀងដោយលោក គឹម ចាន់ណា

    

        1.   មនុស្សដូចម្តេចដែលហៅថាមនុស្សពូកែ?

        2.   តើភាពពូកែមានសារៈសំខាន់អ្វីខ្លះ?

        3.   ភាពពូកែផ្សេងៗតាមទ្រឹស្តី Howard Gardner

        4.   មនុស្សឆ្លាតពូកែកើតឡើងដោយកត្តាអ្វីខ្លះ?

        5.   ធ្វើដូចម្តេចដើម្បីសាងខ្លួនជាមនុស្សពូកែ?

        6.   សន្និដ្ឋាន

 

1.  មនុស្សដូចម្តេចហៅថាមនុស្សពូកែ?

            ជាអ្នកសម្រេចស្នាដៃដ៏មានប្រយោជន៍ម្យ៉ាងៗ បានល្អឆ្នើមលើសពីបុគ្គលធម្មតា។

     ឧទាហរណ៍ ៖

              -  អ្នកច្នៃប្រឌិត (ស្ទីវចប - ថូម៉ាស់ អេឌីសាន់ - បុព្វបុរសអ្នកសាងអង្គរវត្ត...)។

              -  អ្នកចម្រៀង តន្រ្តី (ម៉ៃឃើល ជែកសាន់ - ស៊ីន ស៊ីសាមុត - ខាឡូស សាន់តាណា...)។

              -  កីឡាករ (ដេវិដ ប៊ែកហាំ - រ៉ូណាល់ដូ...)។

              -  អ្នកនយោបាយ (អាប្រាហាម លិងខូលន៍ - មហាត្មៈ គន្ធី - នេលសាន់ ម៉ាន់ដេឡា...)។

              -  អ្នកវិទ្យាសាស្រ្ត (អាល់បឺត អាញស្តាញ - អៃសាក់ ញូវតុន...)។

              -  អ្នកជំនួញ (ប៊ីល ហ្កេត ហ៊ែនរី ហ្វដ...)។

              -  អ្នកនិពន្ធ (វិល្លៀម សេកស្ពៀរ - វ៉ិកទ័រ អ៊ុយហ្គោ - ដេល កានេហ្ស៊ី...)។

     ការចាត់ចំណាត់ថ្នាក់អ្នកពូកែមានកម្រិតខ្ពស់ទាបតាមលំដាប់ ៖ ថ្នាក់ក្រុម ស្រុក ខេត្ត ជាតិ ទ្វីប សកល។

 

2.  តើភាពពូកែមានសារៈសំខាន់ដូចម្តេចខ្លះ?

              -  ទទួលបានការលើកសរសើរ ផ្តល់កិត្តិយស។

              -  ជាមោទនភាពសម្រាប់ខ្លួនឯង គ្រួសារ សង្គមជាតិ មនុស្សជាតិ។

              -  មានអាទិភាពក្នុងការស្វែងរកការងារ ទាំងផ្លូវរដ្ឋនិងឯកជន។

              -  មានប្រៀបក្នុងការប្រកបអាជីព មានប្រៀបលើទីផ្សារ។

              -  លើកកម្ពល់គុណប្រយោជន៍សង្គម ស្មារតីសង្គម មនុស្សជាតិ។

 

3.  ភាពពូកែផ្សេងៗតាមទ្រឹស្តី Howard Gardner      

           លោក ហូវ៉ាដ ហ្កាដណ័រ  ជាសាស្រ្តាចារ្យផ្នែកចិត្តវិទ្យា នៅមហាវិទ្យាល័យហាវើដ។ គាត់បានសរសេរសៀវភៅ 

     Frames of Mind: The Theory of Multiple Intelligences (បែបផែននៃការគិតៈ ទ្រឹស្តីពហុបញ្ញាឬទ្រឹស្តីនៃភាពឆ្លាតពូកែ

     ផ្សេងៗ) អស់រយៈពេលជាង ២០ ឆ្នាំកន្លងមកហើយ។ មនុស្សភាគច្រើនតែងទទួលស្គាល់អំពីគំនិតដែលថា ភាពឆ្លាត

     របស់មនុស្សអាចវាស់បាន ដោយធ្វើតេស្តសាកល្បងរកផលធៀបបញ្ញា Intelligence Quotient ឬ IQ រកឃើញដោយ

     អ្នកចិត្តវិទ្យាបារាំងពីរអ្នក ហើយដែលគេនាំគ្នាយកមកប្រើប្រមាណជាង ១០០ ឆ្នាំមកហើយ។ អ្នកដែលធ្វើតេស្តបានពិន្ទុ IQ

     ខ្ពស់បានន័យថាគេជាមនុស្សឆ្លាត មានឱកាសល្អច្រើនក្នុងជីវិត។ ឯអ្នកដែលបានពិន្ទុ IQ ទាប បានន័យថាគេមានភាពឆ្លាត

     តិចឱកាសល្អសម្រាប់ជីវិតក៏តិចតួចទៅតាមនោះដែរ។

 

  • ភាពឆ្លាតពូកែក្នុងផ្លូវផ្សេងៗ

                  ហ្កាដណ័រ បានលើកឡើងថា មនុស្សយើងមាន "សារជាតិ" នៃភាពឆ្លាតពូកែក្នុងការប្រឈមមុខនៅលើលោក

          យើងដើម្បីបំពេញតម្រូវការក្នុងផ្លូវផ្សេងៗយ៉ាងតិច ៨ យ៉ាង រួមទាំងភាពឆ្លាតខាងភាសានិងគណិតវិទ្យា ដែលប្រព័ន្ធ

          សិក្សាពីសម័យមុនឲ្យតម្លៃខ្ពស់ជាងផ្នែកផ្សេងៗផងដែរ។

                  ភាពឆ្លាតពូកែផ្សេងឬពហុបញ្ញា (Multiple Intelligences) ដែលលោក ហា្កដណ័រ បែងចែកទាំង ៨ យ៉ាងនោះមាន៖

 

     ១.​ ភាពឆ្លាតពូកែខាងភាសា (Linguistics Intelligence):  

                  ជាភាពឆ្លាតពូកែក្នុងការចេះប្រើភាសាដូចជា ការឆាប់យល់ពីអត្ថន័យផ្សេងៗ ការពូកែនិយាយ ពូកែសរសេរ

          ការចេះផ្តល់ព័ត៌មានឲ្យអ្នកទទួលបានយល់ច្បាស់លាស់ ការផ្តល់សញ្ញាខាងអារម្មណ៍ឲ្យអ្នកដទៃអាចយល់បានល្អ

          សមត្ថភាពក្នុងការរៀនភាសាបរទេស។ល។ អ្នកដែលឆ្លាតពូកែក្នុងផ្នែកនេះមានជាអាទិ៍ដូចជាអ្នកនិពន្ធ កវី អ្នកឃោសនា

          អ្នកច្បាប់ អ្នកនយោបាយជាដើម។ ប៉ុន្តែសមត្ថភាពក្នុងផ្នែកនេះមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នា  ព្រោះថា

          ចំណេះដឹងខាងភាសា  គឺជាគ្រឹះសម្រាប់ឲ្យយើងទៅរៀនមុខវិជ្ជាដទៃផ្សេងៗទៀតបានល្អ។ បើយើងមិនពូកែខាងភាសា

          ទេ យើងអាចនឹងមានការលំបាកក្នុងការពង្រីកសមត្ថភាពយល់ដឹងរបស់ខ្លួនទៅលើផ្នែកផ្សេងៗទៀតជាមិនខាន។ អ្នក

          មានសមត្ថភាពក្នុងផ្នែកនេះតែងសម្បូរមិត្តភក្តិ ពូកែទាក់ទងអ្នកដទៃ បើនឹងនិយាយស្តីអ្វីតែងមានគេចូលចិត្តស្តាប់។

          គេក៏ជាអ្នកពូកែស្តាប់និងពូកែសង្កេត ហើយឆាប់យល់ពីកាយវិការឬអាកប្បកិរិយាផ្សេងៗរបស់មនុស្សផងដែរ។

 

     ២. ភាពឆ្លាតពូកែខាងតក្កៈនិងគណិតវិទ្យា (Logical-Mathematical Intelligence): 

                  ជាសម្ថភាពក្នុងការពិនិត្យបញ្ហាផ្សេងៗប្រកបដោយហេតុផល ហើយមានផែនការច្បាស់លាស់ទៅតាមការគន់គូរ

          បែបវិទ្យាសាស្ត្រ ពុំមែនចេះតែថាឲ្យរួចពីមាត់ឬថាព្រាវៗនោះទេ។ អ្នកឆ្លាតពូកែក្នុងផ្នែកនេះមានដូចជា អ្នកវិទ្យាសាស្ត្រ

          អ្នកគណិតសាស្រ្ត អ្នកស្រាវជ្រាវ អ្នកសរសេរកម្មវិធីកុំព្យូរទ័រ អ្នកហិរញ្ញវត្ថុ វិស្វករជាដើម។

 

     ៣. ភាពឆ្លាតពូកែខាងតូរ្យតន្ត្រី (Musical Intelligence):      

                  សមត្ថភាពក្នុងផ្នែកនេះគឺការយល់ដឹងនិងការចេះបង្កបង្កើតតន្រ្តី យល់ដឹងអំពី សំឡេង ចង្វាក់ភ្លេង និងទម្រង់រួម

          របស់តន្រ្តី។ អ្នកពូកែក្នុងផ្នែកនេះមានដូចជាអ្នកតែងបទភ្លេង តន្ត្រីករ DJ អ្នករៀបចំកម្មវិធីតន្ត្រី អ្នកវិភាគរិះគន់ពីតន្ត្រី

          ។ល។

 

     ៤. ភាពឆ្លាតពូកែខាងប៉ាន់ស្មានរយៈចម្ងាយ ទីតាំងក្នុងលំហ (Spatial Intelligence): 

                  អ្នកពូកែផ្នែកនេះ គឺជាអ្នកពូកែប្រើរូបារម្មណ៍ ពូកែចងចាំ។ គេអាចមើលឃើញរូបអ្វីៗច្បាស់នៅក្នុងរូបារម្មណ៍របស់

          ខ្លួន។អាចគូសវាសរូបភាពអ្វីបានយ៉ាងសមសួន អាចប៉ាន់ប្រមាណអំពីទីតាំងវត្ថុផ្សេងៗយ៉ាងជាក់លាក់ និងយល់ដឹង

          បានយ៉ាងល្អថា អ្វីគួរដាក់ត្រង់ណា អ្វីគួរនៅត្រង់ណា? អ្នកពូកែខាងផ្នែកនេះមានដូចជា ជាងគំនូរ ចម្លាក់ ស្ថាបត្យករ

          អ្នកឌីសាញ (Designer) អ្នកនាំផ្លូវ (ដើរព្រៃ) វិស្វករ អ្នកវ៉ៃប៊ូល អ្នកបាញ់សត្វ។ល។ អ្នកដែលពូកែក្នុងផ្នែកនេះ បើដើរទៅ

          តាមទីព្រៃភ្នំ ឬតាមទីក្រុងធំៗ គេតែងពូកែចំណាំ ប្រៀបដូចមានផែនទីនៅក្នុងខួរក្បាលដូច្នោះដែរ។

 

     ៥.ភាពឆ្លាតពូកែខាងកាយសម្បទា ការធ្វើចលនា (Bodily - Kinesthetic Intelligence):

                  ជាសមត្ថភាពនៃការគ្រប់គ្រងទៅលើការធ្វើចលនាខ្លួនប្រាណដូចជាអ្នករាំរបាំ សិល្បករ កីឡាករ សៀកជាដើម។

 

     ៦. ភាពឆ្លាតពូកែក្នុងការស្គាល់ខ្លួនឯង (Intrapersonal Intelligence):    

                  ជាសមត្ថភាពក្នុងការស្វែងយល់ពីចិត្ត និងអារម្មណ៍របស់ខ្លួនឯង។ មនុស្សក្រុមនេះតែងរកពេលវេលាស្ងប់ស្ងាត់

          ដើម្បីគិតពីខ្លួនឯង មានសេចក្តីសុខក្នុងការគិតបណ្តើរសួរបណ្តើរពីអត្ថន័យនៃជីវិត ថាតើត្រូវធ្វើដូចម្តេចដើម្បីឲ្យជីវិត

          បានល្អប្រសើរ។ភាពឆ្លាតពូកែក្នុងផ្នែកនេះជួយឲ្យយើងចេះគ្រប់គ្រងជីវិតខ្លួនបានល្អ និងចេះពង្រីកសមត្ថភាពក្នុង

          ការងារឲ្យទទួលបាន ជោគជ័យក្នុងឆាកជីវិត។ អ្នកឆ្លាតពូកែផ្នែកនេះមានដូចជា អ្នកនិពន្ធ ទស្សនវិទូ អ្នកអប់រំចិត្ត ពេទ្យ

​          ចិត្តសាស្រ្ត។

 

     ៧. ភាពឆ្លាតពូកែក្នុងការស្វែងយល់ពីអ្នកដទៃ (Interpersonal Intelligence):

                  ជាសមត្ថភាពក្នុងការស្វែងយល់និងចូលចុះជាមួយមនុស្សគ្រប់ប្រភេទ។ អ្នកឆ្លាតពូកែក្នុងផ្នែកនេះតែងមានបុគ្គលិក

          លក្ខណៈសាមញ្ញ មិនប្រកាន់ខ្លួន តែមានជំហររឹងមាំ ច្បាស់លាស់គួរឲ្យអ្នកផងទុកចិត្ត រាប់អាន ពូកែនិយាយឲ្យ

          យល់ស្របតាម មានស្នេហ៍មុខ។ មនុស្សក្រុមនេះមានដូចជា​ អ្នកនយោបាយ អ្នកប្រៀនប្រដៅសាសនា គ្រូបង្រៀន

          អ្នកអប់រំ អ្នកលក់ដូរអ្នកឃោសនាជាដើម។

 

     ៨. ភាពឆ្លាតពូកែក្នុងការស្គាល់ពីធម្មជាតិ (Naturalist Intelligence):

                  មនុស្សយើងរស់នៅក្នុងធម្មជាតិ។ ការស្គាល់ពីធម្មជាតិក៏ជាការចាំបាច់របស់យើងដែរ។ អ្នកខ្លះអាចស្គាល់ពីនិស្ស័យ

           របស់សត្វ រហូតដល់អាចបង្វឹកសត្វបានយ៉ាងងាយ អ្នកខ្លះទៀត (កាលមិនទាន់មានឧតុនិយម) គេយល់ដឹងថា អាកាស

           បែបនេះត្រូមានភ្លៀងធំ ខ្យល់បែបនេះមិនអាចមានភ្លៀង ទឹក ដី អាកាស ព្រៃឈើ ព្រះអាទិត្យ ព្រះចន្ទមានប្រយោជន៍

           អ្វីខ្លះដល់មនុស្សយើង? តើត្រូវធ្វើដូចម្តេចដើម្បីប្រើប្រាស់ធម្មជាតិឲ្យមានប្រយោជន៍ដល់មនុស្សលោក? ។ល។ អ្វីទាំង

           នេះជាភាពឆ្លាតវៃក្នុងការស្គាល់ពីធម្មជាតិរបស់មនុស្ស។ ភាពឆ្លាតពូកែក្នុងការស្គាល់ពីធម្មជាតិ កើតឡើងដោយសារ

           ការសិក្សាសង្កេត  ពិនិត្យទៅលើសភាវៈផ្សេងៗ ឬបរិយាកាសជុំវិញខ្លួនយើងនេះឯង។

 

4.  មនុស្សឆ្លាតពូកែកើតឡើងដោយកត្តាអ្វីខ្លះ?

        ក. ឆ្លាតពូកែដោយមានអំណោយទានពីកំណើត

                  អំណោយទានពីកំណើតគឺកត្តាសំខាន់មួយដែលអាចជាប់ទាក់ទងនឹងតំណពូជ ឬទាក់ទងនឹងការហ្វឹកហាត់ទៅលើ

        ក្មេងចាប់ពីពេលកើតមកភ្លាមៗរហូតដល់ ៣ ឆ្នាំ ព្រោះក្នុងចន្លោះ ០­-៣ ឆ្នាំ ជាចន្លោះពេលដ៏សំខាន់នៃការរីកលូតលាស់

        ខួរក្បាលរបស់ក្មេង។ ក្មេងដែលបានលេងជាមួយច្រើន ផ្តល់សញ្ញាល្អៗទៅឲ្យគេក្នុងពេលនេះ ជាកត្តាមួយជួយឲ្យបញ្ញា

        របស់គេរីកចម្រើនជាងក្មេងដែលគេចញ្ចឹមស្ងៀមៗ មិនសូវមានប្រតិកម្មឆ្លើយតបជាមួយមជ្ឈដ្ឋានខាងក្រៅ។

        ភាពឆ្លាតពូកែពីកំណើតមានពីរបែប ៖

                ១)  ពូកែដោយរួម ៖ អ្នកខ្លះឆ្លាតពូកែច្រើនយ៉ាងផ្សំគ្នា (ក្នុងបណ្តាភាពឆ្លាតពូកែទាំង ៨ ខាងលើ) មានពីរឬបីយ៉ាង ឬ

        ច្រើនយ៉ាង ឬប្រភេទមាន IQ ខ្ពស់។

                ២)  ពូកែដោយមុខ ៖ អ្នកខ្លះឆ្លាតពូកែដោយមុខ ឯផ្នែកដទៃខ្លះបែរជាអន់បំផុតក៏មាន។

 

        ខ. ឆ្លាតពូកែដោយការខំប្រឹងប្រែង ការរៀនសូត្រហ្វឹកហាត់ប្រកបដោយវិន័យខ្ពស់។

                  រូបខ្ញុំផ្ទាល់ធ្លាប់ជួបបទពិសោធមួយដោយខ្លួនឯង។ កាលពីរៀនចាប់ពីថ្នាក់ទី ១២ រហូតមក (សម័យទសវត្សរ៍១៩៦០

        ក្មេងចាប់រៀនពីថ្នាក់ទី ១២ មកមុន ទើបបន្តមកទី ១១-១០-៩ តាមលេខរៀងចុះមកវិញ គឺយកគំរូតាមប្រព័ន្ធសិក្សារបស់

        បារាំង) ខ្ញុំរៀនទៅតាមសមត្ថភាពពីកំណើត ទទួលចំណាត់ថ្នាក់នៅចន្លោះពីលេខ ១ ដល់លេខ ៥ ប៉ុណ្ណោះ។ ប៉ុន្តែលុះ

        ដល់ថ្នាក់ទី១ ឆ្នាំប្រលង BAC I ចំណាត់ថ្នាក់របស់ខ្ញុំធ្លាក់រហូតដល់លេខ ២២ ក្នុងបណ្តាសិស្សប្រហែល ៤០ នាក់។ ពេល

        នោះខ្ញុំរកឃើញពីមូលហេតុផ្សេងៗដែលធ្វើឲ្យចំណាត់ថ្នាក់ធ្លាក់ចុះដោយកត្តារួមផ្សំផ្សេងៗដូចជា

                ១)  រូបខ្ញុំផ្ទាល់នៅតែរៀនតាមសមត្ថភាពពីកំណើតដដែល ពុំមានការខំប្រឹងប្រែងឲ្យបានខ្លាំងជាងមុន ឬបង្កើនសន្ទុះ

        ការរៀនសូត្រឲ្យខុសប្លែកពីមុនប៉ុន្មានឡើយ ទន្ទឹមនឹងមិត្តរួមថ្នាក់ដទៃគេបានរៀនបំប៉នក្រៅម៉ោងតាំងពីមុនចូលកង រៀន

        បំប៉នរៀងរាល់ល្ងាច ឬរៀនបន្ថែមរៀងរាល់ថ្ងៃសៅរ៍អាទិត្យ ព្រមទាំងបង្កើនសន្ទុះការខំប្រឹងប្រែងរបស់ខ្លួនច្រើនជាងមុន

        ដែលជាហេតុធ្វើឲ្យមិត្តរួមថ្នាក់ដែលសមត្ថភាពខ្សោយជាងខ្ញុំ គេអាចរកពិន្ទុបានល្អជាងខ្ញុំដែលមានតែសមត្ថភាពពី

        កំណើត តែមិនបានបង្កើនសន្ទុះខំប្រឹងប្រែងដូចពួកគេ។​

                ២)  ពេលរៀនដល់ថ្នាក់កាន់តែខ្ពស់ សិស្សខ្សោយតែងតែជ្រុះជាបន្តបន្ទាប់ សិស្សដែលអាចឆ្លងផុតមកច្រើនតែជា

        សិស្សគ្រាន់បើឬសិស្សពូកែ (កាលសម័យនោះពុំមែនចេះតែជាប់ច្រើនដូចសម័យនេះទេ ដើម្បីបានចូលរៀននៅសាលា

        វិទ្យាល័យរដ្ឋដែលមានចំនួនកម្រិត សិស្សនៅបឋមសិក្សាត្រូវតែ "ប្រឡងប្រជែង" ឲ្យបានលេខល្អៗបំផុត។ កាលនោះក្នុង

        ថ្នាក់ របស់ខ្ញុំដែលមានសិស្សប្រមាណ ៣០ នាក់ ជាប់បានតែ ៤ នាក់ប៉ុណ្ណោះ) ដូច្នេះពេលរៀនដល់ថ្នាក់កាន់តែខ្ពស់ ការ

        ប្រកួតប្រជែងក៏មានកាន់់តែស្រួចស្រាល់ជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យអ្នកដែលប្រើសមត្ថភាពពីកំណើតសុទ្ធសាធកាន់

        តែដាច់ឆ្ងាយពីអ្នកដទៃបន្តិចម្តងៗ។ ដូចដែលសិស្សនារីម្នាក់បានសួរខ្ញុំក្នុងពេលខ្ញុំធ្វើជាវាគ្មិនអំពីភាពឆ្លាតពូកែ ក្នុងកម្មវិធី

        "ខ្មែរថក-Khmer Talks" នៅខេត្តកំពង់ចាម កាលពីថ្ងៃ ២៤ វិច្ឆិកា ឆ្នាំ ២០១៣ ថា "ហេតុអ្វីបានជាពីដើមខ្ញុំធ្លាប់រៀនបាន

        លេខ១ រហូត តែឥឡូវបែរជាខ្សោយ រៀនចាញ់គេ?" ចម្លើយដំបូងៗរបស់ខ្ញុំគឺមូលហេតុទាំងពីរខាងលើនេះឯង សូម្បីតែ

        អាចមានកត្តាផ្សេងទៀតមករួមផ្សំ ដូចជាកត្តាជីវភាពខ្វះខាត ឬវិបត្តិផ្ទាល់ខ្លួន តែវាជាកត្តាបន្ទាប់បន្សំប៉ុណ្ណោះ។

 

        គ. ឥទ្ធិពលជំរុញ មនុស្សពូកែមានឥទ្ធិពលជំរុញពីកត្តាផ្សេងៗដូចជា

               ១. គ្រួសារ :

        គ្រួសារមានឥទ្ធិពលខ្លាំងមកលើភាពឆ្លាតពូកែរបស់មនុស្ស ព្រោះក្មេងបានឃើញ ជួប ឬបានហ្វឹកហាត់ជាប្រចាំដូចជា

        បើឪពុកជាអ្នកកីឡា កូនដែលបានជួប ឃើញ សាកល្បង ឬហ្វឹកហាត់ ហើយប្រសិនបើគេចូលចិត្តផ្នែកនេះថែមទៀង

        គេនឹងបានដើមទុនពីផ្នែកនេះស្រាប់។

               ២. គ្រូបង្វឹក :

        » រូបខ្ញុំផ្ទាល់ធ្លាប់មានបទពិសោធផ្ទាល់កាលបញ្ចប់ពីសាលាគរុកោសល្យវគ្គពិសេស ឆ្នាំ ១៩៨៣-៨៤ ភូមិភាគបាត់ដំបង

        បង្រៀនដោយគ្រូចម្រុះ ខ្មែរនិងវៀតណាម។ ខ្ញុំជាគ្រូបង្រៀនផ្នែកគណិតវិទ្យា ហើយចេញបង្រៀននៅអនុវិទ្យាល័យនរា

        ស្រុកសង្កែ ជាអនុវិទ្យាល័យតូចមួយនៅជាយក្រុងបាត់ដំបង។ ក្នុងឆ្នាំទីពីរ បន្ទាប់ពីប្រកួតប្រជែងជាប់ជាគ្រូល្អថ្នាក់ខេត្ត

        ខ្ញុំត្រូវនាយកសាលាចាត់តាំងឲ្យបង្រៀនសិស្សពូកែថ្នាក់គណិតវិទ្យា។ និស្ស័យរបស់ខ្ញុំផ្ទាល់គឺជាអ្នកចូលចិត្តជីកឫសគល់

         អាថ៌កំបាំងទាំងឡាយ រួមទាំងស្រាវជ្រាវរកអ្វីប្លែកថ្មីជាប្រចាំ។ "សៀវភៅទាក់ទងនឹងមុខវិជ្ជាគណិតវិទ្យាដែលខ្ញុំត្រូវ

         បង្រៀន ខ្ញុំទិញទាំងអស់ ទោះបីសៀវភៅនោះមានលំហាត់សំខាន់ៗតែមួយឬពីរក៏ដោយ... ខ្ញុំទិញទាំងអស់... ខ្ញុំសុខចិត្ត

         អត់អ្វីផ្សេង" មិនតែប៉ុណ្ណោះទេ សៀវភៅដទៃទៀតដែលខ្ញុំពិនិត្យឃើញថាមានសារៈសំខាន់ដល់អាហារគំនិត ខ្ញុំកម្រឲ្យ

         របូតពីដៃខ្ញុំណាស់... នេះជានិស្ស័យរបស់ខ្ញុំតាំងពីដើមមក។

                 តើខ្ញុំ (គ្រូ) បានធ្វើឲ្យមានការផ្លាស់ប្តូរអ្វីខ្លះនៅអនុវិទ្យាល័យ នរា នោះ?

        -  ឆ្នាំ ១៩៨៦ សិស្ស ឡាយ គង់ ជាប់ជាសិស្សពូកែថ្នាក់ខេត្ត និងជាប់លេខ ១ ទូទាំងប្រទេស ផ្នែកគណិតវិទ្យា។ សព្វថ្ងៃ

        គេជាគ្រូបង្រៀននៅមហាវិទ្យាល័យមួយចំនួននៅភ្នំពេញនេះ។

        -  ឆ្នាំ ១៩៨៧ សិស្ស អ៊ុំ សុផូ ជាប់ជាសិស្សពូកែថ្នាក់ខេត្ត។

        -  ឆ្នាំបន្ទាប់មានសិស្ស សេក វណ្ណថា និងមានជាប់ ១ ឬ ២ នាក់ រៀងរាល់ឆ្នាំដែលខ្ញុំបានបង្រៀន តាំងពីដើមមក

        សិស្សសាលានេះមិនធ្លាប់មានប្រវត្តិជាប់សិស្សពូកែគណិតវិទ្យាទាល់តែសោះ។

        » ក្រុមកីឡាបាល់ទាត់ដែលទទួលពានរង្វាន់ធំៗនៅលើលោក សុទ្ធតែជួលគ្រូបង្រៀនចំណានៗដើម្បីយកមកបង្រៀន

        បង្វឹកដល់ក្រុមកីឡាករ។ ហេតុនេះ គ្រូបង្វឹកក៏ជាកត្តាមួយសំខាន់ក្នុងការជំរុញឲ្យកើតមានមនុស្សពូកែ។

               ៣. សង្គម :

                    សង្គមនីមួយៗមានស្ថាប័ននិងបុគ្គលជាច្រើនដែលជះឥទ្ធិពលទៅលើមនុស្ស។ ឧទាហរណ៍ បើពិធីករក្នុងប្រព័ន្ធ

        ផ្សព្វផ្សាយ ឬអ្នកនិពន្ធណាម្នាក់ជាមនុស្សពូកែផ្តល់គំនិត ទស្សនៈ ឬវិធីដោះស្រាយបញ្ហាប្រកបដោយភាពឈ្លាសវៃ

        ឥទ្ធិពលរបស់គេក៏ជះមកលើសមាជិកសង្គម ឬបុគ្គលណាម្នាក់បានទៅរស់នៅក្នុងមជ្ឈដ្ឋានមនុស្សពូកែៗ ហើយគេក៏នឹង

        បឺតយកភាពឆ្លាតពូកែទាំងនោះដោយស្វ័យប្រវត្តិ។ ការណ៍ដែល អ៊ីទ្លែរ សម្លាប់ពួកជ្វីហ្វអស់រាប់លាននាក់ ក៏ដោយសារ

        តែពួកអាល្លឺម៉ង់រកស៊ីមិនឈ្នះពួកជ្វីហ្វ ឬការណ៍ដែលនៅលើពិភពលោកមានអ្នកប្រាជ្ញជាតិជ្វីហ្វ ឬមានមហាសេដ្ឋីដើម

        កំណើតជ្វីហ្វជាច្រើននោះ យើង មិនបាច់ឆ្ងល់ទេថា ជ្វីហ្វជាសង្គមដែលសម្បូរមនុស្សពូកែ ហើយបានបណ្តុះឲ្យមាន

        មនុស្សឆ្លាតពូកែច្រើនជាបន្តបន្ទាប់។ សង្គមជឿនលឿននិងសង្គមអន់ថយ កម្រិតការគិតជាមធ្យមរបស់មនុស្សមានគម្លាត

        ខុសៗគ្នា។ខ្ញុំធ្លាប់សួរសំណួរធ្វើតេស្តកម្រិតការយល់ដឹងរបស់ក្មេងជនជាតិថៃម្នាក់មានអាយុ ១២ ឆ្នាំ ហើយបើខ្ញុំយកមក

        ប្រៀបធៀបនឹងក្មេងខ្មែរយើង (ដែលខ្ញុំធ្លាប់សង្កេត មើលតាមទូរទស្សន៍ឬស្តាប់វិទ្យុ គ្រាន់តែសំណួរសួរថា ខេត្តណាខ្លះ

        នៅជាប់ដងទន្លេសាប ក៏គេត្រូវរកនឹកយ៉ាងយូរ ឬអាចនឹងរកនឹកមិនឃើញផង) គឺប្រហាក់ប្រហែលនឹងអ្នកមានអាយុ

        ១៥-១៦ ឆ្នាំ។ នេះពុំមែនជារឿងចម្លែកអ្វីទេ គឺមកពីគុណភាពសិក្សាអប់រំ និងគុណភាពមជ្ឈដ្ឋានសង្គមខុសគ្នានេះឯង។

        តាមដោយខ្ញុំធ្លាប់សង្កេតដោយរួម មនុស្សក្នុងសង្គមជឿនលឿនអាយុ៣០ ឆ្នាំ មានកម្រិតយល់ដឹងប្រហាក់ប្រហែល

        មនុស្សអាយុ ៣៥-៤០ឆ្នាំ ឬលើសពីនេះ ក្នុងសង្គមមួយទៀតដែលទន់ខ្សោយជាង ដែលតាមពិត បើមជ្ឈដ្ឋានសង្គម

        ប្រហាក់ប្រហែលគ្នា ពួកគេមានសិទ្ធិទទួលកម្រិតយល់ដឹងបានខ្ពស់ដូចគ្នា។ ដោយឡែកសង្គមដែលមានកម្រិតការអាន

        នៅទាបដូចសង្គមខ្មែរយើងបច្ចុប្បន្ននោះគឺជាបញ្ហាដ៏ធំ និងប៉ះពាល់ដ៏ធ្ងន់ធ្ងរក្នុងការទប់ទល់នឹងសម្ពាធសកល

        ភាវូបនីយកម្មដ៏ទូលាយនេះ។

សម្គាល់​ : ភាពពូកែរបស់បុគ្គលម្នាក់មានការវិវត្តដោយឡែកពីគ្នា

        -  ខ្លះពូកែពីក្មេង ពេលចាស់ទៅខ្សោយ

        -  ខ្លះពូកែពីក្មេង រហូតដល់ចាស់

        -  ខ្លះខ្សោយពីក្មេង ចាស់បន្តិចកាន់តែហឺរទៅៗជាលំដាប់។

        តើបណ្តាលពីមូលហេតុអ្វី?

                កត្តាសំខាន់តើបុគ្គលនោះបានរៀនសូត្រហ្វឹកហាត់ជាបន្តបន្ទាប់ដែរឬទេ? បើគេមិនបានអាន មិនបានសិក្សាស្រាវ

​​​​​​​​​​​​​        ជ្រាវ បន្តទេ ឬបើគេបញ្ឈប់ត្រឹមណា អាយុការយល់ដឹងរបស់គេក៏បញ្ឈប់ត្រឹមនោះដែរ។ ហេតុនេះពាក្យថា "រលកក្រោយ

        រុញរលកមុន" ឬ "បើអ្នកនៅស្ងៀមលើទឹកដែលកំពុងហូរ ប្រៀបដូចអ្នកដើរថយក្រោយ" សុទ្ធតែបង្ហាញឲ្យឃើញ

        ពីសារៈសំខាន់នៃការរៀនសូត្រពេញមួយជីវិតនេះឯង។

                ៤.ថាមពលជំរុញផ្លូវ​ចិត្ត :  ទង្វើរបស់មនុស្សម្នាក់តែងមានថាមពលជំរុញផ្លូវចិត្ត។ បើមានថាមពលខ្លាំងឬច្រើនផ្លូវ

        ទង្វើរបស់បុគ្គលនោះក៏មានសភាពខ្លាំងនិងមោះមុតផងដែរ។ ថាមពលនោះមានដូចជា

                » ការឆ្ងល់ ចង់ដឹង : កាលពីក្មេង អាញស្តាញ ជាក្មេងដែលមិនទំនងថាឆ្លាត តែបន្ទាប់ពីទទួលត្រីវិស័យដែលឪពុក

        ប្រគល់ឲ្យក្នុងថ្ងៃកំណើត ធ្វើឲ្យគាត់មានចម្ងល់ជាប្រចាំ ហើយចាប់អារម្មណ៍លើមុខវិជ្ជាគណិតវិទ្យា រហូតក្លាយជាមនុស្ស

        ពូកែគណិតវិទ្យា ហើយបន្ទាប់មកជាអ្នកប្រាជ្ញដ៏ល្បីល្បាញម្នាក់។

                 » ការឈឺចាប់ : យើងធ្លាប់ឃើញពាក្យស្លោកថា "ទីណាមានការជិះជាន់ ទីនោះមានការរើបម្រះ" ឬ "ពេលស្រុកកើត

        កលិយុគ ទើបមានកើតអ្នកប្រាជ្ញ" ដូចជា មហាត្មៈ គន្ធី ធ្លាប់ជួបរឿងឈឺចាប់នៅលើរថភ្លើង។ គាត់ទិញសំបុត្ររថភ្លើងថ្នាក់

        លេខ ១ តែដោយសារច្បាប់រើសអើងអម្បូរទាសករ គាត់គ្មានសិទ្ធិអង្គុយកៅអីនោះ ហើយត្រូវគេចាប់សែងទម្លាក់នៅ

        ស្ថានីយមួយ។ គាត់ដេកមិនលក់ សញ្ជឹងគិតមួយយប់ទល់ភ្លឺ រហូតសម្រេចចិត្តធ្វើអ្វីម្យ៉ាង។ ទីបំផុត គាត់ក្លាយជាអ្នកដឹកនាំ

        អហិង្សារំដោះប្រទេសឥណ្ឌាឲ្យផុតពីអាណានិគមអង់គ្លេស។ នេលសាន់ ម៉ាន់ដេឡា ក៏ជួបនឹងរឿងប្រហាក់ប្រហែលគ្នា

        ដែរ។ជនស្បែកខ្មៅជាម្ចាស់ស្រុកត្រូវគេបំបិទសិទ្ធិមិនឲ្យរៀន មិនឲ្យចូលហាងទំនិញមួយចំនួន និងសិទ្ធិសេរីភាពលើរឿង

        ជាច្រើនទៀតដែលគេទុកសម្រាប់តែពួកស្បែកស ធ្វើឲ្យគាត់កើតគំនិតឈឺចាប់ ហើយប្តេជ្ញាធ្វើអ្វីម្យ៉ាង។ ទីបំផុតគាត់

        ក៏តស៊ូពុះពាររំដោះសិទ្ធិសេរីភាពឲ្យជនស្បែកខ្មៅ រហូតក្លាយជាប្រធានាធិបតីស្បែកខ្មៅដំបូងនៅអាហ្រ្វ៊ិកខាងត្បូង។

                » ការស្រឡាញ់ ការឈឺឆ្អាល : ជាកត្តានាំឲ្យកើតមេដឹកនាំសាសនាធំៗ វីរជនស្នេហាជាតិផ្សេងៗ។

                » មហិច្ឆតា : ការចង់បង្ហាញមោទនភាព ការចង់សាងគុណប្រយោជន៍ដល់មនុស្សជាតិ ការមើលឃើញពីតម្លៃ ឬ

        គុណប្រយោជន៍អ្វីម្យ៉ាងៗ នាំឲ្យកើតមានអ្នកខ្លាំង អ្នកប្រាជ្ញ និងទស្សនវិទូជាច្រើន។

                » ការផ្តល់រង្វាន់លើកទឹកចិត្តខ្ពស់ : លេអូណាដូ ដាវិនស៊ី ដែលបង្កើតស្នាដៃវិចិត្រកម្មខ្ពស់ ដែលពីដើមមិនធ្លាប់  

        មាន អាចមកពីក្នុងយុគសម័យរបស់គេ អ្នកមានលុយបានផ្តល់តម្លៃខ្ពស់ទៅលើផ្ទាំងគំនូរល្អៗ ដែលជួយជំរុញជាងគំនូរ

        ឲ្យខំផ្ចិតផ្ចង់ស្នាដៃរបស់ខ្លួន។ ក្នុងសង្គមបច្ចុប្បន្នក៏មិនខុសគ្នាអ្វីដែរ សង្គមណាដែលផ្តល់តម្លៃទៅលើអ្វី ឬផ្តល់រង្វាន់ធំៗ

        ទៅលើស្នាដៃអ្វី មិនថាជាសិល្បករ អ្នកចម្រៀង អ្នកនិពន្ធ កីឡាករ វិស័យនោះទេ តែងតែជំរុញកម្លាំងខំប្រឹងប្រែងដល់

        មនុស្ស បង្កើនកម្រិតប្រកួតប្រជែងកាន់តែខ្ពស់ បង្កើនច្នែប្រឌិតខ្ពស់ គេក៏អាចនឹងរកឃើញមនុស្សពូកែលេចធ្លោជាក់ជា

        មិនខាន។ ហេតុនេះថាមពលជំរុញទឹកចិត្ត ប្រៀបដូចជាប្រេងសាំងសម្រាប់បញ្ឆេះ ផ្តល់ថាមពលឲ្យកើតមនុស្សពូកែៗ

        ទៅតាមប្រភេទផ្សេងៗដូចខាងលើ ឬប្រភេទដទៃទៀតដែលខ្ញុំលើកមកនិយាយមិនអស់។

 

5.  ធ្វើដូចម្តេចដើម្បីសាងខ្លួនឲ្យក្លាយជាមនុស្សពូកែ?

        តើមនុស្សពូកែអាចសាងបានដែរឬទេ?

        បើយើងមានភាពឆ្លាតពូកែស្រាប់ ហើយមានកត្តារួមផ្សំផ្សេងៗកាន់តែច្រើនប៉ុនណា នោះក៏កាន់តែមានភាពល្អប្រសើរ

        ប៉ុណ្ណោះដែរ។ ប៉ុន្តែសម្រាប់អ្នកដែលពុំមានទេពកោសល្យពីកំណើត ក៏ពុំមែនជារឿងគួរឲ្យព្រួយបារម្ភអ្វីដែរ ឲ្យតែមាន

        កត្តាផ្សំដទៃទៀតឲ្យបានច្រើន ឬមានកម្លាំងពុះពារខ្លាំងក្លាប៉ុណ្ណោះ។ ខ្ញុំសូមផ្តល់ការកត់សម្គាល់មួយចំនួនអំពីគន្លឹះសាង

        ភាពពូកែមានដូចជា ៖

        ១. ស្គាល់ខ្លួនឯង :  រកឲ្យឃើញចំណុចខ្លាំងរបស់ខ្លួន

        សូមឆ្លើយនឹងសំណួរខាងក្រោម ៖

        - តើខ្ញុំចូលចិត្តអ្វី? ចាប់អារម្មណ៍អ្វីខ្លាំងបំផុត?

        - តើខ្ញុំអត់ធន់នឹងអ្វីបានយូរបំផុត?

        - តើខ្ញុំចង់ធ្វើអ្វីឲ្យបានល្អបំផុត?

        - តើរយៈពេលកន្លងមកនៃជីវិត ខ្ញុំបានសន្សំទុនអ្វីខ្លះ?

        - តើវីរបុរសខ្ញុំគឺនរណា? ហេតុអ្វី? តើគេធ្វើដូចម្តេចខ្លះ?

                   យើងត្រូវឆ្លើយនឹងសំណួរខាងលើឲ្យបាន ព្រោះវាជាការចង្អុលទិសដល់យើង។ បើយើងមិនដឹងថា ខ្លួនត្រូវដើរ

        ទៅទិសណាទេ នោះយើងក៏មិនអាចដើរទៅដល់ណាដែរ កុំថាឡើយធ្វើជាមនុស្សពូកែ។ "សត្វគោកមិនអាចរស់នៅក្នុង

        ទឹកបានយូរ" អ្វីដែលពុំមែនជាធាតុពិតរបស់យើងមិនអាចក្លែងបន្លំឬកុហកបានយូរ ការចង់តាមអារម្មណ៍ម្តងម្កាលមិន

        ដូចជាការស្រឡាញ់ពេញបេះដូងទេ កិច្ចការដែលអ្នកមិនស្រឡាញ់អ្នកនឹងមិនអាចធ្វើបានល្អឡើយ។

        » បើរកមិនទាន់ឃើញ តើគួរធ្វើដូចម្តេច?

        - ធ្វើតារាង ស្វែងយល់ពីអាជីពការងារផ្សេងៗឲ្យបានច្រើន ហើយលុបចោលនូវអ្វីដែលយើងប្រាកដក្នុងចិត្តថាវាមិនមែន

        - សិក្សាលើអាជីពដែលកំពុងវិវត្តទៅរកផ្លូវល្អ

        - សាកល្បងមួយរយៈថាតើវាស័ក្តិសមនឹងខ្លួនឯងដែរឬទេ?

        អ្វីដែលសាកល្បងទៅធ្វើឲ្យអ្នកឆាប់ធុញទ្រាន់ឬពិបានទ្រាំទ្រ នោះគឺពិតជាមិនមែនហើយ។ អ្វីដែលធ្វើឲ្យអ្នកមានលំនឹង

        ផ្លូវចិត្ត មិនចាំបាច់ទាល់តែទទួលកម្រៃច្រើនពេកនោះទេ សំខាន់វាធ្វើឲ្យយើងបានពេញចិត្តនឹងខ្លួនឯង មានលំនឹងផ្លូវចិត្ត

        មានកម្លាំងចិត្តធ្វើតទៅមុខ នោះប្រហែលជាជិតត្រូវមែនទែនហើយ។

 

        ២. មានទស្សនវិស័យ

                ពេលប្រមើលមើលលទ្ធផលវែងឆ្ងាយ ឃើញពីផលប្រយោជន៍ទាំងសេដ្ឋកិច្ចនិងគុណធម៌ នោះវានឹងធ្វើឲ្យមានជំនឿ

        កាលបើមានជំនឿក៏នឹងនាំឲ្យមានសង្ឃឹម ពេលមានសង្ឃឹមវានឹងជំរុញឲ្យកើតឆន្ទៈពិតប្រាកដ ហ៊ានសម្រេចចិត្តមោះមុត

        ប្រកបដោយថាមពល។ ថាមពលជំរុញជាកត្តាសំខាន់។


        ៣. រៀនសូត្រ ហ្វឹកហាត់ មានក្តីអំណត់ មានវិន័យ

        - រកគ្រូល្អៗ យកមនុស្សពូកែៗធ្វើគ្រូ។

        - រៀនសូត្រជាប្រចាំ ស្វែងយល់ឲ្យបានច្រើនបំផុតអាចទៅរួច។

        - អានឲ្យច្រើន : ការអានគឺការរៀនសូត្រដែលបង់ថ្លៃទាបបំផុត និងទទួលផលខ្ពស់បំផុត។ អានពីអ្វីដែលជួយជាគន្លឹះនិង

          កម្លាំងចិត្តក្នុងការសម្រចគោលដៅ។ កម្រិតការអានរបស់ជនជាតិ សិង្ហបូរី ជាមធ្យមគឺ ១ឆ្នាំ ៥០-៦០ ក្បាល ក្នុងមួយ

          ខែៗគេអានរហូតលើសពី ៤ ក្បាល ឯអ្នកដឹកនាំមួយចំនួនដូចជាលោកអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ិន ឈិនវ័ត្រ

          អានមួយខែប្រមាណ ៧ ក្បាល។ ហេតុនេះបើអ្នកទើបតែអានបានត្រឹមតែ ១០០-២០០ ក្បាល (៥-១០ ឆ្នាំ) សុំកុំទាន់

          គិតថាច្រើន ព្រោះខ្ញុំគិតថាមានអាថ៌កំបាំងច្រើនណាស់បង្កប់ក្នុងសៀវភៅដទៃទៀតដែលអ្នកមិនទាន់ដឹង។ ពិតមែន

          ហើយ ខ្ញុំយល់ស្របតាមសុភាសិតខ្មែរយើងដែលថា "តក់ៗពេញបំពង់" តែខ្ញុំសុំផ្តាំ... បើអ្នកគិតថាបំពង់របស់អ្នក

          ពេញ នោះគឺជាថ្ងៃអវសាន្តរបស់អ្នកហើយ។

        - ហ្វឹកហាត់ៗៗ... នេះគឺជាអ្វីដែលកីឡាករឆ្នើមតែងអនុវត្តជាប្រចាំ។ ដេវិដប៊ែកហាំ មុននឹងទទួលថ្លៃឈ្នួលរាប់សែន

          ដុល្លារក្នុងមួយខែ ទទួលចំណូលរាប់លានដុល្លារពីការលក់តម្លៃខ្លួននិងពាណិជ្ជកម្ម គេហ្វឹកហាត់បាល់ទាត់តាំង

          ពីក្មេង ហាត់ស៊ុតបាល់បញ្ចូលទីក្នុងមួយថ្ងៃៗប្រមាណ ១៥០-៣០០ គ្រាប់។

        - មានពាក្យស្លោកមួយថា "ភាពឆ្លាតពូកែធ្វើឲ្យអ្នកធ្វើអ្វីបានល្អជាងអ្នកដទៃ តែសេចក្តីអំណត់ព្យាយាមជួយឲ្យអ្នក

          សម្រេចដល់ទិសដៅ"... ខ្ញុំយល់ស្រប។ ខ្មែរយើងមាននិស្ស័យមិនល្អពីរបីយ៉ាងដែលគួរតែផ្លាស់ប្តូរគឺ ១) ចង់រៀនឲ្យ

          ខ្ពស់ ហើយរកកៅអីអង្គុយត្រួតត្រាគេនិងសំងំយកសុខ។ ២) ចង់ធ្វើការតែបន្តិចបន្តួច តែចង់បានចំណេញច្រើន

          មិនសូវមានគំនិតច្នៃប្រឌិតឬបញ្ចេញឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីជួយសង្គមទេ (សូមទោស ខ្ញុំនិយាយចំពោះតែ

          មនុស្សមួយចំនួន ពុំមែនខ្មែរទាំងអស់ទេ)។ ៣) ធ្វើការងារអ្វីចង់បានប្រយោជន៍ភ្លាមៗ មិនគិតប្រយោជន៍វែងឆ្ងាយ

​          ទេ។ បើជាអ្នកស្រែចម្ការ ជួបបញ្ហាលុយកាក់បន្តិចបន្តួច មានដីធ្លី កេរអាករ គឺលក់ខ្ទេច ទីបំផុតសល់តែមួយសម្បក

          ផ្ទះ ធ្វើខ្ញុំគេតកូនតចៅ ឬបើជាអ្នកមានអំណាចពេលឃើញប្រយោជន៍មួយដុំនៅពីមុខក៏នាំគ្នាលក់ៗៗ  ឲ្យជនបរទេស

          មកធ្វើជាម្ចាស់កម្មសិទ្ធិលើដីកំណើតរបស់ខ្លួន។ ពីដើមមានពាក្យថា "ចិនដេញខ្មែរ ខ្មែរដេញខ្មោច" បានន័យថា នៅ

          មានព្រៃឲ្យគាស់រុករានចាប់ដីថ្មី តែចាប់ពីពេលនេះទៅ គ្មានខ្មោចឲ្យដេញទៀតទេ តើថ្ងៃក្រោយកូនចៅបានអ្វីនៅ?

          ៤) គ្មានទស្សនវិស័យ គ្មានក្ដីអំណត់ មិនសូវចេះតស៊ូ ឲ្យតែជួបរឿងពិបាក គឺគេចមុខ (ខ្ជិលសន្សំរឿង)។ ប្រទេសគេ

          នៅពេលមានរឿងឬទំនាស់អ្វី គេប្រជុំជជែកគ្នាបែកទឹកបែកដី ចំណែកខ្មែរយើងខ្ជិលសូញសាញច្រើន សម្រេចផុយៗ

          (ឲ្យតែឃើញចំណេញបន្តិចបន្តួចនៅពីមុខ) គ្រាន់តែប៉ុន្មានសតវត្សរ៍ ដីរួមពីមហានគរមកជាកូនប្រទេសតូចមួយ

          កុំតែនឹកឃើញឲ្យបារាំងមកជួយការពារ កុំអីអស់ឈ្មោះពីសកលលោកផងក៏មិនដឹង? នេះហើយជាគុណវិបត្តិ

          នៃភាពគ្មានទស្សនវិស័យ គ្មានក្ដីអំណត់ មិនចេះប្រឹងប្រែងតស៊ូនេះឯង។ ពិតមែនហើយ យើងមានមោទនភាពថា

          យើងធ្លាប់ជាមហាប្រទេសដ៏ធំ តែបើនិយាយថាមហាប្រទេសនៅពេលនេះ គឺជារឿងគួរឲ្យអាម៉ាស់ទៅវិញទេ

          កុំនិយាយ! ហើយខិតខំប្រឹងប្រែងសាងធនធានមនុស្ស តស៊ូលះបង់ ដើម្បីយកមកស្តារកិត្តិយសបុព្វបុរសល្អជាង។

        - ការមានវិន័យក៏ជារឿងសំខាន់មួយដែរក្នុងការសាងខ្លួនជាមនុស្សពូកែ។ អ្នកគ្មានវិន័យ ចង់ធ្វើក៏ធ្វើ ពេលខ្ជិលក៏ឈប់

          តាមតែចិត្តនឹកឃើញ ពុំមែនជារឿងល្អដើម្បីសម្រេចកិច្ចការធំនោះទេ។

 

       ៤. បណ្តុះនិស្ស័យជាអ្នកប្រឡងប្រណាំង

                មនុស្សពូកែតែងតែចូលចិត្តប្រៀបធៀប។ ការប្រៀបធៀបមួយបែប គឺដើម្បីគ្រាន់តែសម្រាប់វិភាគ រិះគន់ ឬច្រណែន

           និន្ទា ឬបំបាក់ទឹកចិត្តខ្លួនឯងតែប៉ុណ្ណោះ តែការចូលចិត្តប្រៀបធៀបដែលខ្ញុំចង់និយាយ គឺការប្រៀបធៀបឲ្យដឹងពី

           សមត្ថភាពតម្រិះ ឬកម្លាំងអ្នកដទៃ ដើម្បីធ្វើជា​ថាមពលជំរុញឲ្យយើងប្រឹងច្នៃប្រឌិតឲ្យបានល្អជាងគេ។ យើងដឹងរួចមក

           ហើយ ក្នុងសង្គមសត្វលោកនេះ បើអ្នកមិនបង្ខំដើរឲ្យបានលឿនជាងគេ អ្នកក៏មិនងាយរកកំណប់ល្អៗឃើញដែរ បើ

           ឃើញគឺបានត្រឹមតែកាកសំណល់ពីគេប៉ុណ្ណោះ។ ដូច្នេះ "បើគ្មានចិត្តចង់ឈ្នះ អ្នកនឹងគ្មានថ្ងៃឈ្នះជាដាច់ខាត"។

 

6. សន្និដ្ឋាន :

          ក្នុងនាមជាជនជាតិខ្មែរម្នាក់ ខ្ញុំយល់ឃើញថា យើងកំពុងដើរមកដល់របត់មួយដែលគួរឲ្យបារម្ភ តើព្រោះមូលហេតុអ្វីទៅ?

ពីដើមប្រទេសយើងតូចមែន តែប្រជាជនក៏នៅតិច ទើបយើងអាចរស់ដោយមិនលំបាកអ្វីប៉ុន្មានទេ។ ប៉ុន្តែពីថ្ងៃនេះទៅមុខ

ដីនៅដដែល ធនធានក៏កាន់តែខ្សត់ខ្សោយ ខ្ចីបរទេសក៏កាន់តែច្រើន ត្រូវទិញទំនិញពីបរទេសកាន់តែច្រើន... ហេតុនេះបើ

យើងមិនអាចមានផលិតផលលក់ទូទាត់គ្នាទៅវិញឲ្យមានតុល្យភាព តើអនាគតវានឹងទៅជាយ៉ាងណា? នេះជារឿងដែលយើង

ត្រូវគិត ដូចពាក្យស្លោកមួយដែលថា "ប្រទេសខ្លាំងគេធ្វើដីខ្សាច់ឲ្យទៅជាព្រៃព្រឹក្សាសម្បូរស្តុកស្តម្ភ​ ប្រទេសខ្សោយគេធ្វើព្រៃ

ព្រឹក្សាឲ្យទៅជាវាលរហោរឋាន"។ យើងគ្រប់គ្នាធ្លាប់ដឹងរួចមកហើយថា បញ្ញាមានតម្លៃជាងកម្លាំងកាយ។ ប្រទេសដែលមាន

បញ្ញាគេអាចកើបលុយពីអ្នកប្រើកម្លាំងបានច្រើនខុសគ្នាឆ្ងាយណាស់។ ឧទាហរណ៍ដូចជា បើគេដឹកទូរសព្ទ Iphone ចូលមក

ស្រុកយើងមួយកុងតឺន័រ ដើម្បីអាចទូទាត់តម្លៃទូរសព្ទមួយកុងតឺន័រនេះ តើយើងត្រូវដឹកស្រូវចេញទៅវិញប៉ុន្មានរយប៉ុន្មានពាន់

កុងតឺន័រទើបរួចខ្លួន? នេះជាថ្វីដៃរបស់មនុស្សពូកែជនជាតិគេ!!! ហេតុនេះការយកចិត្តទុកដាក់បណ្តុះធនធានមនុស្ស

ជាពិសេសមនុស្សពូកែៗ ដែលយើងហាក់ដូចជាមើលរំលង តែតាមពិតវាអាចជាប្រការស្លាប់រស់របស់ជាតិទៅថ្ងៃខាងមុខក៏

ថាបាន ព្រោះកាលពីសម័យដើម យើងត្រូវពឹងផ្អែកជាសំខាន់លើវិស័យការពារជាតិដោយកម្លាំងទ័ព តែពេលនេះថ្វីត្បិតតែ

យើងជាប្រទេសតូច តែមានអង្គការសហប្រជាជាតិមួយការពារមិនឲ្យមានការឈ្លានពានគ្នាយ៉ាងកក់ក្តៅរួចហើយ តែប្រការ

ឈ្លានពានសេដ្ឋកិច្ច អង្គការសហប្រជាជាតិមិនទាន់មានអ្វីអាចជួយការពារបានក្រៅពីយើងជាម្ចាស់ប្រទេសនីមួយៗនេះទេ

ហើយកិច្ចការពារឈ្លានពានសេដ្ឋកិច្ចគឺការពង្រឹងសេដ្ឋកិច្ចដែលអាចឈរលើខ្លួនឯងបាន ពុំមែនពឹងផ្អែកតែលើការវិនិយោគ

របស់ពួកបរទេសនោះទេ ព្រោះពួកគេគ្រាន់តែមកប្រមូលកម្រៃពីយើងប៉ុណ្ណោះ បើពួកច្រមុះស្រួចមកធ្វើវិនិយោគនោះមាន

ក្រមសីលធម៌ គេនឹងជួយឲ្យពលកររស់បានប្រសើរបន្តិច តែពួកច្រមុះសំប៉ែតស្បែកសគិតតែរកលុយដាក់ហោប៉ៅប៉ុណ្ណោះ

ចង់អ្នកណារស់អត់ឃ្លានក៏មិនមែនមុខដូចឪម៉ែគេដែរ ដូច្នេះគឺមានតែយកចិត្តទុកដាក់សាងមនុស្សពូកែៗឲ្យច្រើនដើម្បី

ប្រើបញ្ញាទប់ទល់នឹងកម្លាំងបញ្ញាបរទេសដែលកំពុងតែមានការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ដូចសព្វថ្ងៃនេះប៉ុណ្ណោះ។

          ខ្ញុំសង្ឃឹមថា បើខ្មែរម្នាក់ៗតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើមានការភ្ងាក់រឭកនិងយកចិត្តទុកដាក់ជំរុញការសាង

បណ្តុះមនុស្សពូកែៗចាប់ពីពេលនេះ វាអាចយឺតពេលជាងបរទេសបន្តិចមែន តែវាជាការវែកផ្លូវមួយឆ្ពោះទៅរកទីកន្លែង

ដែលមានពន្លឺ ជាជាងការណ៍ដែលយើងមិនយកចិត្តទុកដាក់រហូតដល់ក្លាយជាជំងឺមួយដែលពិបានកែ តើនឹងមានទេវតាពីណា

មកជួយក្រៅពីយើងខ្លួនឯង?

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017