យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

សុភាសិតខ្មែរ

ចេញថ្ងៃទីៈ [19-09-2013] | បើកមើលៈ 43853 | Print |



 

            សុភាសិត​ខ្មែរ ជា​ឃ្លា​​​ខ្លី​ៗ តែ​មាន​អត្ថន័យ​​ជ្រៅ​ជ្រះ​ ​​ជា​​ឱវាទ​ល្អៗ​​ដែល​មាន​ប្រយោជន៍​គួរ​រៀន​គួរ​ស្តាប់។​ ទំព័រ​នេះគឺ​ជា​កម្រង​ប្រមូល​ផ្តុំ​សុភាសិត​ខ្មែរ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅប្រមូល​ភាសិត​ខ្មែរ​ ផ្សាយ​ចេញ​ពី​សមាគម​សម្តេច​ ជួន ណាត

 


- កកក៏បាយ មេម៉ាយក៏ស្រី។
- ក្រអ្វីក្រចុះ កុំឲ្យតែក្រគំនិត។
- ក្រមុំដណ្ដឹងម្ដាយ​ មេម៉ាយដណ្ដឹងចិត្ត។
- ក្រពើវង្វេងបឹង។
- កាត់ទឹកមិនដាច់ ​កាត់សាច់វាឈឺ។
- កាប់បំពង់ ​រង់ចាំទឹកភ្លៀង។
- ការប៉ុនភ្នំមិនគិត ​ទៅគិតឯស្គរបែកមាត់។
- ការ​មិន​បៀត​បៀន​គ្នា ជា​ប្រភព​នៃ​សន្តិសុខ​ក្នុង​​ផ្ទៃ​លោក។ (ព្រះ​ធម្មវរោត្តម តុង​ ឈួន)
- ការ​អប់រំ គឺ​ជាការ​ហ្វឹក​ហ្វឺន​នួវ​សក្តានុភាព​ ដែល​ជា​គ្រឿង​ពង្រីក​បណ្តុះ​ ឬ បង្កើន​ចំណេះ​វិជ្ជា។
- ការយល់ដឹងតែមួយដង អាចធ្វើឲ្យជីវិតទាំងមូលមានន័យ។
- ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត។
- កោកៗ​សឹកតែមាត់ ត្រដោក​ឆ្អែតតែពោះក្របី។
- កោសមិនដាក់ទឹក។
- ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។
- ក្ដៅស៊ីរាក់​ ត្រជាក់ស៊ីជ្រៅ។
- កំភ្លាញស្លាប់ព្រោះមាត់ ​ខ្វែក​ស្លាប់ព្រោះអាចម៍។
- កំហុស​រមែង​មាន​ដល់​អ្នក​ធ្វើ អ្នក​នៅ​ឥត​អំពើ​បាន​អ្វី​នឹង​ខុស។
- កុំខ្វើកតាមខ្យល់ កុំខ្វល់តាមរលក។
- កុំគូរមុន​គិត។
- កុំ​ជិះ​ចង្អេរ​លើក​ខ្លួន​ឯង​ ក្បាល​ទូល​កញ្ច្រែង​កុំ​ក្អេង​ក្អាង​ កុំ​ដេក​ទទូរ​ចាំ​សំណាង​ កុំអាង​ព្រះ​ប្រោស​ត្រូវតែ​ប្រឹង។
- កុំឈ្លោះនឹងស្រី​ កុំក្ដីនឹងគ្នាឯង។
- កុំដេកផ្សងព្រេង ​កុំវង្វេងខុសផ្លូវ។
- កុំដេក​ចាំ​ស្លាប់​ អង្គុយ​ចាំមាន​ ខ្មាស​ល្ងង់ទើប​ចេះ ខ្មាស​ក្រទើប​មាន ដឹង​ខ្លួនថា​ល្ងង់ គង់បានជា​ប្រាជ្ញ កុំ​ស្លាប់​មុន​រស់ រស់​ហើយ​សឹម​ស្លាប់ ចូរ​សេព​អ្នកប្រាជ្ញ កុំ​ត្រាប់​មនុស្សពាល។ (ព្រះ​គ្រូ​ធម្ម​បណ្ឌិត​ គង់ ស៊ឹម)
- កុំដាំស្រូវនៅផ្លូវដំរី។
- កុំទុកចិត្ត​មេឃ​ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ​ កុំទុកចិត្តម្ដាយថាគ្មានបំណុល។
- កុំទុំមុនស្រគាល។
- កុំផ្ទុកតាមទូកថ្វែ។
- កុំពត់ស្រឡៅ​ កុំប្រដៅស្រីខូច។
- កុំពាក់មុខយក្ស ​ កុំពាក់ស្បែកខ្លា។
- កុំពូតផ្សែងជាដុំ ​ កុំយកភ្នំទ្រាប់អង្គុយ។
- កុំយកស្រឡៅធ្វើខ្នួច ​កុំសម្រួចឈើពុក។
- កុំរាយមុខដឹង ​កុំទទឹងមុខសឹក។
- កុំ​​រៀន​នៅ​ទំនេរ​ខាត​ការកម្ម កុំ​រៀន​បណ្តាក់ចាំ​ជាពេល​ក្រោយ​ កុំរៀន​ប្រហែស​មើល​ងាយ​នាំ​ធ្លោយ​ កុំរៀន​មិន​អោយ​ទាន​ស្មូម​យាចក។
- កុំ​អាង​ថា បើ​មាន​មិន​បាច់​ខំ​ បើ​រលំ​មិន​បាច់​ច្រាន។
- កុំ​អោយ​ប្រព្រឹត្តទុច្ចរិត ដោយ​ការគប់មិត្រ​លប​ចង​ពន្ធ​ លួច​លាក់​មាន​ស្រី​សហាយស្មន់ ក្បត់​ចិត្តប្រពន្ធ​អោយ​មួរ​ហ្មង។

- គេខុសកុំអាលអរ គេសាទរកុំអាលអួត ។
- គ្មាន​កម្លាំង​ គ្មាន​បញ្ញា គ្មាន​អាហារ​ គ្មាន​ជិវិត។
- គ្នាច្រើនអន្សមខ្លោច ​គ្នាដូចស្រមោចអន្សមឆៅ។
- គុក​និង​សោ គឺ​ចោរ​បង្កើត​ឱសថល្អ​ឆើត​កើត​ពី​រោគ ដំណក​កើត​ពី​ការ​ងុយងោក មនុស្ស​ក្នុង​លោក​កើត​ពី​កម្ម។
- គ្រូកាចសិស្សខូច។
- គ្រូទាយ ម្តាយថា។
- គួរ​គិត​ជីវិត​ពុំ​ទៀង​ទាត់​ តែង​តែ​បែរ​បត់​កាន់​ក្តី​ស្លាប់ ពុំ​ដែល​បាន​ស្រួល​ប្រែ​ប្រួល​ឆាប់ ក្រឡាប់ស្ងាត់សូន្យ​ចាកកូន​ចៅ។
- គោដំបៅខ្នង​ ក្អែកហើររំលង​ រសាយកន្ទុយ។

- ឃាត់​កំហឹង​ដោយ​ប្រឹង​អត់​អោយ​បាន​ ឃាត់​ពាល​សាមាន្យ​ដោយ​អាជ្ញាបុគ្គល​ ឃាត់​ចិត្ត​ចាកទោសា ប្រសើរ​ថ្លៃ​ថ្លា​ក្នុង​លោកិយ។
- ឃាត់​ចិត្ត​ចាកក្តី​ស្នេហា ក្នុង​កាមតណ្ហានា​លោកិយ ដូច​យក​អំបោះ​ចង​ដំរី​ ពិបាក​ពេក​ក្រៃ​គួរ​វៀរ​មុន។
- ឃ្លាតកាយ ណាយចិត្ត។
- ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ។
- ឃុបឃិត​ជន​ពាល ​រាល​ទុក្ខ​ដល់ខ្លួន។
- ឃុប​ឃិត​បណ្ឌិត​ សុខ​មួយ​ជិវិត​ឥតទុក្ខា​។
- ឃើញ​ខ្លា​ដេក​ថា​ខ្លា​ស្លាប់ ឃើញ​ខ្លា​ក្រាប​ថា​ខ្លា​សំពះ។
- ឃើញ​គេ​ទៅ​កុំ​អោយ​ខាន ឃើញ​គេ​បាន​កុំ​អោយ​ទៅ។
- ឃើញ​ឈើ​ពុក​ កុំ​អាល​ដាក់​គូទ​អង្គុយ (ឬ កុំ​អាល​ដាក់​គូទ​លើ)។
- ឃើញ​ដំរី​ជុះ​ កុំ​ជុះ​តាម​ដំរី (ឬ ដំរី​ជុះ​ កុំ​ជុះ​តាម​ដំរី)។
- ឃើញ​ថ្លុក​ថាជា​ថ្នល់ ក្រែង​កំហល់​កំហុស​មាន។
- ឃើញ​ពីនាយ​កុំ​អាល​ទាយ​អាក្រក់​ល្អ លុះ​ឃើញ​ជាក់ជា​ខ្មៅ​ស ទើបថាបាន​ បើ​បណ្តោយ​តាម​គំនិត​ដែល​គិត​ស្មាន​ នឹង​រំខាន​ព្រោះ​ការ​ខុស​កំហុស​ខ្លួន។
- ឃើញ​សម្បក​ថា​ខ្លឹម​រុក្ខា​ យល់​ពួក​បច្ចា​ថា​ជាមិត្រ​ ពាល​ប្រឡំ​ថា​បណ្ឌិត​ ច្រឡំ​លាមក​ពិតថាបុប្ផា។
- ឃ្លាន​កុំអាល​ស៊ី ងងុយ​កុំ​អាល​ដេក​ យប់កុំអាលនិយាយជាមួយស្រី​។
- ឃ្លាន​ក្រៃ​ណា​ឆ្ងាញ់​ ស្រឡាញ់​ក្រៃ​ណា​ល្អ (ឬ ពិសា​ក្រៃ​ណា​នឹង​ឃ្លាន អាក្រក់ប៉ុន្មាន​ក្រៃ​ណា​នឹង​ចិត្ត)។
- ឃ្លេ​មិន​ខ្លាច​ ទៅ​ខ្លាចខ្លា។ (រឿង​អាខ្វាក់​អាខ្វិន)
- ឃ្លោក​លិច​ អម្បែង​អណ្តែត។
- ឃ្វាលក្របី​ជិះ​ក្របី ឃ្វាលគោ​ជិះ​គោ។
- ឃ្វាលចិត្ត​លំបាក​ពេក​ពិត​ ដូចឃ្វាលពពក។
- ឃ្វាលគោ​ក្របី​ដោយ​អាជ្ញា ឃ្វាល​ចិត្តល្អ​ជា​ដោយ​អំណត់។
- ឃ្វាល​ចិត្ត​ឥត​កំណាញ់​ ដោយ​លះ​បង់​កុំ​ប្រណី។
- ឃ្វាល​នគរ​ដោយ​ពលរដ្ឋ​ប្រុសស្រី រួម​សាមគ្គី​តាម​រដ្ឋ​បុរស​ជាតិ។

- ងប់​នឹង​កូន​ប្រពន្ធ​ទ្រព្យ ​ ព្រះ​ថា​អភ័ព្វ​ព្រោះ​ជាប់​ចំណង។
- ងប់​នឹង​ញាតិ​ ឃ្លាត​ច្បាប់។
- ងប់​នឹង​មាស​ប្រាក់ ​ខូច​យសសក្តា។
- ងប់​នឹង​ប្រុ​ស​ ខូច​ព្រហ្មចារី។
- ងប់នឹងប្រុស ខូចឈ្មោះមួយជាតិ។
- ងប់​នឹង​ស្រី ​ចំណី​ទុក្ខ។
- ងប់នឹង​ល្បែង ​តែង​ហិនហោច។
- ងប់នឹងល្បែង​ តែងវិនាស។
- ងប់នឹង​ស្រា​ ខូច​ស្មារតី។
- ងប់​នឹង​ពាក្យ​សរសើរ ​គេ​ថា​ភ្លើ។
- ងប់នឹង​ពាក្យ​បង្អាប់ ស្លាប់​គំនិត។
- ងប់​នឹង​ស័ក្តិយស​ ស្អុយ​ទាំង​អស់​ក្នុង​លោកិយ។
- ងប់នឹង​ជំនឿ​ រឿគំនិត។
- ងាប់​ដើម្បី​ជាតិ​មាតុភូមិ ទេវតា​ឥន្ទ្រព្រហ្ម​ចោមឲ្យ​ពរ។
- ងាប់​ខ្លួន​ សមសួន​ជាង​ងាប់​កេរ្តិ៍​ឈ្មោះ។
- ងាប់​គំនិត ​ ងងឹត​ដល់ស្លាប់។
- ងាប់​ទាំង​រស់ ស្អុយ​ទាំង​ស្រស់។
- ងា​ប់ដៃ​ជើង​ ថ្កើង​ជាង​ងាប់​ពាក្យសម្តី។
- ងាប់នឹង​ស្រី​ ចង្រៃ​មួយ​ជាតិ។
- ងាប់​នឹង​សំដី ដូច​ត្រី​កំភ្លាញ។
- ងា​ប់នឹង​អាចម៍​ឯង​ ជាក់​ស្តែង​ដូច​ខ្វែក។
- ងាប់​ព្រោះ​គំនិត ​ ដូច​កាំ​បិត​ចិត​ដង​ឯង។
- ងា​ប់​ជាតិ​ ព្រោះ​ឃ្លាត​សាមគ្គី។
- ងាប់នយោបាយ​ ព្រោះ​ស្តាយ​លាភ។
- ងាប់​ស្តួក​ ដូច​ឃ្លោក​ទុំ។
- ងាយ​មិន​ក្រៃ​ណា​នឹង​បាន​ មានមិនក្រៃ​ណានឹង​អ្នក​បាន​សុខ​ ចេះ​ក្តី​មិន​ក្រៃ​ណា​នឹង​ម្ចាស់​ស្រុក។
- ងើយ(ឬ ងើប)​ស្កក​ ឪនដាក់គ្រាប់។

- ចង់ធំខំពីតូច បើខ្លាចខួចកុំឆាប់ខឹង ការអ្វីឲ្យចេះថ្លឹង កុំប្រឹងជុះតាមដំរី ។
- ចង់ប្រាជ្ញឲ្យខំប្រឹង ចងក្បិនតឹងរកស៊ីធូរ គំនិតមុនគំនូរ រៀនធ្វើគ្រូមានគេរាប់ ។
- ចង់ឲ្យមានជួញអង្ករ​ចង់ឲ្យក្រជួញឡាន។
- ចង់ចេះឲ្យធ្វើល្ងង់។
- ចង់ស្រួចដូចបន្លា ត្រូវឧស្សាហ៍ដុសដែកដុល។
- ច្របាច់កចិន លៀនអណ្តាតខែ្មរ។
- ចម្ងល់គឺជាបិតានៃការចៃ្នប្រឌិត។
- ចម្ងល់គឺជាការចាប់ផ្តើមមិនមែនជាចុងបញ្ចប់នៃបញ្ញាទេ។
- ចង្អៀតផ្ទះនៅបាន ចង្អៀតចិត្តនៅពុំបាន។
- ចាក់អង្ករយកអង្កាម។
- ចានមួយរាវ លែងអីរណ្តំគ្នា។
- ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តណ្ហា​អស់កុសល។
- ចាញ់បានជាព្រះ ឈ្នះបានជាមារ។
- ចាប់ក្ដាមដាក់ចង្អេរ។
- ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា។
- ចាប់ច្រវាក្រាក សំឡឹងជ្រោយ។
- ចាប់ត្រីបាន កុំឲ្យល្អក់ទឹក។
- ចាប់ត្រីដៃពីរតម្រាហាម ចាក់អង្ករយកអង្កាមហាមមិនឈ្នះ អុំទូកឡើងភ្នំខំមានៈ បង់ព្រះទៅសំពះឯបាយាប (អារក្ស)។
- ចាប់វល្លិមួយ រញ្ជួយរាល់ដើម។
- ចាស់អាងស្លាប់ ពាលអាងកាប់ កេ្មងអាងយំ។
- ចិត្តល្អ ក្រខ្លួន។
- ចិត្តល្អ ក្រមិនយូរ។
- ចិត្តជាទេវវត្ត មាត់ជាទេវតា។
- ចិញ្ចឹមកូនខ្លា វាសងគុណ។
- ចិញ្ចឹមមនុស្សខូច ដូចចិញ្ចឹមខ្លា។
- ចូលព្រៃទាន់ព្រឹក ​ចង់សឹកទាន់ក្មេង។
- ចូលស្ទឹងតាមបទ ​ចូលស្រុកតាមប្រទេស។
- ចូរមើលកាលវែង កុំមើលកាលខ្លី។
- ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។
- ចេះដប់មិនស្មើប្រសប់មួយ។
- ចេះឯង ឲ្យក្រែងចេះគេ។
- ចេះពីរៀន មានពីរក ក្រពីខ្ជិល។
- ចេះមកពីរៀន​ មានមកពីរក។
- ចំណេះបានពីរៀន មានបានមកពីរក។
- ចំណេះវិជ្ជាលោកចែងចាត់ ទុកជាសម្បត្តិសម្បូរបាន ទោះបីក្រខ្សត់អត់ប៉ុន្មាន គង់តែបានគ្រាន់អាស្រ័យ ។
- ចំណីឆ្ងាញ់កុំទុកស្អែក។
- ចំណីច្រើនមុខច្រើនពិសា កូនច្រើនបាច្រើនល្អ ។
- ចុះទឹកក្រពើ ឡើងលើខ្លា។

- ឆ្មាមិននៅ កណ្តុរឡើងរាជ្យ។
- ឆ្ងាយកាយ ណាយចិត្ត។
- ឆ្ងាញ់មាត់មិនស្អិត ដូចចិត្តឆ្ងាញ់។
- ឆ្អិនគំនិតពិតជាឆ្អិនគ្រប់យ៉ាងឆ្អិន ព្រេងសំណាងផុតទុក្ខា។
- ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។
- ឆែ្កខាំឲ្យរកម្ចាស់ គោឆ្កឹះឲ្យរកនាយ។
- ឆ្កែខាំ​កុំខាំឆ្កែវិញ។
- ឆែ្កទាល់ច្រក រលកទាល់ច្រាំង។
- ឆែ្កព្រូសមិនដែលខាំ ផ្គរលាន់រអាំមិនដែលភ្លៀង។
- ឆ្កែខាំឲ្យរកម្ចាស់ គោឆ្កឹះឲ្យរកនាយ ។
- ឆ្នាំងណាគ្របនឹង។
- ឆ្លុះកញ្ចក់ ធេ្មចនេត្រា។

- ជក់នឹងលែ្បង តែងវិនាស។
- ជាការងាយក្នុងការធើ្វការងារមួយបានល្អ ជាងពន្យល់គេពីរបៀបធ្វើការងារនោះ។
- ជាតិទាពូជទាប ចង់នៅទីរាប មិនចង់ឡើងធ្នើរ។
- ជាតិជាអ្នកជា ស្ងាត់ស្ងៀមកិរិយា មិនចេញក្អេងក្អាង ឯសន្តានពាលចេញឫកអាងយ៉ាង ភ្លាត់ស្នៀតស្រទាង ព្រោះព្រុយមិនឈប់ ។
- ជាងទងស៊ីរងកំបែក​ ជាងដែកស៊ីហែកនឹងដៃ។
- ជាងមិនកើតបន្ទោសដែក។
- ជ្រងោប៉ុនគល់ មិនយល់ប៉ុនសក់។
- ជ្រាយរអៀច ដូចបបរឈ្មោល។
- ជ្រូកស្លាប់ ព្រោះសាច់។
- ជួញខាតកុំឈប់ខាន បើចង់បានកុំខ្លាចបង់។
- ជំពប់ជើងគង់បាក់ ជំពប់មាត់បង់ប្រាក់។
- ជ្រើមដូចមហាត។
- ជ្រៃលោមស្រឡៅ ត្រាវលោមបឹង។
- ជ្រៅដូច ក្តិតចាន។
- ជ្រៅតែមាត់ គំនិតរាក់កំផែល។
- ជ្រះថ្លាតែមាត់ ចិត្តស្មូរជន។
- ជិះក្របីចម្លងភក់ ស្រណុកជាជាងហែល។

- ឈាមស្រែក​ស្បែកហៅ។
- ឈឺធ្ងន់យកដំរីទៅបន់ ដល់ជំងឺស្រន់យកពងមាន់ទៅថ្វាយ។
- ឈឺជើងធាត់ ឈឺមាត់ស្គម។
- ឈើពុក កុំដាក់គូថលើ។
- ឈើកោងវល្លិព័ទ្ធ​ មនុស្សខ្ចាត់ភ្លាត់កុំយកខ្លួនបៀត។
- ឈ្នះអ្នកខ្ពស់ដោយបន្ទន់ប្រាណ ឈ្នះអ្នកក្លាហានដោយទំលាយ ឈ្នះអ្នកខ្សោយដោយសម្លបាយ ឈ្នះអ្នកស្មើកាយដោយការព្យាយាម ។
- ឈ្មោះខ្លួនបែបណា ខំធ្វើការឲ្យដូចឈ្មោះ។
- ឈ្លោះនឹងស្រីនាំឲ្យហិន ក្តីនឹងចិននាំឲ្យថោក។
- ឈ្លោះនឹងបរទេស កុំធេ្វសគំនិត។

- ញញឹមស្មើ សើចស្ទើរ សំដីពីរោះ ការណ៍ទាំងនោះចូរប្រយ័ត្ន ។
- ញ៉ាមដូចក្តាម ស៊ីអាចម៍។
- ញាតិផ្ទាល់ បើមិនស្គាល់គឺអ្នកដទៃ។
- ញាតិនិងមិត្រ បើញាតិមិនគិត មិត្រប្រសើរជាង។
- ញៀននឹងស្រីចំណីទុក្ខ។
- ញៀននឹងលែ្បងតែងហិនហោច។
- ញៀននឹងបៀប៉ោ អស់ខោអស់អាវ។
- ញៀននឹងបៀ គឃៀរស្លៀកពាង។
- ញៀននឹងលាភ ថោកទាបដូចសត្វ។
- ញៀននឹងស្រា ដេកផ្ងាក្នុងផ្លូវ។
- ញៀននឹងលែ្បងតែងបង់យស។

- ដាវមុតៗមែនក្នុងស្រោម វិជ្ជាចេះព្រមនៅក្នុងក្បួន ប្រពន្ធគាប់ចិត្តនៅឆ្ងាយខ្លួន ដល់ជូនត្រូវការរអារចិត្ត ។
- ដល់ត្រើយ សើយគូថ។
- ដង្កូវចេញពីសាច់ ច្រែះចេញពីដែក។
- ដាក់ទុកកូនចៅ ឲ្យមើលផៅសន្តាន។
- ដឹកគោញី បន្សីគោលឈ្មោល។
- ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា។
- ដឹងរង្គោះ បោះបណ្តោយ។
- ដឹងថាខ្លួនល្ងង់ គង់បានជាប្រាជ្ញ។
- ដឹងបាំងតាមសាប់ ច្បាប់កាត់តាមពាក្យ។
- ដុតឲ្យខ្លោច រោចឲ្យឆៅ។
- ដូចដេកផ្ងាស្តោះដាក់ទ្រូងឯង។
- ដូច(ជាគេ)អូសឆែ្កឲ្យចុះទឹក។
- ដូចខ្វៀនកន្ទុយឆែ្ក ទោះនៅប្រែពត់ពុំត្រង់។
- ដូចក្រពើ វងេ្វងបឹង។
- ដួលត្មោល ដូចគ្មានអីទប់។
- ដួលមិនបាច់ច្រាន បានមិនបាច់ខំ។
- ដើមនៅឯស្រែ ផែ្លនៅឯផ្សារ។
- ដើរដោយផ្លូវគន្លង តម្រាយអ្នកចាស់បុរាណ។
- ដើរឲ្យរំពៃ អង្គុយឲ្យរំពឹង។
- ដើរឲ្យមានបី ស្រដីឲ្យមានបួន។
- ដើម្បីធើ្វរឿងធំមួយត្រូវគិតជាមុនសិនចាំធ្វើជាក្រោយ។
- ដេកយប់កុំដេកយូរ ខ្លាចក្តីទុជ៌‌នដល់ប្រាណ។
- ដេកមិនលក់កុំខំដេក។
- ដេកដល់ថៃ្ង នាំចង្រៃខ្លួន។
- ដេកផ្ងាស្តោះលើទ្រូងឯង។
- ដេកលើភ្លៅ ទៅបៅដោះអ្នកដទៃ។
- ដេកយប់ កុំនិយាយនឹងស្រី។
- ដេកទាល់ថៃ្ង យកកំជិលដែលគេ។
- ដេកមិនលក់ បក់មិនល្អើយ។
- ដេកផ្សំដួល រមួលផ្សំគ្រេច។
- ដេញទាន់កុំជាន់កែង។
- ដៃតូច ខ្លួនទាប ចង់ឈោងចាប់ផ្កាយ។
- ដៃភ្លើងជើងមាន់។
- ដាំដូងឲ្យខំថែ ចង់ស៊ីផែ្លឲ្យដុតគល់។
- ដាំជើងក្រាន​ មិនប្រមាណឆ្នាំង។
- ដំរីខ្វាក់ ទ្រមាក់ឆ្កួត។
- ដំរីជល់គ្នា ​ងាប់ស្មៅចិញ្ចៀន។
- ដំរីសាស្លាប់ ​យកចង្អេរបាំង។
- ដំបៅ​មិន​ឈឺ យកឈើទៅចាក់។
- ដោះស្រាយប្រស្នា ថ្កើងអ្នកប្រាជ្ញ។
- ដោះកនែ្ទក អារឹសកូន។

- ឋិតនៅក្នុងសេចក្តីប្រមាទ ឈ្មោះថាស្លាប់។

- ឌម​ជន​គឺ​អ្នក​ថោក អាច​ប្រែក្លាយ​ភាព​ជា​ខ្ពង់​ខ្ពស់ ដោយ​ការ​សេពគប់​នឹង​សប្បុរស ដង្កូវ​បាន​ខ្ពស់​ព្រោះ​បុប្ផា។

- ឍាលិន​ប្រែ​ថា​អ្នក​កាន់​ខែល​ ចេះកាប់​ប្រហែល​ចេះ​ការពារ​ ដូច​អ្នក​ចេះ​ដឹង​មិន​ខ្លាច​រា ឧបស័គ្គនានា​ការពារ​បាន។ ខែល​និង​អាវុធ​គឺ​វិជ្ជា​ នៃ​ប្រុស​និង​នារីគ្រប់​ប្រាណ ដែល​បាន​រៀន​សូត្រ​យ៉ាង​ចំណាន ក្នុង​ភូមិភព​ឋាននា​លោកិយ។

- ណាយកាយ ឆ្ងាយចិត្ត។
- ណែនាំខុសផ្លូវ តែងទៅអបាយមុខ។
- ណែនាំកូន ត្រូវប្រដៅខ្លួនទុកជាគំរូ។

- តសំពៅ មិនត្រូវស្តាយដែក។
- តវាសនា ឲ្យខំសន្សំបុណ្យ។
- តដងរែក ឲ្យល្មមនឹងស្មា។
- តកម្លាំងអោយសេពអាហារ។
- តក់ៗពេញបំពង់។
- តមមេស៊ីពង ស៊ីរងសម្បុក។
- ត្រង់ មិនឈ្នះទាល់។
- ត្រីឆ្តោរស៊ីកូនឯង។
- ត្រីងៀត ឆ្លៀតពង។
- ត្រីមួយត្រកតែស្អុយមួយ ស្អុយទាំងអស់។
- តឹងគិតឲ្យធូរ យូរគិតឲ្យឆាប់។
- តឹងព្អឹះដូចអូសឫស្សីច្រាសចុង។
- ត្រឹកៗដល់ផ្ទះ តូងតាងដេកផ្លូវ។
- ត្រកូលសជាតិ មាយាទសពូជ។
- ត្រួសត្រាយទុក ស្រណុកជាងកែកុន។
- ត្រូវសន្សំទ្រព្យ តិចៗត្រឡប់ ចំរើនធាត់ធំ។
- តៀ្រមទុកមុន មិនស្កុនការ។
- ត្រេកអរមុន ទុក្ខក្រោយ។

- ថយយស ព្រោះព្រហើន។
- ថិតថេរតែខ្លួន ចិត្តផ្ទួនតែទុក្ខ។
- ថោកអីនៅដៃថៃ្លអីនៅមាត់។

- ទាហានថ្កើងដ្បិតសឹក ធ្វើស្រែដ្បិតទឹក ត្រឹកពលព្រោះបាយ សិស្សប្រាជ្ញដ្បិតគ្រូ ជេរពោលដំវាយ ពលថ្កើងដ្បិតនាយ ហ្វឹកហ្វឺនខះខំ ។
- ទម្ពក់វាទៅ​ ទើបព្នៅវាមក។
- ទ្រព្យច្រើនព្រួយរក្សា ទ្រព្យតិចណាព្រួយរិះរក។
- ទ្រព្យធនទោះថោកថៃ្ល រួមរក្សាកុំបីធ្លោយ។
- ទនេ្លដប់ មិនស្កប់សមុទ្រមួយ។
- ទឹកថ្លាល្គឹកបើល្អក់ ដ្បិតរលកបោកសោះសា។
- ទឹកជន់ បុណ្យសេ្តច ។
- ទឹករាក់ត្រឹមភ្លៅ ទឹកជ្រៅ ត្រឹមជង្គង់។
- ទឹកត្រជាក់ត្រីកុម ទឹកក្តៅត្រីរត់ចេញ។
- ទឹកបាក់ទៅទាប ដីខ្ពស់កណ្តៀរពូន។
- ទឹកហូរមិនដែលហត់ ព្រះពុទ្ធមិនដែលខឹង។
- ទឹកហូរមិនដែលហត់ ប្រុសស្បថកុំឲ្យជឿ។
- ទឹកថ្លាលាងសក់ ទឹកល្អក់លាងជើង។
- ទុកចោលវាចាស់ ប្រើណាស់វាថ្មី។
- ទូកទៅ កំពុងនៅ។
- ទូកយើងវែង ទូកគេខ្លីតាមគេមេ្តចទាន់។
- ទូកដាច់យកទូកតាម។
- ទូកបែកជាទូកគត់ ទូកកំបុតជាទូកកង។
- ទាំងអ្នកមាននិងអ្នកក្រគឺជាកូនចៅនៃគំនិត។
- ទៅឥតគេរក មកឥតគេហៅ។

- ធ្ងន់នៅថ្ម ក្រនៅក្តី។
- ធ្វើមិនបាច់ភ្ជួរ រក្សាតែមួរ ស៊ីស្រូវមិនអស់។
- ធ្វើគុណបានទោស ដូចប្រោះខ្លាស្លាប់។
- ធ្វើបាបមិនធ្វើបុណ្យ លែងជាតិទៅនៅនរក។
- ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត។
- ធ្វើស្រែនឹងទឹក ​ធ្វើសឹកនឹងបាយ។
- ធ្វើស្រែឲ្យមើលស្មៅ​ ទុកដាក់កូនចៅឲ្យមើលផៅសន្ដាន។
- ធ្វើល្អបានល្អ​ ធ្វើអាក្រក់បានអាក្រក់។
- ធ្វើចេះត្រូវគេប្រើ ធ្វើល្ងីល្ងើស្រណុកខ្លួន។
- ធ្វើការតិចចាយច្រើនចម្រើនក្រ។
- ធ្វើគុណ១០០ សំពៅទោស១ចូលទៅរលាយគុណអស់។
- ធុងទទេឮខ្លាំងណាស់។
- ធ្នូស្នាបង់បាញ់ ​ធម៌បង់ទន្ទេញ​​ ស្រ្ដីបង់ភស្ដា របាំបង់លេងវង្វេងតម្រាចាត់ក្នុងមលាមន្ទិលសៅហ្មង។
- ធំតែខ្លួន ដូចឃ្លោក។

- នារីមានប្តីពីរបីដង ភិក្ខុផងនៅវត្តពីរបីវ៉ា បក្សីជាប់ជង់ពីរបីគ្រា មាយាពួកនេះធ្វើច្រើនក្រៃ ។
- និយាយបាតដៃជាខ្នងដៃ។
- និយាយច្រើនគេមិនស្តាប់ អាប់ប្រាជ្ញា។
- និយាយបែកជាអូរ ហូរជាស្ទឹង។
- និយាយយប់ផ្ទប់ព្រៃ និយាយថៃ្ងព្រៃមានត្រចៀក។
- និរាសកុំមេ្ញញ ខឹងកុំទនេ្ទញ ស្អប់កុំព្យាបាទ។
- នឹងលេបវាស្លាក់ នឹងខ្ជាក់វាសែ្លង។
- នឹងឆីចង់ពិសា ខ្ជិលទំពាឲ្យម៉ដ្ឋហ្មង។
- នឿយណាយកុំដេក យកប្រពន្ធឲ្យមើលម្តាយកេ្មក ចូលដំណេកកុំនិយាយនឹងប្រពន្ធ។
- នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយជាមួយ។
- នៅពេលដែលបុគ្គលម្នាក់មានចរិតមិនច្បាស់លាស់ចំពោះអ្នក ត្រូវរកមិត្តផេ្សង។

- បង់ព្រះទៅសំពះឯបាយាប។
- បង់បោយមិនមើលប្រាណ ដាំជើងក្រានមិនប្រមាណឆ្នាំង។
- បន់ព្រះ សំពះទេព្តារ។
- បណ្ឌិតមានការមិនរករឿងជាកម្លាំង។
- បណ្ឌិតស្ងៀមស្ងាត់ ចាំស្តាប់គ្រប់មាត់ អ្នលពោលប្រាស្រ័យ ប្រើស្មារតីគិតគំនិតកែខៃ ឲ្យបានជោគជ័យ ជាងពោលប៉ប៉ាច់ ។
- បញ្ញើទុក ស្មើបំណុល។
- ប្រពន្ធពីរ គោបី ដំរីមួយ នាំឲ្យព្រួយចិត្ត។
- ប្រហែសបាត់ ប្រយ័ត្នគង់។
- ប្រមាថម្តាយ រំលាយព្រះ។
- ប្រមាថព្រៀងលាន តែងមានក្តីទុក្ខ។
- ប្រមាថចាស់ អាយុខ្លី។
- ប្រមាត់ដី អួតចង់ឡើងទ្រើង។
- ប្រញាប់ពេកដេកផ្លួវ។
- ប្រើខ្ញុំមើលមុខវា ទោះកាចជាមើលឲ្យសែ្តង។
- បាតដៃជាខ្នងដៃ។
- បានតែបាប មិនឆ្អាបមាត់។
- បានពីកែ្អក ចែកទៅតាវ៉ៅ។
- បានមាស ក្រអីនឹងក្រដាស់ខ្ចប់។
- បាបកម្មកុំបីមាន សីលនិងទានឲ្យរិះគិត។
- បា្រក់ក៏បង់​ ថង់ក៏ដាច់។
- ប្រាជ្ញាបុណ្យផងកើតដោយប្រតិបត្តិ។
- ប្រះដេកឆាប់លក់ ត្បិតឥតបើគិត។
- បុណ្យបាត់ដ្បិតបាប លាបបាត់ដ្បិតឃោរ។
- បុណ្យក៏ធ្វើ ​ឈើក៏កាប់។
- បុរសទុកដូចមាស ស្រីទុកដូចទង់ដែង។
- បួសដោយវត្ត ចិត្តដោយខ្លួន។
- បំណាច់នឹងបាប ឲ្យឆ្អាបមាត់។
- បើត្រាប់ឯតាំងយូ ក្រឯគ្រូពុំគួរត្រាប់។
- បើនឹងរស់ឲ្យគាប់ បើនឹងងាប់ឲ្យគួរ។
- បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក។
- បើប្រឹងនឹងស្រួច បាច់អីសម្រួចដូចបន្លា។
- បើឆីកុំតាមឃ្លាន មើលប្រមាណគ្រប់គ្នីគ្នា។
- បើកាចៗឲ្យគេកោត បើឆោតៗឲ្យគេអាណិត។
- បើក្រទ្រព្យក៏ក្រចុះ កុំឲ្យតែទាល់គំនិត។
- បើខឹងឲ្យខំអត់ បើខ្សត់ឲ្យខំរក។
- បើត្រាប់សត្វក្ងោក កុំបីត្រាប់ពុតទន្សាយ។
- បើមិត្តមិនល្អ កុំយកជាមិត្ត។
- បើឮសូរផ្គរ កុំអាលចាក់ទឹកចោល។
- បើស្តីឲ្យពិនិត្យ ពាក្យណាពិតសឹងចរចា។
- បើកក្តោងទាន់ត្រូវខ្យល់។

- ផឹកស្រាក្លាសំដី។
- ផ្ទុករទេះតាមចំណុះ។
- ផែ្លឈើមិនដែលជ្រុះឆ្ងាយពីគល់។
- ផ្លស់យស ព្រោះប្រមាថ។
- ផ្ទះធំស្រណុក ដ្បិតភរិយាជា។
- ផ្ទះបាក់បែក ឆាប់ទល់ទ្រ។
- ផោមក្នុងទឹកមេ្តចគង់ស្អុយ។

- ពងមាន់កុំផ្ញើនឹងកែ្អក។
- ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា។
- ពាក្យអប្រិយចាញ់អាត្មា។
- ពាក្យច្រើនភូត ចាញ់អាត្មា។
- ពាក្យសែ្លងកុំស្អប់ ពាក្យគាប់ឲ្យយក។
- ពាក្យម្តាយ ទំនាយគ្រូ។
- ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក។
- ពូជទានៅតែទា ពូជមាន់នៅតែមាន់។
- ពូកែឯង ឲ្យក្រែងពូកែគេ។
- ពួនតែមុខ គូថនៅកណ្តាលវាល។
- ពេលវេលាជាវត្ថុមានតមៃ្លបំផុតសម្រាប់មនុស្សម្នាក់ៗ។
- ពេជ្រកើតពីថ្ម តែងទំពាស៊ីថ្មវិញ។
- ព្នៅនៅថ្នក់ ទម្ពក់នៅដៃ។
- ព្រះមិនសម ព្រហ្មមិនជួយ។
- ព្រះរាជាមាន ឥស្សរិយៈជាកម្លាំង។

- ភ័ព្វសំណាងផ្តល់ឲ្យតែមនុស្សណាដែលចេះ លួង លោមវាប៉ុណ្ណោះ។
- ភរិយាល្អក្ររកបាន បើជាមានទុកធ្វើគំរូ។
- ភាពក្រីក្រនិងការមានទ្រព្យសម្បត្តិគឺជាពន្លកនៃគំនិត។
- ភូតនៅហោរ ចោរនៅជាង។
- ភ្លើងឆេះមកពីសម្រាម។

- មនុស្សពាលមានការរករឿងជាកម្លាំង។
- មនុស្សចេះគេថាកាច មនុស្សប្រាជ្ញគេថាព្រើល។
- មនុស្សកុំមើលងាយមនុស្ស។
- មនុស្សឆ្លាតគេថាឆោត មនុស្សប្រាជ្ញគេថាល្ងង់។
- មនុស្សកាចកុំប្រសព្វ កុំទៅគប់នឹងចោរក្មួញ។
- មនុស្សបាក់ត្រង់ណា ល្អិតស្មៅត្រង់ណោះ។
- មនុស្សស្លាប់ ព្រោះវាចា។
- មនុស្សជាគេថាឆោត មនុស្សស្លូតគេថាល្ងង់។
- មនុស្សនឹងបា្រក់​ យក្សនឹងសាច់។
- មនុស្សជាតិទាំងអស់ដែលកើតឡើងតាមធម្មជាតិតែងតែប្រាថ្នាចង់ដឹង។
- មានល្អព្រោះរោម រូបឆោមល្អព្រោះតែង។
- មានផ្ទះឥត​មនុស្សនៅ មានផ្លូវឥតមនុស្សដើរ។
- មានគំនិត ឥតកំណើត។
- មានដំបៅ​ទើបរុយវារោម។
- មាត់តែប្រកែក អម្រែកតែទទួល។
- មនុស្សចាប់ផ្តើមរស់ពិតប្រាកដ នៅពេលគេអាចរស់នៅក្រៅខ្លួនឯង។

- យកពងមាន់ទៅផ្ញើនឹងក្អែក។
- យកសំផឹងធ្វើប្រពន្ធ យកប្រពន្ធធ្វើសំផឹង។
- យប់មើលនឹងដៃ ​ថ្ងៃមើលនឹងភ្នែក។
- យល់ទោសថាជាគុណ យល់ឯបុណ្យថាជាបាប។
- យើងធ្វើគេ គេធ្វើយើងវិញដូចគ្នា។

- រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។
- រកស៊ីនិងក្តិត ដូចពឹងពាង។
- រកអុសប្រទះឈើងាប់។
- រស់ក៏គាប់ ងាប់ក៏គួរ។
- រស់នៅថាអាក្រក់ ស្លាប់បាត់មុខថាល្អ។
- រត់ឥតអំពើ ដើរអំណត់ចម្រើនជាង។
- រទេះបាក់មិនគិត ទៅគិតឯគោលួចដាំង។
- រទីសរទាស ដូចរាស្រ្តឥតសេ្តច។
- រលំមិនបាច់ច្រាន បានមិនបាច់ខំ។
- រហ័សតែពាក្យ ត្រគាកស្លាប់ស្តូក។
- រឿងដ៏កម្របំផុតដែលមនុស្សមិនដែលធ្វើ គឺត្រូវខំធ្វើតាមដែលអាចធ្វើទៅបាន។
- រៀនរិះរក្សាគ្រង យកចេញចាយដោយរដូវ។
- រោគរោមកាយា ថ្កើងឯគ្រូពេទ្យ។

- លាក់តែមុខ គូទនៅកណ្តាលវាល។
- លិចសឹមលោត ដល់កំប៉ូតសឹមតោង។
- លិចកញ្ជង់ លង់កញ្ជើ។
- លូកប្រហុក លូកឲ្យកប់ក្លៀក។
- លួចគេវាគ្រាន់ ដល់ពេលគេទាន់វាក្រែល។
- លួចគេវាធ្លាប់ដៃ ដេកថៃ្ងវាធ្លាប់ភែ្នក។
- លឺផ្គរឲ្យមើលខ្យល់ ក្តីពុំយល់កុំអាលក្រោធ។
- លឿន​លៃមិនទាន់។
- លេងក្មេងអាប់យស ​លេងពស់ៗខាំ។
- លេបទៅវាស្លាក់ ខ្ជាក់ទៅវាសែ្លង។
- លោភពេក វាបែកពោះ។

- វក់នឹងអាភៀន តែងញៀនជាប់។
- វេចសំពាយចាំព្រេងសំណាង អាងតែដុតធូប។

- ស្រលាញ់កុំទៅញឹក​ បើរលឹកសឹមទៅម្ដងៗ។
- សង្ឃផ្គង់វិន័យ ស្រីផ្គង់មារយាទ។
- សត្វតុកកែស្លាប់ ដោយសារប្រើស។
- សង់ផ្ទះតាមចិត្តអ្នកនៅ។
- សប្បាយមានទុក្ខ ស្រណុកមានភ័យ។
- សប្បុរសជនចង់ដឹងពីសេចក្តីត្រូវការមិនមែនចង់ដឹងពីមូលហេតុទេ។
- សព្វថៃ្ងនេះប្រភពធនធានធំបំផុតតែមួយគត់គឺនៅចន្លោះត្រចៀកអ្នក។
- សរសើរតែមាត់ ចិត្តផ្ដន្ទា។
- សាងល្អបានល្អ។
- សាងបាបបានបាប ​សាងបុណ្យបានបុណ្យ។
- សាបមួយដៃ ប្រៃមួយចឹប។
- ស្លាប់ដូចពស់ រស់ដូចកង្កែប។
- ស្ថិតសេ្ថរឥតអំពើ បើមិនធើ្វអំពើល្អ។
- សីលជាស្ពាន ទានជាស្បៀង។
- សូវទូលក្តីតបាវ កុំឲ្យទូលក្តីតកញ្ជើ។
- សេរីភាពគ្មានអ្វីក្រៅពីជួយឲ្យមនុស្សមានឱកាសល្អប្រសើរទេ។
- សំដីជាឯក លេខជាទោ អក្សរជាត្រី។
- ស៊ីនឹងអ្នកណា ត្រូវយកអាសាអ្នកនោះ។
- សែ្វងរករៀនច្បាប់ ពុំស្មើចិត្តជា។
- ​ សំណាបយោងដី ស្រីយោងប្រុស។

- ហាឡើងវាស្លាក់ ខ្ជាក់ទៅវាសែ្លង។
- ហាហួសចង្កា ថាហួសសេចក្តី។
- ហ៊ានសែ្បកដាច ខ្លាចសែ្បកស្វិត។

- ឡេះឡោះ ដូចទឹកកន្លះក្អម។

- អន្ទង់វែងឆ្នាំងវែង។
- អ្នកខ្ពស់រក្សាទាប ដោយសុភាពធម៌បុរាណ។
- អ្នកចេះដប់ មិនស្មើអ្នកប្រសប់មួយ។
- អ្នកដំកុំផ្ញើដែក អ្នកប្រមឹកកុំផ្ញើស្រា។
- អាងតែមានអណ្តាត ចេះតែផ្ទាត់ទៅ។
- អាងតែអណ្តាតឥតឆ្អឹង ចេះតែគ្រលាស់ទៅ។
- អាគកណា ក៏ស៊ីស្រូវដែរ។

- ឥតដំបៅហៅជម្ងឺ ដំបៅមិនឈឺយកឈើចាក់។

 
 
តំណទៅវេបសាយដើម ចុចទីនេះ!!!
 

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017